សញ្ញាទាំង១០បង្ហាញថាអ្នកនៅជាមួយការងាររបស់អ្នកយូរពេកហើយ!

716

ពាក្យ​ថា​យូរពេកនៅទីនេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ធ្វើការ​យូរឆ្នាំ​ហើយ​ទាំង​ស្រុង​នោះទេ។ ​អ្នក​អាច​ធ្វើការ​នៅ​កន្លែង​នេះ​ច្រើន​​ឆ្នាំ​ហើយ​ឬ​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុន្តែ​អ្នក​មាន​អារម្មណ៍​ថា​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​គឺ​មិនមានឧបសគ្គ​គួរ​ឲ្យ​ជម្នះ​ទៀតសោះ។ វាពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​ពុត​ជាពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។​ បន្ទាប់​មក​អ្នក​ក៏​ជឿជាក់​ថា​អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ។ ខាងក្រោម​នេះ​ជា​សញ្ញា​ទាំង១០​យ៉ាង​ដែល​​ជា​ជំនួយ​ដល់​អ្នក​ថា​អ្នក​គួរតែ​ផ្លាស់ប្តូរ​ការងារ​របស់​អ្នក​ឬអត់៖​

#សញ្ញា​ទី១ ៖ នៅពេល​ដែល​អ្នកមើល​​​គម្រោង​ទៅ​១២ខែ​បន្ទាប់​របស់អ្នក​ អ្នក​មិនឃើញ​ការងារ​ណាមួយ​ដែល​អ្នក​មិន​ចេះ​ឬ​មិន​ធ្លាប់​ធ្វើ​​នោះទេ។

#សញ្ញា​ទី២ ៖​ ពេល​ដែល​អ្នក​​ពិភាក្សា​ជាមួយ​អ្នក​គ្រប់គ្រង​របស់​អ្នក​អំពី​ការ​ចង់​រៀន​បន្ថែម​ឬ​ជំហាន​ដែល​អ្នក​គិតថា​ក្រុមហ៊ុន​នឹង​អាច​​អភិវឌ្ឍ​ទៅមុខ​ទៀត​បាន​តែ​គាត់បែរ​ជាបដិសេធន៍​ទៅវិញ។ គាត់​ប្រាប់​មក​កាន់​អ្នក​វិញថា​អ្នក​ចេះគ្រប់គ្រាន់ហើយ​ឬ​ក្រុមហ៊ុន​របស់​អ្នក​​កំពុង​តែ​នឹងនរ​ហើយ​មិន​ត្រូវការ​ការ​វិវត្ត​បន្ថែម​ទៀតឡើយ។ អ្នក​មិនគួរ​ទទួលយក​ឡើយ​ព្រោះអ្នក​អាចនៅមាន​ឱកាស​ដែល​រីកចម្រើន​ទៅមុខទៀតបាន។

#សញ្ញា​ទី៣ ៖ មនុស្ស​នៅ​ជុំវិញ​អ្នក​គិត​ថា​អ្នក​នៅ​ទីនេះ​យូរ​ហើយ​ អ្នក​ពិតជា​ចេះកិច្ច​ការ​គ្រប់យ៉ាង​។ ហេតុ​នេះហើយ​គេ​មិនបាន​ផ្តល់ឱកាស​ឲ្យ​អ្នក​អ្វី​ឡើយ។

#សញ្ញា​ទី៤ ៖ អ្នក​ដឹងពី​ទម្រង់ការ​គ្រប់យ៉ាង​នៅក្នុង​ក្រុមហ៊ុន​។ ឧទាហរណ៍​ពេលមាន​កិច្ច​ប្រជុំ​ម្តងៗ​អ្នក​ដឹងថា​គេ​ធ្វើ​ពេលណា​និង​ទីកន្លែងណា​ស្រាប់ហើយ។ អ្នក​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ត្រូវដឹង​ទៀតឡើយ​។​

