អាជីវកម្មនីមួយៗតែងតែចាប់ផ្តើមដោយមានផែនការអាជីវកម្មមួយ ដែលក្នុងផែនការនឹងពិពណ៌នាយ៉ាងសំខាន់អំពីក្រុមហ៊ុន អ្វីដែលគ្រោងនឹងធ្វើ និងរបៀបដែលយើងមានគម្រោងធ្វើវា។ លើសពីនេះ វាក៏បង្ហាញពីគោលបំណង គោលដៅ យុទ្ធសាស្រ្ត សក្តានុពលរបស់ក្រុមហ៊ុន វិធីដោះស្រាយបញ្ហា និងអ្វីដែលវាត្រូវការផ្នែកហិរញ្ញវត្ថុដើម្បីដំណើរការអាជីវកម្មរបស់អ្នក (គិតវិភាគតាមយុទ្ធសាស្រ្ត SWOT)។
ហេតុអ្វីបានជាអ្នកត្រូវការផែនការអាជីវកម្ម?
នៅពេលដែលម្ចាស់អាជីវកម្មបង្កើតឱ្យមានផែនការអាជីវកម្ម គឺវាមានសារៈសំខាន់ដូចជា៖
- បង្ហាញចក្ខុវិស័យរបស់អ្នកទៅកាន់វិនិយោគិនសក្តានុពល ដើម្បីទាក់ទាញមូលនិធិ
- ការរំពឹងទុកសម្រាប់អាជីវកម្មថ្មី
- ឈ្វេងយល់ពីរបៀបគ្រប់គ្រងក្រុមហ៊ុនរបស់អ្នកឱ្យកាន់តែប្រសើរឡើង ដោយមនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុនយល់យ៉ាងច្បាស់ថាក្រុមហ៊ុនកំពុងធ្វើអ្វី មានគោលបំណងអ្វី និងអតិថិជនជានរណាជាដើម
- តាមដានស្ថានភាពនៃការដំណើរការអាជីវកម្ម និងដឹងយ៉ាងច្បាស់អំពីលទ្ធភាពនៃការធ្វើអាជីវកម្ម ព្រមទាំងមានការត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមាន
- ជួយអ្នកឱ្យដឹងថា អ្នកកំពុងធ្វើអាជីវកម្មនោះដើម្បីអ្វី និងចង់សម្រេចអ្វីនាពេលខាងមុខ
តើត្រូវសរសេរផែនការអាជីវកម្មខ្នាតតូច និងមធ្យមបែបណាទើបល្អ?
1. កំណត់គោលបំណងនៃអាជីវកម្ម
អ្នកត្រូវស្វែងរកគោលបំណងដែលអ្នកនឹងបង្កើតក្រុមហ៊ុនឡើង ឧទាហរណ៍ អ្នកបង្កើតអាជីវកម្មនេះឡើង ដើម្បីរកប្រាក់ចំណូលអកម្ម ដើម្បីជួយបង្កើតការងារធ្វើឱ្យមនុស្សកាន់តែច្រើន ដើម្បីជួយសេដ្ឋកិច្ចប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដើម្បីជួយលើកស្ទួយវិស័យណាមួយ និងផ្សេងៗទៀតតាមគោលបំណងជាក់ស្ដែងរបស់អ្នក ហើយត្រូវធ្វើយ៉ាងណាឱ្យគោលបំណងនោះមានភាពជាក់លាក់។
2. ការបែងចែកអតិថិជន
ការបែងចែកអតិថិជន សំដៅលើការអនុវត្តនៃការបែងចែកមូលដ្ឋានអតិថិជនទៅជាក្រុមបុគ្គលដែលមានលក្ខណៈស្រដៀងគ្នាក្នុងវិធីជាក់លាក់ ដូចជាអាយុ ភេទ ចំណាប់អារម្មណ៍ និងទម្លាប់នៃការចំណាយ។ ហើយដើម្បីកាន់តែលម្អិត អ្នកអាចពិចារណានៃការបែងចែកអតិថិជនតាមវិធីខាងក្រោម៖
- តើអ្នកនឹងដោះស្រាយបញ្ហាសម្រាប់ក្រុមមនុស្សណាច្រើនជាងគេ?
- តើការងារ ភារកិច្ច និងកាតព្វកិច្ចរបស់ពួកគេ (អតិថិជនរបស់អ្នក) មានអ្វីខ្លះ?
- តើអ្វីទៅជាក្ដីសង្ឃឹម ក្ដីសុបិន និងក្ដីប្រាថ្នារបស់ពួកគេ (អតិថិជនរបស់អ្នក)?
