Home ធុរកិច្ច ៤ប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច

៤ប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច

16012

(Wikipedia, 2017) ប្រព័ន្ធ​សេដ្ឋកិច្ច​គឺជា​​ប្រព័ន្ធ​នៃ​ផលិតកម្ម ការលៃលក​ធនធាន និង​​ការ​បែងចែក​ទំនិញ​ឬសេវាកម្ម​នៅក្នុង​សង្គមឬទីតាំង​ភូមិសាស្ត្រជាក់លាក់​​ណាមួយ។ វា​ក៏​យោងទៅតាម​ប្រព័ន្ធ​នៃ​សង្គមផង​ដែរ​ដើម្បី​​កត់សម្គាល់​ទៅលើ​ចំណុច​អាទិភាព​ណាខ្លះ​ដែល​សង្គម​នៅ​​អាច​សម្រេចបាន​ក្នុង​គោលបំណង​បង្កើត​​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​​ដ៏មាន​ប្រសិទ្ធភាព​និង​ទទួលបាន​ភាព​ជោគជ័យ​។ ប្រព័ន្ធនៃ​សេដ្ឋកិច្ច​ត្រូវ​កំណត់ថា​អ្វី​ដែលគេ​ត្រូវ​ផលិត ផលិតដោយរបៀប​ណា​ ​និង​ផលិត​ទៅឲ្យ​​អ្នក​ណា។ យ៉ាងណាមិញ​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​បែងចែក​ជា៤បែប៖

#ទី១ សេដ្ឋកិច្ច​បែប​ប្រពៃណី

វាគឺជា​សេដ្ឋកិច្ច​ដើម​ដែល​ប្រពៃណី ទំនៀម​ទម្លាប់ និង​ជំនឿរបស់​គ្រួសារ​ សហគមន៍ ក្រុម កុល​សម្ព័ន្ធ ​ឬ​សាសនា​​របស់​ខ្លួន​​​​នឹង​កំណត់​ពី​ទំនិញឬ​សេវាកម្ម​​ដែល​សេដ្ឋកិច្ច​នោះ​ត្រូ​វផលិត​និង​ចែកចាយហើយ​ភាគច្រើន​ការ​ដោះដូរទំនិញ​​គឺ​មិន​ប្រើប្រាស់​លុយ​កាក់​​។ ប្រទេស​ដែល​ប្រើប្រាស់​សេដ្ឋកិច្ច​របៀប​នេះ​ភាគច្រើន​គឺ​​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​និង​ពឹងផ្អែក​ទៅលើ​វិស័យកសិកម្ម​ជា​ចម្បង។ គេអាច​ហៅម្យ៉ាងទៀតថា​ “ភាព​គ្រប់គ្រាន់​សម្រាប់​​ចិញ្ចឹម​ជីវិត”​​។ ​សេដ្ឋកិច្ច​របៀបនេះ​គឺមិន​សូវ​មាន​ឬគ្មាន​ការ​អភិវឌ្ឍន៍​ ទទួល​យក​បច្ចេក​វិទ្យា និង​ផ្នែក​សុខាភិបាលពី​បរទេស​​​​​តិចតួច​ឬគ្មាន​សោះ​​ដោយ​ប្រពៃណី​នឹង​សម្រេច​ពី​ការ​ចិញ្ចឹម​ជីវិត ការស្លៀកពាក់ ក៏ដូចជា​ការតាំង​ទីលំនៅ​របស់​ពួកគេ​ដែល​ប្រព្រឹត្ត​ទៅតាម​មនុស្ស​ជំនាន់​មុន។​ ប៉ុន្តែ​វាមាន​លក្ខណៈ​ប្រសើរ​ត្រង់ថា​សេដ្ឋកិច្ច​បែប​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជន​នៅតែ​រក្សា​ប្រពៃណី​​ ​ទំនៀម​ទម្លាប់​ និង​ការ​បំពេញ​ចិត្ត​មនុស្ស​ជុំវិញ​​​​បាន​​ស្របពេល​ដែល​សេដ្ឋកិច្ច​ផ្សេង​ទៀត​ពិបាក​នឹងធ្វើ​​បាន​។

#ទី២ សេដ្ឋកិច្ច​បញ្ជា​ឬ​សេដ្ឋកិច្ច​ផែនការ​

សេដ្ឋកិច្ច​របៀប​នេះ​គឺ​រដ្ឋមាន​សិទ្ធិ​កាន់កាប់​ទៅលើ​​សកម្ម​ភាព​​​ទាំង​ស្រុងនៃ​សេដ្ឋកិច្ច​ដោយ​ការ​សម្រេចចិត្ត​​ចែកចាយ​​និង​ផលិត​គឺធ្វើទៅតាម​ផែនការ​របស់រ​ដ្ឋាភិបាល។ វា​មិន​សូវមាន​ភាព​បត់បែន​ដូច​សេដ្ឋកិច្ច​ទីផ្សារទេ​ហើយ​​​ប្រតិកម្ម​​ផ្លាស់ប្តូរ​​​ការទិញទំនិញ​​របស់​អ្ន​កប្រើប្រាស់​​​និង​ភាព​ឡើង​ចុះ​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ក៏​​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ​។​​​ ឧទាហរណ៍​ដូចជា​ប្រទេស​ដែល​កាន់របប​កុម្មុយនីស។​ ហេតុផល​ចម្បង​ដែល​រដ្ឋាភិបាលជ្រើសរើស​​​​សេដ្ឋកិច្ច​ប្រភេទ​នេះ​គឺដើម្បី​អាចកាន់កាប់​​ធនធាន​ដែល​មាន​តម្លៃរបស់​ខ្លួន(ឧ. ប្រេង​ រ៉ែ មាស)​​។ រីឯ​ផ្នែក​​ផ្សេង​ទៀត​ដូចជា​កសិកម្ម​គឺ​ប្រជាជន​ជា​អ្នក​​ដឹកនាំ​និង​ចាត់ចែង។​

