មេរៀនជាច្រើនដែលថ្នាក់ដឹកនាំត្រូវបង្រៀនដល់បុគ្គលិក ព្រោះបុគ្គលិកជាធនធានដ៏សំខាន់ក្នុងការជំរុញឱ្យស្ថាប័នទាំងមូលទទួលបានភាពជោគជ័យ។ ប៉ុន្តែនៅក្នុងខ្លឹមសារអត្ថបទមួយនឹងបង្ហាញពីមេរៀនចំនួន 7 ដើម្បីឱ្យថ្នាក់ដឹកនាំទាំងអស់អាចធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់ ឬចាត់វិធានការដើម្បីជួលអ្នកជំនាញ ឬឱ្យប្រធានផ្នែកទាំងអស់បង្រៀនដល់បុគ្គលិកផ្សេងៗទៀតឱ្យយល់ដឹង ដើម្បីធ្វើឱ្យពួកគេបង្កើនផលិតភាពការងារ និងអាចរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួន។
1. ការចេះរស់នៅជាមួយគោលដៅជីវិតផ្ទាល់ខ្លួន
បុគ្គលដែលខិតខំធ្វើការដោយគ្មានភាពនឿយហត់ តែងតែធ្វើការដោយមានគោលបំណងជាក់លាក់ និងរស់នៅជាមួយក្ដីស្រមៃផ្ទាល់ខ្លួន។ រីឯបុគ្គលដែលធ្វើការដើម្បីតែបានប្រាក់ខែចិញ្ចឹមជីវិត និងគ្មានគោលដៅជាក់លាក់នៅក្នុងជីវិត តែងតែឆាប់នឿយហត់ ឆាប់បោះបង់ និងឆាប់ធុញទ្រាន់នឹងជីវិតខ្លួនឯងម្ដងម្កាល។ ហេតុដូច្នេះប្រសិនបើអ្នកចង់ធ្វើឱ្យបុគ្គលិករបស់អ្នកខិតខំធ្វើការដោយមានផលិតភាពការងារល្អ ព្រមទាំងរីកចម្រើននៅក្នុងជីវិតរបស់ពួកគេម្នាក់ៗ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែចាត់វិធានការដើម្បីបណ្ដុះបណ្ដាលបុគ្គលិកទាំងអស់ឱ្យមានគោលដៅជីវិត ហើយរស់ជាមួយនឹងគោលដៅជីវិតខ្លួនឯង។
ត្រូវចងចាំថា៖ មនុស្សដែលរស់នៅជាមួយនឹងគោលដៅ តែងតែជាមនុស្សរីកចម្រើន ហើយខិតខំធ្វើអ្វីគ្រប់យ៉ាងដោយអស់ពីសមត្ថភាពដោយមិនចាំបាច់មាននរណាមកដាស់តឿនរហូតឡើយ។ ម្យ៉ាងទៀត ប្រសិនបើស្ថាប័នរបស់អ្នកពោរពេញដោយបុគ្គលបែបនេះ នោះស្ថាប័នរបស់អ្នកក៏កាន់តែរឹងមាំ និងរីកចម្រើនផងដែរ។
2. ការចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន
ប្រសិនបើបុគ្គលិករបស់អ្នក សុទ្ធតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ និងមិនសូវចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អនោះទេ ច្បាស់ណាស់វានឹងប៉ះពាល់ដល់ផលិតភាពការងាររបស់ពួកគេ។ នៅពេលផលិតភាពការងាររបស់ពួកគេធ្លាក់ចុះ នោះគោលដៅដែលក្រុមហ៊ុនចង់សម្រេចបាន ក៏ត្រូវពន្យាពេលដែរ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែមានការបណ្ដុះបណ្ដាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់គ្រប់បុគ្គលិកទាំងអស់ឱ្យបានយល់ដឹង។
