spot_img
spot_img
Homeធុរកិច្ចគំនិតអាជីវកម្មក្នុងការចាប់ផ្ដើមសម្រាប់អ្នកមានដើមទុនតិច

គំនិតអាជីវកម្មក្នុងការចាប់ផ្ដើមសម្រាប់អ្នកមានដើមទុនតិច

-

ការចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបានជោគជ័យ និងអាចពង្រីកខ្លួនបានកាន់តែធំនាពេលខាងមុខ វាជាបំណងប្រាថ្នាធំបំផុតសម្រាប់យុវជនដែលចង់ក្លាយជាសហគ្រិនជាពេលអនាគត។ ទោះបីជាយ៉ាងនេះក្ដី ចំពោះយុវជនមួយចំនួន ភាគច្រើនតែងតែជួបនូវបញ្ហាមួយ គឺការខ្វះដើមទុន ឬមានដើមទុនបន្តិចបន្ដួច ដូច្នេះហើយពួកគេមានការជាប់គាំង និងបញ្ឈប់នូវក្ដីស្រមៃដោយមិនចង់ចាប់ផ្ដើមអាជីវកម្មវិញ។

ការគិតបែបនេះ ជាកំហុសដ៏ធំមួយ ពីព្រោះការចាប់ផ្ដើមអាជីវកម្មនីមួយៗ មិនមែនចាប់ផ្ដើមពីធំតែម្ដងនោះទេ ប៉ុន្តែវាសុទ្ធតែចាប់ផ្ដើមពីតូចៗ ដោយមានដំណាក់កាលរបស់វា រួមផ្សំជាមួយនឹងឆន្ទៈ និងការមានផែនការអាជីវកម្មច្បាស់លាស់ ព្រមទាំងមានកត្តាជំរុញផ្សេងទៀតដើម្បីជួយបន្ថែមដោយវាអាស្រ័យលើប្រភេទអាជីវកម្ម មុននឹងអាចទទួលបានភាពជោគជ័យបាន។

បន្ថែមពីនេះ អ្នកក៏ត្រូវដឹងថានៅក្នុងទីផ្សារនៅតំបន់ដែលអ្នកកំពុងរស់នៅ សុទ្ធតែពោរពេញដោយបញ្ហា និងឱកាសជាច្រើន ដោយវាទាមទារឱ្យសហគ្រិនជំនាន់ក្រោយដូចអ្នកចាប់ផ្ដើមបង្កើតអ្វីថ្មីៗបន្តទៀតដើម្បីបំពេញតម្រូវការទីផ្សារ និងដើរតាមក្ដីស្រមៃរបស់អ្នក។ នៅក្នុងនោះ ក៏មានអាជីវកម្មខ្លះចាប់ផ្ដើមដោយចំណាយដើមទុនច្រើន និងអាជីវកម្មខ្លះចំណាយដើមទុនតិច។ ចំពោះខ្លឹមសារអត្ថបទខាងក្រោម នឹងបង្ហាញគំនិតអាជីវកម្មមួយចំនួន ដែលអ្នកអាចគិតពិចារណាក្នុងការចាប់ផ្ដើម ប្រសិនបើអ្នកពេញចិត្ត ឬមានជំនាញរបស់អ្នកដែរ ដើម្បីអាចចាប់ផ្ដើមបាន ដោយស្ថិតនៅក្នុងទំហំនៃការប្រើប្រាស់ដើមទុនតិច និងទាមទារឱ្យអ្នកច្បាស់លាស់ ហើយមានសមត្ថភាព។

1. ការបង្កើតមាតិកា

សម័យនេះ ជាសម័យដែលមនុស្សកំពុងពេញនិយមជាមួយបច្ចេកវិទ្យាថ្មីៗ ជាពិសេសការយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះប្រសិនបើអ្នកមានគំនិត ក៏ដូចជាមានចំណាប់អារម្មណ៍លើការបង្កើតមាតិកា នេះជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកក្នុងការចាប់ផ្ដើម។

