ហេតុអ្វីហាងកាហ្វេ Costa ពេញនិយមបំផុតនៅចក្រភពអង់គ្លេស?

67
ហេតុអ្វីហាងកាហ្វេ Costa ពេញនិយមបំផុតនៅចក្រភពអង់គ្លេស?

ហាងកាហ្វេ Costa មិនត្រឹមតែមានភាពពេញនិយមបំផុតនៅចក្រភពអង់គ្លេសប៉ុណ្ណោះនោះទេ ប៉ុន្តែក៏មានប្រជាប្រិយភាពលំដាប់ពិភពលោកផងដែរ។ ហាងកាហ្វេ Costa បានបង្កើតឡើងតាំងពីឆ្នាំ 1971 ដោយលោក Sergio Costa ព្រមទាំងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Coca-Cola ដោយសារក្រុមហ៊ុនកូកា ធ្វើការទិញយក Costa ក្នុងគោលបំណងពង្រីកសក្ដាពុលហាងកាហ្វេនេះឱ្យកាន់តែរីកចម្រើនកាលពីឆ្នាំ 2019។

នៅក្នុងការស្ទង់មតិជាមួយអ្នកប្រើប្រាស់ជនជាតិអង់គ្លេសជាង 4000 នាក់ ហាងកាហ្វេ Costa បានជាប់ចំណាត់ថ្នាក់កំពូលក្នុងរយៈពេល 12 ឆ្នាំជាប់ៗគ្នា ដែលជាហាងកាហ្វេពេញនិយមខ្លាំងជាងគេនៅចក្រភពអង់គ្លេស។ នេះបើយោងតាមការផ្សព្វផ្សាយពីគេហទំព័រ Global Coffee Report។

costa coffee

ហេតុអ្វីហាងកាហ្វេ Costa មានភាពពេញនិយមបំផុតនៅចក្រភពអង់គ្លេស?

1. បទពិសោធន៍អតិថិជន

Costa បានសិក្សាស្រាវជ្រាវដើម្បីឈ្វេងយល់ពីអតិថិជន ក្នុងគោលបំណងបង្កើតបទពិសោធន៍ល្អៗនៅក្នុងហាងរបស់ Costa សម្រាប់គ្រប់សាខា។ ការបង្កើតបទពិសោធន៍ជាមួយអតិថិជននោះ Costa បានកែលម្អលើទំនាក់ទំនងដោយផ្ទាល់នៅលើម៉ឺនុយ និងការផ្ដល់សេវាកម្មឱ្យបានល្អនៅក្នុងហាង។

2. ធ្វើទីផ្សារបែបច្នៃប្រឌិត

កេរ្តិ៍ឈ្មោះកាហ្វេ Costa រយៈពេល 50 នេះ Costa នៅតែបន្តលើភាពឈានមុខគេផ្នែកធ្វើទីផ្សារបែបច្នៃប្រឌិត តាមរយៈការបង្កើតហាងដែលមានទម្រង់ថ្មី ការរួមបញ្ចូលនូវឌីជីថល និងផលិតផលថ្មីៗ។ ជាក់ស្ដែងកាលពីឆ្នាំ 2021 Costa Express បានដំឡើងម៉ាស៊ីនចំនួន 1325 បន្ថែមទៀត ហើយបានបើកដំណើរការម៉ាស៊ីន Costa Express Hot និង Iced Drinks ដំបូងបង្អស់របស់ខ្លួន ដែលជាម៉ាស៊ីនឆុងកាហ្វេដាក់បញ្ចូលដោយខ្លួនឯងដំបូងគេបង្អស់របស់ពិភពលោកដោយផ្តល់នូវភេសជ្ជៈក្តៅ និងទឹកកកគុណភាពជាង 500 មុខរបស់ Barista។ ហើយនេះ ជាអ្វីដែល ហាងកាហ្វេ Costa ធ្វើឱ្យទីផ្សារនៃហាងកាហ្វេរបស់ខ្លួនកាន់តែមានភាពច្នៃប្រឌិតខ្ពស់ និងមានការទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអតិថិជននៅចក្រភពអង់គ្លេស។

3. Costa ផ្តល់ការគាំទ្រដល់សហគមន៍ដែលដាំកាហ្វេ

គ្រាប់កាហ្វេទាំងអស់មានប្រភពមកពីសមាគមន៍ដែលមានទីតាំងមួយឈ្មោះថា “ខ្សែក្រវ៉ាត់កាហ្វេ” ដូច្នេះហើយ Costa ក៏បានចូលរួមចំណែកក្នុងការអប់រំ និងធ្វើកិច្ចការងារសង្គមនៅតំបន់នោះ ហើយផ្ដល់ការគាំទ្ររយៈពេលវែងសម្រាប់សមាគមន៍ដាំកាហ្វេ តាមរយៈការផ្ដល់ជំនួយជាហិរញ្ញវត្ថុដើម្បីសាងសង់សាលារៀន ការពង្រីកអគារសិក្សា ឬបំពាក់សាលារៀនជាមួយកុំព្យូទ័រ។

តាមរយៈមូលនិធិរបស់ Costa ក្រុមហ៊ុនបានជួយសាងសង់សាលារៀនជាង 100 នៅក្នុងប្រទេសកូឡុំប៊ី អេត្យូពី ហ្គាតេម៉ាឡា ហុងឌូរ៉ាស នីការ៉ាហ្គា ប៉េរូ អ៊ូហ្គង់ដា វៀតណាម និងសំប៊ី។ មូលនិធិបានផ្តល់មូលនិធិដល់ការបណ្តុះបណ្តាលគ្រូ និងការស្នាក់នៅ ការទិញកុំព្យូទ័រ និងការទទួលបានអគ្គិសនី និងការផ្គត់ផ្គង់ទឹក។ វាក៏បានជួយសហគមន៍ដែលផ្គត់ផ្គង់គ្រាប់កាហ្វេក្នុងការដាំដុះដំណាំរបស់ពួកគេ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ទាំងនេះហើយ ទើប Costa អាចមានការផ្គត់ផ្គង់គ្រាប់កាហ្វេបានគ្រប់គ្រាន់ និងល្អៗ។