ស្ទ៊េកបែបប្រេស៊ីល ចាប់ផ្តើមពេញនិយមនៅក្នុងទីផ្សារអាហារ

575

ទីផ្សារ​អាហារ​ និងភេសជ្ជៈកំពុងតែ​មានភាព​រីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ជាពិសេស​នៅក្នុងទីក្រុងភ្នំពេញ។ កំណើន​នៃចំណូល និងជីវភាព​ បានជម្រុញ​ឱ្យ​អតិថិជនទូទៅ​ចាប់ផ្តើម​ផ្តោត​ហ៊ានចំណាយ​កាន់តែច្រើនឡើងទៅលើអាហារ​ និងភេសជ្ជៈបែបថ្មី ហាងដែល​ល្បីនិងទាន់សម័យ និងតម្លៃខ្ពស់។

ជាក់ស្តែង មុខម្ហូបស៊្ទេក ដែលពីមុនភាគច្រើន​គឺផ្តោតសំខាន់​ទៅលើ​អតិថីជនលោកខាងលិច និងអ្នកមានកម្រិតខ្ពស់​ ហើយមនុស្សទូទៅ​មិនសូវ​ស្គាល់​បាន​នឹងកំពុងពេញនិយមពីសំណាក់អតិថិជនទូទៅ។ ក្នុងចំណោមនោះ ស្ទ៊េក​បែបប្រេស៊ីល​លក្ខណៈអាហាប៊ូហ្វេ កំពុងតែ​ពេញនិយម​យ៉ាងខ្លាំង​ សម្រាប់ការជួបជុំអាហារ​ពេលល្ងាច និងកម្មវិធីជប់លៀងផ្សេងៗ។ វាជាប្រភេទអាហារ​ដែលអតិថិជន​អង្គុយ​នៅតុ ហើយ​មាន​អ្នកបម្រើសេវា​នៅក្នុងភោជនីយដ្ឋានដើររ​អារសាច់គោអូស្ត្រាលី សាច់ចៀម សាច់ជ្រូក សាច់មាន់ប្រហែលជិត​២០​ប្រភេទ​​ជូនភ្ញៀវ​នៅតាមតុ។ ជិត១០​ឆ្នាំ​មុន អាហារប្រភេទនេះគឺ​មានតែ​១ ឬ២ ហាងតែប៉ុណ្ណោះ ហើយអ្នកត្រូវមាន​ថវិការ​មិនក្រោម៥០ដុល្លារទេ​ក្នុង​ម្នាក់ដើម្បី​អាច​សោយសុខ​នូវសាច់ស្ទ៊េកច្រើនប្រភេទ។ តែបច្ចុប្បន្ននេះ​​ អាហារប្រភេទនេះ ចាប់ផ្តើមមានកាន់តែច្រើនកន្លែងទៅៗ និងមានតម្លៃកាន់តែធូរថ្លៃទៅៗ (អាចរកបានក្រោម២០ ទៅ២៥ដុល្លារក្នុងម្នាក់់) ដែលធ្វើឱ្យតម្រូវការចាប់ផ្តើមកម្រើកកាន់តែខ្លាំង។

ជាពិសេស​ យើងឃើញមាន​អាហារប្រភេទនេះ​ចាប់ផ្តើមមានវត្តមានកាន់តែច្រើន​ឡើងនៅក្នុងពីធីជប់លៀងផ្សេងៗដូចជា​ខួបកំណើត និងឡើងគេហដ្ឋាន ដែលជាជម្រើសថ្មី និងជំនួស​ឱ្យ​អាហារ​បែបលក្ខណៈតុការ ធ្វើឱ្យភ្ញៀវចាប់ផ្តើ​ម​ប្លែក​មាត់​ ដែលពីមុនភាគច្រើនឱ្យតែជប់លៀងម្តងៗគឺមានតែម្ហូបប្រហាក់ប្រហែលគ្នា ពីមួយកន្លែងទោមួយកន្លែង។

តើអាហារបែបនេះ និងមានសន្ទុះ​កម្រិតណា? ហើយអាចឈរជើងជាទីពេញនិយម​សម្រាប់អតិថិជនដែលនិយម​ចូលចិត្តអាហារស្ទេក​បានដល់ពេលណា? កុំភ្លេច​តាមដាន​មើលសន្ទុះទីផ្សារទាំងនេះទាំងអស់គ្នា!