អត្ថបទនេះជាការឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកនិពន្ធទៅលើវិទ្យាសាស្ត្រសេដ្ឋកិច្ច តាមការយល់ឃើញរបស់គាត់ ដោយផ្អែកលើតថភាពសង្គម និងដោយរំលេចចេញនូវទ្រឹស្ដីសេដ្ឋកិច្ចមួយចំនួន ជាការចែករំលែកដើម្បីបញ្ឆេះការគិតតាមបែបសេដ្ឋកិច្ចសម្រាប់ប្រិយមិត្តទាំងឡាយ តែមិនត្រូវយកធ្វើជាអំនះអំនាងក្នុងការសិក្សាស្រាវជ្រាវឡើយ។
ការចាយវាយសំខាន់ណាស់សម្រាប់អ្នក និងសម្រាប់សេដ្ឋកិច្ច
នៅក្នុងអត្ថបទមុនអំពីចំណាយ និងចំណូល យើងបានពិភាក្សារួចហើយអំពីសារៈសំខាន់នៃការចាយវាយរបស់អ្នក ចំពោះសេដ្ឋកិច្ចទាំងមូល។ យើងបាននិយាយផ្ដោតសំខាន់លើការចាយវាយ ហាក់បីដូចយើងទាំងអស់គ្នាហ្នឹងមិនអាចរស់បានបើយើងមិនបានចាយវាយ (តែចំពោះមនុស្សភាគច្រើនគឺអញ្ចឹងមែន!) ហើយវាក៏សឹងតែក្លាយជាច្បាប់ធម្មជាតិទៅហើយដែលមនុស្សត្រូវតែចង់ចាយ! ប៉ុន្តែសិល្បះនៃការចាយវាយមានលក្ខណៈស៊ីជម្រៅជាងរូបរាងខាងក្រៅនេះទៅទៀត។ ទស្សនាទាននៃការចាយវាយក្នុងអត្ថបទមុននេះមិនមានអ្វីខុសទេ តែសូមអ្នកដឹងថា ភាពត្រឹមត្រូវមិនមែនបានន័យថាវាពេញលក្ខណៈឡើយ។
…វាសឹងក្លាយជាច្បាប់ធម្មជាតិទៅហើយដែលមនុស្សត្រូវតែចង់ចាយ!
សេដ្ឋវិទូដ៏ល្បីល្បាញលើពិភពលោក គឺ លោក ចន មេញណាត ឃេន (John Maynard Keynes) អាចមិនមែនជាអ្នកបង្កើតទ្រឹស្ដី “Paradox of Thrift” (យើងបានលើកពីទ្រឹស្ដីនេះហើយនៅក្នុងអត្ថបទមុន) តែលោកជាអ្នកដែលនាំវាមកក្នុងពិភពសេដ្ឋកិច្ចម្ដងទៀត និងជាអ្នកធ្វើឲ្យវាល្បាញល្បី។ និយាយឡើងវិញយ៉ាងខ្លីនោះ គឺគាត់លើកឡើងថា ការចាយវាយត្បិតត្បៀត (being thrifty) ជាការល្អសម្រាប់ខ្លួនអ្នក តែមិនល្អឡើយសម្រាប់សេដ្ឋកិច្ចទាំងមូល ហើយចុងបញ្ចប់នឹងជាការមិនល្អសម្រាប់អ្នកដែរ ព្រោះបើគេនាំគ្នាចាយកាន់តែតិចនោះ លុយ (ឬធនធាន) ដែលចរាចរនៅក្នុងចរន្ដសេដ្ឋកិច្ចនឹងកាន់តែថយចុះ ហើយយើងទាំងអស់គ្នានឹងទទួលបានកាន់តែតិច មិនថាឡើយជាលុយ ផលិតផល ឬសេវាកម្មនានា។ និយាយឲ្យចំ កាលណាអ្នកសន្សំកាន់តែច្រើន នោះអ្នកចាយកាន់តែតិច ឯចំណូលសរុបសម្រាប់សេដ្ឋកិច្ចទាំងមូលនឹងធ្លាក់ចុះ។ ទាំងនេះហើយ ជាហេតុផល ជាឫសគល់នៃទ្រឹស្ដីនេះ។
ក្រៅពីនេះ យើងក៏បានបញ្ជាក់ច្បាស់ដែរនៅក្នុងឧទាហរណ៍នៃកញ្ចក់បែកថា ទោះបីជាការជួសជុលកញ្ចក់ដែលបែកធ្វើឲ្យអ្នកខាតបង់ប្រាក់ តែប្រាក់នោះមិនបាត់បង់ទៅណានោះទេ គឺវាក្លាយទៅជាចំណូលរបស់ជាងជួសជុលកញ្ចក់នោះឯង។ នេះហើយជាដំណើរការនៃចរន្ដសេដ្ឋកិច្ច។
និយាយឲ្យខ្លីគឺ ចំណាយអ្នក ស្មើនឹងចំណូលរបស់អ្នកដទៃ។
ក្រៅពីចាយ អ្នកនៅមានជម្រើសមួយទៀត
តែកុំបញ្ចប់ការគិតរបស់អ្នកត្រឹមនេះ! ព្រោះអ្នកមានជម្រើសច្រើនក្នុងការប្រើប្រាស់ប្រាក់ដែលរកបាន។ អ្នកដឹងហើយថា ចំណាយអ្នកក្លាយជាចំណូលរបស់អ្នកដទៃ (ឬចំណាយអ្នកដទៃក្លាយជាចំណូលអ្នក) ប៉ុន្តែមានជម្រើសមួយដែលយើងមិនបានលើកយកមកនិយាយនៅក្នុងអត្ថបទមុន។ នោះគឺ «ការសន្សំ»។
មុននឹងពិភាក្សាស៊ីជម្រៅ នេះជារូបមន្តមួយដែលខ្ញុំចង់បង្ហាញអ្នក៖
Y = C + S
ដែល Y: ចំណូល C: ការប្រើប្រាស់ (ដែលតាមពិតជាចំណាយនោះឯង) និង S: ការសន្សំ។
រូបមន្តនេះជារូបមន្តមួយយ៉ាងងាយ ដែលបែងចែកចំណូលរបស់បុគ្គលជាពីរផ្នែកគឺ៖
១. C ជាការប្រើប្រាស់ ដែលអាចជាការទិញទំនិញ ឬជាការប្រើប្រាស់សេវាកម្មណាមួយ (ចាយ)
២. S ជាការសន្សំ ជាផ្នែកនៃចំណូលដែលសល់ពីការចាយវាយ។
រូបមន្តនេះត្រូវបានបង្កើតឡើងដោយផ្អែកចំបងលើការសន្មតមួយរបស់វិទ្យាសាស្ត្រសេដ្ឋកិច្ចដែលថា «មនុស្សមិនចាយលុយដែលគេរកបានទាំងអស់នោះទេ»។ ហើយសម្រាប់មនុស្សភាគច្រើន នេះជារឿងពិត ព្រោះសម្រាប់បុគ្គលដែលគិតគូរពីអនាគត តែងតែទុកប្រាក់មួយផ្នែកដើម្បីសន្សំ។ តើសន្សំប្រាក់ដើម្បីអ្វី?
