អាយុគឺគ្រាន់តែជាលេខ! ត្រូវរស់នៅជាមួយនឹងក្តីស្រមៃជានិច្ច!

884

អាយុរបស់​មនុស្ស​ម្នាក់ៗ ថ្វីត្បិត​តែ​វា​គ្រាន់​តែ​ជា​លេខ​ ប៉ុន្តែ​ហាក់​បីដូចជា​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ទៅលើ​អាកប្បកិរិយា និង​ទង្វើ​របស់​យើង​។ សង្គម​ដែលយើង​កំពុង​តែ​រស់​នៅនាបច្ចុប្បន្ន​ហាក់​បីដូចជា​កំពុង​តែ​បែង​ចែកក្រុម​អាយុ ដែល​នៅ​ពេល​ដែល​យើង​ចង់​ធ្វើ​អ្វី​មួយយើង​តែង​តែ​គិត​​គូរ ថាតើគួរ​ធ្វើ​វា​ដែរ​ឬទេ​ក្នុង​វ័យ​នេះ? ការ​រស់​នៅជាច្រើន​ឆ្នាំ​មក​នេះ អ្នក​ប្រហែល​ជា​បានឮ​ប្រយោគ​ជាច្រើន​ដូចជា “ចំណាស់​ហ្នឹង​ហើយ​នៅលេង​ដូចកូនក្មេងទៀត” “ចាស់​ហើយ​នៅ​ផ្អែម​ល្ហែម​ល្អោកល្អឺន ធ្វើ​មើល​តែ​នៅក្មេងអញ្ចឹង!” “ចាស់​ហើយ មិនដឹងជាខំរៀន​អីទៀត​ទេ”          “ចំណាស់​ហ្នឹង​ហើយ ទោះ​ខំយ៉ាង​ម៉េច​ក៏​មិនមាន​ដែរ” ។ល។ តើ​ទាំង​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន​ឬ? តើ​នៅពេល​ដែល​យើង​មាន​អាយុ​ជាក់​លាក់​ណា​មួយ យើង​ពិត​ជា​មិនអាចធ្វើ​នូវអ្វី​ដែល​យើង​ចង់​ធ្វើ​មែន​ឬ? នៅពេល​ដែលយើង​មាន​អាយុ​កាន់​តែ​ច្រើន គឺ​ជា​ពេល​ដែលយើង​ត្រូវ​បោះបង់​ក្តី​ស្រមៃ និង​អ្វីៗ​ដែលយើង​ចង់​ធ្វើ​ឬ?

មនុស្ស​ជាច្រើន​ប្រាកដ​ជា​ស្គាល់​ហាង​អាហាររហ័ស (Fast food)KFC ជាមិនខាន។ ហើយ​មាន​មនុស្ស​មិនតិច​ទេដែលធ្លាប់​បានញ៉ាំ​មាន់​បំពង​នៅទី​នោះ។ តើ​អ្នក​ធ្លាប់​ដែលបាន​ស្តាប់​នូវ​ប្រវត្តិ​របស់​ហាង​នេះដែរទេ? តើអ្នកណាជាអ្នកបង្កើត​ហាងនេះ? ប្រហែលជាមាន​មនុស្ស​តិចណាស់​ដែលបានដឹងនឹងស្គាល់​អ្នកបង្កើត​រូបមន្ត​មាន់​បំពង​នៅហាងKFC។

