ការពិតទៅនេះមិនមែនជារឿងអាថ៌កំបាំងអ្វីនោះទេដែលលោក Elon Musk អាចចំណាយពេលធ្វើការរហូតទៅដល់១២០ម៉ោងនៅក្នុងមួយសប្ដាហ៍នោះ ព្រោះថាមិនថាយើងមិនថាគេនោះទេ ប្រសិនបើយើងកំពុងតែធ្វើអ្វីដែលខ្លួនស្រលាញ់ពេញចិត្តហើយនោះ និងចង់ធ្វើឲ្យគម្រោងទាំងនោះចេញជារូបរាងឆាប់ៗ យើងប្រាកដជាអាចមានសមត្ថភាពធ្វើការបានច្រើនម៉ោងប្រហាក់ប្រហែលនឹងគាត់ដែរ។ ការធ្វើការងារច្រើនម៉ោងនេះ មិនមែនមានន័យថា ពីមួយនាទីទៅមួយនាទីយើងត្រូវតែកំណត់ខ្លួនឯងថាត្រូវធ្វើចំនួនប៉ុណ្ណេះឬប៉ុណ្ណោះច្រើនពេកនោះទេ ពោលគឺយើងគប្បីត្រូវធ្វើឲ្យខ្លួនឯងមានភាពរីករាយនៅពេលដែលបានធ្វើវា និងអាចធ្វើវាឲ្យបានល្អ មិនមែនមានអារម្មណ៍ស្មុគស្មាញ ឬធុញទ្រាន់ពេលដែលចាប់ផ្ដើមធ្វើវានោះទេ។
សម្រាប់លោក Elon Musk ផ្ទាល់ ការធ្វើការងារច្រើនម៉ោងបែបនេះ វាបានក្លាយទៅជាទម្លាប់ និងក្លាយទៅជាការកម្សាន្តរបស់គាត់នៅពេលទំនេរៗទៅហើយ។ ការណ៍ដែលលោកElon Musk អាចមានសមត្ថភាពអាចធ្វើការបានយូរយ៉ាងនេះនៅក្នុងមួយសប្ដាហ៍បែបនេះ បានធ្វើឲ្យអ្នកនៅជុំវិញគាត់ជាច្រើនមានការងឿងឆ្ងល់ទៅលើលោកថា បើគាត់ធ្វើការច្រើនម៉ោងយ៉ាងហ្នឹងៗ តើគាត់មានពេលឯណាសម្រាក មានពេលឯណានៅជួបជុំគ្រួសារទៅ? បើក្នុងមួយសប្ដាហ៍គាត់បានចំណាយពេលប្រមាណ១២០ម៉ោងទៅលើការធ្វើការងារបែបនេះ។
សម្រាប់អ្នកដែលហ៊ានយកពេលវេលាសម្រាក ពេលវេលាដើរកម្សាន្តទៅធ្វើការងារច្រើនម៉ោងដូចជាលោក Elon Musk អញ្ចឹង គឺពិតជាកម្រខ្លាំងណាស់ ព្រោះមនុស្សភាគច្រើនបន់ឲ្យតែដល់ថ្ងៃឈប់ អាងបានសម្រាកនៅផ្ទះឬបានដើរលេងជាមួយនឹងមិត្តភក្តិអីចឹងទៅ។ ហើយចំពោះលោក Elon Musk ផ្ទាល់ គាត់មិនមែនមានសមត្ថភាពអស្ចារ្យពីកំណើត ឬមានជំនាញក្នុងការគ្រប់គ្រងពេលវេលាពូកែជាងគេអ្វីនោះទេ ប៉ុន្តែអ្វីដែលគាត់មាន គឺសេចក្ដីស្រលាញ់ចំពោះការងារ និងភាពរីករាយពេលដែលបានធ្វើការងារទាំងនោះ។ ថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា ការងារដែលអ្នកកំពុងតែធ្វើនឹងប្រែក្លាយទៅជាការកម្សាន្ត ហើយការកម្សាន្តនឹងក្លាយទៅជាការធ្វើការងារ ដរាបណាអ្នកបានរកឃើញនូវអ្វីដែលអ្នកចង់ធ្វើ ហើយធ្វើនូវអ្វីដែលអ្នកស្រលាញ់។
ប្រែសម្រួលពីប្រភព៖ https://www.inc.com/kelly-main/science-reveals-how-elon-musk-can-work-120-per-week-it-has-nothing-to-do-with-time-management.html