spot_img
spot_img
Homeអចលនវត្ថុអចលនទ្រព្យស្ងប់ស្ងាត់ជាងមុន ជាឱកាស​ភ្នាក់ងារជំនាញពិតប្រាកដ​រះឡើង

អចលនទ្រព្យស្ងប់ស្ងាត់ជាងមុន ជាឱកាស​ភ្នាក់ងារជំនាញពិតប្រាកដ​រះឡើង

-

នរណាក៏ដឹងដែរថា វិស័យអចលនទ្រព្យ​បានពុះកញ្ច្រោល​យ៉ាងខ្លាំងនា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយក៏ជា​វិស័យ​គោលមួយ​សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលធ្វើឱ្យមនុស្សជា​ច្រើន​បានបោះបង់​មុខរបរ​ផ្សេងៗមក​ចាប់​អាជីព​ក្នុង​វិស័យនេះ ជាពិសេស​គឺ​ក្លាយជាភ្នាក់ងារអចលនទ្រព្យ​ដោយសារតែ​មិនចាំបាច់មានដើមទុនច្រើន។

តែមួយ​រយៈចុងក្រោយនេះ ជម្ងឺរាតត្បាតបានផ្ទុះឡើង ធ្វើឱ្យ​ម្នាក់ៗភ័យខ្លាច​រឿង​កើតវិបត្តិសេដ្ឋកិច្ច ហើយ​បង្កើតបានជាព័ត៌មាន​មួយ​អំពី​ការធ្លាក់ចុះ​ទីផ្សារ ឬអាច​ជះឥទ្ធិពល​ដូចឆ្នាំ​២០០៨ និង២០០៩ ដែលវិស័យអចលនទ្រព្យ​ធ្លាប់រង​របួសធ្ងន់ធ្ងរ​ម្តងរួចទៅហើយ។ ពេល​ទីផ្សារល្អ មនុស្ស​មិនតិច​ទេដែលរត់ចូលមក ហើយពេលទីផ្សារ​រៀង​ស្ងប់ស្ងាត់ មិនពុះកញ្រ្ចោល មនុស្សក៏មិនតិចដែររត់ចេញវិញ។

ខ្ញុំឃើញ​ភ្នាក់ងារមិនតិចទេ​ដែល​ផ្លាស់ប្តូរអាជីព​ពី​អ្នកលក់អចលនទ្រព្យ ហើយប្តូររបរ​ផ្សេងវិញ ជាពិសេស​ក្លាយជា​អ្នក​លក់អនឡាញដូចជា​ម៉ាស អាកុល ឬឡេជាដើម។ នៅពេលដែលមានព័ត៌មាន​ថាអចលនទ្រព្យ​នៅតែលក់បាន នៅតែអាច​រកចំណូលបាន មានមនុស្ស​មិនតិចទេសើចចំអក ហើយនិយាយថា “កុំខ្មេស! ឥឡូវស្ងាត់ដូចចោរ​លួចសេះ ហើយអ្នកស្គាល់គាត់​ទើបតែដូរមុខ​របរទេ​ដោយសារតែ​លក់លែងបានទៀត វិស័យនេះរកលែងបានហើយ!”។ ​

តើពិតទេដែលវិស័យអចលនទ្រព្យ​ពិតជា​មិនអាច​រកលុយបានក្នុងកាលៈទេសៈនេះ? តើពិតទេដែល​ដែលថា​យើងគួរដូរ​មុខរបរ​ ព្រោះ​វាអស់​សក្តានុពលទៀតហើយ? ឬមួយក៏គួរស្តាប់មតិដែលថា វានៅតែល្អ និងអាចរកលុយបាន?

