ហេតុអ្វីម្ចាស់អាជីវកម្ម ត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុ?

104
ហេតុអ្វីម្ចាស់អាជីវកម្ម ត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុ?

នៅពេលម្ចាស់អាជីវកម្មមានចំណេះដឹងហិរញ្ញវត្ថុ នោះអាជីវកម្មកាន់តែដំណើរការបានល្អ ហើយបុគ្គលិកឬអ្នកពាក់ព័ន្ធផ្សេងៗទៀត ក៏មិនសូវហ៊ានធ្វើអ្វីដែលខ្ជះខ្ជាយឬមិនងាយអាចកេងបន្លំបានឡើយ។ លើសពីនេះ ម្ចាស់អាជីវកម្មក៏មាន​សមត្ថភាពក្នុងការយល់ដឹងអំពីតារាងតុល្យការ របាយការណ៍ប្រាក់ចំណេញ-ខាត និងអាចប្រើប្រាស់ជំនាញហិរញ្ញវត្ថុជាច្រើន រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការគ្រប់គ្រងចំណាយប្រតិបត្តិការនៅក្នុងក្រុមហ៊ុន ការគ្រប់គ្រងលំហូរសាច់ប្រាក់ ចេះរៀបចំផែនការហិរញ្ញវត្ថុបានល្អ និងការវិនិយោគ។

ក្រៅពីសារៈសំខាន់ដែលបានរៀបរាប់មួយចំនួនខាងលើ ដូច្នេះដើម្បីកាន់តែលម្អិតបន្ថែមទៀត ខ្លឹមសារខាងក្រោមនេះនឹងពន្យល់បង្ហាញថា នៅពេលម្ចាស់អាជីវកម្មមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ តើនឹងចំណេញអ្វីខ្លះ?

1. ធ្វើឱ្យមានកញ្ចប់ថវិកា​ត្រឹមត្រូវ

សហគ្រិនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តែងតែតាមដានអំពីស្ថានភាពថវិកានៅក្នុងក្រុមហ៊ុនពេញមួយឆ្នាំ ដើម្បីអាចសម្រេចបាននូវគោលដៅដែលបានកំណត់ជាមុន ថាតើទាំងនេះជាប្រាក់ចំណេញ ចំណូល ឬជាចំណាយ? ដើម្បីការពារកុំឱ្យការចំណាយច្រើនជាងចំណូល។ លើសពីនេះ គាត់ក៏តែងតែមានការព្យាករណ៍នៅក្នុងអាជីវកម្មដែរ ដើម្បីដឹងថា ផ្នែកណាអាចមានហានិភ័យ ឬអាចខ្វះខាតលុយ បន្ទាប់មកគាត់តែងតែត្រៀមដំណោះស្រាយជាមុន ក្នុងការរៀបចំផែនការប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ។

2. អាចគ្រប់គ្រងបំណុលបានល្អ

ការដែលអាចមានរបៀបគ្រប់គ្រងបំណុលបានល្អ វាទាមទារឱ្យយើងមានចំណេះដឹងហិរញ្ញវត្ថុ ដោយអ្នកអាចគ្រប់គ្រងបំណុលនោះ ដោយប្រើប្រាស់នូវគោលបំណងមួយដ៏សមស្រប ហើយត្រូវកំណត់ពេលវេលាដើម្បីធ្វើយ៉ាងណាឱ្យអ្នកមានការបង្វិលសងគេវិញបានទាន់ពេលវេលា និងអ្នកអាចប្រើប្រាស់ប្រាក់កម្ចីនោះមកធ្វើអ្វីដែលកាន់តែជួយអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។

3. សម្រេចចិត្តដោយផ្អែកលើការវិភាគត្រឹមត្រូវ

សហគ្រិនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តែងតែអាចមានសមត្ថភាពក្នុងការអានរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ លំហូសាច់ប្រាក់ និងសមាមាត្រហិរញ្ញវត្ថុបានត្រឹមត្រូវ ហើយស្ថិតនៅក្នុងស្ថានភាពល្អ។ ហើយការសម្រេចចិត្តមួយដ៏ល្អ ក៏ទាមទារឱ្យពឹងផ្អែកលើចំណេះដឹងមួយត្រឹមត្រូវនៃអាជីវកម្ម រួមផ្សំជាមួយនឹងស្ថានភាពហិរញ្ញវត្ថុល្អ ដើម្បីធ្វើសមាមាត្រគ្នា ហើយធ្វើការសម្រេចចិត្តដើម្បីសម្រេចលើគោលដៅណាមួយក្នុងអាជីវកម្មរបស់អ្នក។

4. ជួយអាជីវកម្មឱ្យកាន់តែរីកចម្រើន

នៅពេលដែលម្ចាស់អាជីវកម្មអាចគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ និងអាចរៀបចំផែនការហិរញ្ញវត្ថុមួយដ៏រឹងមាំ នោះការដែលធ្វើឱ្យអាជីវកម្មដំណើរការរលូន និងឆាប់រីកចម្រើន គឺជារឿងងាយស្រួលនោះទេ ប៉ុន្តែក៏ទាមទារឱ្យម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកនេះជាមុនសិនដែរ។