សព្វថ្ងៃនេះក្រុមហ៊ុនគ្រប់ខ្នាតទាំងអស់បាននឹងកំពុងបង្កើនការអភិវឌ្ឍយុទ្ធសាស្រ្តទីផ្សារនៅតាមបណ្តាញសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។យុទ្ធសាស្រ្តឌីជីថលដែលទទួលបានជោគជ័យមិនមែនមកពីសោភ័ណ្ឌភាពឬស្ទីលនោះទេ ប៉ុន្តែជាជាការរួមបន្សំរវាងអ្វីដែលយីហោរបស់អ្នកសន្យាថានឹងផ្តល់ជូន។ ខាងក្រោមនេះគឺជាសំណួរដែលអ្នកត្រូវសួរខ្លួនឯងដើម្បីឲ្យការធ្វើទីផ្សាររបស់អ្នកបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៖
១. តើអ្វីខ្លះជាគោលដៅរបស់អ្នក?
អ្នកត្រូវដឹងថាគោលដៅរបស់អ្នកគឺជាអ្វីសិនទើបអ្នកអាចសម្រេចផែនការទៅបានយ៉ាងរលូន។ គោលដៅវាគឺជាបង្គោលមួយដែលជួយប្រាប់យើងថាត្រូវដើរដល់ត្រឹមណា ធ្វើដល់ត្រឹមណា និងត្រូវគិតយ៉ាងមិចដើម្បីទទួលបានវា។ម៉្យាងវិញទៀតគោលដៅវាមានភាពជាក់លាក់ និងប្រាកដប្រជាដូចជាការជំរុញការលក់ ការពង្រីកភូមិសាស្រ្ត ការបង្កើនការលក់ឲ្យមានគុណភាពល្អជាដើម។នៅពេលដែលអ្នកបានកំណត់គោលដៅរបស់អ្នកហើយ អ្នកត្រូវតែសួរខ្លួនឯងថា តើខ្លួនឯងចូលចិត្តការស្រាវជ្រាវ ការរុករកដែរឬទេ?តើអ្នកចូលចិត្តធ្វើការទំនាក់ទំនងតាមបណ្តាញសង្គម ដែរឬទេ?តើអ្នកចង់ជម្រុញឲ្យមានការផ្លាស់ប្តូរដែរឬទេ? ទាំងនេះវាគឺជាលំនាំមួយដែលជួយឲ្យការធ្វើទីផ្សាររបស់អ្នកបានជោគជ័យ។
២. តើយើងគួរប្រើច្រកផ្សព្វផ្សាយអ្វីខ្លះ?
ការធ្វើការសម្រេចចិត្តជុំវិញជ្រើសរើសបណ្តាញសង្គមត្រូវតែចាក់ឬសចំពោះការយល់ដឹងពីអត្តសញ្ញាណនិងចំណង់ចំណូលចិត្តរបស់អតិថិជន។ បណ្តាញសង្គមខុសគ្នា នាំឲ្យមានចំនួនអតិថិជន និងប្រភេទអតិថិជនក៏ខុសគ្នាដែរ ដូចនេះហើយអ្នកត្រូវតែធ្វើការស្រាវជ្រាវដើម្បីឲ្យដឹងថាអតិថិជនគោលដៅរបស់អ្នក ថាតើពួកគាត់តែងតែចំណាយពេលជាមួយបណ្តាញសង្គមមួយណាច្រើនជាងគេ។ឧទាហរណ៍ជាក់ស្តែងដូចជា យុវវ័យភាគច្រើនចូលចិត្តលេងកម្សាន្តនៅក្នុងកម្មវិធី Tik Tok, You Tube, Facebook, Instargram …។ពេលដែលយើងដឹងថាអតិថិជនយើងចូលចិត្តបណ្តាញសង្គមអ្វីហើយ យើងនឹងងាយស្រួលក្នុងការធ្វើទីផ្សារបានយ៉ាងមានប្រសិទ្ធភាព។
៣. តើមាតិការបស់អ្នកគឺជាអ្វី?
បើអ្នកចង់ធ្វើទីផ្សារឲ្យកាន់តែមានប្រសិទ្ធភាព អ្នកត្រូវតែដឹងថាតើមាតិកាមានអ្វីខ្លះ?ដូចជា អត្ថបទ វីដេអូ រូបភាពជាដើមដែលជួយជម្រុញឲ្យអតិថិជនយល់ដឹងច្បាស់ពីផលិតផលរបស់យើង។ម្យ៉ាងវិញទៀតមាតិការបស់អ្នកត្រូវតែប្លែក ល្អដាច់គេមានតែមួយគត់នៅក្នុងតំបន់ និង មានប្រយោជន៍ថែមទៀត។ ប្រសិនបើមាតិការបស់អ្នកមានលក្ខណៈទាក់ទាញ ហើយជាចំណុចរសើបមួយដែលអាចទាក់ចិត្តអតិថិជនបាន នោះយុទ្ធសាស្រ្តរបស់អ្នកនឹងជោគជ័យដោយមានប្រសិទ្ធភាពខ្ពស់ អាជីវកម្មក៏រីកចម្រើន។
មាតិការបស់អ្នកត្រូវតែប្លែក ល្អដាច់គេមានតែមួយគត់នៅក្នុងតំបន់ និង មានប្រយោជន៍ថែមទៀត។
៤. តើអ្នកត្រៀមខ្លួនក្នុងការនិយាយជាមួយអតិថិជនរបស់អ្នកហើយឬនៅ?
ការដែលយើងចំណាយពេលនិយាយជាមួយអតិថិជន វាគឺជាការស៊ើបសួរពីការពេញចិត្ត ឬមិនពេញចិត្ត របស់អតិថិជនមកលើផលិតផលយើង ដើម្បីធ្វើការកែប្រែនូវចំណុចខ្វះខាតទៅជាចំណុចដែលល្អឥតខ្ចោះ។ អាជីវកម្មមួយបោះជំហានទៅមុខបានល្អ គឺត្រូវបង្កើនទំនាក់ទំនងឲ្យជិតស្និទ្ធ ជាមួយនឹងអតិថិជន ដើម្បីពួកគេមានទំនុកចិត្តមកលើផលិតផល ថាផលិតផលនោះពិតជាមានគុណភាពល្អប្រាកដមែន។ជាពិសេស អ្នកត្រូវឆ្លើយតបទៅនឹងតម្រូវការ ឬបញ្ហាដែលពួកគេចោទសួរឲ្យបានរហ័សទាន់ចិត្ត ព្រោះសកម្មភាពបែបនេះអាចជួយបន្ថែមតម្លៃឲ្យអាជីវកម្មរបស់ខ្លួនបាន ថែមទាំងបង្ហាញពីទំនួលខុសត្រូវយ៉ាងរឹងមសទៀតផង។
សំណួរខាងលើនេះនឹងជួយឲ្យយុទ្ធសាស្រ្តទីផ្សារអាជីវកម្មរបស់នឹងអ្នកទទួលបានជោគជ័យបានយ៉ាងឆាប់។