ក្នុងកំឡុងពេលមានវិបត្តិជម្ងឺឆ្លងរាលដាលកូវីដ១៩ កំពូលមហាសេដ្ឋីនៅសហរដ្ឋអាមេរិចបានកើនប្រាក់សរុបទាំងអស់៤៨៤ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ទើបចុះផ្សាយថ្មីៗនេះ។
ទិន្នន័យដែលគិតចាប់ពីពាក់កណ្តាលខែ មីនា ដល់ពាក់កណ្តាលខែឧសភានេះបានបង្ហាញថា មហាសេដ្ឋីដែលមានទ្រព្យស្តុកស្តម្ភគឺទទួលបានផលចំណេញពីវិបត្តិនេះ។
កំពូលមហាសេដ្ឋីទាំង៥ដូចជាលោក Jeff Bezos, Bill Gates, Mark Zuckerberg, Warren Buffett និង Larry Ellison កើនទ្រព្យសរុបចំនួន៧៥.៥ពាន់លានដុល្លារ ដែលស្មើរនឹង១៩%នៃកំណើនសរុបរបស់មហាសេដ្ឋីទាំង នេះបើយោងតាមរបាយការណ៍របស់ American for Tax Fairness និង Institute of Policy Studies’ Program for Inequality.
លោក Mark Zuckerberg ដែលជាស្ថាបនិកបណ្តាញសង្គមដ៏មានប្រជាប្រិយ Facebook បានកើនទ្រព្យ២៥ពាន់លានដុល្លារ ក្នុងខណៈពេលដែលលោក Jeff Bezos ស្ថាបនិកវេទិការលក់ទំនិញអនឡាញ Amazon កើន៣៤.៦ពានលានដុល្លារ។
លោក Elon Musk ក៏ស្ថិតក្នុងចំណោមកំពូលមហាសេដ្ឋីដែលទទួលបានផលចំណេញខ្ពស់ផងដែរក្នុងរយៈពេល២ខែចុងក្រោយនេះដោយទ្រព្យសម្បត្តិរបស់គាត់បានកើន៤៨% គឺកើនដល់៣៦ពាន់លានដុល្លារ។
នៅក្នុងខែមីនា មហាសេដ្ឋីប្រាក់ពាន់លានគឺមាន៦១៤នាក់នៅក្នុងបញ្ជី Forbes ហើយចំនួននេះបានកើនឡើងដល់៦៣០នាក់ក្នុងរយៈពេល២ខែ។
តួរលេខបានបង្ហាញ និងឆ្លុះបញ្ចាំងអំពីការកើនទ្រព្យរបស់កំពូលមហាសេដ្ឋីនៅក្នុងសម័យកាលកូវីដ១៩ ដែលភាគច្រើនគឺមកពីវិស័យបច្ចេកវិទ្យា ខណៈពេលដែលសេដ្ឋកិច្ចជាទូទៅជួបភាពលំបាក និងមិនអាចប៉ាន់ស្មានជាក់លាក់បាន ហើយមនុស្សជាច្រើនបានបាត់បង់ការងារធ្វើ។