វិធី ២យ៉ាង អាចជួយស្ដារស្ថានភាពអាជីវកម្មឡើងវិញ ខណៈពេលជួបវិបត្តិសេដ្ឋកិច្ច

16
អាជីវកម្ម

នៅពេលមានវិបត្តិសេដ្ឋកិច្ច ឬស្ថានភាពទីផ្សារធ្លាក់ចុះ ពិតណាស់ វាប្រាកដជាជះឥទ្ធិពលអវិជ្ជមានទៅដល់ម្ចាស់អាជីវកម្ម និងនិយោជិកជាក់ជាពុំខាន ជាពិសេសនោះគឺ បញ្ហាប្រាក់ចំណូល។ ហើយស្ថានភាពបែបនេះ ក៏មានអាជីវកម្មខ្លះត្រូវបានបិទទ្វារផងដែរ ដោយសារតែមិនអាចទ្រាំទ្ររួចនៅក្នុងវិបត្តិសេដ្ឋកិច្ចមួយនេះ។​ ហើយនៅក្នុងថ្ងៃនេះដែរ លោក ហាក់ គីមថុង ដែលជាស្ថាបនិក “គំនិត” បានចែករំលែកនូវវិធីសាស្រ្ដ២យ៉ាងដែលពាក់ព័ន្ធទៅនឹង “ការស្ដារស្ថានភាពអាជីវកម្មឡើងវិញ ខណៈពេលមានវិបត្ដិសេដ្ឋកិច្ច” ៖

  1. បង្កើនសកម្មភាព៖ ពេលដែលបញ្ហាទីផ្សារធ្លាក់ចុះ ក៏នៅតែមានតម្រូវការ និងការផ្គត់ផ្គង់ផងដែរ បើទោះបីជាមានការអន់ថយខ្លះៗ ទៅលើការប្រើប្រាស់ក៏ពិតមែន ប៉ុន្តែចរាចរទីផ្សារនៅតែដំណើរការ។ លោក ហាក់ គីមថុង បានបន្តថា “ពេលមានស្ថានភាពដ៏តានតឹងបែបនេះ គ្រប់ម្ចាស់អាជីវកម្មទាំងអស់ មិនត្រូវបន្ធូរបន្ថយ និងមិនធ្វើអ្វីសោះនោះទេ ពោលគឺត្រូវតែបន្ថែមការធ្វើការងារឱ្យកាន់ខ្លាំងក្លាជាងមុនទៅទៀត បើមិនចង់ឱ្យអាជីវកម្មរបស់អ្នកត្រូវដួលរលំ ឬក្ស័យធុនទេនោះ”។

2.បន្តធ្វើទីផ្សារ៖ ជាការពិតនៅពេលមានវិបត្ដិសេដ្ឋកិច្ច ពេលនោះស្ថានភាពទីផ្សារប្រាកដជាមានការប្រែប្រួលជាមិនខាន។ ហើយបរិបទទីផ្សារក៏កាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗជាលំដាប់ផងដែរ។ ក្នុងវិបត្តិបែបនេះ ម្ចាស់អាជីវកម្មត្រូវរៀបចំរចនាសម្ព័ន្ធការងារឱ្យបានល្អ និងរឹងមាំជាទីបំផុត ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារដ៏តូចចង្អៀតមួយនេះបាន។