បើអ្នកគិតថាអ្នកត្រៀមខ្លួនដើម្បីមានអាជីវកម្មខ្លួនឯងហើយ អ្នកត្រូវដឹងថាអ្នកត្រូវធ្វើអ្វីខ្លះ។ ខាងក្រោមនេះជាដំណាក់កាលដែលត្រូវធ្វើម្តងមួយជំហានៗ ៖
១. រិះរកគំនិតថ្មីៗ
រាល់អាជីវកម្មថ្មីចាប់ផ្តើមជាមួយគំនិតមួយដែលវាអាចកើតចេញពីអ្វីដែលអ្នកបានរៀនសូត្រចេះដឹង ឬមានមហិច្ឆតាចង់ធ្វើវា។ នៅពេលដែលអ្នកមានគំនិតហើយអ្នកត្រូវកត់ត្រាវាទុក ហើយព្យាយាមស្រាវជ្រាវថាមានក្រុមហ៊ុនណាខ្លះដែលស្ថិតនៅក្នុងវិស័យដែលអ្នកបានជ្រើសរើស។ បន្ទាប់មកអ្នកត្រូវរៀនពីអ្នកដឹកនាំក្រុមហ៊ុននោះនាពេលបច្ចុប្បន្នថាពួកគេកំពុងតែធ្វើអ្វី ហើយថាតើអ្នកអាចរកវិធីណាផ្សេងដែលអាចធ្វើវាឲ្យបានកាន់តែប្រសើរបានដែរឬអត់។
អ្នកអាចសាកល្បងជាមួយជម្រើសមួយទៀតគឺការទិញសិទ្ធិជួញដូរ ( franchise) នៃក្រុមហ៊ុនដែលមានស្រាប់។ អ្នកអាចមានឈ្មោះម៉ាកយីហោ និងគម្រូអាជីវកម្មរួចជាស្រេច ហើយអ្វីដែលអ្នកត្រូវការថែមទៀតនោះគឺទីតាំងល្អ និងមធ្យោបាយផ្សេងៗដើម្បីទទួលបានថវិកាផ្គត់ផ្គង់ប្រតិបត្តិការរបស់អ្នកតែប៉ុណ្ណោះ។
២. បង្កើតគម្រោងអាជីវកម្ម
អ្នកត្រូវការសួរសំណួរទាំងអស់នេះមកកាន់ខ្លួនឯងដើម្បីសរសេរជាគម្រោងអាជីវកម្មដ៏ល្អមួយដូចជា ៖ តើអាជីវកម្មរបស់អ្នកមានគោលបំណងអ្វី? នរណាដែលអ្នកនឹងលក់ឲ្យ? តើគោលដៅចុងបញ្ចប់របស់អ្នកជាអ្វី? តើអ្នកនឹងគ្រប់គ្រងហិរញ្ញវត្ថុចំពោះថ្លៃដើមនៃអាជីវកម្មដំបូងរបស់អ្នកដោយរបៀបណា? គម្រោងអាជីវកម្មជួយឲ្យអ្នកដឹងថាតើក្រុមហ៊ុនអ្នកនឹងត្រូវទៅណា? តើវាអាចយកឈ្នះស្ថានភាពលំបាកបានដូចម្តេច និងអ្វីដែលអ្នកត្រូវការដើម្បីជំនះឧបសគ្គបានដែរឬទេ?
៣. វាយតម្លៃហិរញ្ញវត្ថុរបស់អ្នក
ការចាប់ផ្តើមអាជីវកម្មត្រូវការចំណាយច្រើន ដូច្នេះអ្នកត្រូវកំណត់ថាអ្នកនឹងអាចមានប្រាក់គ្រប់គ្រាន់ដើម្បីចំណាយលើថ្លៃដើមទាំងអស់តាមវិធីណា។ តើអ្នកមានវិធីរកប្រភពថវិកាផ្គត់ផ្គង់ការចំណាយ ឬក៏ចង់ខ្ចីលុយគេធ្វើដើមទុនរកស៊ី? ទោះជាប្រើវិធីណាក៏ដោយ អ្នកត្រូវប្រាកដថាអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយនៅពេលដែលអ្នកចាប់ផ្តើមធ្វើ មុនពេលទទួលបានប្រាក់ចំណេញ។ មួយវិញទៀតអ្នកអាចរកថិវិកាពីវិនិយោគិនដើម្បីគាំទ្រដល់ដំណើរការអាជីវកម្មរបស់អ្នក។
៤. កំណត់រចនាសម្ព័ន្ធអាជីវកម្មស្របច្បាប់របស់អ្នក
មុនពេលដែលអ្នកធ្វើការចុះបញ្ជីក្រុមហ៊ុនរបស់អ្នក អ្នកត្រូវសម្រេចចិត្តថាតើប្រភេទក្រុមហ៊ុនរបស់អ្នកគឺបែបណា។ អ្នកអាចចុះបញ្ជីទៅតាមកម្រិត ៤ ខាងក្រោម ៖
- សហគ្រាសឯកកម្មសិទ្ធិ ៖ បើអ្នកជាម្ចាស់តែម្នាក់ឯងនិងមានទំនួលខុសត្រូវចំពោះបំណុល និងកាតព្វកិច្ចទាំងអស់ដោយខ្លួនឯង។
- សហគ្រាសសហកម្មសិទ្ធិ ៖ បើមានមនុស្ស២ឬ៣នាក់ដែលមានទំនួលខុសត្រូវជាម្ចាស់អាជីវកម្ម។