…មនុស្សមិនចាយលុយដែលគេរកបានទាំងអស់នោះទេ
អ្នកអាចសន្សំដើម្បីគោលបំណងច្រើនយ៉ាងដូចខាងក្រោម៖
១.ដាក់ប្រាក់បញ្ញើមានកាលកំណត់នៅក្នុងធនាគារ ឬផ្ដល់កម្ចីផ្ទាល់ទៅអ្នកណាម្នាក់ទៀត ដើម្បីទទួលបានការប្រាក់
២.វិនិយោគប្រាក់សន្សំ ដោយទិញមូលបត្រ ដូចជាភាគហ៊ុន និងប័ណ្ណបំណុល ដើម្បីទទួលបានប្រាក់ចំណេញដែលអាចជាការប្រាក់ប្រចាំខែ ឬជាលុយចំណេញដុល បន្ទាប់ពីលក់មូលបត្រទាំងនោះវិញក្នុងតម្លៃខ្ពស់ជាងពេលទិញ
៣.បើកប្រកបអាជីវកម្មផ្ទាល់ខ្លួន
៤.អ្នកក៏អាចលាក់លុយទាំងនោះនៅក្រោមខ្នើយរបស់អ្នក ទុកគ្រាន់ជាជំនួយក្នុងគ្រាអាសន្នដែរ (បើខ្ញុំវិញ ខ្ញុំដាក់លុយទាំងនេះនៅក្នុងគណនីសន្សំមួយ ដែលខ្ញុំដកវិញបានគ្រប់ពេលវេលា និងតាមតម្រូវការរបស់ខ្ញុំ ព្រោះយ៉ាងហោចណាស់វាមានសុវត្ថិភាពជាងលាក់ក្រោមខ្នើយ!)
៥.បើអ្នកសន្សំបានច្រើននោះ អ្នកក៏អាចយកលុយនេះទិញទំនិញមូលធនមានតម្លៃ ដូចជាកុំព្យូទ័រយួរដៃជាដើម
៦.អ្នកក៏បរិច្ចាគលុយរបស់អ្នកដល់អ្នកខ្វះខាតដោយផ្ទាល់ ឬតាមរយៈអង្គការនានាដែលធ្វើរឿងនេះបានដែរ បើអ្នកឲ្យតម្លៃខ្ពស់លើអំពើសប្បុរសធ៌មនោះ ។
ថ្លឹងថ្លែងអត្ថប្រយោជន៍នៃជម្រើសនីមួយៗ
អ្នកដឹងថាអ្វីដែលខ្ញុំបានរៀបរាប់ច្រើនចំណុចខាងលើនេះជាអ្វីទេ? ហ្នឹងហើយ! ខាងលើនេះជា ជម្រើស ជាជម្រើសដែលអ្នកអាចប្រើប្រាស់ប្រាក់របស់អ្នកបាន។ ជម្រើសទាំងនេះនាំឲ្យកើតមានទស្សនាទានដ៏សំខាន់មួយក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច នោះគឺ “opportunity cost” ជាខ្មែរហៅថា «ថ្លៃឱកាស»។ ថ្លៃឱកាស ជាអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវលះបង់ ដើម្បីអាចទទួលបាន ឬអាចធ្វើអ្វីមួយបាន។ មិនពិបាកពេកទេមែនទេ? ងាកមកមើលឧទាហរណ៍អំពីប្រាក់សន្សំពីខាងលើនេះវិញ នោះអ្នកនឹងឃើញថាបើអ្នកមិនចាយប្រាក់ដែលអ្នករកបានទាំងអស់នោះទេ អ្នកអាចយកវាមកសន្សំ ឬវិនិយោគ ឬធ្វើអ្វីផ្សេងទៀតដូចបានរៀបរាប់ពីមុននេះបន្តិច។ ជម្រើសទាំងឡាយនេះហើយជាថ្លៃឱកាសនៃការចាយវាយ ហើយវាជាកត្តាសំខាន់មួយនៃការសម្រេចចិត្តក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ថ្លៃឱកាស ជាអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវលះបង់ ដើម្បីអាចទទួលបាន ឬអាចធ្វើអ្វីមួយបាន
