ផ្ទះគឺជាទីជម្រកដែលមិនអាចខ្វះបាននៅក្នុងជីវិតយើងនេះ ហើយវាក៏ជាការវិនិយោគដ៏ធំមួយផងដែរ។ បច្ចុប្បន្ននេះ នៅពេលដែលគេនិយាយដល់ការទិញផ្ទះ ក្រៅពីជាជម្រើសសម្រាប់ផ្តល់ទីជម្រកដ៏កក់ក្តៅដល់គ្រួសារ ភាគច្រើនគេតែងតែរំពឹងដល់ផលចំណេញដែលអាចទទួលបានទៅថ្ងៃខាងមុខផងដែរ។ តើយើងត្រូវគិតពិចារណាទៅលើអ្វីខ្លះ ដើម្បីធ្វើការសម្រេចទិញផ្ទះមួយដែលអាចចំណេញទៅថ្ងៃខាងមុខបាន?
១ ទីតាំង
អ្នកដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុងការទិញផ្ទះ គាត់តែងតែនិយាយថា “ទិញផ្ទះ អ្វីដែលសំខាន់បំផុតគឺទីតាំង ទីតាំង ទីតាំង”។ ព្រោះថា ទីតាំងគឺជាកត្តាដ៏សំខាន់មួយដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ។ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅទីតាំងដែលសមប្រកប ទីដែលមានមនុស្សឆ្លងកាត់ច្រើន ទោះបីជាស្ថានភាពទីផ្សារអចលនវត្ថុធ្លាក់ចុះ ឬនៅត្រឹង ក៏នឹងមិនអាចទាញទម្លាក់តម្លៃរបស់អចលនវត្ថុអ្នកដែរ។
ដូចនេះ ប្រសិនបើអ្នករំពឹងចង់បានចំណេញច្រើនពីផ្ទះដែលអ្នកបានទិញនោះ នៅពេលដែលអ្នកសម្រេចចិត្តទិញផ្ទះណាមួយ អ្វីដែលអ្នកត្រូវគិតពិចារណានោះគឺជ្រើសរើសទីតាំងដែលល្អ។ ធ្វើដូចនេះទើបអ្នកអាចទទួលបានផលចំណេញច្រើនពីការវិនិយោគទិញផ្ទះនេះ។
២ កេរ្តិ៍ឈ្មោះក្រុមហ៊ុនបុរី ឬអ្នកសាងសង់
ហេតុអ្វីនៅពេលទិញផ្ទះ អ្នកត្រូវការជ្រើសរើសទិញជាមួយនឹងបុរី ឬម្ចាស់សំណង់ដែលមានកេរ្តិ៍ឈ្មោះល្បី និងមានប្រវតិ្តល្អ? ព្រោះថា វាដូចជាការទិញទំនិញអញ្ចឹង នៅពេលដែលអ្នកទិញទំនិញដែលមានម៉ាកសញ្ញាល្អ អ្នកប្រាកដជាមានទំនុកចិត្តនូវគុណភាពរបស់វា ហើយការទិញផ្ទះក៏ដូចគ្នាដែរ។ បុរី ឬម្ចាស់គម្រោងដែលមានកេរ្តិ៍ឈ្មោះល្អ ពួកគាត់តែងតែផ្ចិតផ្ចង់ជាងដើម្បីរក្សាកេរ្តិ៍ឈ្មោះខ្លួនឱ្យបានល្អ និងផ្តោតលើការរក្សាស្តង់ដារគុណភាព ហើយពួកគាត់នឹងមិនងាយនឹងបោះបង់គម្រោងចោលកណ្តាលទីនោះទេ ដែលប្រៀបដូចជាអ្នកបានទិញប័ណ្ណធានារ៉ាប់រងយ៉ាងដូច្នេះដែរ។
ដូចនេះ មុននឹងទិញផ្ទះពីគម្រោងណាមួយ អ្នកគួរតែធ្វើការសិក្សាស្វែងយល់ពីគម្រោងនោះឱ្យបានដិតដល់ ព្រោះការទិញផ្ទះគឺជាការវិនិយោគដ៏មានតម្លៃមួយ។
៣ មើលពីសក្តានុពលតំបន់ ឬផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល
មុននឹងទិញផ្ទះ អ្នកគួរតែសិក្សាស្វែងយល់ពីតំបន់នោះ ស្វែងរកព័ត៌មាននានាលើសារព័ត៌មាន ចូលសួរព័ត៌មានលម្អិតពីតំបន់នោះពីអ្នកលក់ ដើម្បីដឹងពីសន្ទុះវិវឌ្ឍក្នុងតំបន់នោះ។ ប្រសិនបើអ្នកចង់ចំណេញក្នុងការវិនិយោគទិញផ្ទះ អ្នកគួរតែតាមដានផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍ក្រុង ឬក៏តាមដានមើលពីសន្ទុះនៃការវិនិយោគរបស់ក្រុមហ៊ុនឯកជននានាទៅលើតំបន់នោះ។
ប្រសិនបើអ្នកចង់ទិញផ្ទះចំណេញ អ្នកគួរតែដាក់កាលវិភាគក្នុងការជិះមើលតំបន់នានាជាប្រចាំ ដើម្បីមើលទីសន្ទុះទិសដៅនៃការអភិវឌ្ឍន៍ និងការប្រែប្រួលនានា។
៤ មើលពីគុណភាពសេវាកម្មគ្រប់គ្រងបុរី
បច្ចុប្បន្ន និងអនាគតខាងមុខ មនុស្សកាន់តែច្រើនឡើងនឹងជ្រើសរើសការទិញផ្ទះ និងរស់នៅ នៅក្នុងបុរី ព្រោះវាជាការរស់នៅបែបថ្មី ដែលមានផាសុខភាព និងសុវត្ថិភាព។ ដូចនេះហើយ នៅពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកក៏ត្រូវផ្តោតលើសេវាថែទាំ និងសេវាកម្មសន្តិសុខបុរីផងដែរ។ ហេតុអ្វី? ព្រោះថា ប្រសិនមិនមានការគ្រប់គ្រងល្អទេ មិនមានសុខសុវត្ថិភាពទេ ការរស់នៅនឹងមិនមានការកក់ក្តៅ និងផាសុខភាព ដែលជះឥទ្ធិពលខ្លាំងទៅលើកេរ្តិ៍ឈ្មោះតំបន់ដែលអ្នករស់នៅ និងទាញតម្លៃអចលនវត្ថុនៅទីនោះមិនឱ្យងើបបាន។ ចូរអ្នកស្រមៃមើល ប្រសិនបើទីធ្លាបុរីមិនស្អាត មិនមានរបៀប រញ៉េរញ៉ៃ ចូលទៅងងឹតស្លុង ហើយមិនមានសុវត្ថិភាព អ្នកនឹងចង់ទិញ ឬចូលរស់នៅក្នុងផ្ទះនៅតំបន់នោះដែរឬទេ?
៥ ម៉ូដផ្ទះ
ម៉ូដផ្ទះគឺប្រៀបដូចជាការស្លៀកពាក់ និងការតុបតែងកាយ និងមុខយ៉ាងដូច្នេះដែរ វាគឺជាសម្រស់សម្រាប់ទាក់ទាញ មិនថាតែអ្នកផ្ទាល់ទេ គឺរួមបញ្ចូលអ្នកទិញតពីអ្នកផងដែរ។ ប្រសិនបើអ្នកមានបទពិសោធន៍ទិញផ្ទះនោះ អ្នកប្រាកដជាដឹងច្បាស់ថាតើផ្ទះប្រភេទណាដែលមានសន្ទុះឡើងខ្ពស់ជាង ហើយប្រភេទណាពិបាកលក់ចេញ។ ប្រសិនបើម៉ូដផ្ទះមិនស្អាត មិនស៊ីវីល័យ មានព័ណ៌មិនទាក់ទាញនោះ តម្លៃរបស់វាក៏នឹងពិបាកនឹងឡើងផងដែរ។ ក្រៅពីសម្រស់ខាងក្រៅ រូបរាងខាងក្នុងក៏ជាកត្តាសំខាន់ដែលមិនអាចមើលរំលងបាន។ មុននឹងទិញផ្ទះ អ្នកគួរសួរខ្លួនឯងថា ពេលចូលទៅក្នុង អ្នកចង់ស្នាក់នៅឬទេ? វាមានពន្លឺគ្រប់គ្រាន់ឬទេ? វាមានលំហរធំទូលាយដែរឬទេ? អ្នកមានអារម្មណ៍ស្រស់ស្រាយទេនៅក្នុងផ្ទះនោះ?ទាំងនេះ សុទ្ធតែជាកត្តាដែលជះឥទ្ធិពលដល់តម្លៃផ្ទះនៅថ្ងៃខាងមុខ។