spot_img
spot_img
Homeអចលនវត្ថុតើអ្នកគួរតែមានហរិញ្ញវត្ថុប៉ុន្មាននៅក្នុងគ្រួសារទើបអាចសម្រេចចិត្តធំលើការទិញអចលនទ្រព្យបាន?

តើអ្នកគួរតែមានហរិញ្ញវត្ថុប៉ុន្មាននៅក្នុងគ្រួសារទើបអាចសម្រេចចិត្តធំលើការទិញអចលនទ្រព្យបាន?

-

នៅក្នុងសម័យជឿនលឿន សម័យបច្ចេកវិទ្យា សម័យសំណង់អគារធំៗ មនុស្សគ្រប់គ្នាពិតជាមមាញឹក និង សស្រាក់សស្រាំខិតខំប្រឹងប្រែងធ្វើការដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និង សម្រាប់បំពេញតម្រូវការរបស់ពួកគេប្រចាំថ្ងៃរួមមាន ការទិញគ្រឿងបរិក្ខា ទិញម៉ូតូឡាន ទិញវីឡា ខុនដូ ឬ ផ្ទះល្វែងជាដើម។ល។ដូច្នេះហើយ ទើបអ្នកត្រូវតែរៀបចំផ្នែកហិរញ្ញវត្ថុរបស់អ្នកក្នុងការចាយវាយទៅលើអ្វីមួយឲ្យបានជាក់លាក់ និង​ ល្អិតល្អន់ ដូចជាការទិញចូល លក់ចេញ ការបង់ថ្លៃទឹក ភ្លើង បន្ទប់ជួល និងការចំណាយផ្សេងៗទៀត។យ៉ាងណាមិញនៅលើបណ្ដាញសង្គមហ្វេសបុក( Facebok) ខ្ញុំតែងឃើញការផ្សព្វផ្សាយអំពីចលន និងអចលនទ្រព្យជាច្រើនដែលមានភាពទាក់ទាញយ៉ាងខ្លាំង ធ្វើឱ្យខ្ញុំចង់តែមានមួយនឹងគេដែរ។ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំពិតជាមានលទ្ធភាពទិញវាដែរឫទេ? តើសុខភាពហិរញ្ញវត្ថុរបស់អ្នកស្ថិតនៅកម្រិតណា? អាចផ្គត់ផ្គង់ទាំងការចំណាយ និង​ ការទិញវាបានដោយមិនប្រឈមមុខជាមួយនឹងបញ្ហាផ្សេងៗបានដែរឬទេ?

ដូចនេះហើយនៅក្នងថ្ងៃនេះគំនិតនឹងលើកយកមកនូវអត្ថបទមួយដែលទាក់ទងទៅនឹងការទិញចលន និង អចលនទ្រព្យ និងការគណនាលេខមួយចំនួនដើម្បីឲ្យដឹងថាប្រាក់ខែ ឬ ចំណូលរបស់អ្នកចំនួនប៉ុន្មានទើបអាចទិញអចលទ្រព្យបាន ហើយគោលបំណងគឺ ចង់ឱ្យអ្នកយល់ដឹងឲ្យបានច្បាស់អំពីហិរញ្ញវត្ថុគ្រួសារ និងបុគ្គល។ តើអ្នកត្រៀមរួចរាល់ឬនៅក្នុងការសំម្រេចចិត្តដ៏ធំមួយ លើការទិញអចលនទ្រព្យ?

តួយ៉ាងបើសិនជាអ្នកមានប្រាក់បៀវត្សក្នុងមួយខែបាន $400ហើយ​ប្រពន្ធរបស់អ្នកមានប្រាក់បៀវត្ស $300 ក្នុងមួយខែ (មិនទាន់មានកូនក្នុងបន្ទុក)។ តើអ្នកមានលទ្ធភាពក្នុងការទិញអចលនទ្រព្យបានដែរឫទេ?

តោះមកធ្វើការគណនាមួយភ្លែតជាមួយគ្នា!

សរុបប្រាក់បៀវត្ស (ចំណូលសរុបក្នុងគ្រួសារ) បាន $700 ក្នុងមួយខែ។ ជាធម្មតាតម្លៃផ្ទះប្រហែលជា $60,000 ក្នុងតំបន់កំពុងអភិវឌ្បន៍មួយ។ បើសិនជាអ្នកបានទទួលឥណទានពីធនាគារក្នុងអត្រាការប្រាក់ 6% ក្នុងមួយខែ សម្រាប់រយៈពេល 15 ឆ្នាំ ដូច្នេះអ្នកអាចគណនាថាតើអ្នកត្រូវបង់លុយផ្ទះប៉ុន្មានក្នុងមួយខែ?

