spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងភាពខុសគ្នារវាង ផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ

ភាពខុសគ្នារវាង ផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ

-

នៅក្នុងចំណែកនៃភាពជោគជ័យរបស់អាជីវកម្ម តែងតែមានផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារដើម្បីចូលរួមជួយជ្រោមជ្រែងជានិច្ច ដោយគ្មានអាជីវកម្មណាមួយទទួលបានលទ្ធផលល្អប្រសើរស្របតាមការចង់បាន ដោយគ្មានផ្នែកពីរនេះបាននោះទេ។ ទោះបីជាយ៉ាងនេះក្ដី​ ចំពោះអ្នកទើបតែចាប់ផ្ដើមលើផ្នែកទីផ្សារ និងម្ចាស់អាជីវកម្មថ្មីថ្មោង ភាគច្រើននៅតែបែងចែកនៃផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារមិនដាច់ដោយឡែកពីគ្នាសោះ។ ហេតុដូចនេះ នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញពីលក្ខណៈខុសគ្នាមួយចំនួនដើម្បីជួយធ្វើឱ្យអ្នកដែលពុំទាន់ច្បាស់ក្នុងការងាយស្រួលបែងចែក និងយល់ដឹងពីភាពខុសគ្នារវាងផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារឱ្យបានល្អប្រសើរជាងមុន។

ផែនការទីផ្សារ

ផែនការទីផ្សារ (Marketing Plan) សំដៅលើឯកសារប្រតិបត្តិការទាំងឡាយណាដែលគូសបញ្ជាក់អំពីយុទ្ធសាស្ត្រផ្សាយពាណិជ្ជកម្មដែលក្រុមហ៊ុនត្រៀមនឹងអនុវត្តន៍ដើម្បីបង្កើតការនាំមុខ និងឈានដល់ទីផ្សារគោលដៅរបស់ខ្លួន។ បន្ថែមពីនេះ វាក៏ជាផ្នែកនៃការបង្ហាញនូវយុទ្ធសាស្រ្តទីផ្សារជាក់លាក់របស់អាជីវកម្ម និងរួមបញ្ចូលសកម្មភាពជាក់ស្ដែងនានាដែលត្រូវធ្វើ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលដែលក្រុមហ៊ុនរំពឹងទុក។ លើសពីនេះ វាក៏ជាផែនទីមួយដែលជួយបង្ហាញផ្លូវឱ្យក្រុមហ៊ុនអាចអនុវត្តន៍ និងអាចវាស់វែងនូវលទ្ធផលនៃការខិតខំប្រឹងប្រែងធ្វើទីផ្សារក្នុងរយៈពេលជាក់លាក់ណាមួយផងដែរ។

ផ្នែកសំខាន់ៗនៃផែនការទីផ្សារ រួមមាន៖

  • ការស្រាវជ្រាវ​ទីផ្សារ និងការវិភាគ
  • ការកំណត់តម្លៃ ទីតាំង និងម៉ាកយីហោ
  • ការវិភាគប្រកួតប្រជែង
  • យុទ្ធសាស្ត្រទីផ្សារ
  • រៀបកញ្ចប់ថវិកា
  • ការជ្រើសរើសវេទិកាសម្រាប់ការផ្សព្វផ្សាយផលិតផល និងសេវាកម្ម
  • រង្វាស់ដែលវាស់វែងលទ្ធផលនៃការធ្វើទីផ្សារ និងធ្វើរបាយការណ៍
យុទ្ធសាស្រ្តទីផ្សារ

យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) សំដៅលើផែនការសកម្មភាពរបស់អាជីវកម្ម ដើម្បីឈានទៅដល់អតិថិជនគោលដៅ ហើយបំប្លែងពួកគេឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់នៃផលិតផល ឬសេវាកម្មនៅក្នុងអាជីវកម្មនោះ។ បន្ថែមពីនេះ វាតែងតែដំណើរការជុំវិញនៃសំណើរគុណតម្លៃរបស់ក្រុមហ៊ុន (company’s value proposition) ដែលទាក់ទងនឹងអ្នកប្រើប្រាស់ (Consumers) នូវអ្វីដែលក្រុមហ៊ុនកំពុងតំណាងឱ្យ (company stands for) របៀបដែលវាដំណើរការ និងហេតុផលដែលវាសក្តិសមនឹងអាជីវកម្ម។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តទីផ្សារត្រូវបានគូសបញ្ជាក់នៅក្នុងផែនការទីផ្សារ ដែលជាឯកសារ រៀបរាប់លម្អិតអំពីប្រភេទជាក់លាក់នៃសកម្មភាពទីផ្សារដែលក្រុមហ៊ុនត្រូវធ្វើ និងមានតារាងកំណត់ពេលវេលាជាក់លាក់សម្រាប់ចាប់ផ្ដើមយុទ្ធនាការនូវគំនិតផ្តួចផ្តើមធ្វើទីផ្សារផ្សេងៗ។

ប្រភេទសំខាន់ៗមួយចំនួននៃយុទ្ធសាស្រ្តទីផ្សារ រួមមាន៖

  • យុទ្ធសាស្រ្តកំណត់ទីតាំងម៉ាកយីហោ
  • យុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈ
  • យុទ្ធសាស្រ្តទីផ្សារផលិតផល
  • យុទ្ធសាស្ត្រទីផ្សារឌីជីថល
  • យុទ្ធសាស្ត្រមាតិកា SEO
  • យុទ្ធសាស្ត្រទីផ្សារមាតិកា
  • យុទ្ធសាស្ត្រទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
  • យុទ្ធសាស្ត្រទីផ្សារវីដេអូ
ផែនការទីផ្សារ Vs យុទ្ធសាស្រ្តទីផ្សារ

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញចំណុចសំខាន់ៗមួយចំនួនក្រៅពីនិយមន័យដែលបានបង្ហាញខាងលើ ដើម្បីឱ្យអ្នកកាន់តែយល់ច្បាស់អំពីភាពខុសគ្នារវាងផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ។

  • យុទ្ធសាស្រ្តទីផ្សារ គឺតម្រឹមគោលដៅយុទ្ធនាការទីផ្សារជាមួយនឹងគោលដៅអាជីវកម្មទាំងមូល រីឯ ផែនការទីផ្សារ ជួយបង្ហាញផ្លូវជាក់លាក់ដល់អ្នកឱ្យកាន់តែដឹងពីគោលដៅទីផ្សាររបស់អ្នក។
  • យុទ្ធសាស្រ្តទីផ្សារ តែងតែប្រកាន់ភ្ជាប់នូវពាក្យ “ហេតុអ្វី” ពីក្រោយខ្នងនៃការខិតខំធ្វើទីផ្សារ រីឯផែនការទីផ្សារ សំដៅលើផែនទីបង្ហាញផ្លូវក្នុងការអនុវត្តផែនការដែលបានគ្រោងទុក។
  • យុទ្ធសាស្រ្តទីផ្សារ មានគោលបំណងពិពណ៌នាអំពីរបៀបដែលគោលដៅទីផ្សារនឹងជួយអ្នកឱ្យសម្រេចនូវគោលដៅអាជីវកម្ម រីឯផែនការទីផ្សារ មានគោលបំណងដាក់ចេញនូវការខិតខំប្រឹងប្រែងលើយុទ្ធនាការទីផ្សារនៅលើកម្រិតយុទ្ធសាស្ត្រមួយ។
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