spot_img
spot_img
Homeធុរកិច្ចរបៀបសរសេរផែនការអាជីវកម្មខ្នាតតូច និងមធ្យម

របៀបសរសេរផែនការអាជីវកម្មខ្នាតតូច និងមធ្យម

-

អាជីវកម្មនីមួយៗតែងតែចាប់ផ្តើមដោយមានផែនការអាជីវកម្មមួយ ដែលក្នុងផែនការនឹងពិពណ៌នាយ៉ាងសំខាន់អំពីក្រុមហ៊ុន អ្វីដែលគ្រោងនឹងធ្វើ និងរបៀបដែលយើងមានគម្រោងធ្វើវា។ លើសពីនេះ វាក៏បង្ហាញពីគោលបំណង គោលដៅ យុទ្ធសាស្រ្ត សក្តានុពលរបស់ក្រុមហ៊ុន វិធីដោះស្រាយបញ្ហា និងអ្វីដែលវាត្រូវការផ្នែកហិរញ្ញវត្ថុដើម្បីដំណើរការអាជីវកម្មរបស់អ្នក (គិតវិភាគតាមយុទ្ធសាស្រ្ត SWOT)។

ហេតុអ្វីបានជាអ្នកត្រូវការផែនការអាជីវកម្ម?

នៅពេលដែលម្ចាស់អាជីវកម្មបង្កើតឱ្យមានផែនការអាជីវកម្ម គឺវាមានសារៈសំខាន់ដូចជា៖

  • បង្ហាញចក្ខុវិស័យរបស់អ្នកទៅកាន់វិនិយោគិនសក្តានុពល ដើម្បីទាក់ទាញមូលនិធិ
  • ការរំពឹងទុកសម្រាប់អាជីវកម្មថ្មី
  • ឈ្វេងយល់ពីរបៀបគ្រប់គ្រងក្រុមហ៊ុនរបស់អ្នកឱ្យកាន់តែប្រសើរឡើង ដោយមនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុនយល់យ៉ាងច្បាស់ថាក្រុមហ៊ុនកំពុងធ្វើអ្វី មានគោលបំណងអ្វី និងអតិថិជនជានរណាជាដើម
  • តាមដានស្ថានភាពនៃការដំណើរការអាជីវកម្ម និងដឹងយ៉ាងច្បាស់អំពីលទ្ធភាពនៃការធ្វើអាជីវកម្ម ព្រមទាំងមានការត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមាន
  • ជួយអ្នកឱ្យដឹងថា អ្នកកំពុងធ្វើអាជីវកម្មនោះដើម្បីអ្វី និងចង់សម្រេចអ្វីនាពេលខាងមុខ

តើត្រូវសរសេរផែនការអាជីវកម្មខ្នាតតូច និងមធ្យមបែបណាទើបល្អ?

1. កំណត់គោលបំណងនៃអាជីវកម្ម

អ្នកត្រូវស្វែងរកគោលបំណងដែលអ្នកនឹងបង្កើតក្រុមហ៊ុនឡើង ឧទាហរណ៍ អ្នកបង្កើតអាជីវកម្មនេះឡើង ដើម្បីរកប្រាក់ចំណូលអកម្ម ដើម្បីជួយបង្កើតការងារធ្វើឱ្យមនុស្សកាន់តែច្រើន ដើម្បីជួយសេដ្ឋកិច្ចប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដើម្បីជួយលើកស្ទួយវិស័យណាមួយ និងផ្សេងៗទៀតតាមគោលបំណងជាក់ស្ដែងរបស់អ្នក ហើយត្រូវធ្វើយ៉ាងណាឱ្យគោលបំណងនោះមានភាពជាក់លាក់។

2. ការបែងចែកអតិថិជន

ការបែងចែកអតិថិជន សំដៅលើការអនុវត្តនៃការបែងចែកមូលដ្ឋានអតិថិជនទៅជាក្រុមបុគ្គលដែលមានលក្ខណៈស្រដៀងគ្នាក្នុងវិធីជាក់លាក់ ដូចជាអាយុ ភេទ ចំណាប់អារម្មណ៍ និងទម្លាប់នៃការចំណាយ។ ហើយដើម្បីកាន់តែលម្អិត អ្នកអាចពិចារណានៃការបែងចែកអតិថិជនតាមវិធីខាងក្រោម៖

  • តើអ្នកនឹងដោះស្រាយបញ្ហាសម្រាប់ក្រុមមនុស្សណាច្រើនជាងគេ?
  • តើការងារ ភារកិច្ច និងកាតព្វកិច្ចរបស់ពួកគេ (អតិថិជនរបស់អ្នក) មានអ្វីខ្លះ?
  • តើ​អ្វី​ទៅ​ជា​ក្ដី​សង្ឃឹម ក្ដី​សុបិន និង​ក្ដី​ប្រាថ្នា​របស់​ពួក​គេ (អតិថិជនរបស់អ្នក)?
  • តើអ្វីជាជំនឿស្នូលសំខាន់ និងទស្សនៈរបស់ពួកគេ (អតិថិជនរបស់អ្នក)?
  • តើ​ពួក​គេ​មាន​ការ​យល់​ដឹង​ច្បាស់​ពី​របៀប​ដែល​​អាច​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បានឬទេ?
  • តើគុណតម្លៃនៃអាជីវកម្មរបស់អ្នក អាចទាក់ទាញក្រុមមនុស្សវ័យណា?

