តើអ្នកធ្លាប់ជួបបញ្ហាពិបាកនៅពេលដែលគេស្នើរឲ្យនិយាយអំពីអាជីវកម្មដែរឬទេ?
សុន្ទរកថាជណ្តើរយន្ត ឬត្រូវបានគេនិយមហៅជាភាសាអង់គ្លេស Elevator Speech សំដៅលើការនិយាយអធិប្បាយអំពីអាជីវកម្មរបស់អ្នកជាសាធារណៈ ដោយច្នៃប្រឌិត ដោយថាមពល និងដោយឱ្យអ្នកស្តាប់ទទួលអារម្មណ៍ដ៏ពុះកញ្ជោលរបស់អ្នកចំពោះអាជីវកម្ម ក្នុងរយៈពេល១ទៅ៣នាទី។ អ្នកអាចនិយាយក្នុងកម្មវិធីបណ្តាញដើម្បីណែនាំខ្លួន ឬការថ្លែងសុន្ទរថាបើកកម្មវិធី ។ សុន្ទរកថានេះនឹងជំរុញទឹកចិត្តទស្សនិកជនអោយចង់ស្វែងយល់បន្ថែម។
ឱកាសនិយាយអំពីអាជីវកម្មជាមួយអ្នកដទៃ តែងតែកើតមានឡើងដោយមិនព្រៀងទុក។ អ្នកត្រូវតែបង្កើត ទម្លាប់និយាយ អំពីខ្លួនឯងនិងអាជីវកម្ម។ ក្នុងស្ថានភាពភ្លាមៗដែលគេស្នើសុំឱ្យអ្នកពិពណ៌នាអំពីអាជីវកម្មរបស់អ្នក អ្នកនឹងមិនភ័យ មិនមានសំពាធ ហើយមានទំនុកចិត្តជាមួយនឹងខ្លឹមសារនៃសុន្ទរកថាជណ្តើរយន្តរបស់អ្នក ព្រោះអ្នកដឹងពីអ្វីដែលត្រូវនិយាយ។
តើអ្នកធ្លាប់ជួបបញ្ហាពិបាកនៅពេលដែលគេស្នើរឲ្យនិយាយអំពីអាជីវកម្មដែរឬទេ? តើអ្វីដែលធ្វើឲ្យការអធិប្បាយរបស់អ្នកមានការរអាក់រអួល?
ពេលខ្លះការនិយាយឲ្យបានច្បាស់ៗ និងនិយាយឲ្យសា្តប់ទៅមានឥទ្ធិពល ក្នុងពេលតែមួយ គឺមិនមែនងាយស្រួលដូចការគិតឡើយ ជាពិសេសអ្នកគឺជាមនុស្សដែលដឹងស៊ីជម្រៅនិងគ្រប់សកម្មភាពទាំងអស់របស់អាជីវកម្ម។ អ្នកដឹងពត៌មានច្រើនពេក ហើយចំពោះម្ចាស់អាជីវកម្មដូចអ្នកគឺមើលឃើញសឹងគ្រប់ផ្នែកសុទ្ធតែជាចំណុចល្អ។ ដូច្នេះតើត្រូវលើកនិយាយអំពីចំណុចណា ហើយចោលចំណុចណា?
ការជ្រើសរើសពត៌មានមួយចំនួនក្នុងចំណោមពត៌មានដ៏ច្រើន និងជម្រើសពាក្យពេចន៍ដែលមានការបង្ហាញអំពីថាមពល និងអារម្មណ៍ពុះកញ្ជ្រោលចំពោះអាជីវកម្មអ្នក គឺជាកិច្ចការលំបាកមួយ។ ការដឹងច្រើនអំពីអាជីវកម្មរបស់អ្នកគឺជារឿងខុសគ្នាអំពីការនិយាយឲ្យគេចាប់អារម្មណ៍លើអាជីវកម្មអ្នក។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យសុន្ទរកថាជណ្តើរយន្តជោគជ័យ? ឥទ្ធិពលទៅលើអ្នកស្តាប់គឺជាមុខងារសំខាន់បំផុតរបស់សុន្ទរកថាជណ្តើរយន្ត។ គោលបំណងរបស់អ្នកគឺចាប់យកចំណាប់អារម្មណ៍ និងបង្កើតចំណង់ឲ្យអ្នកស្តាប់ចង់ទំនាក់ទំនងជាមួយអ្នក។ សុន្ទរកថារបស់អ្នកត្រូវតែបង្ហាញច្បាស់ៗអំពីការផ្តល់ជូន និងគុណតម្លៃរបស់អ្នក។ ហើយវាក៏ត្រូវតែពាក់ព័ន្ធនិងមានការជម្រុញទឹកចិត្តចំពោះពួកគេផងដែរ។
អ្នកអាចប្រើពត៌មានជំនួយខាងក្រោមនេះដើម្បីបង្កើតសុន្ទរកថារបស់អ្នក។ នេះគឺជារចនាសម្ព័ន្ធសាមញ្ញមួយដែលអាចប្រើជាជំនួយបាន ៖
- ខ្ញុំឈ្មោះ … ហើយក្រុមហ៊ុនរបស់ខ្ញុំគឺ …។
- សូមអរគុណសម្រាប់ឱកាសនេះ។
- យើងខ្ញុំជួយ… (ពិពណ៌នាអតិថិជនគោលដៅ) ដែល …(ពិពណ៌នាអំពីបញ្ហាអតិថិជនទាំងនេះប្រឈមមុខ)។
- យើងខ្ញុំជួយអតិថិជន (ពិពណ៌នាអំពីដំណោះស្រាយ) ។
- អតិថិជនស្រលាញ់យើងខ្ញុំដោយសារ…..
- យើងមានលក្ខណៈពិសេសនិងខុសប្លែក…
- អតិថិជនដែលបានប្រើប្រាស់សេវាកម្មយើងនិយាយថាពួកគេពេញចិត្តនឹង…..
- នៅពេលយើងបំពេញការងារ យើងធានាជូននូវ…..
- ប្រសិនបើអ្នកទាំងអស់គ្នាមានការចាប់អារម្មណ៍ក្នុងការស្វែងរកបន្ថែម….. (សកម្មភាពត្រូវធ្វើ) ។