ការរើសអើងជាការវិនិច្ឆ័យទៅលើនរណាម្នាក់ដោយផ្អែកតែលើផ្នត់គំនិតផ្ទាល់ខ្លួនឬក្រុមខ្លួនតែម្យ៉ាងនិងមិនខ្វល់ថាវាខុសឬត្រូវទេ។ វាជាបញ្ហាប្រឈមដែលជាញឹកញាប់វាតែងតែកើតឡើងនៅក្នុងក្រុមមនុស្សជាច្រើន។ វាក៏ជាដំណាក់កាលដែលធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមការប្រកាន់តូចៗផ្សេងៗទៀត។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកនឹងមិនអាចគ្រប់គ្រងមនុស្សបានដោយងាយស្រួលឡើយបើអ្នកមិនបានស្វែងយល់ពីប្រភេទនៃការប្រកាន់របស់បុគ្គលិកម្នាក់ៗឲ្យបានច្បាស់លាស់និងមិនព្យាយាមស្វែងរកដំណោះស្រាយទាក់ទងនឹងបញ្ហាទាំងនេះឲ្យវាកាន់តែប្រសើរឡើង។ ផ្នត់គំនិតរបស់មនុស្សប្រកាន់ខ្ជាប់នូវការរើសអើងដោយផ្អែកលើកត្តាមុខមាត់ ភេទ អាយុ ពណ៌សម្បុរ ជាតិសាសន៍ សាសនា ជីវភាពគ្រួសារ និងកាយសម្បទាជាដើម។ ខាងក្រោមនេះជាប្រភេទនៃការរើសអើងព្រមទាំងដំណោះស្រាយមួយចំនួនផងដែរ ៖
មុនពេលដែលយើងលើកយកពីដំណោះស្រាយ យើងនឹងបង្ហាញពីទម្រង់នៃសកម្មភាពខ្លះៗដែលសរបញ្ជាក់ឲ្យឃើញថាអង្គភាពរបស់អ្នកមានការរើសអើងជាមុនសិន ៖
ទម្រង់នៃសកម្មភាពរើសអើង
១. គោលការណ៍ឬការប្រតិបត្តិមិនមានភាពស្មើគ្នា ៖ ភាគច្រើនវាជាសកម្មភាពនៃថ្នាក់ដឹកនាំនៅក្នុងស្ថាប័នដែលមិនផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបស្មើៗគ្នាចំពោះសិទ្ធិនិងសមត្ថភាពដែលគេសមនឹងទទួលបានដូចជាការផ្តល់តួនាទីការងារ ពេលឈប់សម្រាក ការផ្អាកពីការងារជាដើម។ មួយវិញទៀតការអនុវត្តន៍ចំពោះអ្នកក្រោមបង្គាប់នៅពេលដែលគេត្រូវឡើងដំណែង រង្វាន់លើកទឹកចិត្ត ឬផ្តល់ប្រាក់បៀវត្សរ៍មិនសមស្របតាមការបំពេញការងារ។ ឧទាហរណ៍ ក្រុមហ៊ុនលក់គ្រឿងសម្អាងមានគោលការណ៍ថាបុគ្គលិកផ្នែកលក់ត្រូវតែជាមនុស្សស្រីនិងមានសម្រស់ស្រស់ស្អាត។
២.ការបំពានផ្លូវភេទ ៖ សកម្មភាពទាំងឡាយទាំងកាយវិការនិងពាក្យសម្តីដែលប៉ះពាល់ផ្នែករាងកាយចំពោះបុគ្គលិកណាម្នាក់។
៣.ការគម្រាមកំហែង ៖ ការប្រើប្រាស់កាយវិការឬពាក្យសម្ដីមិនសមរម្យរបស់បុគ្គលឬក្រុមណាមួយដែលនាំឲ្យបុគ្គលឬក្រុមផ្សេងទៀតមានអារម្មណ៍ថាមិនមានសុវត្ថិភាព។
៤.ការមើលងាយ ៖ យករឿងអាម៉ាសរបស់គេមកធ្វើជារឿងកំប្លែង ចំអកឡកឡឺយ និងលេងសើចដែលធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍មិនសប្បាយចិត្តនិងខ្មាសគេ។ វាក៏ជាការរិះគន់ទៅកាន់នរណាម្នាក់ពីសមត្ថភាពនិងជំនាញរបស់គេថាគេមិនអាចធ្វើដូចខ្លួនបាន។
៥.ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ៖ ពាក្យសម្តីមិនសមរម្យមានច្រើនដូចជា ការជេរប្រទេច ពាក្យដែលនិយាយដោយការជះកំហឹង ពាក្យចំអកជាដើម។ វាជាការប្រមាថកិតិ្តយសរបស់និយោជិកផ្សេងទៀតយ៉ាងធ្ងន់ធ្ងរ។
៦.ចំណូលចិត្តចំពោះបុគ្គល ៖ ជាសកម្មភាពដែលភាគច្រើនកើតឡើងចំពោះគណៈគ្រប់គ្រងឬថ្នាក់ដឹកនាំដែលផ្តល់ជារង្វាន់លើកទឹកចិត្ត ការសរសើរ តម្លើងឋានន្តរសក្តិ ចំពោះតែបុគ្គលិកណាដែលខ្លួនស្រលាញ់ពេញចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែវាក៏អាចកើតចំពោះបុគ្គលិកគ្នាឯងផងដែរ។