អ្នក​ប្រាកដ​ជា​ឃើញ​រូប​តុក្កតាលោក Harland David Sanders ដែលជា​រូបសញ្ញា​នៃ​ហាង​KFCនៅពេលដែលអ្នកចូលទៅ​ពិសារ​អាហារ​នៅទីនោះ។ KFC_OreoE_Cookies_and_Crume_Pie_Sliceគាត់នេះ​ជាម្ចាស់​រូបមន្ត​មាន់បំពងដ៏ល្បីល្បាញ​ទូទាំង​ពិភពលោក។ ភាព​ជោគជ័យ​របស់គាត់​ មិនត្រឹម​តែធ្វើ​ឲ្យ​គេ​ស្ញើចសរសើរ​នោះទេ តែ​ភាព​ជោគជ័យ​នេះបាន​ផ្តល់​មេរៀន​ដ៏ល្អមួយ​ដល់​មនុស្ស​ជុំវិញ​ទូទាំង​ពិភពលោក។ ជីវិត​កាល​ពីពេល​ក្មេងរបស់​ លោក​Sandersគឺ​មិនមាន​ភាព​ផ្អែម​ល្ហែម​នោះទេ។ គាត់​ធ្លាប់​ជា​មនុស្ស​បរាជ័យ ហើយ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការ​ងារ​រាប់សិប​ដង។ ក្រោយពីរៀប​ការហើយ មិនយូរ​ប៉ុន្មាន​ត្រូវ​បាន​ប្រពន្ធ​រត់​ចោល​ដោយសារ​តែ​នាង​គិត​ថា​គាត់​គឺជា​មនុស្ស​ប្រុស​ដែល​គ្មាន​បាន​ការ​មិនអាច​ចញ្ចឹម​ប្រពន្ធ​កូន​បាន​។ក្នុងមជ្ឍឹមវ័យ គាត់​បាន​បើក​ហាងមាន់បំពង​មួយ ការ​រកស៊ីកាក់កប​មិនបាន​យូរ​ប៉ុន្មាន​ផង​ត្រូវ​បាន​គេរឹបអូស​យក​ហាង ដែលធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ដ៏​បរាជ័យ​ម្នាក់ និង​អស់​លុយ​ពីខ្លួន​នៅ​អាយុ​យ៦៥ឆ្នាំទៅហើយ។ សម្រាប់​មនុស្ស​ភាគច្រើន ជំនួប​បរាជ័យ​ផ្ទួនៗ​នៅពេលដែលខ្លួន​មាន​អាយុ​៦៥​ឆ្នាំប្រាដក​ជាធ្វើឲ្យ​ពួកគេ​បោះបង់​ការ​តស៊ូ​ជា​មិនខាន។ ប៉ុន្តែ​សម្រាប់​ Harland David Sandersវិញ ភាព​បរាជ័យ​នេះ​មិនបាន​ធ្វើឲ្យ​គាត់​បោះបង់​នោះទេ។ ក្រោយ​ពី​បាត់​បង់​ហាង គាត់​បាន​ព្យាយាម​ទៅ ចរចារ​ជាមួយ​ហាងអាហារ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​គេ​យក​រូប​មន្ត​មាន់​បំពង​របស់គាត់​ទៅ​ធ្វើ​អាជីវកម្ម​​ដោយ​យក​ភាគរយ​លើ​ចំនួន​ការលក់​នៃ​មាន់​បំពងនោះ។ គាត់​បាន​យក​ឡាន​របស់គាត់ធ្វើ​ជាផ្ទះ​សម្បែង​ដោយ​ធ្វើ​ដំណើរ​ពីហាង​មួយទៅហាង​មួយទៀត​ប្រកប​ដោយ​ក្តី​សង្ឃឹម។ ប៉ុន្តែ​គាត់​ត្រូវ​បាន​ម្ចាស់​ហាង​ផ្សេងៗ​បដិសេធ និង​ពេលខ្លះ​ត្រូវបាន​គេសើច​ចំអក​ឲ្យ​ទៀត​ផង។ គាត់​ទទួល​ភាព​បរាជ័យ​ក្នុង​ការ​ចរចារ​ចំនួន​១០០៩​ដងឯណោះ តែ​ ​សំណាង​ល្អចុង​ក្រោយ​គាត់​បាន​បញ្ចុះបញ្ចូល​ម្ចាស់​ហាង​មួយ​​ឲ្យ​ទទួល​យក​រូបមន្ត​មាន់​បំពង​របស់​គាត់​ទៅធ្វើ​អាជីវកម្ម។ ទម្រាំ​តែគាត់​ទទួលបាន​ជោគជ័យ និង​ក្លាយជាសេដ្ឋី គាត់​គឺមាន​អាយុ​ប្រហែល៧០ឆ្នាំទៅហើយ។ ប៉ុន្តែ​សកម្មភាព​របស់គាត់​បាន​បង្រៀន​យើងថា ទោះបីជា​មាន​អាយុច្រើន​យ៉ាងណា​ក៏ដោយ ឲ្យ​តែមាន​ក្តី​ស្រមៃ និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង អ្នកនឹងទទួល​បានជោគជ័យ។