ត្រូវចងចាំថា៖ បើបុគ្គលិករបស់អ្នក មានបញ្ហាហិរញ្ញវត្ថុ នោះផលិតភាពការងារ និងភាពរីកចម្រើនរបស់ពួកគេនឹងធ្លាក់ចុះ ហើយប្រសិនបើអ្នកអាចជួយឱ្យបុគ្គលិករបស់អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងរឹងមាំផ្នែកហិរញ្ញវត្ថុ ពួកគេនឹងរីកចម្រើនតាមរយៈការបង្កើនផលិតភាពការងារ ហើយស្ថាប័នរបស់អ្នកក៏រីកចម្រើនតាមនោះដែរ។
3. ការចេះប្រើប្រាស់ពេលវេលាបានល្អ
ពាក្យចាស់លោកពោលថា “ពេលវេលាគឺជាមាសប្រាក់” ដូច្នេះពេលវេលាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ហេតុនេះប្រសិនបើអ្នកមិនចេះប្រើប្រាស់ពេលវេលាឱ្យបានល្អទេ នោះថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយ ពីព្រោះយើងមិនអាចបង្វែរពេលវេលាឱ្យដើរថយក្រោយបានឡើយ។
បន្ថែមពីនេះ ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកត្រូវតែបណ្ដុះបណ្ដាលបុគ្គលិកឱ្យយល់ច្បាស់ពីសារៈសំខាន់នៃការចេះប្រើប្រាស់ពេលវេលាឱ្យបានល្អ និងចេះប្រើប្រាស់ពេលវេលាក្នុងការធ្វើអ្វីមួយដែលអភិវឌ្ឍន៍សមត្ថភាព និងអាចបង្កើនផលិតភាពការងារផ្ទាល់ខ្លួន។ ម្យ៉ាងទៀត អ្នកក៏ត្រូវបង្ហាញពីគុណវិបត្តិនៅពេលដែលបុគ្គលិកខ្ជះខ្ជាយពេលវេលា ព្រមទាំងយកពេលវេលាមួយចំនួនទៅធ្វើអ្វីមួយដែលគ្មានបានផលប្រយោជន៍ត្រឡប់មកវិញសម្រាប់ខ្លួនឯង។
ត្រូវចងចាំថា៖ ប្រសិនបើបុគ្គលិករបស់អ្នកចេះប្រើប្រាស់ពេលវេលាបានល្អ នោះពួកគេនឹងបំពេញការងារសំខាន់ៗក៏បានល្អ ព្រមទាំងចេះបែងចែកយ៉ាងល្អរវាងការធ្វើការងារនៅស្ថាប័ន និងការងារផ្ទាល់ខ្លួន។ ធ្វើបែបនេះ បុគ្គលិករបស់អ្នកក៏កាន់តែរីកចម្រើន ហើយស្ថាប័នរបស់អ្នកក៏ជោគជ័យតាមនោះដែរ។
4. ការចេះរបៀបធ្វើការតាមច្បាប់ 80/20
ច្បាប់ 80/20 មានន័យថា ការខិតខំធ្វើការតែ 20% ប៉ុន្តែទទួលបានលទ្ធផលរហូតដល់ទៅ 80% ហើយបើនិយាយឱ្យសាមញ្ញមានន័យថា ខំធ្វើការតែបន្ថិច ប៉ុន្តែទទួលបានលទ្ធផលច្រើន។
នៅក្នុងចំណុចនេះ ចង់បង្ហាញឱ្យអ្នកដឹងថា បុគ្គលិកមួយចំនួនពេលខ្លះរវល់នឹងធ្វើការយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ប៉ុន្តែទទួលបានលទ្ធផលតែបន្តិចរហូតធ្វើឱ្យពួកគេគ្មានកម្លាំងចិត្តធ្វើការបន្តទៀត។ ហេតុអ្វី? ដោយសារតែពួកគេមិនបានធ្វើការតាមច្បាប់ 80/20។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែបណ្ដុះបណ្ដាលឱ្យបុគ្គលិកចេះធ្វើការតាមច្បាប់ 80/20 ដោយព្យាយាមធ្វើការណាដែលសំខាន់ និងបន្ទាន់មុន ឬព្យាយាមធ្វើការណាដែលមានគុណប្រយោជន៍ច្រើនមុននឹងធ្វើការងារណាមិនចាំបាច់ឬអាចឱ្យអ្នកផ្សេងធ្វើជំនួសបាន ព្រមទាំងធ្វើការងារណាដែលត្រូវនឹងគោលដៅដែលស្ថាប័នចង់បានឱ្យបានច្រើន។