ជម្រើសទាំងប៉ុន្មានខាងលើនេះ នាំមកជាមួយនូវគុណប្រយោជន៍រៀងៗខ្លួន ទោះសម្រាប់រយៈពេលខ្លី ឬរយៈពេលវែង ទាំងចំពោះអ្នកផ្ទាល់ និងចំពោះសង្គម។ សូមអ្នកចាប់អារម្មណ៍នឹងការវិភាគពីអត្ថប្រយោជន៍នៃជម្រើសនីមួយៗជាមួយខ្ញុំដូចខាងក្រោម៖
១.ប្រាក់សន្សំរបស់អ្នកដែលបានដាក់ឲ្យអ្នកដទៃខ្ចី ទាំងដោយអ្នកផ្ទាល់ ឬតាមរយៈធនាគារ នឹងជះឥទ្ធិពលល្អទៅលើសេដ្ឋកិច្ច។ អ្នកដឹងថាមកពីអ្វីឬទេ? គឺមកពីកម្ចីដែលចេញពីប្រាក់សន្សំរបស់អ្នកនឹងអាចឲ្យអ្នកខ្ចីនោះអាចមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្ដមសិក្សា ទិញគេហដ្ឋានថ្មី ចាប់បើកអាជីវកម្មថ្មី ឬក៏ពង្រីកអាជីវកម្មដែលមានស្រាប់ឲ្យកាន់តែធំជាដើម (នោះគេនឹងត្រូវការបុគ្គលិកច្រើនជាងមុន និងត្រូវចាយទិញបរិក្ខារអាជីវកម្មកាន់តែច្រើនដែរ)។ សកម្មភាពទាំងអស់នេះសុទ្ធតែធ្វើឲ្យសេដ្ឋកិច្ចមានកំណើនទាំងអស់។
២.ស្រដៀងនឹងការឲ្យកម្ចីដូចខាងលើដែរ ប្រាក់ដែលអ្នកវិនិយោគក្នុងការទិញមូលបត្រ ជាពិសេសភាគហ៊ុន នឹងផ្ដល់ជាហិរញ្ញប្បទានដែលគ្មានការប្រាក់ (ព្រោះអ្នកមិនទទួលបានការប្រាក់ពីការវិនិយោគលើភាគហ៊ុនឡើយ អ្នកទទួលតែភាគលាភជាចំណែកនៃប្រាក់ចំណេញប៉ុណ្ណោះ) ធ្វើឲ្យក្រុមហ៊ុនដែលទទួលបានការវិនិយោគនេះមានធនធាន និងមានលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរ។ បើអ្នកវិនិយោគលើប័ណ្ណរតនាគាររបស់រដ្ឋាភិបាលវិញនោះ អ្នកអាចផ្ដល់កម្ចីការប្រាក់ទាបដល់ការវិនិយោគសាធារណៈនានារបស់រដ្ឋាភិបាលបានដែរ (ប័ណ្ណរតនាគារមិនទាន់មាននៅឡើយទេនៅប្រទេសកម្ពុជាសព្វថ្ងៃ)។
៣.ចំណែកការណ៍ដែលអ្នកចាប់បើកអាជីវកម្មផ្ទាល់ខ្លួនវិញ ក៏មានផលវិជ្ជមានជាច្រើនដល់អ្នកផ្ទាល់ ដល់មជ្ឈដ្ឋានជុំវិញអ្នក និងដល់សង្គម (បើអាជីវកម្មអ្នកទទួលបានជោគជ័យ)។ ទីមួយ គឺវាបង្កើតការងារដល់អ្នកទាំងឡាយណាដែលកំពុងស្វែងរកការងារ។ ទីពីរ អាជីវកម្មអ្នកនឹងបង់ជាពន្ធទៅរដ្ឋ ដែលនេះជាប្រភពដ៏សំខាន់នៃចំណូលជាតិ។ ទីបី អាជីវកម្មជោគជ័យនឹងទាក់ទាញអ្នកដទៃ និងអាជីវកម្មដទៃទៀតមកជុំវិញទីតាំងរបស់អ្នក ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅទីនោះកាន់តែប្រសើរ។ នេះគ្រាន់តែរាប់ត្រួសៗប៉ុណ្ណោះ។
៤.ឯគ្រាន់តែទុកប្រាក់អ្នកសម្រាប់គ្រាអាសន្ននោះ ក៏មិនអាក្រក់ឡើយ ព្រោះយើងពិតជាមិនអាចដឹងពីអនាគតនោះទេ!