កាលពីខ្ញុំចូលប្រឡូក​ក្នុងវិស័យនេះដំបូងកាលពី៥​ឆ្នាំ​មុន ក៏មានមនុស្សមិនតិចដែលនិយាយ​ថា គេធ្វើច្រើនណាស់ វិស័យនេះ​លែងហ៊ឹកហ៊ាក់ដូចមុនទៀតហើយ ហើយក៏មាន​មតិដែលថា វិស័យនេះនៅតែល្អនិងនៅតែ​មានសក្តានុពល​ខ្ពស់។ ហើយគំនិត​នេះ​នៅតែ​មាន​រហូត​មកដល់​ក្នុងស្ថានការណ៍​វិបត្តិ​កូវីដ១៩ទៀត។

ប្រសិនបើ​ខ្ញុំមិននៅក្នុងវិស័យនេះផ្ទាល់ទេ ច្បាស់ណាស់ខ្ញុំប្រាកដជាជឿថា​ វាលែងល្អទៀតហើយ វាលែង​ជាកន្លែង​រកលុយបានទៀតហើយ ពេលនេះគួរតែកុំប្រឡូក​ក្នុងវិស័យនេះឱ្យសោះ ព្រោះថា​យើង​នឹងធ្វើការសម្រេចចិត្ត​ដោយ​ផ្អែកលើ​ពាក្យ​ចចាមអារាមប៉ុណ្ណោះ។

តាមពិតទៅ ក្នុងវិស័យ​អចលនទ្រព្យ ពេលទីផ្សារល្អ​ ក៏មានអ្នកខាតលុយ ហើយពេលទីផ្សារទ្រឹង ក៏មានអ្នកចំណេញលុយ​ផងដែរ។ ប្រសិនបើអ្នកដើរជាមួយអ្នកដែលមាន​បទពិសោធន៍ផ្ទាល់ក្នុងវិស័យនេះ អ្នកប្រាកដជា​បានឮដូចអ្វីដែលខ្ញុំ​លើឡើងខាងលើ។ ព្រោះអ្វី? អ្នកជំនាញ​ពិតប្រាកដ​ តែងតែចេះច្នៃវិបត្តិមក​ជាឱកាស ហើយអ្នកដែល​តាមគេតាមឯង និងវិនិយោគតាមគេតាមឯងដោយមិនមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ហើយទោះទីផ្សារល្អយ៉ាងណា​ក៏នៅតែមិនអាច​រកលុយបាន ហើយថែមទាំងខាត​ឡុងចុងទៀតផង។

