spot_img
spot_img
Homeធុរកិច្ចចំណេះដឹងសម្រាប់ HR ក្នុងយុគសម័យថ្មី

ចំណេះដឹងសម្រាប់ HR ក្នុងយុគសម័យថ្មី

-

នៅក្នុងអង្គភាពមួយ អាចទទួលបានរីកចម្រើនខ្លាំងបាន លុះត្រាតែមានថ្នាក់ដឹកនាំខ្លាំងដែរ ហើយក៏មានផ្នែកមួយទៀតក៏សំខាន់ដែរ ក្នុងការជួយជំរុញឱ្យអង្គភាពពោរពេញទៅដោយក្រុមការងារល្អៗ និងមានសមត្ថភាពខ្លាំង ដើម្បីចូលរួមចំណែកធ្វើឱ្យកាន់តែមានភាពរីកចម្រើននៅក្នុងអង្គភាព។

អ្វីដែលសំខាន់ នៅក្នុងយុគសម័យនេះ ជាសម័យដែលគេពេញនិយមប្រើប្រាស់បច្ចេកវិទ្យា និងបម្លែងខ្លួនឱ្យកាន់តែមានសមត្ថភាពខ្លាំងជាងមុន ហើយនៅក្នុងចំណុចនេះ ចំពោះអ្នកដែលមានតួនាទីជា HR ឬថ្នាក់ដឹកនាំមានបំណងចង់ពង្រឹងសមត្ថភាព HR ក្នុងអង្គភាពរបស់ខ្លួន គួរតែជំរុញឱ្យផ្នែក HRឈ្វេងយល់បន្ថែមពីចំណេះដឹង ចំនួន 4 ខាងក្រោម៖

1. ភាពធន់របស់បុគ្គលម្នាក់ៗនិងអង្គភាពទាំងមូល

ចំពោះអ្នកជំនាញផ្នែកធនធានមនុស្សនាពេលអនាគត ការងារនឹងរួមបញ្ចូលការអភិវឌ្ឍន៍សមត្ថភាពផ្ដោតអារម្មណ៍ឱ្យខ្លាំង ឱ្យកាន់តែរឹងមាំ និងធ្វើឱ្យទិដ្ឋភាពទូទៅនៃភាពខ្លាំងរបស់បុគ្គលិកដែលរួមបញ្ចូលទាំងសុខភាពផ្លូវចិត្ត ផ្លូវកាយ និងស្មារតី។

លើសពីនេះ តួនាទីច្បាប់ថ្មីរបស់ធនធានមនុស្ស (HR) គឺផ្តោតលើយុទ្ធសាស្ត្រអាជីវកម្មសម្រាប់បង្កើនផលិតភាពការងារ និងការរក្សាបុគ្គលិក ដោយមិនគ្រាន់តែគិតផ្ដោតលើអត្ថប្រយោជន៍សម្រាប់អង្គភាពទាំងមូលនោះទេ។

បច្ចុប្បន្ននេះ បុគ្គលិកភាគច្រើនមានចំណេះដឹងជាង 88% ដែលអាចបំពេញការងាររបស់ពួកគេពីចម្ងាយ ដូច្នេះតួនាទីរបស់ HR ត្រូវធានាថា ពួកគាត់ធ្វើការបានល្អ និងត្រូវផ្ដល់អត្ថប្រយោជន៍ដូចអ្នកដែលធ្វើការនៅការិយាល័យផ្ទាល់។ ម្យ៉ាងទៀត ត្រូវធ្វើជាអ្នកសម្របសម្រួល រក្សាដំណើរការគោលនយោបាយ និងបច្ចេកវិទ្យារបស់អង្គភាពឱ្យល្អបំផុតសម្រាប់បុគ្គលិកដែលធ្វើការពីចម្ងាយ។ ធ្វើបែបនេះ ដើម្បីពង្រឹងស្មារតីរឹងមាំដល់បុគ្គលិកកុំឱ្យមានអារម្មណ៍ថានៅដាច់ពីគ្នាក្នុងអង្គភាព ថែមទាំងធ្វើឱ្យពួកគេដឹងពីគោលបំណង តួនាទីផ្ទាល់ខ្លួន អ្វីដែលត្រូវសម្រេច និងមានអារម្មណ៍ថាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអង្គភាពទាំងមូល។