ចំណុចនេះ អ្នកអាចប្រើទេពកោសល្យរបស់អ្នកដើម្បីបង្កើតមាតិកាដែលមានគុណភាពខ្ពស់ ដោយអាចចែករំលែកនូវចំណេះដឹងនានាសម្រាប់អាជីវកម្ម និងនៅលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងដើម្បីកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន បន្ទាប់មកបម្លែងខ្លួនឱ្យក្លាយជាអ្នកផ្ដល់សេវាកម្ម អ្នកធ្វើការឯករាជ្យ និងក្លាយជាអ្នកមានឥទ្ធិពលលើផ្នែកណាមួយនៃជំនាញរបស់អ្នក ហើយរកប្រាក់ចំណូលពីផ្នែកទាំងនោះតាមដែលអ្នកអាចធ្វើបាន។

2. ទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម

បច្ចុប្បន្ននេះ​ ភាគច្រើនអាជីវកម្មទើបតែចាប់ផ្ដើម អាជីវកម្មខ្នាតតូច និងមធ្យមតែងតែត្រូវការនរណាដែលមានចំណេះដឹង និងជាអ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើជាទីប្រឹក្សាសម្រាប់ពួកគេ ដើម្បីជំរុញម៉ាកយីហោរបស់ពួកគេឱ្យមានដំណើរការល្អនៅលើបណ្ដាញសង្គម។ លើសពីនេះ ពួកគេក៏ត្រូវការជាលក្ខណៈជួលជាភ្នាក់ងារ ឬជាបុគ្គលិកពេញម៉ោង ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេមានលក្ខណៈល្អប្រសើរ ទាំង Facebook, TikTok និងបណ្ដាញសង្គមកំពុងពេញនិយមនានា តាមរយៈការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យបានល្អ ការជួយប្រឹក្សាលើការបង្កើតយុទ្ធសាស្រ្តទីផ្សារលើបណ្ដាញសង្គមឱ្យមានភាពអស្ចារ្យដោយចំគោលដៅ និងមានការចូលរួមសកម្មភាពពីអតិថិជនគោលដៅជាច្រើន ។ល។

ហេតុដូចនេះ ប្រសិនបើអ្នកមានការយល់ដឹងច្រើន ឬក៏កំពុងមានជំនាញលើផ្នែកនេះស្រាប់ អ្នកអាចពិចារណាលើការបម្លែងខ្លួនឱ្យក្លាយជាទីប្រឹក្សាដល់ម្ចាស់អាជីវកម្មទាំងខ្នាតតូច និងខ្នាតមធ្យម ដើម្បីបង្កើតប្រភពចំណូលផ្ទាល់ខ្លួន ដោយការចាប់ផ្ដើមជាមួយដើមទុនតិចតួចក្នុងការផ្សព្វផ្សាយកសាងទំនុកចិត្ត និងកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន។

3. ផ្ដល់សេវាកម្មផ្នែកទីផ្សារឌីជីថល

ប្រសិនបើអ្នកមានបទពិសោធន៍ក្នុងវិស័យទីផ្សារ ឬធ្លាប់ធ្វើជាភ្នាក់ងារទីផ្សារឌីជីថល ឬកំពុងធ្វើការផ្នែកនេះ ហើយអ្នកចង់បង្កើនប្រភពចំណូល និងចង់បម្លែងខ្លួនឯងដើម្បីចាប់ផ្ដើមអាជីវកម្មខ្នាតតូច អ្នកអាចពិចារណាលើការផ្ដល់សេវាកម្មផ្នែកទីផ្សារឌីជីថល។ ផ្នែកនេះ ក៏កំពុងមានតម្រូវការខ្ពស់ផងដែរ ដូច្នេះអ្នកអាចចាប់ផ្ដើមវា ប្រសិនបើអ្នករួចរាល់ក្នុងការចាប់ផ្ដើម។

