ហេតុអ្វីទំព័រFacebookរបស់អ្នកធ្លាក់ចំនួនLike?

1921

ចំនួនLikeគឺជា​ប្រធានបទដ៏ទាក់ទាញមួយ​សម្រាប់អ្នករាល់គ្នាដែលមានPage ឬចង់មានPageរបស់​ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebookមួយនេះរហូតដល់​មានភ្នាក់ងារធ្វើទីផ្សារ Facebook ទាំងជាលក្ខណៈបុគ្គល និងក្រុមហ៊ុន​បានប្រើប្រាស់​ចំណុច​មួយ​នេះ​ដើម្បីធ្វើការទាក់ទាញអតិថិជន ហើយក៏មាន​Pageខ្លះ មានផ្តល់សេវាទិញ​Page ដែលមានចំនួន Like ច្រើនស្រាប់ៗផងដែរ។

ប៉ុន្តែមួយរយៈនេះ ខ្ញុំបានជួបម្ចាស់Page និងម្ចាស់អាជីវកម្មដែលមានFacebook មិនតិចទេដែលរអូរថា​Page របស់គាត់មិនមាន​ការកើនឡើងLike ទេ តែបែជា​មានការថមថយ​ចុះទៅវិញ។ តើមូលហេតុអ្វី?

មួយរយៈចុងក្រោយ​នេះ Facebookបានព្យាយាម​យ៉ាងខ្លាំង​ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាញសង្គមមួយនេះកាន់តែមានភាព​ប្រសើរជាងមុន ដូចជា​ព្យាយាម​លុបបំបាត់​ព័ត៌មានក្លែងក្លាយដោយប្រើបច្ចេកវិទ្យា​បញ្ញា​និមិត្ត លុបបំបាត់​Facebook Page ណាដែលមាន​សកម្មភាពមិនល្អ និង​លុបគណនី​ខ្មោចព្រមទាំងគណនីរបស់អ្នកប្រើប្រាស់ណាដែលមាន​សកម្មភាព​ប្រាស់ចាកពីគោលការណ៍របស់Facebook។

ហេតុដូចនេះហើយ Page ណាដែលមានចំនួន​Likeចេញពីគណនីខ្មោច ឬគណនី​របស់អ្នកប្រើប្រាស់ណាដែលធ្វើខុសគោលការណ៍​របស់បណ្តាញសង្គមនេះ នឹងមានការធ្លាក់ចុះចំនួន​ដោយសារតែគណនីទាំងនោះត្រូវបាន​លុបចោលដោយFacebook។

តើធ្វើដូចម្តេចដើម្បីដឹងថា​ ចំនួនLikeទាំងនោះធ្លាក់ចុះដោយសារតែ​បញ្ហាខាងលើ?

ប្រសិនបើអ្នកទិញFacebook Pageដែលមាន​អ្នកLikeជាគណនីខ្មោចអ្នកនឹងអាចប្រឈមុខនឹង​ធ្លាក់ចំនួនLikeយ៉ាងគំហុក អាចរហូតដល់រាប់ពាន់ រាប់ម៉ឺន​ក្នុងមួយប៉ព្រិចភ្នែក។ អ្នកអាចធ្វើការតាមដាន​បញ្ហានេះតាមរយៈការចូលទៅក្នុង Insight-à Likeàចុចនៅលើ​ក្រាហ្វិចពណ៌ក្រហម (ដែលជាក្រាហ្វបង្ហាញ​ចំនួន​អ្នកLikeថយចុះ) រួចមកវានឹងបង្ហាញ​ព័ត៌មាន​ថា​ហេតុអ្វី​បានជាការLikeធ្លាក់ចុះដូចជា​ធ្លាក់ចុះដោយសារតែគេ Unlikeដោយខ្លួនឯង ឬដោយសារតែFacebookដកចេញគណនីនោះចោល។

ដូចនេះ សូមម្ចាស់អាជីវកម្ម ឬអ្នកដែលមាន ឬចង់មានPageទាំងអស់គួរជៀសឱ្យឆ្ងាយពីការទិញ​Likeដែលមានប្រភពមិនច្បាស់លាស់ ដែលនាំឱ្យខាតបង់ថវិកានិង​កម្លាំង ព្រោះថាបណ្តាញសង្គមយក្ស​Facebookមួយនេះ នឹងធ្វើការរឹតបន្ទឹងកាន់តែខ្លាំងជាងមុន​ដោយលុបចោលគណនី​ខ្មោច ឬគណនីដែលធ្វើខុសគោលការណ៍ ដើម្បីរក្សាគុណភាព​បណ្តាញសង្គម​របស់ខ្លួន។