ហេតុអ្វីគួរផ្ដោតលើចំណុចខ្លាំង ជាជាងចំណុចខ្សោយរបស់អ្នក?

20
ហេតុអ្វីគួរផ្ដោតលើចំណុចខ្លាំង ជាជាងចំណុចខ្សោយរបស់អ្នក?

មនុស្សភាគច្រើន តែងតែផ្ដោតលើចំណុចខ្សោយរបស់ខ្លួនឯងដែលកំពុងមានបច្ចុប្បន្ន ហើយចាប់ផ្ដើមតូចចិត្ត និងអន់ចិត្តជាមួយនឹងខ្លួនឯង ព្រមទាំងបង្អាក់ខ្លួនឯងឈប់បន្តធ្វើសកម្មភាពនានាដែលខ្លួនឯងចង់ធ្វើឬស្រលាញ់ជាដើម។

នៅក្នុងចំណុចនេះ ពួកគេមិនដឹងទេថា ការដែលធ្វើបែបនេះ ជាការខុសខ្លាំងសម្រាប់ខ្លួនឯង ពីព្រោះមនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយទាំងអស់ ដោយគ្មាននរណាម្នាក់កើតមកមានចំណុចខ្លាំង ដោយគ្មានចំណុចខ្សោយបានឡើយ ប៉ុន្តែលទ្ធផលជីវិតទទួលបានផលល្អឬមិនល្អ គឺអាស្រ័យលើបុគ្គលម្នាក់ៗដែលជាអ្នកធ្វើសកម្មភាពដើម្បីសម្រេចវា។

លោក ធា តុងហ័រ ស្ថាបនិក Brainology ជាអ្នកជំនាញផ្នែកតេស្តសមត្ថភាពខួរក្បាលពីកំណើត (DMIT)​ និងជាគ្រូបង្វឹកផ្នែកសុខភាពផ្លូវចិត្ត បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារគំនិតថា “មនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ប៉ុន្តែបើចង់ធ្វើឱ្យជីវិតដំណើរការឆ្ពោះទៅកាន់ភាពរីកចម្រើន យើងត្រូវតែផ្ដោតលើចំណុចខ្លាំងរបស់ខ្លួនឯង ដោយព្យាយាមប្រើប្រាស់ចំណុចខ្លាំងឱ្យបានច្រើន និងអភិវឌ្ឍន៍វាឱ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯចំណុចខ្សោយវិញ បើសិនជាវាមិនចាំបាច់សម្រាប់ការប្រើប្រាស់ដើម្បីសម្រេចនូវគោលដៅជីវិត ឬភារកិច្ចការងាររបស់យើង គឺគួរតែចៀសវាផ្ដោតលើចំណុចខ្សោយនោះ ពីព្រោះបើយើងផ្ដោតលើវាច្រើន គឺវានាំតែធ្វើឱ្យយើងខាតពេលច្រើនជាមួយវាប៉ុណ្ណោះ។”

លោក Marcus Buckingham អ្នកនិពន្ធផ្ដោតលើសៀវភៅធ្វើជំនួញ និងជាវាគ្មិន បាននិយាយថា ការផ្តោតលើចំណុចខ្សោយរបស់ខ្លួនឯងជាការខុស ពីព្រោះវានឹងធ្វើឱ្យយើងអស់សង្ឃឹមនៅក្នុងជីវិត ដូច្នេះអ្វីដែលយើងគួរតែ​ផ្តោត គឺ​ចំណុចខ្លាំងរបស់​យើង ​បន្ទាប់មកត្រូវព្យាយាមប្រើប្រាស់ចំណុចខ្លាំងដែលអ្នកមាននោះ មកបម្លែងឱ្យវាកាន់តែមានសក្ដានុពលខ្លាំងបំផុតសម្រាប់អ្នកក្នុងការរីកចម្រើន។

លោក Gary Vaynerchuk ជាសហគ្រិន អ្នកនិពន្ធ និងអ្នកមានឥទ្ធិពលមួយរូបនៅលើបណ្ដាញសង្គម ក៏លោកបាននិយាយដែរថា យើងគួរតែផ្ដោតលើចំណុចខ្លាំង ជាជាងចំណុចខ្សោយរបស់ខ្លួនឯងផងដែរ។

បន្ថែមពីនេះ បើយោងតាមទស្សនាវដ្ដី Forbes ក៏បានបង្ហាញនូវហេតុផលសំខាន់មួយចំនួនដែលយើងគួរតែផ្ដោតលើចំណុចខ្លាំងរបស់ខ្លួនឯង ដូចជា៖

  • ងាយស្រួលស្វែងរកយុទ្ធសាស្រ្តដឹកនាំជីវិតរបស់ខ្លួនឯងឱ្យកាន់តែឆាប់សម្រេចនូវគោលដៅដែលខ្លួនចង់បាន
  • ​កាន់តែមានទំនុកចិត្ត ជំនឿជឿជាក់លើខ្លួនឯង និងអាចប្រើប្រាស់ថាមពលដើម្បីបង្កើនការលើកទឹកចិត្តខ្លួនឯង
  • អាចធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃភាពរីកចម្រើននៅក្នុងជីវិតរបស់ខ្លួនឯងជាប្រចាំ