4. រចនា​ក្រាហ្វិក

ក្រុមហ៊ុននីមួយៗ សុទ្ធតែត្រូវការអ្នករចនាក្រាហ្វិក ដូច្នេះប្រសិនបើអ្នកមានជំនាញផ្នែកនេះ អ្នកអាចគិតពិចារណាចាប់ផ្ដើមផ្ដល់សេវាកម្មផ្នែកនេះ នៅលើបណ្ដាញអនឡាញបាន ដោយធ្វើជាអ្នកធ្វើការឯករាជ្យលើផ្នែករចនាក្រាហ្វិក ដោយសហការធ្វើការជាមួយក្រុមហ៊ុនមួយឬច្រើន ទៅតាមលទ្ធភាពដែលអ្នកអាចធ្វើបាន។ នៅក្នុងនោះអ្នកអាចផ្ដល់សេវាកម្មរចនា ដូចជា៖

  • ឡូហ្គោ
  • ខិត្តប័ណ្ណ
  • ក្រាហ្វិកអាវយឺត
  • Infographics
  • Poster
  • ។ល។
5. អ្នកសរសេរប្រវត្តិរូបសង្ខេប

នាពេលបច្ចុប្បន្ននេះ មិនមានមនុស្សច្រើនទេដែលពូកែសរសេរប្រវត្តិរូបសង្ខេបដើម្បីដាក់ពាក្យសុំធ្វើការ ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍លើផ្នែកមួយនេះ អ្នកអាចផ្ដល់សេវាកម្មក្នុងការសរសេរប្រវត្តិរូបសង្ខេបដល់យុវជនដែលមិនចេះសរសេរ ឬត្រូវការដើម្បីដាក់ពាក្យសុំធ្វើការ។ បន្ថែមពីនេះ អ្នកខ្លួនឯងក៏អាចពង្រឹងសមត្ថភាពសរសេរបន្ថែមផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកអាចស្វែងរកគេហទំព័រណាដែលអាចផ្ដល់ឱកាសការងារឯករាជ្យក្នុងការសរសេរប្រវត្តិរូបសង្ខេប ដូចជា Fiverr ឬ Upwork និងផ្សេងទៀត។ បន្ថែមពីនេះ អ្នកអាចផ្សព្វផ្សាយខ្លួនឯងនៅលើបណ្ដាញសង្គម និងបង្កើតមធ្យោបាយងាយស្រួលដល់អតិថិជនគោលដៅរបស់អ្នកដើម្បីស្នើសុំការទទួលសេវាកម្មនៃការសរសេរប្រវត្តិរូបសង្ខេបពីអ្នក។

6. អ្នកផលិតវីដេអូ

បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើន អ្នកមានឥទ្ធិពល និងតារាល្បីនៅលើ YouTube ឬ TikTok ដ៏មានសក្តានុពល ដែលចង់ផលិតវីដេអូរបស់ពួកគេឱ្យកាន់តែល្អខ្លាំងថែមទៀត ព្រមទាំងអាចទាញចំណាប់អារម្មណ៍បានច្រើនជាបន្តបន្ទាប់ ប៉ុន្តែពួកគេគ្មានជំនាញ ឬឧបករណ៍សម្រាប់ផលិតវីដេអូគុណភាពខ្ពស់ ដូច្នេះពួកគេត្រូវការបន្ថែមនូវអ្នផលិតវីដេអូដែលមានសមត្ថភាពដើម្បីបង្រៀន ឬធ្វើវីដេអូដល់ពួកគេ។ ដូច្នេះប្រសិនបើមានបទពិសោធន៍ជាអ្នកផលិតវីដេអូដ៏ល្អ មានផលប័ត្រដ៏រឹងមាំ និងមានសមត្ថភាពខ្លាំងក្នុងការផលិតវីដេអូ នោះអ្នកអាចចាប់ផ្ដើមធ្វើការជាអ្នកឯករាជ្យដើម្បីទទួលបានប្រភបចំណូលបន្ថែម។

7. ផ្ដល់សេវាកម្មបកប្រែ

ប្រសិនបើអ្នកចេះភាសាអង់គ្លេស​ ឬភាសាចិនស្ទាត់ជំនាញ ដូច្នេះអ្នកអាចផ្ដល់សេវាកម្មលើការបកប្រែ មិនថាជាការនិយាយបកប្រែ ឬជាលាយលក្ខណ៍អក្សរនៅកន្លែងណាមួយ មិនថាជាក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនរដ្ឋនោះទេ អ្នកអាចសាកល្បងស្វែងរកដើម្បីចុះកិច្ចព្រមព្រៀងផ្ដល់សេវាកម្មបកប្រែ។​

8. អាជីវកម្មផ្នែកសម្រស់

ផ្នែកសម្រស់ជាកត្តាសំខាន់ ហើយក៏ជាផ្នែកដែលមនុស្សត្រូវការផងដែរ ដូច្នេះប្រសិនបើអ្នកមានបទពិសោធន៍ និងស្រលាញ់ផ្នែកនេះដោយផ្ដោតលើចំណុចណាមួយនៃសម្រស់ អ្នកអាចផ្ដើមផ្សព្វផ្សាយពីខ្លួនឯងដើម្បីបង្កើនទំនុកចិត្ត និងចាប់ផ្ដើមផ្ដល់សេវាកម្មប្រឹក្សាយោបល់ ឬជួយទិញផលិតផលមានគុណភាពជាដើម។ ឧទាហរណ៍អ្នកចង់ផ្ដោតលើសុខភាពរាងកាយ អ្នកអាចផ្ដល់ជាវគ្គបង្វឹក និងការប្រឹក្សាលើការញុំាអាហារឱ្យបានត្រឹមត្រូវ និងការហាត់ប្រាណយកសុខភាពល្អ ឬយករាងស្អាតជាដើម ដោយអ្នកបង្ហាញជាលក្ខណៈអនឡាញ។ ម្យ៉ាងទៀត បើអ្នកចង់ផ្ដោតលើមុខ អ្នកអាចផ្ដល់ជាគន្លឹះ និងការបណ្ដុះបណ្ដាលលើការថែរក្សាមុខជាមួយផលិតផលមានគុណភាព ហើយអ្នកអាចធ្វើការបញ្ជាទិញជូនអតិថិជន ឬអ្នកជាអ្នកលក់ផ្ទាល់ជាដើម។

9. អ្នករៀបចំផែនការព្រឹត្តិការណ៍

ប្រសិនបើអ្នកជាមនុស្សដែលមានសមត្ថភាពលើការរៀបចំកម្រិតល្អខ្លាំង ហើយចូលចិត្តតការរៀបចំពិធីជប់លៀង និងព្រឹត្តិការណ៍នានា នេះជាជម្រើសល្អសម្រាប់អ្នក ដោយអ្នកអាចចាប់ផ្ដើមផ្សព្វផ្សាយអំពីខ្លួនឯង និងចាប់ផ្ដើមផ្ដល់សេវាកម្មក្នុងការរៀបចំផែនការព្រឹត្តិការណ៍សម្រាប់កម្មវិធីនានា ដូចជាកម្មវិធីពិធីមង្គលការ ជប់លៀងខួបកំណើត និងជាច្រើនទៀត។

10. អ្នករៀបចំផែនការធ្វើដំណើរ

មនុស្សគ្រប់គ្នាតែងតែចង់ធ្វើដំណើរកំសាន្តមួយដែលចំណាយលុយសមរម្យ និងទៅកន្លែងប្រាថ្នាឱ្យបានច្រើនតាមដែរអាចធ្វើបាន ក្រោយពីសម្រាកពីការងារ ជាពិសេសទទួលបាននូវបទពិសោធន៍ល្អៗ ។ ហេតុដូចនេះ ពួកគេតែងតែស្វែងរកអ្នកដែលមានជំនាញក្នុងការជួយរៀបចំផែនការ ក៏ដូចជាសម្របសម្រួលក្នុងការធ្វើការដំណើរកំសាន្តរបស់ពួកគេឱ្យបានល្អ ដោយពួកគេមិនចង់រៀបចំដោយខ្លួនឯង ឬពេលខ្លះពួកគេមិនដឹងថាត្រូវធ្វើបែបណា និងទៅទីណាដែលល្អនៅក្នុងតំបន់ដែលពួកគេចង់ទៅកំសាន្តនោះទេ។ ដូច្នេះត្រង់ចំណុចនេះ អ្នកអាចធ្វើជាភ្នាក់ងារទេសចរណ៍ និងបម្លែងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញក្នុងការរៀបចំផែនការវិស្សមកាលដ៏ល្អឥតខ្ចោះជាមួយនឹងសណ្ឋាគារដ៏ស្រស់ស្អាត ទីតាំងដ៏ល្អ និងភោជនីយដ្ឋានឆ្ងាញ់ៗ ព្រមទាំងបញ្ចូលនូវកន្លែងល្អៗ និងផែនការក្នុងការកំសាន្តពោរពេញដោយការចងចាំល្អៗសម្រាប់អតិថិជន។

