បើសិនជាអ្នកមានអាជីវកម្មមួយដែលទទួលបានភាពជោគជ័យហើយអ្នកចង់ស្វែងរកអ្នកចូលរួមវិនិយោគទៅលើអាជីវកម្មជាមួយអ្នក ប៉ុន្តែអ្នកគិតថានៅពេលសហការជាមួយគ្នាជួនកាលអាចនឹងមានជម្លោះកើតឡើងហើយក៏ពិបាកក្នុងការសម្រេចចិត្តនៅពេលពេលដែលមានបញ្ហាកើតឡើង។ ខាងក្រោមនេះគឺជាចំណុចទាំងបីដែលអ្នកអាចយកទៅពិចារណាអំពីការលក់សិទ្ធិធ្វើអាជីវកម្មរបស់អ្នក៖
តើអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីលក់សិទ្ធិធ្វើអាជីវកម្មហើយឬនៅ?
មុននឹងអ្នកវិភាគទៅលើការលក់អាជីវកម្មរបស់អ្នក អ្នកក៏ត្រូវវិភាគលើសមត្ថភាពរបស់អ្នកជាម្ចាស់អាជីវកម្មផ្ទាល់ផងដែរ។ ការលក់សិទ្ធិធ្វើអាជីវកម្មគឺមិនមែនលក់តែអាជីវកម្មរបស់អ្នកឲ្យអ្នកដទៃយកទៅធ្វើប៉ុណ្ណោះទេ អ្នកត្រូវពិចារណាលើសមត្ថភាពរបស់អ្នកថាតើអ្នកអាចផ្តល់ចំណេះដឹងនិងបង្រៀនដល់អ្នកដែលទិញសិទ្ធិធ្វើអាជីវកម្មរបស់អ្នកបានដែរឬទេ? លើសពីនេះ អ្នកត្រូវចេះរក្សាទំនាក់ទំនងល្អជាមួយអ្នកដែលទិញសិទ្ធិធ្វើអាជីវកម្មនោះ ហើយអ្នកក៏ត្រូវជួយដោះស្រាយបញ្ហានៅពេលដែលមានបញ្ហាកើតឡើងក្នុងអាជីវកម្មរបស់ពួកគាត់ ។ ជាពិសេសអ្នកត្រូវមានកិច្ចសន្យាជាក់លាក់ជាមួយពួកគាត់មុននឹងផ្តល់សិទ្ធិធ្វើអាជីវកម្មទៅឲ្យគេ។
តើផលិតផលឬសេវាកម្មរបស់អ្នកមានទីផ្សារច្បាស់លាស់ដែរឬទេ?
មុនពេលដែលអ្នកលក់សិទ្ធិធ្វើអាជីវកម្ម អ្នកត្រូវពិចារណាឲ្យបានច្បាស់លាស់ថាតើផលិតផលឬសេវាកម្មរបស់អ្នកមានអតិថិជនត្រូវការក្នុងទីផ្សារដែរឬអត់?ឧទារហណ៍ ខ្ញុំមានហាងកាហ្វេមួយដែលទើបនឹងបើក ប៉ុន្តែនៅក្នុងទីផ្សារស្រុកខ្មែរបច្ចុប្បន្នហាងកាហ្វេគឺរីកដុះដាលដូចផ្សិត។ ដូចនេះ មុននឹងខ្ញុំចង់លក់សិទ្ធិធ្វើអាជីវកម្ម ខ្ញុំត្រូវស្វែងយល់ពីតម្រូវការទីផ្សារហើយក៏ត្រូវស្វែងរកវិធីសាស្រ្តណាដែលធ្វើឲ្យហាងកាហេ្វរបស់ខ្ញុំមានភាពខុសពីគេ ព្រោះថាបើយើងគ្មានលក្ខណៈពិសេសនោះទេស្របនឹងទីផ្សារតូចចង្អៀតទៀតនោះ ខ្ញុំនឹងអ្នកដែលទិញសិទ្ធិធ្វើអាជីវកម្មនឹងទទួលបានភាពបរាជ័យ។ សរុបមក តម្រូវការលើផលិតផលឬសេវាកម្មសម្រាប់អាជីវកម្មរបស់គឺពិតជាសំខាន់ ប៉ុន្តែលក្ខណៈពិសេសរបស់ផលិតផលឬសេវាកម្មរបស់អ្នកគឺការទាក់ទាញអតិថិជនសម្រាប់អាជីវកម្មរបស់អ្នកនិងអ្នកទិញសិទ្ធិធ្វើអាជីវកម្មរបស់អ្នកផងដែរ។
តើការសិក្សាស្រាវជ្រាវបែបណាដែលអ្នកគួរធ្វើ?
បើសិនជាផលិតផលឬសេវាកម្មរបស់អ្នកគឺថ្មីដែលមិនទាន់មានអ្នកបើកអាជីវកម្មនោះទេប៉ុន្តែមានតម្រូវការក្នុងទីផ្សារដោយអ្នកមានអតិថិជនមួយចំនួនរួចហើយ អ្នកនឹងទទួលបានភាពជោគជ័យក្នុងការលក់សិទ្ធិធ្វើអាជីវកម្មនោះ។ បន្ថែមពីនេះអ្នកអាចសាកល្បងសិក្សាស្រាវជ្រាវបន្ថែមថា តើមានប្រទេសណាខ្លះដែលអ្នកអាចនាំផលិតផលឬសេវាកម្មរបស់អ្នកទៅទីនោះដែរ ក្រៅពីបើកអាជីវកម្មក្នុងប្រទេសរបស់អ្នក។ ម្យ៉ាងទៀត បើសិនជាផលិតផលឬសេវាកម្មរបស់អ្នកមានអ្នកបើកអាជីវកម្មមុនរួចហើយ អ្នកក៏គួរតែសិក្សាស្រាវជ្រាវបន្ថែមថាតើផលិតផលឬសេវាកម្មនោះមានតម្រូវការខ្ពស់ដែរឬទេ? តើអ្នកគួររកវិធីសាស្រ្តបែបណាដើម្បីទាក់ទាញអតិថិជនឲ្យបានច្រើនជាងដៃគូប្រកួតប្រជែងរបស់អ្នក? បន្ទាប់ពីអ្នកទទួលបានព័ត៌មានទាំងនោះហើយ អ្នកមានទំនុកចិត្តក្នុងការបើកអាជីវកម្មនិងការលក់សិទ្ធិធ្វើអាជីវកម្មផងដែរ។ ក្រៅពីនេះ អ្នកក៏អាចសម្ភាសដើម្បីសាកសួរព័ត៌មានបន្ថែមពីភាពជោគជ័យរបស់ម្ចាស់អាជីវកម្មឯទៀតដែលបានលក់សិទ្ធិធ្វើអាជីវកម្មរបស់ទៅឲ្យអ្នកផ្សេងដើម្បីយល់ឲ្យបានកាន់តែច្រើនអំពីការលក់សិទ្ធិធ្វើអាជីវកម្ម។
វាជាការចំបាច់ធ្វើការសិក្សាស្វែងយល់ពីតម្រូវការរបស់អតិថិជនពីផលិតផល ឬសេវាកម្មរបស់អ្នក និងប្រព័ន្ធក្នុងការគ្រប់គ្រងសិទ្ធអាជីវកម្មរបស់ មុននឹងអ្នកសម្រាច់ចិត្តលក់សិទ្ធអាជីវកម្មទៅឲ្យអ្នកដ៏ទៃ។