លោកយាយ​ រ៉ូស(Rose) ដែល​មាន​អាយុ​៨៧​ឆ្នាំ​ទៅហើយ ដោយសារ​តែ​គាត់​មាន​ក្តី​ស្រមៃ​មួយ​ថា​នឹង​សិក្សា​ឲ្យ​បាន​ចប់​ថ្នាក់​បរិញ្ញាប័ត្រ គាត់​បាន​ត្រឡប់​មក​សិក្សា​នៅ​មហាវិទ្យា​ល័យ​វិញ​ដើម្បី​បំពេញ​បំណង​របស់គាត់។ មាន​មនុស្ស​មិនតិច​ទេ​ដែលបោះបង់​ក្តី​ស្រមៃ​របស់​ខ្លួន​ដោយសារ​តែ​បញ្ហា​អាយុ​ច្រើននេះ ប៉ុន្តែចំពោះ​រ៉ូស​វិញ គាត់​មិន​បោះបង់​គោល​ដៅ​របស់គាត់ជាដាច់ខាត។ ថ្វីត្បិត​តែ​គាត់​មាន​អាយុ​៨៧​ហើយក៏ដោយ គាត់​នៅតែ​អាច​ចុះ​ចំណោម​ជាមួយ​មិត្ត​រួមថ្នាក់​ដែល​សុទ្ធសឹងតែ​ជា​ក្មេង​ៗ​ បើ​គិត​ពីឋានៈវិញ​គឺ​ជា​ចៅ​ទៅហើយ។ ប៉ុន្តែ​លោកយាយ​រ៉ូស​មាន​មិត្ត​ភក្តិ​ជាច្រើន និង​ថែមទាំង​មាន​ប្រជាប្រិយភាពទៀត​ផង។​ នៅឱកាសមួយ គាត់​ត្រូវ​បាន​អញ្ចើញ​ឲ្យ​ឡើង​ថ្លែង​សន្ទរកថា​ពីសំណាក់​មិត្ត​រួមថ្នាក់។ សំដី​របស់គាត់​ដែលបាន​លើកឡើង​គឺមាន​តម្លៃ​ខ្លាំងណាស់ និង​ពោរពេញ​ទៅដោយ​ពាក្យ​ទូន្មាន។ គាត់បាននិយាយថា “យើង ​មិនឈប់​លេង​ដោយ​សារ​តែ​យើង​ចាស់​នោះទេ តែយើង​នឹងកាន់​តែចាស់​ពីព្រោះ​តែ​យើង​ឈប់លេង។ អាថ៌​កំបាំងតែមួយគត់​ដើម្បី​ភាពក្មេង​វ័យ​នោះគឺ ភាព​សប្បាយ​រីករាយ និង​ភាពទទួល​ជោគជ័យ។ អ្នកទាំងអស់​គ្នា​ត្រូវ​តែ​សើច និង​ស្វែងរក​ស្នាម​ញញឹម​ជារៀង​រាល់ថ្ងៃ។ អ្នកទាំងអស់គ្នា​ត្រូវតែមាន​ក្តី​ស្រមៃ។ នៅពេលដែលអ្នកបាត់បង់ក្តីស្រមៃ អ្នកនឹងស្លាប់។ កំណើន​អាយុ និង​ភាពដឹងក្តី គឺមាន​ភាព​ខុសគ្នា​ឆ្ងាយណាស់។ ប្រសិនបើអ្នកមាន​អាយុ​១៩ឆ្នាំ ហើយ​អ្នក​ទម្រេត​នៅលើ​គ្រែ​ពេញមួយឆ្នាំដោយ​មិនធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ អ្នកនឹងកើនអាយុ​១ឆ្នាំគឺ​២០ឆ្នាំ។ ប្រសិនបើខ្ញុំមានអាយុ​៨៧ ហើយ​ទម្រេត​តែ​នៅលើគ្រែពេញមួយឆ្នាំដោយ​មិនធ្វើ​អ្វី​សោះ ខ្ញុំនឹង​មាន​អាយុ​៨៨ឆ្នាំ​ជាមិនខាន។​ មនុស្ស​គ្រប់​គ្នា​ចៀស​មិនផុត​ពីភាពកាន់តែចាស់​ និង​អាយុកាន់​តែច្រើន ហើយ​វាមិនត្រូវ​ការ​ភាព​ឆ្លាត​វ័យ ឬក៏​សមត្ថភាព​ពិសេស​ក្នុង​ការសម្រេច​វា​នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់​នោះ​គឺ​ភាព​ដឹងក្តី ចេះ​គិត​គូរ ដោយការ​ស្វះស្វែងរក​ឱកាស​សម្រាប់​ធ្វើការផ្លាស់​ប្តូរ​ដើម្បី​ឲ្យ​អ្វីៗមាន​ភាព​កាន់តែ​ប្រសើរ។ មិនត្រូវ​មាន​ភាព​ស្តាយក្រោយ​នោះទេ។ មនុស្ស​ចាស់​មិនសូវស្តាយ​ក្រោយ​ចំពោះអ្វី​ដែលពួកយើងធ្វើ​នោះទេ ប៉ុន្តែពួក​យើង​ស្តាយ​ក្រោយ​ចំពោះ​អ្វី​ដែល​យើង​មិនបាន​ធ្វើ។ មនុស្ស​ទាំងឡាយណា​ដែលមាន​ភាពភ័យ​ខ្លាចនៃ​សេចក្តី​ស្លាប់គឺជាមនុស្ស​ដែលពោរពេញទៅដោយ​ភាព​ស្តាយ​ក្រោយ។” ។

សង្ឃឹមថាអត្ថបទមួយនេះពីគេហទំព័រគំនិតមាន​ប្រយោជន៍សម្រាប់​ប្រិយមិត្ត។ J