ជារួមមក អ្នកត្រូវស្គាល់ច្បាស់ពីក្រុមអតិថិជនសក្ដានុពលរបស់អ្នកឱ្យបានច្បាស់។

3. សំណើគុណតម្លៃ

សំណើគុណតម្លៃ គឺជាការកំណត់គុណតម្លៃដែលអាចទាក់ទាញចិត្តអតិថិជនឱ្យសម្រេចចិត្តទិញឬប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក។ ដើម្បីកាន់តែយល់ច្បាស់អ្នកអាច ពិចារណាលើសំណួរដូចខាងក្រោម៖

  • តើអ្វីជាការចាប់អារម្មណ៍ខ្លាំងលើសំណើក្នុងអាជីវកម្មរបស់អ្នក?
  • ហេតុអ្វីបានជាអតិថិជនត្រូវទិញផលិតផលរបស់អ្នក?
4. ទំនាក់ទំនងអតិថិជន

ទំនាក់ទំនងអតិថិជន សំដៅលើការកំណត់ពីរបៀបដែលអាជីវកម្មអាចទាក់ទងជាមួយអតិថិជនរបស់ខ្លួន។ ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវគិតពិចារណាលើ៖

  • ​តើ​អ្នកនឹង​ជួប​ជាមួយអតិថិជនរបស់អ្នកដោយ​​ផ្ទាល់​ ឬតាមទូរស័ព្ទ ឬអាជីវកម្មរបស់អ្នកភាគច្រើនដំណើរការលើអ៊ីនធឺណិត? តើត្រូវទំនាក់ទំនងជាមួយអតិថិជននៅលើអ៊ីនធឺណិតឬទេ?
  • បន្ទាប់មក អ្នកត្រូវបង្កើតផែនទីដំណើរការនៃអ្នកប្រើប្រាស់របស់អតិថិជនរបស់អ្នក នៅពេលដែលពួកគេធ្វើអន្តរកម្មជាមួយអាជីវកម្មរបស់អ្នក។
5. ឆានែល (Channels)

ឆានែល ត្រូវបានកំណត់ថាជាមធ្យោបាយដែលអតិថិជនរបស់អ្នកចូលមកទាក់ទងជាមួយអាជីវកម្មរបស់អ្នក ហើយក្លាយជាផ្នែកមួយនៃវដ្តនៃការលក់របស់អ្នក។ ត្រង់ចំណុចនេះ អ្នកអាចគិតពិចារណាលើ៖

  • តើអ្នកនឹងប្រាប់ក្រុមអតិថិជនរបស់អ្នកអំពីសំណើគុណតម្លៃអាជីវកម្មដោយរបៀបណា?
  • តើអតិថិជនរបស់អ្នកនៅឯណា?
  • តើអតិថិជនរបស់អ្នកភាគច្រើនៅលើបណ្តាញសង្គមទេ?
  • តើអតិថិជនរបស់អ្នកចំណាយពេលនៅលើអ្វីច្រើនជាងគេ?

ជារួមមក អ្នកត្រូវដឹងថា តើភាគច្រើនអតិថិជនរបស់អ្នកភាគច្រើនចូលចិត្តឆានែលបែបណា? ហើយអ្នកគួរធ្វើបែបណាដើម្បីអាចទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកតាមឆានែលនោះ?

6. សកម្មភាពសំខាន់ៗ

សកម្មភាពសំខាន់ៗនៃអាជីវកម្មឬផលិតផលរបស់អ្នក គឺជាសកម្មភាពដែលអាជីវកម្មរបស់អ្នកអនុវត្តន៍ដើម្បីសម្រេចបាននូវសំណើគុណតម្លៃដ៏ល្អសម្រាប់អតិថិជនរបស់អ្នក។ ដើម្បីឈ្វេងយល់កាន់តែច្បាស់ អ្នកអាចគិតពិចារណានូវចំណុចដូចខាងក្រោម៖

  • តើអាជីវកម្មគួរធ្វើសកម្មភាពអ្វីខ្លះក្នុងការសម្រេចបាននូវសំណើគុណតម្លៃសម្រាប់អតិថិជន?
  • តើធនធានអ្វីខ្លះដែលនឹងត្រូវបានប្រើប្រាស់?
  • តើពេលណាទើបធ្វើសកម្មភាព? ហើយបញ្ចប់នៅពេលណា?
  • តើគួរមានជំនាញអ្វីខ្លះ?
  • តើគួរចែកចាយផលិតផលរបៀបណា?
  • តើត្រូវអភិវឌ្ឍន៍បច្ចេកទេសបែបណា?
  • តើត្រូវប្រើយុទ្ធសាស្រ្តអ្វីខ្លះ?
  • តើត្រូវផ្ដល់នូវធនធានអ្វីបន្ថែម?