ហេតុអ្វី ពេលនេះជាពេលដែលល្អមួយសម្រាប់ភ្នាក់ងារដែលមានជំនាញ​ពិតប្រាកដរះឡើងក្នុងពេលមានវិបត្តិ ឬក៏ទីផ្សារទ្រឹង? ព្រោះថា នៅពេលដែលទីផ្សារល្អ អ្នកណាក៏អាចលក់បាន ដោយ​មិនចាំបាច់​មានជំនាញ​ច្រើន ឬរកដំណោះស្រាយច្រើនឱ្យអតិថិជនទេ ហើយអតិថិជនខ្លួនឯង​ក៏អាច​លក់បានខ្លួនឯងដោយស្រួលដោយ​មិនចាំបាច់​ពឹងពាក់​ភ្នាក់ងារផងដែរ។ តែនៅពេលមានវិបត្តិ​ ទីផ្សារស្ងប់ស្ងាត់ ការលក់គឺមិនងាយស្រួលនោះទេ ហើយក៏មិនមែននរណាក៏អាចលក់បាននោះដែរ ហើយសម្រាប់អតិថិជន​ខ្លះគឺត្រូវ​បង្ខំចិត្តលក់ក្នុងរយៈពេលខ្លីណាមួយឱ្យចេញដើម្បី​យកលុយ​មកបង្វិល​ដើម្បីទប់ទល់វិបត្តិ ដែលទាមទារឱ្យភ្នាក់ងារមានភាព​ប៉ិនប្រសប់ និងចំណានក្នុង​ការ​រកភ្ញៀវ ចំណានក្នុងការចរចារ និងជំនាញក្នុងការដោះស្រាយបញ្ហាបង់ប្រាក់នានា​រវាង​អ្នក​លក់និង​អ្នកទិញ។ ក្នុងសម័យកាលដែលភ្នាក់ងារ​ដទៃ​ចាកចេញ ទៅ​រករបរផ្សេងដូចជា​លក់តាមអនឡាញ ទោះបី​ទីផ្សាររៀងធ្លាក់ចុះ អ្នកក៏អស់​គូរប្រជែងជាច្រើនផងដែរដែលដណ្តើមអ្នកលក់អចលនទ្រព្យ។ ហើយពេលនេះ គឺជាពេលដែលអ្នកផ្តោត​លើការជួយដល់អតិថិជនណាដែល​ជួបការលំបាក ដោយចង់លក់ចេញឆាប់ៗ ទោះបីជាត្រូវលក់ក្រោមតម្លៃទីផ្សារក៏ដោយ ក៏គាត់នឹងពិចារណា ដើម្បីធ្វើយ៉ាងណាអាច​បង្វិលសាច់់ប្រាក់ទាន់ពេល។ ប្រសិនបើអ្នក​ជួយគាត់បាន វាមានភាគរយ​ខ្ពស់​ណាស់​ដែលគាត់​ចាំអ្នកក្នុងចិត្ត គឺមិនមែនចាំថាអ្នកលក់ឱ្យគាត់បានធូរថ្លៃនោះទេ គាត់នឹងចាំក្នុងចិត្ត​ថា អ្នកបានជួយគាត់ក្នុងគ្រាលំបាក ជួយគាត់ពេលដែលគាត់ត្រូវការបំផុត។ ហើយ​សម្រាប់អតិថិជនដែលមិនមានការទិញលក់​ក្នុងសម័យវិបត្តិក៏ដោយ ពួកគាត់​នឹងមើលឃើញ​អ្នក ចាំអ្នក ព្រោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកនៅតែជាភ្នាក់ងារអាជីព ជាភ្នាក់ងារដែល​ត្រៀមខ្លួនជានិច្ច​​ក្នុងជួយ​សម្រាលការលំបាក​របស់ភ្ញៀវ និងជួយដោះស្រាយ​បញ្ហា​របស់ភ្ញៀវ ហើយទោះបីជាវិបត្តិបានបញ្ចប់ អ្នកប្រាកដជាមានកន្លែងមួយ បើ​មិនបាននៅក្នុងបេះដូងអតិថិជន​ទេ ក៏​អាច​ស្ថិតនៅជាប់ក្នុងខួរក្បាលរបស់អតិថិជនផងដែរ ហើយអ្នកនឹងរះឡើង។

តើអ្នកជឿទេ? បច្ចុប្បន្ន​មានអតិថិជន​មិន​តិចទេដែលទាក់ទង​មក​ដើម្បី​រកទិញអចលនទ្រព្យដែល​មានតម្លៃក្រោមទីផ្សារ ព្រោះពួកគាត់ទាំងនោះមានលុយនៅក្នុងដៃ ហើយនេះជាពេលវេលា​ដែលពួកគាត់ត្រូវបញ្ចេញដាវ​ដើម្បី​ចាប់យកឱកាស​។ បើអ្នកមិនជឿ ឱ្យតែ​មានតម្លៃក្រោមទីផ្សារ ឬតម្លៃល្អ កុំភ្លេចទាក់ទងមកខ្ញុំណា! ដូចខ្ញុំបាននិយាយអញ្ចឹង ពេលទីផ្សារល្អ ក៏មានអ្នកខាតលុយ ទីផ្សារធ្លាក់ ក៏នៅមានអ្នកចំណេញលុយ ហើយក្នុងនាមជាភ្នាក់ងារអាជីព គឺ​ស្វែងរកឱកាស​ឱ្យ​អតិថិជន​ចំណេញ​លុយ​គ្រប់ស្ថានការណ៍។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