អ្វីខ្លះជាបញ្ហាដែលតែងតែជួបប្រទះនៅក្នុងទីផ្សារកម្ពុជា?

2287

បញ្ហា​​អាច​​កើតមានឡើង​​នៅ​គ្រប់​​​ទីកន្លែង​​។​ ក្នុងនាម​អ្នក​​ជា​​ម្ចាស់​អាជីវកម្ម​​ឬ​​ជា​បុគ្គលិក​​ក្រុមហ៊ុន​​ក៏ដោយ​​​ក៏​​អ្នក​​ត្រូវតែ​​ដឹងថា​​​តើ​​​​​​មាន​​បញ្ហាប្រឈម​​អ្វីខ្លះ​​ដែល​​គេ​​ជួបប្រទះ​​នៅក្នុង​​ទីផ្សារ​​សព្វថ្ងៃ​​។​ មិនថា​​ម្ចាស់អាជីវកម្ម​​ដែល​​បើក​​អាជីវកម្ម​​យូរហើយ​​ឬ​​ម្ចាស់អាជីវកម្ម​ថ្មី​​ដែល​ទើបតែ​​ចូលប្រឡូក​​ក្នុង​​វិស័យ​ធុរកិច្ច​​នោះទេ​​​គឺ​​សុទ្ធតែ​​ត្រូវ​​ស្វែងយល់​​ដើម្បី​​​រក​ដំណោះស្រាយ​​ចំពោះ​​បញ្ហា​​ទាំងអស់​នោះ​​ព្រោះថា​​បរិយាកាស​​សង្គម​​តែង​​មាន​​ភាពបត់បែន​​រីឯ​​បញ្ហា​ក៏​ប្លែក​​ទៅតាមនោះ​ដូចគ្នា​ដែរ​​។

ខាងក្រោមនេះ​​គំនិត​​នឹង​លើកយក​​​បញ្ហាជួបប្រទះ​​ដែល​​គេ​សង្កេត​ឃើញ​ថា​​កើតមានឡើង​​ជាក់ស្តែង​​នៅក្នុង​​ប្រទេសកម្ពុជា​ផ្ទាល់​តែម្តង​​ជាពិសេស​​ចំពោះ​​ការសម្រេចចិត្ត​​វិនិយោគ​​ទៅលើ​​វិស័យឯកជន​​ ៖