៥.សន្សំប្រាក់ដើម្បីទិញរបស់មានតម្លៃ ដូចជាកុំព្យូទ័រយួរដៃ នឹងអាចជួយបង្កើនស្ដង់ដារស់នៅ និងការងាររបស់អ្នកបាន ព្រោះជាមួយនឹងឧបករណ៍អេឡិចត្រូនិចថ្មីនេះ អ្នកអាចធ្វើការបានលឿនជាងមុន និងបានពេញចិត្តជាងមុន ហើយអ្នកអាចប្រើវាទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់អ្នកទៀត ប្រសិនបើអ្នកស្ថិតនៅឆ្ងាយពីពួកគេ។ ហេតុនេះហើយជាទូទៅ ចំណាយវិនិយោគលើបរិក្ខារ គ្រឿងចក្រ ម៉ាស៊ីន ឬឧបករណ៍ដែលបម្រើដល់ការផលិតច្រើនតែផ្តល់អត្ថប្រយោជន៍ច្រើន ព្រោះរបស់ទាំងអស់នេះនឹងជួយបង្កើនផលិតភាពរបស់អ្នក។
៦.ការបរិច្ចាគធនធានក្នុងន័យសប្បុរស ក៏មានសារៈសំខាន់ណាស់ដែរ ព្រោះវាជាការផ្ទេរធនធានពីអ្នកដែលមាន ទៅអ្នកដែលខ្វះខាត។ ការចែករំលែកធនធានក្នុងគ្រាខ្វះខាតបែបនេះ អាចសម្រាលភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមាន ជាពិសេសនៅពេលគេគ្មានតម្រុយ និងមិនបានត្រៀមប្រឈមគ្រោះថ្នាក់ទាំងនោះ។ ធនធានទាំងនេះនឹងអាចជួយឲ្យសេដ្ឋកិច្ចអាចត្រឡប់មករកភាពវិញបានដែរ។ ម្យ៉ាងទៀត នៅក្នុងពិភពលោកនៃសកលភាវូបនីយកម្មដូចសព្វថ្ងៃ ការជួយអ្នកដទៃក៏អាចជាការជួយខ្លួនឯងដែរ។ ហេតុអ្វីបានដូច្នេះ? ឧទាហរណ៍បើទឹកជំនន់ធ្វើឲ្យលិចលង់អស់ដំណាំស្រូវ នោះអង្ករ និងផលិតផលធ្វើចេញពីម្សៅអង្ករផ្សេងទៀតដូចជា នំប៉័ង នំបញ្ចុក គុយទាវ ជាដើម នឹងឡើងថ្លៃដែរ ហើយវានឹងនាំឲ្យអាហារក្នុងភោជនីយដ្ឋានដែលអ្នកចំណាំតែទៅនោះឡើងថ្ល។ ដូចនេះការបរិច្ចាគរបស់អ្នកដល់អ្នករងគ្រោះទាំងនោះ នឹងអាចជួយសម្រាលការលំបាករបស់ពួកគាត់ និងជួយសម្រួល ក៏ដូចជាពន្លឿនការវិលត្រឡប់វិញរបស់ពួកគាត់ទៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ ហើយជួយទប់ស្កាត់ការឡើងថ្លៃទំនិញដែលអាចប៉ះពាល់អ្នកដោយផ្ទាល់ និងដោយប្រយោលផងដែរ។ ឃើញទេ? ការបរិច្ចាគរបស់អ្នកអាចត្រឡប់មកជាការជួយខ្លួនអ្នក និងសេដ្ឋកិច្ចទាំងមូលវិញបាន។
សន្និដ្ឋាន
សរុបមក ការចាយវាយមិនមែនជាជម្រើសតែមួយក្នុងការប្រើប្រាស់ប្រាក់របស់អ្នកនោះទេ គឺនៅមានជម្រើសជាច្រើនទៀត។ តែអ្នកមានចាប់អារម្មណ៍ចំណុចសំខាន់មួយដែរឬទេ? ចាំខ្ញុំប្រាប់!