- តើអ្វីជាជំនឿស្នូលសំខាន់ និងទស្សនៈរបស់ពួកគេ (អតិថិជនរបស់អ្នក)?
- តើពួកគេមានការយល់ដឹងច្បាស់ពីរបៀបដែលអាចទទួលបាននូវអ្វីដែលពួកគេចង់បានឬទេ?
- តើគុណតម្លៃនៃអាជីវកម្មរបស់អ្នក អាចទាក់ទាញក្រុមមនុស្សវ័យណា?
ជារួមមក អ្នកត្រូវស្គាល់ច្បាស់ពីក្រុមអតិថិជនសក្ដានុពលរបស់អ្នកឱ្យបានច្បាស់។
3. សំណើគុណតម្លៃ
សំណើគុណតម្លៃ គឺជាការកំណត់គុណតម្លៃដែលអាចទាក់ទាញចិត្តអតិថិជនឱ្យសម្រេចចិត្តទិញឬប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក។ ដើម្បីកាន់តែយល់ច្បាស់អ្នកអាច ពិចារណាលើសំណួរដូចខាងក្រោម៖
- តើអ្វីជាការចាប់អារម្មណ៍ខ្លាំងលើសំណើក្នុងអាជីវកម្មរបស់អ្នក?
- ហេតុអ្វីបានជាអតិថិជនត្រូវទិញផលិតផលរបស់អ្នក?
4. ទំនាក់ទំនងអតិថិជន
ទំនាក់ទំនងអតិថិជន សំដៅលើការកំណត់ពីរបៀបដែលអាជីវកម្មអាចទាក់ទងជាមួយអតិថិជនរបស់ខ្លួន។ ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវគិតពិចារណាលើ៖
- តើអ្នកនឹងជួបជាមួយអតិថិជនរបស់អ្នកដោយផ្ទាល់ ឬតាមទូរស័ព្ទ ឬអាជីវកម្មរបស់អ្នកភាគច្រើនដំណើរការលើអ៊ីនធឺណិត? តើត្រូវទំនាក់ទំនងជាមួយអតិថិជននៅលើអ៊ីនធឺណិតឬទេ?
- បន្ទាប់មក អ្នកត្រូវបង្កើតផែនទីដំណើរការនៃអ្នកប្រើប្រាស់របស់អតិថិជនរបស់អ្នក នៅពេលដែលពួកគេធ្វើអន្តរកម្មជាមួយអាជីវកម្មរបស់អ្នក។
5. ឆានែល (Channels)
ឆានែល ត្រូវបានកំណត់ថាជាមធ្យោបាយដែលអតិថិជនរបស់អ្នកចូលមកទាក់ទងជាមួយអាជីវកម្មរបស់អ្នក ហើយក្លាយជាផ្នែកមួយនៃវដ្តនៃការលក់របស់អ្នក។ ត្រង់ចំណុចនេះ អ្នកអាចគិតពិចារណាលើ៖
- តើអ្នកនឹងប្រាប់ក្រុមអតិថិជនរបស់អ្នកអំពីសំណើគុណតម្លៃអាជីវកម្មដោយរបៀបណា?
- តើអតិថិជនរបស់អ្នកនៅឯណា?
- តើអតិថិជនរបស់អ្នកភាគច្រើនៅលើបណ្តាញសង្គមទេ?
- តើអតិថិជនរបស់អ្នកចំណាយពេលនៅលើអ្វីច្រើនជាងគេ?
ជារួមមក អ្នកត្រូវដឹងថា តើភាគច្រើនអតិថិជនរបស់អ្នកភាគច្រើនចូលចិត្តឆានែលបែបណា? ហើយអ្នកគួរធ្វើបែបណាដើម្បីអាចទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកតាមឆានែលនោះ?
6. សកម្មភាពសំខាន់ៗ
សកម្មភាពសំខាន់ៗនៃអាជីវកម្មឬផលិតផលរបស់អ្នក គឺជាសកម្មភាពដែលអាជីវកម្មរបស់អ្នកអនុវត្តន៍ដើម្បីសម្រេចបាននូវសំណើគុណតម្លៃដ៏ល្អសម្រាប់អតិថិជនរបស់អ្នក។ ដើម្បីឈ្វេងយល់កាន់តែច្បាស់ អ្នកអាចគិតពិចារណានូវចំណុចដូចខាងក្រោម៖
- តើអាជីវកម្មគួរធ្វើសកម្មភាពអ្វីខ្លះក្នុងការសម្រេចបាននូវសំណើគុណតម្លៃសម្រាប់អតិថិជន?