- សាជីវកម្ម ៖ បើអ្នករកស៊ីចូលហ៊ុនជាមួយក្រុមហ៊ុនផ្សេងទៀត ដែលវាត្រូវបានគេលក់ភាគហ៊ុនពីម្ចាស់ដើមឲ្យម្ចាស់ឯទៀត។
- សាជីវកម្មបំណុលមានដែនកំណត់ ៖ វាជាសាជីវកម្មដែលមានសម្ព័ន្ធផ្សំចូលគ្នានិងមានការកាពារដោយស្របច្បាប់ពីសាជីវកម្ម។
៥. ការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនិងក្រសួងដែលពាក់ព័ន្ធ
ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកមានការទទួលស្គាល់ជាផ្លូវការ អ្នកត្រូវចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងផ្សេងទៀតដែលពាក់ព័ន្ធ។ អ្នកត្រូវរៀបចំឯកសារផ្សេងៗដើម្បីគ្រប់គ្រាន់ក្នុងការដាក់បញ្ចូលឈ្មោះក្រុមហ៊ុនឬស្ថាប័នរបស់អ្នកចូលទៅក្នុងក្រសួងបាន។ ម្យ៉ាងទៀតអ្នកត្រូវដឹងថាការចុះបញ្ជីមិនមែនធ្វើឡើងតែនៅក្នុងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាអាចត្រូវការការចុះបញ្ជីពីក្រសួងផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការការអនុវត្តន៍ការងាររបស់អ្នក។ ឧទាហរណ៍ថាអ្នកចង់បើកក្រុមហ៊ុនទេសចរណ៍ អ្នកត្រូវធ្វើការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មរួចហើយក្រសួងទេសចរណ៍មួយទៀត។
៦. ជ្រើសរើសយកបច្ចេកវិទ្យារបស់អ្នក
អាជីវកម្មសព្វថ្ងៃត្រូវការឲ្យមានបច្ចេកវិទ្យាដើម្បីធ្វើប្រតិបត្តិការ។ ទំហំនៃការប្រើប្រាស់បច្ចេកវិទ្យាតូចឬធំអាស្រ័យលើទំហំនៃឧស្សាហកម្មក្នុងអាជីវកម្មរបស់អ្នកដូចគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏យ៉ាងហោចណាស់អ្នកត្រូវមានកុំព្យូរទ័រដើម្បីជួយសម្រួលដល់ការរៀបចំការងារ និងឯកសារផ្សេងៗរបស់អ្នកដែរ។ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា អ្នកត្រូវយល់ពីមុខងារអាជីវកម្មសំខាន់ៗដូចជា គណនេយ្យ ការទូទាត់វិក័យប័ត្រ ប្រព័ន្ធសុវត្ថិភាព ការស្តុកទុក ការប្រតិបត្តិការជាដើម។
ការចុះបញ្ជីមិនមែនធ្វើឡើងតែនៅក្នុងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាអាចត្រូវការការចុះបញ្ជីពីក្រសួងផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការការអនុវត្តន៍ការងាររបស់អ្នក។
៧. ការទិញគោលការណ៍ធានារ៉ាប់រង
ការទិញធានារ៉ាប់រងដ៏ត្រឹមត្រូវសម្រាប់អាជីវកម្មគឺជាជំហានសំខាន់មួយដែលអ្នកគួរតែធ្វើមុនពេលអ្នកចាប់ផ្តើមដំណើរការ។ ការដោះស្រាយជាមួយឧបទ្ទវហេតុផ្សេងៗដូចជា ការខូចខាតទ្រព្យសម្បត្តិ ចោរលួច វិវាទជាមួយអតិថិជនដែលទាំងនេះសុទ្ធតែជារឿងធ្ងន់ធ្ងរបើវានឹងកើតឡើងដោយប្រការណាមួយ ហើយអ្នកត្រូវច្បាស់ថាអ្នកត្រូវបានគេការពារយ៉ាងត្រឹមត្រូវ។ ប្រសិនបើអ្នកមាននិយោជិកច្រើន អ្នកត្រូវមានធានារ៉ាប់រងប្រាក់សំណងនិងនិកម្មភាព។ អាជីវកម្មខ្នាតតូចភាគច្រើនត្រូវបានគេណែនាំឲ្យទិញធានារ៉ាប់រងបំណុលទូទៅដែលវាគ្របដណ្តប់ទៅលើផ្នែកមូលដ្ឋានគ្រឹះទាំង ៣ ដូចជា ការខូចខាតទ្រព្យសម្បត្តិ របួសរាងកាយ និងការរងរបួសដែលកើតមកលើខ្លួនអ្នកឬអ្នកឯទៀត។
