អត្ថប្រយោជន៍ និងរបៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

175
អត្ថប្រយោជន៍ និងរបៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

ជំនាញស្វ័យសិក្សា សំដៅលើការសិក្សាដោយខ្លួនឯង តាមរយៈការចេះបង្កើតវិធីសាស្រ្តរៀនដោយខ្លួនឯង និងចេះសិក្សាស្រាវជ្រាវបន្ថែម។ ហើយជំនាញនេះ មានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា​ជាពិសេសសិស្សនិស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងផ្សេងៗទៀត។

អត្ថប្រយោជន៍ នៅពេលអ្នកមានជំនាញស្វ័យសិក្សាខ្លាំង

  • ទទួលបានលទ្ធផលការសិក្សា និងការងារមានប្រសិទ្ធភាពខ្ពស់
  • ទទួលបានចំណេះដឹង និងព័ត៌មានបានកាន់តែច្រើន ហើយទូលំទូលាយ ដើម្បីពង្រីកការគិតបានល្អ និងគិតបានលឿនជាងមុន
  • ងាយស្រួលក្នុងការដោះស្រាយបញ្ហានានាបានច្បាស់លាស់ និងត្រឹមត្រូវ
  • សមត្ថភាពកាន់តែរីកចម្រើនខុសពីធម្មតា
  • អភិវឌ្ឍន៍ជំនាញដែលអ្នកស្រលាញ់បានលឿន
  • ផ្ដល់ឱ្យអ្នកនូវសមត្ថភាពក្នុងការរៀនដោយសេរីដោយគ្មានដែនកំណត់
  • ធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯង
  • ទទួលបានឱកាសរីកចម្រើនច្រើនជាងមុន
  • ។ល។

របៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

1. កំណត់គោលដៅជាក់លាក់

អ្នកត្រូវដឹងថា តើអ្នកមានគោលដៅអ្វីសម្រាប់ខ្លួនឯង? ឧទាហរណ៍ បើអ្នកជាសិស្សវិទ្យាល័យ អ្វីជាគោលដៅជាក់លាក់សម្រាប់អ្នក? អាចជាការចង់បាននិទ្ទេស A ឬ ប្រសិនបើកំពុងធ្វើការ តើជំនាញអ្វីដែលអ្នកចង់ពង្រឹង ហើយអ្វីជាគោលដៅចម្បងសម្រាប់អ្នកក្នុងអាជីពការងារ? ឬមានគោលដៅផ្សេងៗទៀតតាមបុគ្គលម្នាក់ៗ ដូច្នេះអ្នកត្រូវកំណត់គោលដៅជាក់លាក់សម្រាប់ខ្លួនឯង។

ការកំណត់គោលដៅជាក់លាក់ ជារឿងសំខាន់ ពីព្រោះវាកាន់តែងាយស្រួលសម្រាប់អ្នកដើម្បីស្វែងរកវិធីសាស្រ្តនានា ដើម្បីចាប់ផ្ដើមកំណត់ផែនការ បន្ទាប់មកស្វ័យសិក្សាឱ្យចំគោលដៅដែលអ្នកចង់បាន។

ស្វ័យសិក្សាដែលមានគុណភាពខ្ពស់ គឺការស្វ័យសិក្សាដោយផ្ដោតលើការចង់សម្រេចលើគោលដៅជាក់លាក់ដែលអ្នកបានកំណត់នោះ។

2. ស្វែងរកអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នក

ការស្វ័យសិក្សា មានវិធីសាស្រ្តច្រើនណាស់ ដូច្នេះអ្នកត្រូវតែស្វែងរកវិធីសាស្រ្តណាដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ ហើយត្រង់ចំណុចនេះ ទាមទារឱ្យអ្នកមានការសាកល្បងឱ្យបានច្រើន ដើម្បីអាចដឹងថា តើការរៀនដោយខ្លួនឯងតាមវិធីសាស្រ្តដែលអ្នកទទួលបានលទ្ធផលល្អ? ហើយវិធីសាស្រ្តនោះ អាចជួយអ្នកឱ្យឆាប់សម្រេចគោលដៅដែលអ្នកចង់បាន។

3. ស្វែងរកជំនួយបានត្រឹមត្រូវ

ត្រង់ចំណុចនេះ អ្នកត្រូវដឹងថា តើប្រភពណាខ្លះដែលអាចជួយអ្នកឱ្យកាន់តែប្រសើរ? ឧទាហរណ៍ អ្នកចង់ក្លាយជាធ្វើទីផ្សារម្នាក់ដ៏ពូកែ ដូច្នេះអ្នកត្រូវស្វែងរកប្រភពវេបសាយ ឬវគ្គសិក្សាខ្លីៗៗណាដែលអាចទុកចិត្តបាន និងមានគេទទួលស្គាល់ច្រើន ដើម្បីសិក្សាបន្ថែម។ ម្យ៉ាងទៀត អ្នកអាចស្វែងរកបុគ្គលម្នាក់ ឬច្រើននាក់ ដើម្បីផ្ដល់ជាមតិយោបល់សម្រាប់អ្នកបន្ថែម (ត្រូវចាំថា បុគ្គលនោះ ត្រូវតែជាអ្នកដែលកំពុង ឬប្រឡូកក្នុងវិស័យដែលអ្នកចង់ចេះយូរហើយ)។

4. រៀបចំបរិយាកាសសិក្សារបស់អ្នកឱ្យល្អ

នៅពេលដែលចាប់ផ្ដើមធ្វើស្វ័យសិក្សាលើអ្វីមួយ អ្នកត្រូវតែធ្វើឱ្យប្រាកដថា បរិយាកាសជុំវិញអ្នកមានសភាពល្អ និងអាចធ្វើឱ្យអារម្មណ៍របស់អ្នកមានការផ្ដោតល្អ ហើយទទួលបានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ត្រូវរៀបចំកន្លែងសិក្សារបស់អ្នក ឱ្យមានភាពរៀបរយ ដោយអាចធ្វើឱ្យអ្នកកាន់តែមានភាពស្វាហាប់ និងធ្វើស្វ័យសិក្សាដោយភាពរីករាយបំផុត។