ខាងលើសុទ្ធតែជាសកម្មភាពមួយចំនួនដែលយើងចាត់វាចូលទៅក្នុងការរើសអើងទាំងអស់។ តើអ្នកត្រូវធ្វើយ៉ាងណាដើម្បីកុំឲ្យការរើសអើងដក់ជាប់នៅក្នុងខួរក្បាលរបស់បុគ្គលិកម្នាក់ៗនិងអាចកែប្រែផ្នត់គំនិតរបស់ពួកគេបាន? បើនេះជាក៏ជាចម្លើយនៃសំណួរដែលអ្នកចង់បានដូចគ្នាដែរ គំនិតសូមលើកយកដំណោះស្រាយខ្លះៗមកបង្ហាញនិងធ្វើការពិចារណាទាំងអស់គ្នា ៖
ដំណោះស្រាយនៃសកម្មភាពរើសអើង
- បង្កើតឲ្យមានគោលការណ៍ទាក់ទងនឹងការប្រឆាំងការរើសអើងនៅក្នុងអង្គភាព ៖ ថ្វីត្បិតតែនៅប្រទេសយើងមានច្បាប់ទាក់ទងនឹងការរើសអើងរបស់ក្រសួងការងារពិតមែន ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អង្គភាពត្រូវបង្កើតឲ្យមានច្បាប់នេះប្រចាំក្រុមហ៊ុនរបស់ខ្លួនឯងថែមទៀតដើម្បីអាចធានាបានថាក្រុមហ៊ុននឹងមានភាពតឹងរ៉ឹងសម្រាប់អនុវត្តជាមួយអ្នកដែលល្មើសនឹងច្បាប់មិនថាការរើសបុគ្គលិកចូលមកធ្វើការ ការប្រតិបត្តិការងាររបស់និយោជិក ព្រមទាំងការប្រាស្រ័យទាក់ទងគ្នានៅក្នុងក្រុម។ មួយវិញទៀត វាជួយឲ្យម្នាក់ៗមានអារម្មណ៍ថាខ្លួនគេមានសុវត្ថិភាពព្រោះមានច្បាប់ការពារ។
- អភិវឌ្ឍនិងអនុវត្តគោលការណ៍នោះ ៖ គ្រាន់តែបង្កើតមិនទាន់ល្អឥតខ្ចោះនោះទេ ត្រូវតែអនុវត្តនិងផ្សព្វផ្សាយឲ្យបានដឹងគ្រប់ៗគ្នាថែមទៀត។ អ្នកត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់ចំពោះអ្នកគ្រប់គ្រងនិងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៅក្នុងស្ថាប័នរបស់អ្នក។
- លើកទឹកចិត្តឲ្យបុគ្គលិកមិនខ្លាចក្នុងការទាមទាររកសិទ្ធិរបស់ខ្លួន ៖ បើសិនជាមានបុគ្គលិកណាម្នាក់ទទួលរងភាពអយុត្តិធម៌ដោយមិនអាចទទួលយកបានពីការរើសអើង អ្នកអាចណែនាំឲ្យពួកគេទៅពិភាក្សារកដំណោះស្រាយជាមួយថ្នាក់លើរបស់គេផ្ទាល់។
- បង្កើតឲ្យមានសិក្ខាសាលានិងវគ្គបណ្តុះបណ្តាល ៖ ប្រសិនបើអ្នកអនុញ្ញាតឲ្យពួកគេបានឈប់សម្រាកពីការងារខ្លះ និងបង្កើតឲ្យមានកម្មវិធីទាក់ទងនឹងការជម្រុញការលុបបំបាត់ការរើសអើងនៅក្នុងស្ថាប័ន នោះវានឹងជួយឲ្យបុគ្គលិកមានអារម្មណ៍ថាពួកគេត្រូវបានគេយកចិត្តទុកដាក់យ៉ាងប្រសើរ។ មួយវិញទៀតវាក៏អាចជួយឲ្យគេអាចកែប្រែផ្នត់គំនិតមិនល្អរវាងគ្នានិងគ្នាផងដែរ។
- ចំពោះអ្នកដឹកនាំនិងបុគ្គលិកឬបុគ្គលិកនិងបុគ្គលិក ៖
- បង្កើតជាដំណើរកម្សាន្តឬកម្មវិធីជួបជុំសប្បាយជាមួយគ្នា ៖ ការធ្វើបែបនេះគោលបំណងគឺធ្វើឲ្យមានភាពស្និទ្ធស្នាលនិងយល់ពីគ្នាឲ្យបានច្រើន។
- ណែនាំនិងដោះស្រាយដោយផ្ទាល់ ៖ បើគេពិតជាមានការរើសអើងគ្នា ពួកគេពិតជាពិបាកដោះស្រាយជាមួយគ្នាណាស់។ ហេតុនេះអ្នកអាចចូលធ្វើជាជនទី៣ជួយដោះស្រាយបញ្ហាឲ្យគេបាន។
- ផ្ទេរដំណែង ៖ អ្នកអាចប្តូរតួនាទីរបស់បុគ្គលិកដែលពិតជាមិនអាចស្រុះស្រួលជាមួយគ្នាបានទៅកាន់មុខដំណែងផ្សេងដែលទាក់ទងគ្នាជាមួយមុខដំណែងចាស់។
យើងទទួលស្គាល់ថាការរើសអើងជារឿងមួយដែលស្មុគស្មាញនិងពិបាកដោះស្រាយណាស់មិនថាតែនៅក្នុងស្ថាប័នរដ្ឋនិងឯកជនប៉ុណ្ណោះទេ។ ប៉ុន្តែមិនថាយ៉ាងណាក៏ដោយវាជារឿងដែលគួរឲ្យឈឺចាប់ចំពោះអ្នកដែលទទួលរងអំពើទាំងអស់នេះ។ អ្នកត្រូវចាំថាមនុស្សទាំងអស់សុទ្ធតែមានសិទ្ធិស្មើៗគ្នា។