  1. ហេដ្ឋារចនាសម្ព័ន្ធ​​នៅមិនទាន់​​គ្រប់គ្រាន់​​ ៖ ​ដោយសារ​តែ​​ប្រទេសកម្ពុជា​​ជា​ប្រទេស​​កំពុង​អភិវឌ្ឍ​និង​​ទើបតែ​​ងើប​ពី​​​​សង្រ្គាម​​​មិនទាន់បាន​ប៉ុន្មាន​​ទើប​ធ្វើឲ្យ​​ថវិកា​​ក្នុង​​ការសាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​​​ស្ពាន​​ ថ្នល់​​ អគារ​​ជាដើម​​មិនទាន់​គ្រប់គ្រាន់​​​។
  2. អំពើ​​ពុករលួយ​​​ ៖​ វា​​កើតឡើង​​មាន​​យ៉ាងច្រើន​​នៅក្នុង​​ប្រទេសកម្ពុជា​​មិនថា​​វិស័យរដ្ឋ​ឬ​​វិស័យ​ឯកជន​​នោះទេ​​។ ប៉ុន្តែ​​សម័យ​កាល​​បាន​ផ្លាស់ប្តូរ​​ ហើយ​​​អំពើ​ពុករលួយ​​ក៏ថយចុះ​ខ្លះដែរ​​​។ ប៉ុន្តែ ទោះជា​មាន​ការថយចុះ​យ៉ាងណាក៏ដោយ ក៏ខ្ទង់ចំណាយក្រៅផ្លូវការ​សម្រាប់រត់ការឯកសារ​ ឬការធ្វើនិតិវិធីផ្សេងៗនៅមានកម្រិតខ្ពស់ ដែលជាបញ្ហាមួយ​ត្រូវដែលដោះស្រាយ​ឱ្យបានឆាប់រហ័ស ដើម្បីជម្រុញ និង​លើកទឹកចិត្ត​អ្នកវិនិយោគ។
  3. ភាព​​ទន់ខ្សោយ​​នៃ​ច្បាប់​​ ៖ ថ្វីត្បិតតែ​​មាន​​ច្បាប់​​ត្រឹមត្រូវ​​ប្រាកដ​​មែន​​ ប៉ុន្តែ​​ចំពោះ​​ការអនុវត្ត​​គឺ​​នៅមាន​​ភាពធូររលុង​​​នៅ​ឡើយ​​។
  4. តម្លៃ​​ថាមពល​​ថ្លៃ​ ​៖ បច្ចេកវិទ្យា​​នៅមិនទាន់​​រីកចម្រើន​​​ ខ្វះខាត​​ថវិកា​​ បូករួម​នឹង​​ធនធាន​មនុស្ស​​​នៅមិនទាន់​គ្រប់គ្រាន់​​​ជាហេតុ​​​នាំឲ្យ​​កម្ពុជា​​មិនទាន់​អាច​​ផលិត​​ថាមពល​​ប្រើប្រាស់​ដោយ​​ខ្លួនឯង​​បាន​​គ្រប់គ្រាន់​​នៅឡើយ​​ និង​​ត្រូវ​​ទិញ​​ថាមពល​​ពី​​ប្រទេស​​​ជិតខាង​​សម្រាប់​​ឲ្យ​​​ប្រជាជន​​ក្នុង​​​ប្រទេស​​យក​មក​ប្រើប្រាស់​​។
  5. ធនធាន​​មនុស្ស​​នៅមាន​​កម្រិត​​ ៖ ដោយសារតែ​​ប្រទេស​​កម្ពុជា​​នៅជា​​ប្រទេស​​​កំពុង​​អភិវឌ្ឍ​​នៅឡើយ​​ សាលារៀន​​​កម្រិត​​​មធ្យម​​និង​​ខ្ពស់​​នៅមិនទាន់​​​អាច​​ពង្រីក​​ខ្លួន​​ទៅកាន់​​តំបន់​​ដាច់ស្រយាល​​បាន ​ហើយ​​ប្រជាជន​​មាន​​ចំនួន​តិច​​ទៀតផង​​នោះ​​ នាំឲ្យ​​​ប្រទេស​កម្ពុជា​​ខ្វះ​ខាត​​កម្មករ​​ជំនាញ​ជាច្រើន​នាក់​។
  6. ថ្ងៃឈប់សម្រាក​ច្រើន៖ ប្រទេស​កម្ពុជា​គឺជាប្រទេស​មួយ​ដែល​មាន​ថ្ងៃឈប់សម្រាកច្រើនជាងគេ ដែលជា​កត្តា​ធ្វើឱ្យអ្នកវិនិយោគមួយចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ។
  7. ប្រសិទ្ធផលការងារទាប៖ ប្រសិនបើយើងនិយាយ​ពីផលិតភាព និង​ប្រសិទ្ធផលការងារវិញ និយោជិក​ភាគ​ច្រើន​គឺ​នៅមានកម្រិត​ទាបនៅឡើយ​បើធៀបទៅនឹង​ប្រទេស​ជិតខាងរបស់យើង។

ទោះ​ជា​មាន​បញ្ហា​មួយចំនួន​ដូច​ដែល​បានលើកឡើងខាងលើក្តី ប៉ុន្តែកម្ពុជាគឺជា​ប្រទេស​មួយ​ដែលពោរពេញ​ទៅដោយឱកាសដោយសារតែ​អ្វីៗ​ស្ថិត​នៅក្នុង​ដំណាក់កាល​កំពុងអភិវឌ្ឍ។ នៅពេលដែលយើងដឹង​ពីបញ្ហា​ដែលអាច​ជួបប្រទះ យើង​នឹងអាច​រកដំណោះស្រាយ ឬត្រៀមខ្លួនជាមុន ដើម្បី​ប្រឈមមុខ​នឹងបញ្ហាផ្សេងៗ ហើយ​នៅពេលដែលយើងអាច​ជំនះ​រាល់ឧបសគ្គនិង​បញ្ហា យើងនឹងទទួលបានជោគជ័យ​ជា​មិនខាន។