ហេតុ​អ្វី​បាន​ជា​គុយ​ទាវ​ទូក​រីក​លូត​លាស់​លឿន​និង​បរាជ័យ​លឿន​?

1315

គំនិត​ជឿ​ជាក់​ថា​អ្នក​ប្រាកដ​ជា​នៅ​ចាំ​ហាង​គុយ​ទាវ​ទូក​8 Boat Noodle​ ឬ​គុយ​ទាវ​​ទូក​​ដែល​មាន​ឈ្មោះ​ប្រហាក់​ប្រហែល​នេះ​។ គុយ​ទាវ​ទូក​បាន​ចាប់​ផ្តើម​បើក​លក់​នៅ​កម្ពុជា​ដំបូង​​ចុង​ឆ្នាំ​២០១៤​។ ក្រោយ​ពេល​បើក​ ហាង​គុយ​ទាវ​ទូក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​រហ័ស​ពី​សំណាក់​មហាជន​ ​ហើយ​ថែម​ទាំង​បាន​លក់​សិទ្ធិ​ធុរកិច្ច​(Franchise)ជា​ច្រើន​ថែម​ទៀត​។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក៏​ឃើញ​ថា​ហាង​ទាំង​នោះ​បាន​ទទួល​បរាជ័យ​និង​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។

តើ​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ហាង​គុយទាវ​ទូក​មួយ​នេះ​រីក​លូត​លាស់​លឿន​តែ​ក៏​​បរាជ័យ​លឿន​បែប​នេះ?

  • ចិត្ត​សាស្រ្ត​របស់​មនុស្ស

មនុស្ស​ពេល​ដែល​ឃើញ​អ្វី​ដែល​ប្លែក​ថ្មី​តែងតែ​ចង់​សាក​ចង់​ដឹង​ ហើយ​មនុស្ស​តែងតែចង់​បង្ហាញ​ទៅមិត្តភ័ក្តិ​នៅពេលពួក​គាត់មាន​អារម្មណ៍ថា​ខ្លួន​ពិសេស(ញ៉ាំគចានច្រើន)​។ គុយ​ទាវ​ទូក​ធ្វើ​ឲ្យ​អ្នក​ញុំា​មាន​អារម្មណ៍​ថា​​ប្លែក និង​ពិសេស​ដោយ​សារ​តែ​ញុំា​រហូត​ដល់​គរ​ចានដែលជម្រុញ​ឱ្យគាត់​បង្ហោះ​នៅលើ​បណ្តាញFacebookដើម្បី​អួត និង​បង្ហាញមិត្ត​ភ័ក្តិ​ ។ ដូច្នេះ​នៅ​ពេល​ដែល​ទើប​តែ​បើក​ដំបូង​មាន​មនុស្ស​ជា​ច្រើន​បាន​ទៅ​តម្រង់​ជួរ​ញុំា​។ តែ​ក្រោយ​ពេល​បាន​សាក​ល្បង​ញុំា​រួច​មក​​ក៏​មិន​សូវ​មាន​មនុស្ស​ចាប់​អារម្មណ៍​នឹង​ទៅ​ញុំា​ទៀត​ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ហាង​គុយ​ទាវ​ទូក​នេះ​មិន​អាច​ដំណើរ​ការ​តទៅ​មុខ​ទៀត​បាន។ ក្រោយ​ពេល​ដែល​បាន​សាក​ល្បង​អ្វី​ដែល​ប្លែក​ថ្មី​រួច​មក​មនុស្ស​ក៏​មាន​អារម្មណ៍​ថា​ធម្មតា​និង​លែង​ចាប់​អារម្មណ៍​ទៀត​។