៨. ជ្រើសរើសដៃគូរបស់អ្នកសហការ
ការដឹកនាំអាជីវកម្មវាអាចច្រើនលើសលប់ហួសពីព្រំដែនដែលអ្នកអាចគ្រប់គ្រងបាន។ ហេតុនេះអ្នកត្រូវមានដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងការជួយសម្រួលប្រតិបត្តិការគ្នាទៅវិញទៅវិញមក។ នៅពេលដែលអ្នកជ្រើសរើសដៃគូពាណិជ្ជកម្ម អ្នកត្រូវតែមានការប្រុងប្រយ័ត្នជាទីបំផុត។ អ្នកគួរតែស៊ើបប្រវត្តិឲ្យបានជាក់លាក់ឬរើសអ្នកដែលអាចទុកចិត្តបានមុនពេលសម្រេចចិត្តថាធ្វើការជាមួយក្រុមហ៊ុននោះ ព្រោះថាបើអ្នករើសយកដៃគូដែលត្រឹមអ្នកនឹងអាចរីកចម្រើនដល់ចំណុចសក្តានុពល តែបើអ្នករើសដៃគូមិនល្អវិញគេនឹងអាចទាញអ្នកទម្លាក់ចុះបានដូចគ្នា។
៩. កសាងក្រុមរបស់អ្នក
វាជារឿងសំខាន់ណាស់សម្រាប់អ្នកក្នុងការជួលក្រុមមនុស្សពូកែៗ និងល្អៗដើម្បីជួយឲ្យក្រុមហ៊ុនរបស់អ្នករីកដុះដាលទៅមុខបាន។ លោក Joe Zawadzki ជាស្ថាននិកនិងនាយកប្រតិបត្តិនៃ MediaMathមានប្រសាសន៍ថា “ចូរចាំថាផលិតផលរបស់អ្នកគឺមនុស្សជាអ្នកបង្កើត។ អ្នកត្រូវកត់ចំណាំពីសមាជិកក្រុមម្នាក់ៗ ចន្លោះខ្វះខាត រកវិធីសាស្ត្រណាដែលអាចឲ្យម្នាក់ៗធ្វើការជាមួយគ្នាបាន បែងចែកតួនាទីនិងទំនួលខុសត្រូវការងារ ការផ្តល់មតិកែតម្រូវ ព្រមទាំងការធ្វើការងារជាមួយគ្នាបានទោះបីជាម្នាក់ៗមិនបាននៅជាមួយគ្នាក៏ដោយ។
១០. បើកបង្ហាញខ្លួនឯងនិងផ្សព្វផ្សាយ
អាជីវកម្មថ្មីថ្មោងដំណើរការទៅបានចាំបាច់ណាស់ត្រូវតែធ្វើឲ្យគេស្គាល់សិន។ តើអ្នកឲ្យគេទិញឬប្រើសេវាកម្មយើងដូចម្តេចបើគេមិនទាំងស្គាល់យើងផង? អ្នកអាចប្រើវិធីសាស្ត្រច្រើនយ៉ាងណាស់ក្នុងការផ្សព្វផ្សាយឲ្យគេស្គាល់យើងបានទាំងក្នុងប្រព័ន្ធអ៊ីនធឺរណែត(គេហទំព័រ បណ្តាញកំសាន្តសង្គម) ប្រព័ន្ធផ្សព្វផ្សាយ(វិទ្យុ ទូរទស្សន៍) និងការផ្សព្វផ្សាយខាងក្រៅ(ចែកខិត្តប័ណ្ណ បោះស្តង់លក់ជាដើម)។ មួយវិញទៀតអ្នកត្រូវមានម៉ាកយីហោ និងឈ្មោះក្រុមហ៊ុនដែលងាយចងចាំផងដែរ។
១១. ពង្រីកអាជីវកម្មរបស់អ្នក
ដើម្បីបង្កើតប្រាក់ចំណេញ អ្នកត្រូវការធ្វើឲ្យអាជីវកម្មរបស់អ្នកលូតលាស់តែវាត្រូវការពេលវេលានិងចំណាយកម្លាំងច្រើន។ អ្នកអាចរើសយកវិធីសហការជាមួយក្រុមហ៊ុនដទៃដើម្បីរីកចម្រើនទៅទាំងអស់គ្នា។ ម៉្យាងទៀតអ្នកក៏អាចធ្វើជាអ្នកឧបត្ថម្ភឲ្យកម្មវិធីសប្បុរសធម៌ដើម្បីឲ្យកេរ្តិ៍ឈ្មោះអ្នកល្បីសុះសាយតាមនោះដែរ។
ជាការពិតណាស់ ការចាប់ផ្តើមអាជីវកម្មជាការប្រថុយប្រថាននិងត្រូវជម្នះឧបសគ្គច្រើន ប៉ុន្តែកាលណាអ្នកមានឧបករណ៍និងពត៌មានដែលមានគុណភាពនោះអ្នកពិតជាអាចដើរលើផ្លូវធ្វើជាសហគ្រិនដ៏ជោគជ័យម្នាក់បាន។