Customer Experience បើនិយាយជាភាសាខ្មែរ គឺ “បទពិសោធន៍អតិថិជន” រីឯ Customer Service គឺ “សេវាកម្មអតិថិជន” ហើយផ្នែកទាំងពីរនេះ ពិតជាមានសារៈសំខាន់នៅក្នុងអាជីវកម្មណាស់ក្នុងការចូលរួមចំណែកធ្វើឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ដោយម្ចាស់អាជីវកម្មទាំងអស់គួរតែមានការយល់ដឹង ដើម្បីបណ្ដុះបណ្ដាលបុគ្គលិកឱ្យមានចំណេះដឹងផ្នែកនេះដែរ។ គួរបញ្ជាក់ផងដែរថា Customer Service ជាផ្នែកមួយនៃ Customer Experience ប៉ុណ្ណោះ។ ហើយដើម្បីឈ្វេងយល់បន្ថែមទៀតអំពីភាពខុសគ្នារវាង Customer Experience និង Customer Service ដូច្នេះខ្លឹមសារខាងក្រោមនេះនឹងបង្ហាញជូនអ្នក។
Customer Experience “បទពិសោធន៍អតិថិជន”
បទពិសោធន៍អតិថិជន សំដៅលើបទពិសោធន៍ដែលអតិថិជនមានជាមួយអាជីវកម្មរបស់អ្នក និងរបៀបដែលអាជីវកម្មរបស់អ្នកភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជន តាមរយៈការធ្វើដំណើរទិញរបស់ពួកគេ (buying journey)។
ផ្នែកបទពិសោធន៍អតិថិជន ជាទូទៅផ្ដោតលើ៖
- ការពិចារណាលើអ្វីៗគ្រប់យ៉ាងដែលអតិថិជននឹងឆ្លងកាត់ ដូចជាអ្វីដែលអតិថិជនអាចប៉ះបាន រសជាតិ ក្លិន ការលឺសម្លេង ការវេចខ្ចប់ ដំណើរការនៃការទិញ និងបទពិសោធន៍ទាំងមូលជាមួយម៉ាកយីហោរបស់អ្នក។
- ការពិចារណាលើផលិតផលឬសេវាកម្ម ដែលអាចផ្ដល់នូវដំណោះស្រាយបញ្ហាដល់អតិថិជនគោលដៅរបស់ពួកគេបានយ៉ាងល្អ។
- ការយល់ពីអ្វីដែលអតិថិជនត្រូវការ និងចង់បានបំផុត ដើម្បីធ្វើយ៉ាងណាផ្ដល់នូវបទពិសោធន៍ដ៏ល្អបំផុតដល់អតិថិជន។
Customer Service “សេវាកម្មអតិថិជន”
សេវាកម្មអតិថិជន សំដៅលើការជួយដោះស្រាយបញ្ហារបស់អតិថិជន ការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន ការបង្រៀនអតិថិជនពីរបៀបប្រើប្រាស់ផលិតផលឬសេវាកម្ម និងអាចបំពេញតម្រូវការអតិថិជន។
ផ្នែកសេវាកម្មអតិថិជន ជាទូទៅផ្ដោតលើ៖
- ការធ្វើជាជំនួយ និងផ្ដល់ដំបូន្មានដល់អតិថិជនលើផលិតផលឬសេវាកម្មឱ្យស្របតាមតម្រូវការរបស់អតិថិជនចង់បានពិតប្រាកដ។
- ការផ្តល់នូវការឆ្លើយតបឱ្យបានរហ័សបំផុតតាមដែលអាចធ្វើបាន ដើម្បីដោះស្រាយរាល់ចម្ងល់ និងរាល់បញ្ហារបស់អតិថិជន។
- ការរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយអតិថិជនទាំងអស់ (អតិថិជនថ្មី និងអតិថិជនចាស់)។
- ការមានចំណេះដឹងឱ្យបានច្បាស់អំពីផលិតផល ឬសេវាកម្មនៅក្នុងក្រុមហ៊ុន