2. ទំនុកចិត្ត និងសុវត្ថិភាពរបស់អង្គភាពទាំងមូល

អ្នកជំនាញផ្នែកធនធានមនុស្ស ដើរតួនាទីយ៉ាងសំខាន់ ដូចជា៖

  • ធ្វើជាអាណាព្យាបាល និងជាគំរូនៅកន្លែងធ្វើការប្រកបដោយក្រមសីលធម៌និងការទទួលខុសត្រូវខ្ពស់។ អ្វីដែលសំខាន់ នៅក្នុងសម័យនេះ ជាយុគសម័យឌីជីថល​ ដូច្នេះប្រសិនបើអង្គភាពចង់បញ្ចូលនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមួយនឹងបុគ្គលិក ក៏ត្រូវតែធ្វើឱ្យបុគ្គលិកបានយល់ច្បាស់ និងដឹងពីគោលបំណងរបស់យើងឱ្យបានច្បាស់ដែរ ដើម្បីមានភាពជឿជាក់គ្នានឹងគ្នា។
  • ធានាសុវត្ថិភាពបុគ្គលិកដែលបានបំផុសគំនិតឡើង ដូចជានាយកផ្នែកយុទ្ធសាស្រ្តអាជីវកម្មលើយុទ្ធសាស្ត្រធនធានមនុស្ស ក្នុងគោលបំណងពង្រឹងសមត្ថភាពផ្នែកធនធានមនុស្សដើម្បីបង្កើតឱ្យកន្លែងធ្វើការមានសុវត្ថិភាពសម្រាប់បុគ្គលិកទាំងអស់ទាំងធ្វើការនៅការិយាល័យផ្ទាល់ និងធ្វើការពីចម្ងាយ។
3. ការច្នៃប្រឌិត និងការបង្កើតថ្មី

សំដៅលើការចេះវិភាគថា តើជំនាញអ្វីដែលនឹងចាំបាច់បំផុតនាពេលអនាគត ឬត្រូវពង្រឹងជំនាញអ្វីដល់បុគ្គលិកសម្រាប់ភាពរីកចម្រើនឥតឈប់ឈរ? បន្ទាប់មកផ្តោតលើការកំណត់យុទ្ធសាស្រ្តរបស់អង្គភាពសម្រាប់អនាគតការងារ ក៏ដូចជាការស្នើសុំឱ្យមានការខិតខំប្រឹងប្រែងឡើងវិញ និងបង្កើនសមត្ថភាពដល់បុគ្គលិកបច្ចុប្បន្ន ដើម្បីដើរឱ្យទាន់យុគសម័យដោយធ្វើឱ្យអង្គភាពពោរពេញដោយការបង្កើតថ្មី និងភាពច្នៃប្រឌិត។

4. ចំណេះដឹងទិន្នន័យ

បច្ចុប្បន្ននេះ អ្នកដែលមានមុខងារជាធនធានមនុស្ស (HR) មានចំនួនតិចបំផុតដែលកំពុងបង្កើតសមត្ថភាពវិភាគទៅក្នុងក្រុមរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់មនុស្ស ដូចជាឈ្វេងយល់ពីមូលហេតុដែលផ្នែកមួយដំណើរការល្អជាងផ្នែកផ្សេងទៀត ឬរបៀបដែលអង្គភាពរបស់ពួកគេអាចបង្កើតវប្បធម៌ចម្រុះនិងរួមបញ្ចូលគ្នាបាន។

ការមានចំណេះដឹងទិន្នន័យ អាចជួយឱ្យ HR មានការយល់ដឹងកាន់តែទូលំទូលាយ និងមានភាពត្រឹមត្រូវលើព័ត៌មានជុំវិញដើម្បីបំពេញការងាររបស់បុគ្គលិក និងរក្សាកម្រិតនៃការចូលរួមរបស់មនុស្សបានគ្រប់ផ្នែក។

 

ប្រភព៖ https://hbr.org/2020/08/21-hr-jobs-of-the-future

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