11. អ្នកធ្វើការឯករាជ្យ

ចាប់តាំងពីជំងឺកូវីដ-19​ បានវាយលុកនៅក្នុងពិភពលោកមក កំណើននៃអ្នកធ្វើការពីផ្ទះ ក៏ដូចជាឱកាសនៃការធ្វើការឯករាជ្យលើជំនាញដែលខ្លួនឯងមាន គឺមានកាន់តែច្រើនឡើង។ ហេតុដូចនេះ ប្រសិនបើអ្នកមានជំនាញណាមួយជាក់លាក់ ហើយអ្នកយល់ច្បាស់អំពីវា នោះអ្នកអាចចាប់ផ្ដើមធ្វើការបែបឯករាជ្យជូនក្រុមហ៊ុនណាដែលកំពុងមានតម្រូវការ។ ការងារឯករាជ្យមានច្រើន ដូចជាអ្នកសរសេរមាតិកា អ្នករៀបចំឯកសារផ្លូវច្បាប់ អ្នកប្រឹក្សាលើផ្នែកទីផ្សារ អ្នករចនាក្រាហ្វិក អ្នកសរសេរកូដកម្មវិធី និងអ្នកអភិវឌ្ឍន៍កម្មវិធីជាដើម។

12. ការអភិវឌ្ឍន៍កម្មវិធី

ការអភិវឌ្ឍន៍កម្មវិធី គឺជាគំនិតអាជីវកម្មខ្នាតតូចមួយដែលរកប្រាក់ចំណេញបានល្អបំផុត ដោយសារតែមានក្រុមហ៊ុនជាច្រើនត្រូវការកម្មវិធី។ លើសពីនេះ អាចប្រើកម្មវិធីដូចជា OmniGraffle ឬ Sketch ដើម្បីបង្កើត wireframes និង mockups មុនពេលអ្នកសម្រេចចិត្តបង្កើតកម្មវិធីនោះចេញជារូបរាង។ លើសពីនេះ ប្រសិនបើអ្នកមានបទពិសោធន៍ ក៏ដូចជាកំពុងសិក្សាស៊ីជម្រៅលើផ្នែកនេះ វាជាជម្រើសកាន់តែល្អសម្រាប់អ្នកក្នុងការចាប់ផ្ដើម។

13. មេរៀននិយាយជាសាធារណៈ

ប្រសិនបើអ្នកជាមនុស្សដែលស្រលាញ់ការនិយាយសាធារណៈ និងមានបទពិសោធន៍ច្រើនក្នុងការបញ្ចេញសមត្ថភាពនិយាយសាធារណៈ អ្នកអាចចាប់ផ្ដើមបង្កើតមេរៀន ឬវគ្គខ្លីៗនៅលើអនឡាញ ដើម្បីផ្សព្វផ្សាយលក់វីដេអូ ឬធ្វើជាលក្ខណៈបណ្ដុះបណ្ដាលផ្ទាល់ អាស្រ័យលើចំណង់ចំណូលចិត្ត និងភាពអាចទៅរួចរបស់អ្នក។ ការនិយាយសាធារណៈនេះ មនុស្សជាច្រើនក៏កំពុងត្រូវការ និងចង់រីកចម្រើន មិនថាជាសិស្សនិស្សិត អ្នកធ្វើការ និងម្ចាស់អាជីវកម្មនោះទេ សុទ្ធតែត្រូវការចេះនូវជំនាញមួយនេះ ដូច្នេះអ្នកអាចចាប់ផ្ដើមផែនការអាជីវកម្មខ្នាតតូចរបស់អ្នកលើការបង្កើតមេរៀននិយាយជាសាធារណៈនេះឡើង ដើម្បីបង្កើតប្រភពចំណូលសម្រាប់អ្នក។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