នៅក្នុងការធ្វើអាជីវកម្មទាំងអស់ Branding ពិតជាមានសារៈសំខាន់លើសពីការគិតរបស់យើងទៀត។ ជាក់ស្ដែងអ្នកអាចសង្កេតមើលបានថា ចំពោះអាជីវកម្មដែលគ្មានការធ្វើ Branding និងអាជីវកម្មដែលបានធ្វើ Branding ល្អ នោះគឺវាសនារបស់អាជីវកម្មទាំងពីរនេះផ្សេងគ្នា ដោយអាជីវកម្មដែលគ្មានការធ្វើ Branding នឹងមិនសូវសម្បូរអតិថិជនទុកចិត្ត មិនសូវមានទីផ្សារ និងពិបាកកំណត់តម្លៃស្ដង់ដារជាដើម ប៉ុន្តែចំពោះអាជីវកម្មដែលមានការ Branding ល្អ អាជីវកម្មនោះនឹងមានមនុស្សទុកចិត្តច្រើន ទោះតម្លៃផលិតផលឬសេវាកម្មនៅទីនោះប៉ុណ្ណាក៏ហ៊ានចំណាយ និងធ្វើឱ្យអតិថិជនជួយផ្សព្វផ្សាយដោយឥតគិតថ្លៃឱ្យថែមទៀត។ល។ ហើយទាំងនេះ គ្រាន់តែការបង្ហាញនូវសារៈសំខាន់មួយផ្នែកតូចប៉ុណ្ណោះ ប៉ុន្តែខ្លឹមសារខាងក្រោមនឹងបង្ហាញអ្នកឱ្យយល់បន្ថែមអំពី Branding និងសារៈសំខាន់របស់វានៅក្នុងអាជីវកម្ម។
តើអ្វីជា Branding?
Branding (ម៉ាកយីហោ) គឺជាដំណើរការបង្កើតនូវការយល់ឃើញដ៏រឹងមាំ និងបង្កើតភាពវិជ្ជមានរបស់ក្រុមហ៊ុន ផលិតផល ឬសេវាកម្មរបស់ខ្លួននៅក្នុងគំនិតរបស់អតិថិជន ដោយបង្ហាញនូវឡូហ្គោ គុណតម្លៃ បេសកកម្ម ភាពខុសប្លែកគ្នាពីដៃគូប្រកួតប្រជែង និងអ្វីជាច្រើនទៀតដែលព្យាយាមយ៉ាងណាធ្វើឱ្យអតិថិជនចងចាំ នឹកឃើញមុនគេ ហើយមានទំនុកចិត្តលើអាជីវកម្មរបស់អ្នក។ បើនិយាយឱ្យសាមញ្ញ Branding ជាការរួមបញ្ចូលគ្នានៃយុទ្ធសាស្រ្តទីផ្សារ និងអាជីវកម្ម ដើម្បីជំរុញឱ្យមនុស្សគិតអំពីក្រុមហ៊ុន ផលិតផល ឬសេវាកម្មតាមរបៀបជាក់លាក់ណាមួយ។
សារៈសំខាន់នៃ Branding នៅក្នុងអាជីវកម្ម
1. មនុស្សកាន់តែច្រើននឹងទទួលស្គាល់អាជីវកម្មរបស់អ្នក
ការចាប់ផ្ដើមអាជីវកម្មដំបូងៗ ច្បាស់ណាស់នឹងមានមនុស្សតិចបំផុតដែលស្គាល់ និងទុកចិត្តលើអាជីវកម្មរបស់អ្នក ដូច្នេះវាត្រូវ Branding ដើម្បីជួយអាជីវកម្មឱ្យមានមនុស្សទទួលស្គាល់បានកាន់តែច្រើន ហើយប្រសិនបើអាជីវកម្មរបស់អ្នកមានម៉ាកយីហោដ៏រឹងមាំទៀត មនុស្សកាន់តែស្គាល់អំពីអ្នកកាន់តែច្រើន តាមរយៈឡូហ្គោ ព័ណ៌ដ៏ទាក់ទាញ ពុម្ពអក្សរ រូបភាព និងធាតុដែលមើលឃើញផ្សេងទៀតនឹងអាចជាការចងចាំរបស់អតិថិជន។
2. ខុសប្លែកពីដៃគូប្រកួតប្រជែង
នៅក្នុងទីផ្សារតែងតែមានអាជីវកម្មដែលដូចគ្នា ឬស្រដៀងគ្នាជាច្រើនកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអាជីវកម្មរបស់អ្នកកសាងម៉ាកយីហោបានល្អ នោះអ្នកនឹងអាចធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពដាច់ដោយឡែកពីដៃគូប្រកួតប្រជែង និងស្ថិតនៅក្នុងការចងចាំរបស់អតិថិជនបានច្រើន។ ឧទាហរណ៍៖ នៅកម្ពុជាបច្ចុប្បន្នសម្បូរដោយម្ចាស់អាជីវកម្មបើកហាងកាហ្វេ ប៉ុន្តែហេតុអ្វីមនុស្សចងចាំ និងពេញនិយមតែហាងកាហ្វេមួយចំនួន ដូចជា KOI, Brown និងម៉ាកល្បីក្នុងស្រុកផ្សេងទៀត នេះដោយសារតែហាងកាហ្វេទាំងនេះចេះ Branding ហាងរបស់គេឱ្យមានភាពដាច់ដោយឡែក និងប្លែកខុសពីហាងកាហ្វេផ្សេងៗទៀត តាមរយៈគំនិតនៃការរចនាហាង រសជាតិ ការផ្ដល់សេវាកម្មអតិថិជនល្អ ជ្រើសរើសបុគ្គលិកស្អាតៗ ការផ្សព្វផ្សាយមានការទូលំទូលាយ ការជ្រើសព័ណ៌ និងភាពលេចធ្លោដើម្បីបង្កើនការងាយស្រួលចងចាំដល់អតិថិជនជាច្រើនទៀត។