  • និនា្នការ​សង្គម

មនុស្ស​នៅ​ក្នុង​សង្គម​ភាគ​ច្រើន​ទន់​ទោរ​ទៅ​រក​គ្នា​។ នៅ​ពេល​ដែល​ឃើញ​គេ​ញុំា​ ផឹក​អ្វី ទៅ​កន្លែង​ណា​មួយ ឬ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​មិន​​ធ្លាប់​បាន​ធ្វើ​នោះ​ អ្នក​តែង​តែ​ចង់​សាក​ល្បង​និង​ធ្វើ​​តាម​​គេ​ភ្លាម​។ ដូច​គ្នា​នេះ​ដែរ​ អ្នក​ខ្លះ​ពេល​ដែល​ឃើញ​គេ​ទៅ​ញុំា​គុយ​ទា​វ​ទូក​ហើយ​ថត​ផុស​នៅ​ក្នុង​ហ្វេស​ប៊ុក​ធ្វើ​ឲ្យ​គេ​មាន​ចិត្តមួយ​ថា​ ត្រូវ​តែ​ទៅ​ញុំា​និង​ថត​ផុស​ឲ្យ​ដូច​គេ​ដែរ។ បើ​គេ​មិន​បាន​ញុំា​និង​ថត​ផុស​​​នោះ​ទេ គេ​នឹង​គិត​ថា​ខ្លួន​ឯង​ដើរ​មិន​ទាន់​សង្គម​​ មិន​ទាន់​អ្នក​ដទៃ​ដែល​នៅ​ក្នុង​បរិបទ​សង្គម​តែ​មួយ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​ការ​និយម​នេះ​នឹង​ផ្លាស់​ប្តូរ ​ឬអន់​ថយ​ទៅ​វិញ​ព្រោះ​ម្នាក់ៗ​បាន​សាក​ល្បង​រួច​ហើយ​។ ​និន្នាការ​នៃ​សង្គម​តែង​តែ​ដើរ​ទៅ​មុខ​ជានិច្ច​ ដូច​នេះ​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​ ឬ​កែ​ប្រែ​ខ្លះៗនោះ​ទេ​នឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ជាក់​ជា​មិនខាន។

  • តម្លៃ

បើ​យើង​សង្កេត​មើល​ពី​តម្លៃ​របស់​គុយទាវ​ទូក​វិញ ក្នុង​មួយ​ចាន​ប្រហែល​២៥០០៛​ប៉ុណ្ណោះ​យើង​ប្រាកដ​ជា​គិត​ថា​មិន​ថ្លៃ​នោះ​ទេ ប៉ុន្តែ​បើ​ញុំា​មួយ​ឆ្អែត​មនុស្ស​ម្នាក់​ប្រហែល​ជា​ត្រូវ​ញុំា​ពី​៤​ចាន​ឡើង​ទៅ​។ ជា​មួយ​គ្នា​នេះ​ដែរ បើ​យើង​ញុំា​គុយទាវ​ក្នុង​ហាង​ដទៃ​ទៀត​គឺ​មាន​តម្លៃ​ប្រហែល​៨០០០៛​ប៉ុណ្ណោះ​ក្នុង​មួយ​ចាន​។ សរុប​មក​​ បើ​​ចង់​ញុំា​គុយទាវ​ទូក​ឲ្យឆ្អែត​ប្រហែល​ជា​ត្រូវ​ចំណាយ​ថ្លៃ​បន្តិច​។

  • ការពង្រីកខ្លួន​លឿនពេក

ហាងគុយទាវ​ទូក​គឺបាន​ពង្រីក​ខ្លួនយ៉ាងលឿន​រហូត​ដល់រាប់សិប​ហាងក្នុង​រយៈពេលដ៏ខ្លី។ ការពង្រីកខ្លួន​លឿនពេកនេះ​ ក៏ជាមូលហេតុ​មួយ​ដែលធ្វើឱ្យ​ហាងគុយទាវទូក​ឆាប់​សាបរលាប​ពីភាពពេញនិយមផងដែឬ។ ហេតុអ្វី? ព្រោះថា វិជាចិត្តសាស្ត្រមួយរបស់មនុស្ស នៅពេលដែល​វាងាយស្រួល​នឹងទទួលបានពេក (ទៅណាក៏ឃើញ) វាលែងក្លាយទៅជា​របស់ពិសេស​ដូចមុនទៀតហើយ។ ម្យ៉ាងវិញទៀត នៅពេលដែល​ការផ្គត់ផ្គង់​កើនលឿនពេក ធ្វើឱ្យ​អតិថិជនត្រូវ​បែកសាច​ទៅហាងផ្សេងៗគ្នា​ដែល​ធ្វើ​ឱ្យ​មើល​ពីក្រៅហាងទៅ​លែងមាន​មនុស្ស​ច្រើន​តម្រង់​ជួរ​ដូច​មុន ដែលកត្តានេះក៏រួម​ចំណែក​ជះឥទ្ធិពល​ដល់ចិត្តសា​ស្ត្រ​អតិថិជន ធ្វើឱ្យគាត់យល់ថា​វាលែង​ពេញនិយម​ដូចមុនទៀតហើយ។ ចិត្ត​សាស្ត្រ​របស់អតិថិជនភាគច្រើន​គឺប្រហាក់ប្រហែលគ្នា នៅពេលដែលហាងណាមានមនុស្សច្រើន គឺគាត់ចូលចិត្ត​ចូលហាងនោះ ទោះបីត្រូវប្រជ្រៀត​គ្នា ឬរង់ចាំក៏ដោយ។