5. ការចេះសេពគប់មនុស្ស
បុគ្គលិកមួយចំនួននៅក្នុងស្ថាប័នរបស់អ្នក ពេលខ្លះពួកគេមិនយល់ពីរបៀបសេពគប់មនុស្សឱ្យបានត្រឹមត្រូវឡើយ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ និងយោងតាមបទពិសោធន៍របស់អ្នក គឺអ្នកត្រូវតែបង្ហាត់បង្ហាញអំពីការសេពគប់មនុស្សដែលធ្វើឱ្យពួកគេមានសេចក្ដីសុខ មានភាពរីកចម្រើន និងអាចជួយគ្នាបានក្នុងគ្រាមានអាសន្ន។ បន្ថែមពីនេះ ត្រូវធ្វើយ៉ាងណាឱ្យពួកគេបានយល់ច្បាស់ថា ការសេពគប់មនុស្សដ៏ល្អ មិនមែនទៅសេពគប់ជាមួយនឹងមនុស្សគ្រប់គ្នាឡើយ ប៉ុន្តែអាចនិយាយរួសរាយ និងអាចយកអាសារជាមួយមនុស្សគ្រប់គ្នាបាន។ ដោយឡែកការសេពគប់អ្នកត្រូវឱ្យបុគ្គលិកអ្នកដឹងថា តើមនុស្សបែបណាគួរនៅក្បែរឱ្យបានច្រើន ឬគួរចៀសវាង? តើមនុស្សបែបណាដែលអ្នកគួររាប់អាន ឬមិនគួររាប់អាន? ។ល។
ត្រូវចងចាំថា៖ ការសេពគប់ ជាកាតាលិករដ៏សំខាន់ក្នុងការជំរុញឱ្យអ្នករីកចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ ដូច្នេះបើអ្នកអាចធ្វើឱ្យបុគ្គលិករបស់អ្នកចេះសេពគប់ជាមួយមនុស្សបានល្អ នោះពួកគេនឹងរីកចម្រើន ហើយស្ថាប័នរបស់អ្នកនឹងពោរពេញទៅដោយមនុស្សពូកែៗ។
6. ការចេះរៀនសូត្រនូវចំណេះជំនាញបានត្រឹមត្រូវ
នៅលើលោកនេះ មានចំណេះដឹង និងមេរៀនជាច្រើនរាប់មិនអស់ឡើយ ដូច្នេះប្រសិនបើយើងចេះតែរៀនៗដោយគ្មានគោលដៅជាក់លាក់ នោះយើងបានតែចំណេះដឹង ប៉ុន្តែមិនអាចយកទៅប្រើការក្នុងការបង្កើតជាប្រយោជន៍បានឡើយ ហើយនេះជាទង្វើដែលខាតពេលបំផុត។ ហេតុនេះ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវបង្ហាញដល់បុគ្គលិកគ្រប់គ្នាថា តើចំណេះជំនាញអ្វីដែលពួកគេម្នាក់ៗ ត្រូវព្យាយាមផ្ដោតរៀនឱ្យខ្លាំង ដោយផ្សាភ្ជាប់ទៅនឹងគោលដៅជីវិតដែលពួកគេចង់បាន? តើចំណេះដឹងណាខ្លះដែលគួរតែរៀនដើម្បីឱ្យដឹង និងយល់ ក៏គ្រប់គ្រាន់ មិនចាំបាច់ផ្ដោតខ្លាំងពេក?
7. ការចេះរស់នៅក្នុងសង្គមជាក់ស្ដែង
សង្គមតែងតែមានការផ្លាស់ប្ដូរ ហើយសង្គមជាក់ស្ដែង មិនដូចនឹងការរៀននៅក្នុងការសាលា ឬគ្រាន់តែលឺគេនិយាយបន្តគ្នា។ បន្ថែមពីនេះ អ្នកក៏ត្រូវជំរុញទឹកចិត្តឱ្យបុគ្គលិករបស់អ្នកឱ្យស្គាល់ពីសង្គមជាក់ស្ដែង ព្រមទាំងចេះរៀនបទបែនតាមបរិបទសង្គម និងចេះរស់នៅជាមួយនឹងសង្គមជាក់ស្ដែងដើម្បីធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើនទាំងជីវិតផ្ទាល់ខ្លួន និងជីវិតការងារ។