ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022 គឺជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ រៀបចំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេព្យកោសល្យបច្ចេកវិទ្យា” ដែលប្រព្រឹត្តទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (ទីតាំងទី1) និង The Factory Phnom Penh (ទីតាំងទី2) ចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2022។
ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022 នេះ ក៏មានកិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍រវាងវាគ្មិនជំនាញៗ ការឈ្វេងយល់ពីប្រព័ន្ធអេកូឡូស៊ី សក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រីកចំណេះដឹង ការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច និងជាពិសេសការបង្កើតឱកាសវិនិយោគ។
បន្ថែមពីនេះ បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការបង្កើតឱ្យមានពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022 គឺមានគោលបំណងបង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បី៖
- កៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាសេដ្ឋកិច្ចនិងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី4។
- បង្ហាញអំពីវឌ្ឍនភាពគោលនយោបាយ និងក្របខណ្ឌគតិយុត្ត ជាពិសេសផលិតផលនិងសេវាបច្ចេកវិទ្យានានា។
- ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ ព្រមទាំងចាប់យកឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។
- អភិវឌ្ឍន៍បណ្ដាញអាជីវកម្មរវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្ម និងវិនិយោគ។
- ចាប់យកសក្ដានុពលនៃវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
- លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍រួមជាដើម។
ចុះឈ្មោះចូលរួមទស្សនាដោយសេរីតាមរយៈ ៖ https://ticket.cambodiatechex.gov.kh