  • គុណភាពសេវា និង​ផលិតផល

បើ​យើង​ក្រឡេក​ទៅ​មើល​គុណ​ភាព​សេវាកម្ម​របស់​គុយទាវ​ទូក​វិញ​គឺ​មិន​ខុស​ពី​កន្លែង​ដទៃ​ទៀត​នោះ​ទេ។ យើងត្រូវ​ចំណាយ​ពេល​រង់ចាំ​និងកម្ម៉ុង់​ប្រហាក់ប្រហែល​នឹងហាង​ដទៃទៀតដែរ និងមិនមានលក្ខណៈពិសេសអ្វីដែលគួរឲ្យចាប់ចិត្តដែរ។

បើ​ក្រឡេក​ពី​គុណភាព​ផលិតផលវិញ យុទ្ធសាស្ត្រទីផ្សារល្អអាចធ្វើ​ឱ្យ​មនុស្ស​ មកភ្លោកទឹកភ្លោកដី​បានដើម្បីសាក ប៉ុន្តែ​បន្ទាប់ពីបានសាកល្បងហើយ​មានអារម្មណ៍​ថា​មិនមានអ្វីឆ្ងាញ់ ឬពិសេស​នោះ អាត្រានៃការវិលត្រឡប់មកវិញគឺមានកម្រិតទាបប៉ុណ្ណោះ។ ដូចនេះ​ មានតែគុណភាព​ផលិតទេដែលអាចរក្សា​និរន្តរភាពនៃ​ភាពពេញនិយមបានពីសំណាក់អតិថិជន។

 

​សរុប​សេចក្តី​មក​ ចំណុច​ខាង​លើ​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ បើ​សិន​ជា​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប៉ុន្មាន​ចំណុច​នេះ​ទេ​ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ និង​ការ​បរាជ័យ​ជា​មិន​ខាន​ឡើយ​។ អត្ថបទ​នេះ​គ្រាន់​តែ​ជា​ការ​សង្កេត​និង​យល់​ឃើញ​ ដើម្បី​​សិក្សា​យល់​ដឹង​និង​ធ្វើ​ជា​បទ​ពិសោធន៍​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​តែ​ប៉ុណ្ណោះ​។​

 

 

Previous articleតើ Ponds កំពុងតែដើរខុសគោលដៅមែនដែរឬទេ?
Next article7 ឧទាហរណ៍ធ្វើ​ឲ្យទំព័រ Facebook ​អាជីវកម្មសកម្ម!
វង្ស​ ​ស្រី​ឡែន​​មាន​​តួ​​នាទី​​ផ្នែក​​ Media Communication ​​នៅ​​គំនិត​​ដែល​​ផ្តោត​​ទៅ​លើ​​ការ​​បង្កើត​​មាតិកា​​ធុរ​​កិច្ច​​ ​សហ​គ្រិន​​ ​យុទ្ធសាស្ត្រ​​អាជីវកម្ម​​សម័យ​​ទំនើប​​ ​ព្រម​​​ទាំង​​ធ្វើ​​ករណី​​សិក្សា​​ទៅ​​លើ​​អាជីវកម្ម​​ក្នុង​​ស្រុក​​។ ​គាត់​​ជា​​និស្សិត​​ដែល​​កំពុង​​សិក្សា​​ថ្នាក់​​បរិញ្ញាប័ត្រ​​នៅ​​វិទ្យាស្ថាន​​ជាតិ​​ប្រៃសណីយ៍​​ ​ទូរគមនាគមន៍​​ បច្ចេកវិទ្យា​​គមនាគមន៍​ ​​និង​​ព័ត៌មាន​ ផ្នែក​​ពាណិជ្ចកម្ម​​អេឡិច​​ត្រូ​និច​។ ​ក្រៅ​​ពី​​ការ​​សិក្សា​​រៀន​​សូត្រ​​នៅ​​ក្នុង​​​សាលា​​ គាត់​​ក៏​​បាន​​ចូល​​រួម​​សិក្ខា​​សាលា​​និង​​វគ្គ​​បណ្តុះ​​បណ្តាល​​ផ្សេងៗ​​ដូច​ជា​​ ​ការ​​ធ្វើ​​ទី​​ផ្សារ​​សម័យ​​ទំនើប​​ ​ជំនាញ​​ទន់​​និង​​ថែម​​ទាំង​​បាន​​ធ្វើ​ការ​​ស្ម័គ្រ​​ចិត្ត​​ក្នុង​​សកម្មភាព​​សង្គម​​ផង​​ដែរ​។