អ្វីដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តខ្ចីលុយគេមកធ្វើអាជីវកម្ម

59
អ្វីដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តខ្ចីលុយគេមកធ្វើអាជីវកម្ម

នៅពេលមានគំនិតចង់ចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែខ្វះដើមទុន ហើយមានបំណងចង់ខ្ចីលុយពីគេមកធ្វើដើមទុនក្នុងការចាប់ផ្ដើម តើត្រូវធ្វើដូចម្ដេចទើបល្អ?

ខ្ចីលុយគេរកស៊ី

ជាធម្មតាទេនៅពេលខ្ចីលុយគេមកធ្វើដើមទុន មិនថាខ្ចីពីមិត្តភក្តិ បងប្អូន គ្រួសារ និងធនាគារ តែងតែអាចប្រឈមមុខនឹងការបដិសេធមិនឱ្យខ្ចីដោយសារកត្តាមួយចំនួន។ បន្ថែមពីនេះ អាចនឹងធ្វើឱ្យមានបញ្ហាក្នុងការបង្វិលប្រាក់សងគេវិញមិនទាន់ទៀតផង ដូច្នេះមុននឹងសម្រេចចិត្តខ្ចីលុយពីកន្លែងណាដើម្បីចាប់ផ្ដើមអាជីវកម្ម ត្រូវតែយល់ដឹងលើចំណុចមួយចំនួននៅខាងក្រោមជាមុនសិន។

1. កំណត់គោលបំណងច្បាស់លាស់សម្រាប់ប្រាក់កម្ចី

មុននឹងសម្រេចចិត្តស្នើសុំប្រាក់កម្ចីពីប្រភពណាមួយ អ្នកត្រូវដឹងឱ្យច្បាស់ថា តើអ្នកនឹងយកប្រាក់ដែលខ្ចីបាននោះចំណាយលើអ្វីខ្លះ? តើអ្វីជាគោលបំណងសំខាន់សម្រាប់ការខ្ចីនោះ? ប្រសិនបើដើម្បីបើកអាជីវកម្ម តើអ្នកនឹងចំណាយបែបណាទើបអាចធ្វើឱ្យអាជីវកម្មអាចដំណើរការបានរលូន?

ត្រូវចងចាំថា៖ ការមានគោលបំណងច្បាស់លាស់នឹងជួយអ្នកកំណត់ថាតើអ្នកត្រូវការកម្ចីរយៈពេលខ្លី ឬរយៈពេលវែង។ វាក៏នឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការពន្យល់ដល់អ្នកឱ្យខ្ចីរបស់អ្នកនូវអ្វីដែលអ្នកមានគម្រោងប្រើប្រាស់លើប្រាក់នោះ ដូច្នេះពួកគេនឹងជឿជាក់ហើយសម្រេចចិត្តបានលឿនជាងមុនដើម្បីផ្ដល់ប្រាក់កម្ចីសម្រាប់អ្នក។

លើសពីនេះ អ្នកត្រូវតែគិតឱ្យច្បាស់ថាតើអ្នកត្រូវការខ្ចីប្រាក់ប៉ុន្មាន? ហេតុអ្វីត្រូវខ្ចីប៉ុណ្ណឹង? ត្រង់ចំណុចនេះ អ្នកត្រូវឈ្វេងយល់ឱ្យច្បាស់ថាតើអ្នកចង់ខ្ចីប្រាក់ប៉ុន្មាន ហើយបញ្ជាក់អំពីរបៀបដែលមូលនិធិទាំងនោះនឹងបន្ថែមគុណតម្លៃដល់អាជីវកម្មរបស់អ្នក។ ម្យ៉ាងទៀត កុំព្យាយាមគិតថា ត្រូវតែខ្ចីឱ្យបានច្រើនតាមដែលអាចធ្វើបានឱ្យសោះ ព្រោះវាជាហានិភ័យ និងប្រឈមនឹងគេបដិសេធមិនឱ្យខ្ចី ប៉ុន្តែត្រូវតែខ្ចីតាមតម្រូវការជាក់ស្ដែង និងស្របតាមអ្វីដែលបានព្យាករណ៍ទុកមុន។

2. ដឹងពីអ្វីដែលអ្នកផ្តល់ប្រាក់កម្ចីកំពុងស្វែងរក

មុនពេលអ្នកស្នើសុំប្រាក់កម្ចី អ្នកត្រូវតែដឹងថាអ្នកផ្ដល់ប្រាក់កម្ចីឱ្យអ្នកនោះកំពុងស្វែងរកអ្វី។ ជាទូទៅពួកគេភាគច្រើននឹងពិចារណាលើពិន្ទុឥណទានផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក។ ត្រង់ចំណុចនេះ មានន័យថា ប្រសិនបើអ្នកជាប់បំណុលច្រើន ឬស្ថានភាពនៃការជំពាក់របស់អ្នកនៅកន្លែងផ្សេងមិនសូវល្អ ហើយមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យពួកគេទុកចិត្តបានទេ នេះជាបញ្ហារបស់អ្នក។ បន្ថែមពីនេះ ពួកគេនឹងមើលលើគម្រោងអាជីវកម្មរបស់អ្នក ថានឹងអាចមានភាពរីកចម្រើនឬទេ? ហើយនឹងមានលំហូរសាច់ប្រាក់ល្អ ឬមិនល្អ និងមានទ្រព្យសម្បត្តិដែលអាចបង្វិលសំណងដល់ពួកគេបានវិញទាន់ពេលកំណត់ឬទេ?

3. ខ្ចីអ្នកដែលយល់ពីឧស្សាហកម្មរបស់អ្នក

នៅពេលអ្នកជ្រើសរើសខ្ចីនរណា ឬគ្រឹះស្ថានណាដែលយល់ពីឧស្សាហកម្មដែលអ្នកនឹងធ្វើអាជីវកម្ម វានឹងបង្កភាពងាយស្រួលដល់អ្នក ព្រោះពួកគេអាចនឹងផ្ដល់ជាយោបល់បន្ថែមលើការបំពេញឯកសារ ឬជម្រើសនៃការខ្ចីដ៏ល្អ និងជួយដល់អ្នកបានច្រើន។ បន្ថែមពីនេះ អ្នកក៏ងាយស្រួលក្នុងការផ្ដល់ព័ត៌មានមួយចំនួនបានត្រឹមត្រូវ​និងចំណេញពេលវេលារបស់អ្នកផងដែរ។

4. ជ្រើសរើសអ្នកផ្ដល់ប្រាក់កម្ចីដ៏ល្អ

ចំណុចនេះ អ្នកត្រូវតែធ្វើការប្រៀបធៀបការផ្ដល់ជូនប្រាក់កម្ចីពីកន្លែងផ្សេងៗគ្នាឱ្យបានច្រើន ដើម្បីដឹងថា តើកន្លែងណាមានអត្រាការប្រាក់ល្អ និងលក្ខខណ្ឌល្អបំផុតលើប្រាក់កម្ចីរបស់អ្នក។