មុននិងឈានចូលដល់ការណែនាំពីអាជីវកម្មទាំង៦យ៉ាង យើងខ្ញុំនឹងធ្វើការណែនាំជំហានខ្លះមុននិងចាប់ផ្តើមធុរកិច្ច។ ជំហានដំបូង អ្នកត្រូវមានគម្រោងសម្រាប់ធុរកិច្ចនោះ បន្ទាប់មកអ្នកត្រូវការចុះបញ្ជីដើម្បីទទួលបានអាជ្ញាបណ្ណ័ពីក្រសួងពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ពីពន្ធដារ និងការចុះឈ្មោះនៅក្រសួងពាក់ព័ន្ធនានា មានគេហទំព័រ(វេបសាយ) មានទំព័រហ្វេសប៊ុកសម្រាប់ផ្សព្វផ្សាយ សិក្សាស្វែងយល់ពីទីផ្សារ មានផលិតផល និងក្រុមការងារដ៏រឹងមាំមួយ។ ត្រឡប់មកប្រភេទអាជីវកម្មវិញ តើអាជីវកម្មប្រភេទណាដែលអ្នកអាចចាប់ផ្តើមដោយមិនត្រូវការដើមទុនច្រើន? ខាងក្រោមនេះគឺជាប្រភេទអាជីវកម្មមួយចំនួនទាំងនោះរួមមាន៖
- ផលិតផលដែលបង្កើតឡើងដោយខ្លួនឯង៖ ផលិតផលទាំងនោះរួមមាន វត្ថុសិល្បៈនិងវត្ថុដែលជាទេពកោសល្យដែលបង្កើតចេញពីភាពប៉ិនប្រសប់ និងជំនាញរបស់អ្នកជាដើម។ បើសិនអ្នកជាជាងគំនូរ អ្នកអាចលក់គំនូរទាំងនោះបាន។
- សេវាកម្មតាមផ្ទះ៖ សេវាកម្មមិនត្រូវការដើមទុនច្រើនទេ ព្រោះអ្នកធ្វើការនៅក្នុងផ្ទះ និងជាមួយអ្នកជិតខាងប៉ុណ្ណោះ។ ឧទាហរណ៏ អ្នកអាចចាប់ផ្តើមសេវាមើលថែទាំក្មេង សត្វចិញ្ជឹមសេវាសម្អាត សេវាបង្រៀនតាមផ្ទះ ។ល។
- សេវាកម្មជួសជុល៖ បើសិនអ្នកមានជំនាញពិសេស អ្នកអាចប្រើប្រាស់វាសម្រាប់ ការចាប់ផ្តើមដំបូងនៃអាជីវកម្មរបស់អ្នក។ ជាក់ស្តែង បើសិនអ្នកជាមនុស្សដែលអាចធ្វើការបានគ្រប់ជំពូក អ្នកអាចធ្វើការជាមួយម្ចាស់ផ្ទះណាដែលមិនចេះពីការជួសជុលផ្ទះ ឬមមាញឹកដែលមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើដោយខ្លួនឯង ហើយចង់ប្រើសេវារបស់អ្នក។ ចំណុចចនេះមិនសូវ ខុសពីសេវាកម្មតាមផ្ទះប៉ុន្មានទេ។
- ផ្នែកពិភាក្សា ឬពិគ្រោះយោបល់៖ គិតអំពីវិស័យដែលអ្នកធ្លាប់ដឹង និងចូលរួម តើអ្នកទទួលបានចំណេះដឹងប៉ុន្មានពីពេលនោះ ដូចនេះហើយ អ្នកអាចយកបទពិសោធន៏ទាំងនោះមកប្រើប្រាស់បាន។ យើងខ្ញុំជឿជាក់ថា ចំពោះសហគ្រាសដែលទើបនិងចាប់ផ្តើម ពួកគាត់នឹងរីករាយសម្រាប់ការចំណាយដើម្បីទទួលបានសេវាកម្មរបស់អ្នកប្រសិនបើអ្នកមានជំនាញពិតប្រាកដណាមួយដែលអាចជួយឱ្យផ្នែកមួយ ឬផ្នែកទាំងមូលរបស់អាជីវកម្មឱ្យមានការរីកចម្រើន។ ការពិគ្រោះយោបល់ជាសេវាកម្មដែកត្រូវការតែពេលវេលា ហើយនិងទទួលបានការឲ្យតម្លៃខ្ពស់។
- ការលក់៖ ការលក់នេះសំដៅទៅលើ ការជាវទំនិញនិងលក់បន្តឲ្យទៅអ្នកដទៃ។ អ្នកអាចប្រើវិធីលក់ដោយមិនចាំបាច់មានទំនិញនៅក្នុងដៃ ដោយអ្នកអាចកម្មង់ទិញទំនិញនោះនៅពេលដែលមានអតិថិជនជាវតែប៉ុណ្ណោះ។ការធ្វើបែបនេះ អ្នកមិនចាំបាច់ត្រូវការដើមទុនទេ។
- ការរកចំណូលបន្ថែម៖ ន័យនេះសំដៅដល់ការរកចំនូលតាមរយៈអ្វីដែលយើងមាន។ ឧទាហរណ៏ អ្នកមានរថយន្តផ្ទាល់ខ្លួនមួយ អ្នកអាចប្រើវាដើម្បីរត់តាក់ស៊ី នៅពេលទំនេរ។
ជាចុងក្រោយ អាជីវកម្មទាំងនេះបង្ហាញថា អ្នកមិនចាំបាច់មានដើមទុនច្រើនទេដើម្បីចាប់ផ្តើមវា អ្នកគ្រាន់តែដឹងថា អាជីវកម្មមួយណាដែលសាកសមនិងអ្នកបំផុត។