អ្នកអាចទាញយកកម្មវិធី Mortgage Calculator តាមរយៈ Smart Phone​​ បានដើម្បីដឹងពីការបង់ប្រាក់គ្រាន់តែបំពេញតួរលេខដូចជា តម្លៃកម្ចីសរុប អត្រាការប្រាក់ រយៈពេលសរុបនៃការបង់ប្រាក់ ឫបើសិនជាចង់គណនាផ្ទាល់ នេះគឺជារូបមន្ត៖

M = P[r(1+r)n/((1+r)n-1)]

M = តម្លៃបង់ប្រាក់ក្នុងមួយខែ (Monthly Mortgage Payment)

P = តម្លៃកម្ចីសរុប (Principle Loan Amount)

r = អត្រាការប្រាក់ (Annual Interest Rate)

n = រ យៈពេលសរុបនៃការបង់ប្រាក់ (Number of Payment over the Loan’s Lifetime)

M = 60000[0.005(1+0.005)180/((1+0.005)180-1)]

M = 60000[0.005(2.45)/2.45-1]]

M = 60000[0.01225/1.45]

M = 60000(0.0084)

M = 506.90 (Monthly Mortgage Payment) à 506.90/700 = 72%

ជាធម្មតា អ្នកជំនាញហិរញ្ញវត្ថុបានផ្ដល់ដំបូន្មានថាការបង់កម្ចីប្រចាំខែមិនគួរឱ្យលើសពី 28% នៃប្រាក់ចំណូលសរុបក្នុងផ្ទះនោះទេ

ក្នុងករណីនេះប្រាក់បង់ប្រចាំខែដល់ទៅ 72% នៃប្រាក់ចំណូលសរុប។ រួចចុះការចំណាយផ្សេងទៀត ដូចជាអាហារ ចំណាយលើការធ្វើដំណើរ ការកំសាន្ត ទឹកភ្លើង គ្រៀងសំភារៈចាំបាច់ផ្សេងៗក្នុងផ្ទះ ថ្នាំពេទ្យ។ តើគួរពិចារណាម្ដងទៀតទេ?

បើសិនជាអចលនទ្រព្យនោះនៅឆ្ងាយប្រហែលជាង 20 Km ដូច្នេះអ្នកគួរតែពិចារណាលើចំណាយ ថ្លៃសាំង និងពេលវេលា របស់លោកអ្នក។ ឧទាហរណ៍ ថ្លៃសាំងសម្រាប់ប្ដី និងប្រពន្ធអស់ $2 ក្នុងមួយថ្ងៃ គួរតែយកតួរលេខនេះមកគណនាជាខែ ដូចនេះ អ្នកបន្ថែមចំណាយថេរ (Fixed Cost) ប្រចាំខែ $60 ទៀត។ បន្ថែមពីលើនេះទៀត ខ្ញុំចង់ឱ្យអ្នកផ្ដល់តម្លៃទៅលើពេលវេលារបស់អ្នកជាសាច់ប្រាក់ សួរខ្លួនឯងថា តើរយៈពេល 1h រាល់ថ្ងៃដែលចំណាយទៅលើចរាចរណ៍ បើសិនយកពេលនេះទៅធ្វើអ្វីផ្សេងទៀត អ្នកអាចទទួលបានអ្វី ហើយបើគិតជាប្រាក់កាក់ តើអ្នកអាចទទួលបានប៉ុន្មាន?​ ឧទាហរណ៍ ប្រាក់ខែ $400 ក្នុងមួយខែ 5 ​ថ្ងៃក្នុងមួយអាទិត្យ និង 8h ក្នុងមួយថ្ងៃ អ្នកអាចទទួលបាន $400/ប្រាំថ្ងៃ = $80/មួយអាទិត្យ à $80/8 = $10 ក្នុងមួយថ្ងៃ à 10/8 =$1.25។ ដូចនេះចំណូលរបស់អ្នកគឺ $1.25 ក្នុងមួយម៉ោង រាល់ថ្ងៃដែលអ្នកចំណាយលើការធ្វើចរាចរណ៍ អ្នកបាត់បង់ $1.25 ក្នុងមួយថ្ងៃ ស្មើនឹង $37.5 ក្នុងមួយខែ បូកថ្លៃសាំងសម្រាប់ម្នាក់។ ពាក្យបច្ចេកទេសរបស់សេដ្ឋកិច្ចវិទ្យាគេថាជា Opportunity Cost។

ខ្ញុំសង្ឃឹមថាអត្ថបទដ៏ខ្លីមួយនេះអាចធ្វើឱ្យអ្នកពិចារណាឱ្យបានច្បាស់លាស់មុនធ្វើការសម្រេចចិត្តយកកម្ចីដើម្បីទិញចលន និងអចលនទ្រព្យធំៗ។មុនពេលធ្វើការជាវអ្វីមួយ អ្នកគួរតែពិចារណាមុនសិនថា តើនេះគឺជា តម្រូវការរបស់អ្នក ឬក៏ ជាចំណង់របស់អ្នក (Needs and Wants)? អ្នកគួរតែព្យាយាមលើការហាមខ្លួនឯងក្នុងការទិញតាមចំណង់ចំណូលចិត្ត (Impulse Purchase) ។

នៅក្នុងអត្ថបទនេះដែរគឺមិនមែនចង់ធ្វើឱ្យអ្នកបាក់ទឹកចិត្តលើការវិនិយោគនោះទេ ប៉ុន្តែមានបំណងចង់ឱ្យអ្នកយល់ច្បាស់ពីការទទួលខុសត្រូវ លើសុខភាពហិរញ្ញវត្ថុគ្រួសារ និងបុគ្គល។

ជារួមមកអ្នកត្រូវតែមើលទៅលើហិរញ្ញវត្ថុរបស់អ្នកថាអាចគ្រប់គ្រាន់ក្នុងការបង់ទៅលើអចលនទ្រព្យ និង ការចំណាយផ្សេងៗទៀតដែរឬអត់ ហើយវាពិតជាតម្រូវការរបស់អ្នកពិតជាក់ស្ដែង ឬ គ្រាន់តែជាការចង់បានតែមួយគ្រា?៕

 

 

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