#សញ្ញា​ទី៥ ៖ សូម្បី​តែ​ពេល​ចុងក្រោយ​ដែល​អ្នក​បាន​សម្រេច​ជោគ​ជ័យ​លើ​កិច្ចការ​អស្ចារ្យ​ណាមួយឬ​បានរៀន​សូត្រ​ពី​​អ្វី​ថ្មី​និង​គួរឲ្យ​ចាប់អារម្មណ៍​​ក៏​អ្នក​មិនចាំដែរ​ព្រោះថា​អ្នក​ធ្វើតែកិច្ចការដដែល​ៗរៀងរាល់ថ្ងៃ។

#សញ្ញា​ទី៦ ៖ គ្មាន​កន្លែង​នៅក្នុង​ក្រុមហ៊ុន​របស់អ្នក​ដែល​អ្នក​អាច​​ទៅទៀតឡើយ។ អ្នក​ត្រូវបាន​អ្នក​គ្រប់គ្រង​របស់​អ្នក​ឃាំងទុក​នៅតែ​តុធ្វើការ​​របស់អ្នក​ដោយមិនអាចទទួលបាន​ការឡើង​ដំណែង​ឬ​ប្រាក់បៀវត្សរ៍​បន្ថែម​ឡើយ។

#សញ្ញា​ទី៧ ៖ នៅពេល​ដែល​អ្នក​ក្រឡេកមើល​ទៅជុំវិញ​ខ្លួន​របស់អ្នក​ ពួកគេ​មិនខ្វល់​នឹង​ការ​អភិវឌ្ឍន៍​បន្ថែម​ទេ។ ពួកគេ​គិត​តែ​អង្គុយ​នៅនឹង​តុធ្វើការ​ដដែលៗរាល់ថ្ងៃ។

#សញ្ញា​ទី៨ ៖ ពេល​ដែល​អ្នក​មើល​ទៅ​ក្រុមនៃ​អ្នក​ដឹកនាំ​របស់អ្នក​វិញ ​អ្នក​មិនឃើញ​មាន​នរណា​ម្នាក់ដែល​អ្នក​គួរ​តែ​រៀនសូត្រ​តាម​ទៀតនោះទេ។

#សញ្ញា​ទី៩ ៖ អ្នក​មិនចង់ទៅធ្វើការ​ទៀតទេ។ អ្នក​មាន​អារម្មណ៍ថា​ធុញទ្រាន់នឹង​ទៅធ្វើការងារ​ជាពិសេស​នៅ​យប់​ថ្ងៃ​អាទិត្យ​​ឈានចូលថ្ងៃ​ច័ន្ទ។

#សញ្ញា​ទី១០ ៖ អ្នកមាន​អារម្មណ៍ថា​តប់ប្រមល់​​ឬអស់កម្លាំង​លើស​ពីធម្មតា​ជាមួយ​នឹង​ការងារមិន​ថា​វាទើប​តែ​ដើម​សប្តាហ៍​ក៏ដោយ​​ព្រោះថា​អ្នក​មិនមាន​កម្លាំង​ជម្រុញ​ចិត្ត​ឲ្យ​ពុះពារ​តទៅមុខទៀត។

មាន​មនុស្ស​​ជាច្រើន​ដែល​​​ជួប​ប្រទះ​សញ្ញាដូច​ខាងលើ។​​​​ ប្រសិនបើ​អ្នក​គិតថា​ចង់​ផ្លាស់ប្តូរ​ការងារ​ហើយ​ អ្នក​គួរតែរៀបចំ​យុទ្ធសាស្ត្រ​​ផ្លាស់ប្តូរការងារ​របស់អ្នក​ទៅរកការងារ​ដទៃទៀត​ដែល​ជា​ចំណង់ចំណូល​ចិត្ត​របស់អ្នកពិត​ប្រាកដនិង​ជា​ការងារ​​ដែល​អ្នក​ពូកែផងដែរ។ វាមិនចាំបាច់ត្រូវ​តែ​ដូចការងារ​ដែលអ្នក​កំពុង​ធ្វើបច្ចុប្បន្ន​នោះទេ។

ប្រភព៖ www.forbes.com