#ទី៣ សេដ្ឋកិច្ច​​​ទីផ្សារ​​​សេរី

រាល់​សកម្ម​ភាព​នៃ​ការ​ដោះដូរ​ទំនិញដោយ​សេរី​និង​​អាស្រ័យទៅលើការ​ត្រូវ​រ៉ូវ​គ្នា​រវាង​​​អ្នក​ប្រើប្រាស់​និង​អ្នក​ផ្គត់ផ្គង់។ ក្រុមហ៊ុនក៏​ដូច​ជា​ស្ថាប័ន​ឯកជន​មាន​សិទ្ធិ​កាន់កាប់​ក្រុមហ៊ុន​ ដាក់​តម្លៃ​ទំនិញ គ្រប់គ្រង​សង្វាក់ផលិតកម្ម ក៏ដូចជា​បុគ្គលិក​ដោយ​ខ្លួនឯង។​ ចំណែក​រដ្ឋាភិបាល​​មិនមាន​សិទ្ធិ​គ្រប់គ្រង​ធនធាន​ចាំបាច់​ ទំនិញ​ដែល​មាន​តម្លៃ ឬវិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នោះទេ។ ​​ប្រជាជន​ជា​អ្នក​កំណត់ថា​​​សេដ្ឋកិច្ច​ត្រូវ​ប្រព្រឹត្ត​ទៅដោយ​របៀបណា​ ការផ្គត់ផ្គង់​ត្រូវ​ធ្វើ​ដូចម្តេច និង​តម្រូវ​ការ​អ្វី​ខ្លះ​ដែល​ចាំបាច់។ ​ជាក់ស្តែង​មិនមាន​សេដ្ឋកិច្ច​ទីផ្សារសេរី​សុទ្ធសាធ​នៅក្នុង​ពិភពលោកឡើយ។ រដ្ឋាភិបាល​នៅតែ​មាន​ចំណែក​ចំពោះសេដ្ឋកិច្ច​ខ្លះៗ​ដដែល។

#ទី៤ សេដ្ឋកិច្ច​​​ចម្រុះ

ជា​សេដ្ឋកិច្ច​មួយ​ដែល​រួមបញ្ចូលកិច្ច​សហប្រតិបត្តិ​ការ​រវាង​​​សេដ្ឋកិច្ច​ទីផ្សារ​និង​សេដ្ឋកិច្ច​ផែនការ​ជាមួយ​គ្នា។ ធនធាន​ត្រូវ​បាន​គេ​បែងចែក​ទៅឲ្យ​ទាំង​ឯកជន​និង​រដ្ឋជា​អ្នក​ត្រួតត្រាតាម​វិស័យ​នីមួយ​ៗ​​ដែល​ប្រើប្រាស់​គោលការណ៍​ល្អបំផុត​​ចំពោះ​ប្រព័ន្ធទាំង​ពីរ។ ទីផ្សារ​សេរី​គឺ​មាន​តិច​ឬ​ច្រើនជាង​រដ្ឋាភិបាល​លើកលែងតែ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​វិស័យ​អប់រំ ថាមពល​(​ឧ. អគ្គិសនី​​កម្ពុជា) ទូរគមនាគម៍​ជាដើម។ វិស័យ​ទាំង​នោះ​មិន​អាច​ឲ្យ​ឯកជន​កាន់កាប់​ទាំង​ស្រុងបាន​ទេ​​ព្រោះ​វា​អាចធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។ ជាក់ស្តែង​យើង​ឃើញ​ថា​វិស័យ​ផ្សេងៗ​គឺមាន​ទាំង​រដ្ឋ​និង​ឯកជន(ឧ. វិស័យ​អប់រំ)។ ទោះបីជា​តាម​​ទ្រឹស្តី​​គឺ​គេ​ចង់​ធ្វើយ៉ាង​ណា​ឲ្យ​វិស័យ​ទាំង​ពីរ​អាច​ទាញ​យក​ផល​ប្រយោជន៍​​​ពី​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បាន​ល្អ​យ៉ាងណា​ក៏​ដោយ​ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត​ជាក់​ស្តែង​គឺ​មិន​ងាយ​​នោះឡើយ។ យើង​ឃើញ​ថា​ទំហំ​នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋា​ភិបាល​គឺ​​ធំ​​ដែល​ជួនកាល​អាច​មាន​ឥទ្ធិពល​លើស​ពី​ភាព​ចាំបាច់​ទៅទៀត។

ឯកសារយោង៖ 

Economic system. (2017). Retrieved August 07, 2017, from en.wikipedia.org

Hill, Charles W.L. International Business (9th ed.) (Chapter 2). USA: University of Washington. 

Dana G. (n.d). Economic System Types. Retrieved August 07,2017, from smallbusiness.chron.com

The Four Types of Economic Systems. (2017). Retrieved August 08, 2017, from quickonomics.com

Brian C. (2008).  The Four Types of Economic Systems. Retrieved August 07,2017, from www.slideshare.net

Will G. (2014). The 4 Types Of Economic Systems Explained. Retrieved August 07,2017, from blog.udemy.com