- តើធនធានអ្វីខ្លះដែលនឹងត្រូវបានប្រើប្រាស់?
- តើពេលណាទើបធ្វើសកម្មភាព? ហើយបញ្ចប់នៅពេលណា?
- តើគួរមានជំនាញអ្វីខ្លះ?
- តើគួរចែកចាយផលិតផលរបៀបណា?
- តើត្រូវអភិវឌ្ឍន៍បច្ចេកទេសបែបណា?
- តើត្រូវប្រើយុទ្ធសាស្រ្តអ្វីខ្លះ?
- តើត្រូវផ្ដល់នូវធនធានអ្វីបន្ថែម?
ជាឧទាហរណ៍នៃការធ្វើសកម្មភាពមួយចំនួន
- ការជួយផ្ដល់ប្រឹក្សាយោបល់ជាមួយអតិថិជន
- ការអភិវឌ្ឍន៍គេហទំព័រអាជីវកម្ម
- ……
7. ធនធានសំខាន់ៗ
អ្នកគួរតែគិតពិចារណាអំពីធនធានដែលមានតម្រូវការជាក់ស្តែង ដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗ នៃអាជីវកម្ម? ហើយធនធានសំខាន់ៗទាំងនោះ អាចជា៖
- កន្លែងការិយាល័យ
- កុំព្យូទ័រ
- បុគ្គលិក
- ការភ្ជាប់អ៊ីនធឺណិត
- និងផ្សេងៗទៀត
8. ដៃគូសំខាន់ៗ
ដៃគូសំខាន់ៗ គឺជាបញ្ជីនៃក្រុមហ៊ុន អ្នកផ្គត់ផ្គង់ និងភាគីខាងក្រៅផ្សេងទៀតដែលអ្នកប្រហែលជាត្រូវការដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗរបស់អ្នក និងផ្តល់គុណតម្លៃដល់អតិថិជន។
9. រចនាសម្ព័ន្ធចំណាយ
អ្នកត្រូវធ្វើរចនាសម្ព័ន្ធថ្លៃដើមអាជីវកម្មរបស់អ្នក ដោយកំណត់ជាថ្លៃដើមប្រតិបត្តិការនៅពេលដំណើរការអាជីវកម្មរបស់អ្នក។ ហើយចំណាយថ្លៃដើមទាំងនោះ អ្នកអាចគិតពិចារណាត្រួសៗលើ៖
- តើវាចំណាយអស់ប៉ុន្មានដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗរបស់អាជីវកម្មរបស់អ្នក?
- តើការចំណាយលើធនធានសំខាន់ៗរបស់អ្នក និងភាពជាដៃគូសំខាន់ៗមានអ្វីខ្លះ?
- តើវាមានតម្លៃប៉ុន្មានដើម្បីសម្រេចបាននូវសំណើគុណតម្លៃសម្រាប់អតិថិជនរបស់អ្នក?
- តើមានការចំណាយបន្ថែមក្នុងការដំណើរការអាជីវកម្មដែរឬទេ?
- ដើម្បីអាចធ្វើអាជីវកម្មឱ្យស្របច្បាប់ តើត្រូវចំណាយលុយប៉ុន្មាន?
- តើអាជីវកម្មរបស់អ្នក ត្រូវការចំណាយលើធានារ៉ាប់រងឬទេ?
- តើអាជីវកម្មរបស់អ្នកមានតម្លៃប៉ុន្មាន?
- តើអ្នកបានជួលអ្វីខ្លះ ហើយចំណាយអស់ថ្លៃប៉ុន្មាន?
10. ស្ទ្រីមប្រាក់ចំណូល
ស្ទ្រីមប្រាក់ចំណូល ត្រូវបានកំណត់ថាជាមធ្យោបាយដែលអាជីវកម្មរបស់អ្នកអាចបំប្លែងសំណើគុណតម្លៃរបស់អ្នក ឬដំណោះស្រាយចំពោះបញ្ហារបស់អតិថិជនទៅជាប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ។ ជារួមមក ជាប្រភពនៃប្រាក់ចំណូល និងប្រាក់ចំណេញដែលទទួលបានអាជីវកម្មរបស់អ្នក។
ដើម្បីកាន់តែច្បាស់ អ្នកអាចមើលគំរូនៃការប្រាក់ចំណូលដូចខាងក្រោម៖
- បង់ក្នុងមួយផលិតផល
- ថ្លៃសេវា
- អត្រាថេរ
- ការទិញរបស់អតិថិជន
- ភាគលាភ
- ប្រាក់ចំណេញ
អ្នកអាចចាប់ផ្ដើមសរសេរ ដោយប្រើគំរូនេះ The Business Model