3. កសាងទំនុកចិត្តដល់អតិថិជន
Branding ជាផ្នែកដ៏សំខាន់មួយក្នុងការជួយកសាងទំនុកចិត្តដល់អតិថិជនបានកាន់តែច្រើន និងអាចជំរុញឱ្យមានអតិថិជនស្មោះត្រង់ចំពោះអាជីវកម្មក៏បានច្រើនផងដែរ។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងផងដែរថា ការដែលអាចយកទំនុកចិត្តអតិថិជនបាន វាជារឿងដ៏ជោគជ័យមួយរបស់អាជីវកម្ម ពីព្រោះអតិថិជនជាអ្នកផ្ដល់ប្រភពនៃចំណូលនៅក្នុងអាជីវកម្ម។
4. ពង្រឹងការផ្សាយពាណិជ្ជកម្មរបស់អ្នក
អាជីវកម្មដែលអាចទទួលបានភាពរីកចម្រើនជាលំដាប់ ក៏មិនអាចខ្វះការចូលរួមពីការផ្សាយពាណិជ្ជកម្មផងដែរ ដោយBranding វាក៏ដើរទទឹមនឹងការផ្សាយពាណិជ្ជកម្ម។ ទោះបីជាយ៉ាងនេះក្ដី មុននឹងអាចធ្វើការផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកកាន់តែទទួលបានប្រសិទ្ធភាព លុះត្រាតែអ្នកកសាងម៉ាកយីហោជាមុនសិនដែរ ដូច្នេះ Branding ពិតជាសំខាន់ណាស់។
5. បង្កើតអតិថិជនដ៏ស្មោះត្រង់បានច្រើន
អតិថិជនស្មោះត្រង់ អាជីវកម្មណាក៏ចង់បានច្រើននោះដែរ ព្រោះអតិថិជនស្មោះត្រង់ជាប្រភេទអតិថិជនដែលមិនងាយដកចិត្តពីការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក ដោយតែងតែត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មនៅអាជីវកម្មរបស់អ្នកម្ដងហើយម្ដងទៀត ព្រមទាំងជួយផ្សព្វផ្សាយបន្តបានយ៉ាងទូលំទូលាយទៅកាន់មនុស្សដែលពួកគេបានស្គាល់។ ហេតុនេះហើយ មានតែម៉ាកយីហោអាជីវកម្មរបស់អ្នកល្អនោះទេ ទើបមានអតិថិជនស្មោះត្រង់ច្រើន ពីព្រោះពួកគេចងចាំ និងទុកចិត្តលើអ្នក។
6. ងាយស្រួលណែនាំនូវផលិតផលឬសេវាកម្មថ្មី
នៅពេលដែលអាជីវកម្មរបស់អ្នកមានម៉ាកយីហោដ៏រឹងមាំ និងផ្ដល់ទំនុកចិត្តខ្លាំងដល់អតិថិជន នោះនៅពេលអ្នកចង់បង្កើតឬណែនាំនូវផលិតផលសេវាកម្មថ្មី មនុស្សនឹងចាប់ផ្ដើមធ្វើការកក់ ឬកម្ម៉ង់ និងរីករាយជាមួយនឹងផលិតផលសេវាកម្មថ្មីរបស់អ្នក វាប្រៀបដូចជាក្រុមហ៊ុន Apple ជាក្រុមហ៊ុនយក្សដែលមានម៉ាកយីហោដ៏ល្អលំដាប់ពិភពលោក ដោយមនុស្សជាច្រើនមានការទុកចិត្ត និងសម្បូរដោយអតិថិជនស្មោះត្រង់ដ៏ច្រើន ដូច្នេះនៅពេលក្រុមហ៊ុនមួយនេះចាប់ផ្ដើមបង្កើតនិងណែនាំនូវផលិតផលថ្មីរបស់ខ្លួន ក៏មានអតិថិជនកំពុងមានការតម្រងជួរគ្នាចង់បាន និងមានការគាំទ្រខ្លាំង។
7. បង្កើនផលិតភាពការងារ និងមោទនភាពដល់បុគ្គលិក
ជាធម្មតាទេប្រសិនបើអាជីវកម្មរបស់អ្នកមានកេរ្តិ៍ឈ្មោះល្អ និងមានភាពល្បីល្បាញខ្លាំង ដោយសារតែមានម៉ាកយីហោរឹងមាំ នោះបុគ្គលិកកាន់តែមានមោទកភាពចំពោះខ្លួនឯងដែលបានធ្វើការជាមួយអ្នក និងពួកគេនឹងពេញចិត្តជាមួយការងាររបស់ពួកគេកាន់តែខ្លាំង។ ទាំងនេះហើយ ដែលនឹងធ្វើឱ្យអាជីពការងាររបស់បុគ្គលិកទាំងអស់កាន់តែរីកចម្រើន ហើយការងារនៅក្នុងក្រុមហ៊ុនកាន់តែលឿន និងមានលទ្ធផលល្អស្របតាមការរំពឹងទុក នោះអាជីវកម្មរបស់អ្នកក៏កាន់តែជោគជ័យជាលំដាប់។