spot_img
spot_img
Homeបច្ចេកវិទ្យាការផ្លាស់ប្តូរដ៏ធំរបស់Facebook អាចជាសញ្ញាបញ្ចប់សម័យកាលបណ្តាញសង្គមជំនាន់មុន!

ការផ្លាស់ប្តូរដ៏ធំរបស់Facebook អាចជាសញ្ញាបញ្ចប់សម័យកាលបណ្តាញសង្គមជំនាន់មុន!

-

ថ្មីៗនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមយក្សFacebookបានធ្វើការបង្ហាញ​នូវផ្ទាំងមុខងារថ្មីដែលមានឈ្មោះថាHomeបន្ថែមពីលើFeedsដែលយើងធ្លាប់មានពីមុន។ មុខងារថ្មីនេះ វាបានយកលំនាំតាមTik Tokដែលជាបណ្តាញសង្គមកំពុងតែលេចធ្លោរបស់ចិន​ ដោយ​យើងនឹងឃើញការណែនាំវីដេអូ ឬរូបភាពណាដែលយើងចាប់អារម្មណ៍ ទោះបីជាយើងមិនបានតាមដានគេក៏ដោយ។​

Facebook ចាប់ផ្តើមគំនិតដំបូងចេញពី​ឬសគល់ការកសាងទំនាក់ទំនង បង្កើតមិត្ត និងរក្សាទំនាក់ទំនងក្នុងរង្វង់មិត្តចាស់ៗរបស់យើង។ ក៏ប៉ុន្តែ បន្ទាប់ពីឃើញពីភាពជោគជ័យរបស់TikTok បណ្តាញសង្គមជាច្រើន ឬរួមទាំងFacebookផងដែរ បានផ្លាស់ប្តូរម៉ូដែលរបស់ខ្លួនពីការផ្តោតលើការកសាងទំនាក់ទំនង មកជាធ្វើយ៉ាងណាឲ្យយើងប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនឲ្យបានកាន់តែយូរម៉ោង។ បន្តិចទៀត យើងនឹងចំណាយពេលអូសមើលវីដេ ឬអូមួយហើយៗទៀត ដែលស្រដៀងនឹងបណ្តាញសង្គមTikTokផងដែរ។​

យុទ្ធសាស្ត្រនេះ Facebook ធ្វើឡើងដើម្បីប្រកួតប្រជែងជាមួយ​នឹង​ TikTok ដែលកាលពីឆ្នាំ២០១៩មានអ្នកប្រើប្រមាណតែ៥០០លាននាក់ប៉ុណ្ណោះ តែ​នៅក្នុងខែកញ្ញា បណ្តាញសង្គមនេះបានកើនអ្នកប្រើប្រាស់សកម្មជាង១ពាន់លាននាក់ ដែលកំពុងតែដេញតាម Facebookមានអ្នកប្រើប្រាស់ជាង២ពាន់លាននាក់នៅលើទូទាំងសកលលោក។

ដើម្បីប្រកួតប្រជែង Facebook និង Instagram នៅឆ្នាំនេះបានណែនាំមុខងារថ្មីមួយដែលមានឈ្មោះថា Reels (មិនទាន់អាចប្រើបាននៅឡើយក្នុងប្រទេសកម្ពុជា)ដែលម៉ូដែល​ដូចគ្នាបេះបិទទៅនឹងបណ្តាញសង្គមTikTokគឺផ្តោតទៅលើវីដេអូបញ្ឈរខ្លីៗ។ ហើយសម្រាប់ពេលខាងមុខនេះ Facebookនឹងធ្វើការដាក់វីដេអូរបស់អ្នកប្រើប្រាស់ដែលមានរយៈពេលក្រោម១៥នាទីចូលទៅក្នុងមុខងារវីដេអូថ្មីនេះដោយស្វ័យប្រវត្តិ។

ឆាប់ៗខាងមុខនេះ យើងនឹងផ្លាស់ប្តូររបៀបប្រើប្រាស់បណ្តាញសង្គមរបស់យើង ដែលពីមុនយើងផ្តោតលើការទំនាក់ទំនងរវាងមិត្តភក្តិ និងកសាងទំនាក់ទំនងថ្មី មកជាចំណាយពេលភាគច្រើនអូសមើលមាតិការជាវីដេអូ ឬរូបភាពកាន់តែច្រើន និងកាន់តែចំណាយពេលច្រើន។ ហើយវាគឺជាចំណុចរបត់មួយដែលផ្លាស់ប្តូររបៀបទំនាក់ទំនងលើបណ្តាញសង្គមដែលយើងធ្លាប់តែឃើញពីមុន។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