ហេតុអ្វីបានជា ផ្សារទំនើប ភាគច្រើនគ្មានបង្អួច?

137
ហេតុអ្វីបានជា ផ្សារទំនើប ភាគច្រើនគ្មានបង្អួច?

នៅពេលអ្នកចូលផ្សារទំនើបម្ដងៗដើម្បីទិញគ្រឿងទេស ភាគច្រើនអ្នកបានកត់សម្គាល់ដែរឬទេថា តើនៅទីនោះមានបង្អួចនៅតាមជញ្ជាំងដែរទេ? ចម្លើយច្បាស់ជាមិនដែរបានឃើញ ឬក៏អ្នកមិនបានយកចិត្តទុកដាក់ក្នុងការសង្កេតមើលឡើយ សំខាន់អ្នកចូលផ្សារទំនើបដើម្បីដើរស្វែងរកអាហារ និងគ្រឿងទេសផ្សេងៗតាមតម្រូវការរបស់អ្នកប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា តើអ្នកឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាផ្សារទំនើបជាទូទៅមិនមានបង្អួចនៅតាមជញ្ជាំង ដោយគ្រាន់តែមានទ្វារធំៗនៅពីមុខហាង? តើវាគ្រាន់តែជាចិត្តសាស្រ្តមួយដើម្បីទាក់ទាញអតិថិជនឱ្យចូលមកមើល និងទិញឬយ៉ាងណា? ហេតុដូចនេះ ដើម្បីស្រាយចម្ងល់របស់អ្នក ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវហេតុផលមួយចំនួន។

1. ចង់រក្សាមនុស្សឱ្យនៅខាងក្នុងបានយូរ

ការដែលផ្សារទំនើបភាគច្រើនកម្រនឹងមានបង្អួច វាមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជាចេតនាក្នុងការរចនាឡើងដើម្បីព្យាយាមរក្សាមនុស្សដែលបានចូលមកឱ្យនៅបានយូរប៉ុណ្ណោះ។ បន្ថែមពីនេះ បើយោងតាមប្រសាសន៍របស់លោក Andrei Vasilescu អ្នកជំនាញការដើរទិញឥវ៉ាន់ដែលសិក្សាពីអាកប្បកិរិយា និងចិត្តវិទ្យានៃការទិញទំនិញ គឺគាត់បានពន្យល់បកស្រាយថា “ម្ចាស់ហាង ចង់បង្កើតបរិយាកាសដាច់ដោយឡែកមួយនៅក្នុងហាងរបស់ពួកគេ​ ដោយគ្មានការរំខានពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីធ្វើឱ្យអតិថិជនអាចមានអារម្មណ៍ផ្ដោតលើបទពិសោធន៍ក្នុងការទិញអីវ៉ាន់របស់ពួកគេ ដោយគ្មានការរំខានពីពន្លឺព្រះអាទិត្យ ឬមេឃកំពុងភ្លៀង ឬក៏ឃើញទិដ្ឋភាពផ្សេងៗនៅខាងក្រៅដែលមិនសូវអំណោយផល ជាហេតុធ្វើឱ្យពួកគេនឹងមិនបន្តការដើរទិញទំនិញទៀតឡើយ ឬក៏អាចភ្លេចដោយសារកត្តាផ្សេងៗដែលបានសម្លឹងឃើញនៅខាងក្រៅបង្អួច។ល។”

2. រក្សាផលិតផលទាំងឡាយក្នុងហាងបានល្អ

ការដែលផ្សារទំនើបមិនមានបង្អួច ដោយសារតែវាអាចរក្សាគ្រប់ផលិតផលទាំងអស់ដែលមាននៅក្នុងហាងបានល្អ តាមរយៈការគ្មានពន្លឺព្រះអាទិត្យចូលមកខ្លាំង ពីព្រោះផលិតផលខ្លះអាចខូចបានលឿន និងអាច​ធ្វើ​ឱ្យ​ស្លាក​សញ្ញា​នៃ​ការ​វេច​ខ្ចប់​បាត់​ទៅ​វិញ​។

3. កាត់​បន្ថយ​តម្លៃ​សំណង់

ប្រសិនបើផ្សារទំនើបមានបង្អួចវិញ នោះច្បាស់ជាអាចនឹងកាត់បន្ថយទំហំទំនេរសម្រាប់ដាក់តាំងផលិតផលនានាមិនខាន។ ជាពិសេស វាក៏ត្រូវចំណាយលុយច្រើន ពីព្រោះការធ្វើជញ្ជាំងខាងក្រៅត្រូវតែមានរចនាសម្ព័ន្ធរឹងមាំដែលអាចផ្ទុកវត្ថុធ្ងន់ៗនៅលើធ្នើរជញ្ជាំងទាំងនោះ។ ម្យ៉ាងទៀតតម្លៃបង្អួចនិងមុខហាង គឺមានតម្លៃថ្លៃ ដូច្នេះបើដាក់បង្អួចទៀត វាអាចត្រូវចំណាយលុយបន្ថែម ហើយនេះជាហេតុធ្វើឱ្យម្ចាស់ហាងមិនចង់ចំណាយច្រើន និងចង់កាត់បន្ថយតម្លៃសំណង់។