សូមអ្នកនឹកដល់រូបមន្តមួយដែលខ្ញុំផ្ដល់ពីខាងដើម នោះគឺ Y = C + S ។ ដោយហេតុថា Y ជាចំណូល នោះដើម្បីអ្នកឈានដល់អាចសម្រេចចិត្តថាត្រូវចាយ (C)ឬថាត្រូវសន្សំនោះ (S) អ្នកត្រូវខំប្រឹងរកចំណូលសិន។ ហើយចុះចំណូលនោះបានមកពីណា? ប្រាកដណាស់ថាវាត្រូវជាចំណាយរបស់នរណាម្នាក់ផ្សេងទៀត។ ឃើញទេ ថារឿងចំណាយ ចំណូល និងសន្សំនេះវាមានទំនាក់ទំនងគ្នាខ្លាំងយ៉ាងណានោះ?
ដើម្បីអ្នកឈានដល់អាចសម្រេចចិត្តថាត្រូវចាយ ឬត្រូវសន្សំនោះ អ្នកត្រូវខំប្រឹងរកចំណូលសិន
ដើម្បីអ្នកអាចចាប់ផ្ដើមសន្សំ និងរៀបចំប្រើប្រាក់សន្សំរបស់អ្នកដើម្បីធ្វើអ្វីមួយបាននោះ ចាំបាច់ត្រូវមានអ្នកដទៃចាយវាយ ហើយប្រាក់ត្រូវធ្លាក់មកលើអ្នកសិន។ ទោះបី អេកូណូម៉ាញ មិនលើកតម្កើង និងមិនជំរុញការចាយវាយដែលខ្ជះខ្ជាយ តែយើងជំរុញឲ្យអ្នកមានទម្លាប់ចាយវាយល្អមួយ ដែលរួមមានការចាយលើមុខចំណាយដែលចាំបាច់ ការកំណត់អាទិភាពនៃការចាយ និងការគិតគូរពីការសន្សំជាបណ្ដើរៗ។ ព្រោះការចាយវាយត្រឹមត្រូវ ក្នុងចំនួនមួយដែលអាចទទួលយកបាន (មានប្រសិទ្ធភាពចំណាយ) នឹងជួយដល់សុខមាលភាពរបស់អ្នក និងដល់សេដ្ឋកិច្ចទាំងមូល។ នេះគឺជាវិធីសាស្ត្រមួយដែលអាចឲ្យអ្នកចាត់ចែងជីវិតរបស់អ្នកប្រកបដោយចីរភាព និងល្អសម្រាប់សេដ្ឋកិច្ចក្នុងរយៈពេលវែង។
អ្វីដែលបានរៀបរាប់ខាងលើ ជាជំហានសាមញ្ញមួយទៀត ត្បិតតែសាំញ៉ាំជាងមុនបន្តិច តែវានឹងជួយកសាងមូលដ្ឋានគ្រឹះដើម្បីអ្នកអាចយល់បានកាន់តែច្បាស់ក្នុងកិច្ចពិភាក្សាផ្សេងៗទៀតនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច។ អត្ថបទបន្ទាប់នេះនឹងពិភាក្សាលើ ថ្លៃឱកាស ដែលយើងបានពិភាក្សាបន្តិចហើយនៅក្នុងអត្ថបទនេះ។
អត្ថបទដើមដោយ economind.org តាមរយៈតំណនេះ