អាថ៌កំបាំងកសាងក្រុមការងារដ៏អស្ចារ្យ

54
អាថ៌កំបាំងកសាងក្រុមការងារដ៏អស្ចារ្យ

ការបង្កើតឱ្យមានក្រុម ពិតជាងាយស្រួលជាងការកសាងក្រុមឱ្យមានភាពអស្ចារ្យ មានភាពរឹងមាំយូរអង្វែង និងមានផលិតភាពការងារខ្ពស់ ដូច្នេះបើយោងតាមគេហទំព័រ Harvard Business Review បានបង្ហាញនូវគន្លឹះចំនួន 6 ដែលជាអាថ៌កំបាំងដើម្បីកសាងក្រុមការងារឱ្យមានភាពអស្ចារ្យបាន។ គន្លឹះទាំងនោះ រួមមាន៖

1. បង្កើតច្បាប់ និងលក្ខខណ្ឌអនុញ្ញាត

សំដៅលើ ការឈ្វេងយល់លម្អិតពីបរិយាកាសណាដែលអាចបង្កើតផលិតភាពក្រុមនីមួយ បន្ទាប់មកបង្កើតជាច្បាប់ និងលក្ខខណ្ឌនានាដើម្បីជួយដល់ក្រុមទាំងមូល។

2. ផ្ដោតលើគោលដៅដោយមានការប្រកួតប្រជែងខ្ពស់

មូលដ្ឋានគ្រឹះនៃក្រុមដ៏អស្ចារ្យទាំងអស់ គឺជាទិសដៅដែលផ្តល់ថាមពលនិងការចូលរួមពីសមាជិកក្រុមទាំងអស់។ សមាជិកក្រុមមិនអាចត្រូវបានបំផុសគំនិតទេ ប្រសិនបើពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វី ហើយមិនមានគោលដៅច្បាស់លាស់។ ដូច្នេះគោលដៅទាំងនោះគួរតែមានការប្រកួតប្រជែង ដោយធ្វើកិច្ចការងារពោរពេញដោយភាពពេញចិត្ត និងមានមហិ្ឆចតាខ្លាំង ដើម្បីបម្លែងខ្លួនឯងជាបុគ្គលដែលមានលទ្ធផល និងមានផលិតភាពការងារខ្ពស់។

3. បង្កើតឱ្យមានរចនាសម្ព័ន្ធក្រុមដ៏ខ្លាំង

ការបង្កើតរចនាសម្ព័ន្ធ​ ដើម្បីឱ្យសមាជិកក្រុមទាំងអស់ បានស្គាល់ច្បាស់ពីចំនួនសមាជិកក្រុម ស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវរៀងៗខ្លួន និងស្គាល់ច្បាស់ពីដំណើរការនៃការបំពេញការងារឱ្យមានប្រសិទ្ធភាពជាងមុន។

4. បង្កើតឱ្យមានបរិបទនៃការគាំទ្រគ្នា

ការបង្កើតឱ្យមានប្រព័ន្ធនៃការផ្ដល់ព័ត៌មានលម្អិត ផ្ដល់នូវជំនួយ និងការផ្ដល់ជាមតិយោបល់ឱ្យមានភាពរហ័ស និងងាយស្រួលទៅកាន់ក្រុមការងារដើម្បីបំពេញកិច្ចការងារឱ្យមានប្រសិទ្ធភាពខ្ពស់។ ធ្វើបែបនេះ ក្នុងគោលបំណងឱ្យក្រុមការងារមានផលិតភាពការងារ បំពេញការងារជាលក្ខណៈប្រព័ន្ធ មិនងាយខ្វះនូវព័ត៌មាន និងកាត់បន្ថយនូវបញ្ហានានា។

5. ចែករំលែកនូវផ្នត់គំនិតគ្នា

សំដៅលើ ការជួយដោះស្រាយបញ្ហារបស់ក្រុម និងចែករំលែកនូវចំណេះដឹងឱ្យគ្នាទៅវិញទៅមក ដោយមិនប្រកាន់បក្សពួក​ ព័ណ៌សម្បុរ សាសនា និងជាតិសាសន៍ជាដើម។ លើសពីនេះ បង្កើតទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ និងធ្វើឱ្យក្រុមការងារមានផ្នត់គំនិតរីកចម្រើន។

6. វាយតម្លៃក្រុម

នៅពេលដែលបានកំណត់នូវដំណាក់កាលដើម្បីសម្រេចនូវគោលដៅរបស់ក្រុម ជំហានបន្ទាប់ ប្រធានក្រុម ត្រូវតែមានការវាយតម្លៃលើក្រុម ដោយផ្ដោតលើលទ្ធផល សមត្ថភាព សហការ និងការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលម្នាក់ៗ។ ធ្វើបែបនេះ ដើម្បីដឹងពីស្ថានភាពការងារ និងស្ថានភាពរបស់ក្រុម ដើម្បីអាចដោះស្រាយបញ្ហារាំងស្ទះណាមួយបានទាន់ពេលវេលា និងឆាប់បានសម្រេចគោលដៅ ជាពិសេសអាចដឹងពីសមត្ថភាព និងពង្រឹងសមត្ថភាពរបស់ក្រុមម្នាក់ៗ។