ជាឧទាហរណ៍នៃការធ្វើសកម្មភាពមួយចំនួន

  • ការជួយផ្ដល់ប្រឹក្សាយោបល់ជាមួយអតិថិជន
  • ការអភិវឌ្ឍន៍គេហទំព័រអាជីវកម្ម
  • ……
7. ធនធានសំខាន់ៗ

អ្នកគួរតែគិតពិចារណាអំពីធនធានដែលមានតម្រូវការជាក់ស្តែង ដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗ នៃអាជីវកម្ម? ហើយធនធានសំខាន់ៗទាំងនោះ អាចជា៖

  • កន្លែងការិយាល័យ
  • កុំព្យូទ័រ
  • បុគ្គលិក
  • ការភ្ជាប់អ៊ីនធឺណិត
  • និងផ្សេងៗទៀត
8. ដៃគូសំខាន់ៗ

ដៃគូសំខាន់ៗ គឺជាបញ្ជីនៃក្រុមហ៊ុន អ្នកផ្គត់ផ្គង់ និងភាគីខាងក្រៅផ្សេងទៀតដែលអ្នកប្រហែលជាត្រូវការដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗរបស់អ្នក និងផ្តល់គុណតម្លៃដល់អតិថិជន។

9. រចនាសម្ព័ន្ធចំណាយ

អ្នកត្រូវធ្វើរចនាសម្ព័ន្ធថ្លៃដើមអាជីវកម្មរបស់អ្នក ដោយកំណត់ជាថ្លៃដើមប្រតិបត្តិការនៅពេលដំណើរការអាជីវកម្មរបស់អ្នក។ ហើយចំណាយថ្លៃដើមទាំងនោះ អ្នកអាចគិតពិចារណាត្រួសៗលើ៖

  • តើវាចំណាយអស់ប៉ុន្មានដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗរបស់អាជីវកម្មរបស់អ្នក?
  • តើការចំណាយលើធនធានសំខាន់ៗរបស់អ្នក និងភាពជាដៃគូសំខាន់ៗមានអ្វីខ្លះ?
  • តើវាមានតម្លៃប៉ុន្មានដើម្បីសម្រេចបាននូវសំណើគុណតម្លៃសម្រាប់អតិថិជនរបស់អ្នក?
  • តើមានការចំណាយបន្ថែមក្នុងការដំណើរការអាជីវកម្មដែរឬទេ?
  • ដើម្បីអាចធ្វើអាជីវកម្មឱ្យស្របច្បាប់ តើត្រូវចំណាយលុយប៉ុន្មាន?
  • តើអាជីវកម្មរបស់អ្នក ត្រូវការចំណាយលើធានារ៉ាប់រងឬទេ?
  • តើអាជីវកម្មរបស់អ្នកមានតម្លៃប៉ុន្មាន?
  • តើអ្នកបានជួលអ្វីខ្លះ ហើយចំណាយអស់ថ្លៃប៉ុន្មាន?
10. ស្ទ្រីមប្រាក់ចំណូល

ស្ទ្រីមប្រាក់ចំណូល ត្រូវបានកំណត់ថាជាមធ្យោបាយដែលអាជីវកម្មរបស់អ្នកអាចបំប្លែងសំណើគុណតម្លៃរបស់អ្នក ឬដំណោះស្រាយចំពោះបញ្ហារបស់អតិថិជនទៅជាប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ។ ជារួមមក ជាប្រភពនៃប្រាក់ចំណូល និងប្រាក់ចំណេញដែលទទួលបានអាជីវកម្មរបស់អ្នក។

ដើម្បីកាន់តែច្បាស់ អ្នកអាចមើលគំរូនៃការប្រាក់ចំណូលដូចខាងក្រោម៖

  • បង់ក្នុងមួយផលិតផល
  • ថ្លៃសេវា
  • អត្រាថេរ
  • ការទិញរបស់អតិថិជន
  • ភាគលាភ
  • ប្រាក់ចំណេញ

អ្នកអាចចាប់ផ្ដើមសរសេរ ដោយប្រើគំរូនេះ The Business Model

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