អាជីវកម្មអាចទៅមុខបានលឿនលុះត្រាតែម្ចាស់អាជីវកម្ម និងក្រុមការងារអាចស្វែងរកបញ្ហា និងបង្កើតជាសំណួរដើម្បីដោះស្រាយដើម្បីធ្វើឱ្យក្រុមហ៊ុនដើរទៅមុខ និងមានការវិវឌ្ឍន៍រីកចម្រើនបាន។ សម្រាប់អ្នកវិញ តើក្រុមការងាររបស់អ្នកមានទម្លាប់ធ្វើដូចនេះដែរទេ? តើមានបុគ្គលិក ឬថ្នាក់ដឹកនាំប៉ុន្មានអ្នកដែលតែងតែលើកជាសំណួរបែបយុទ្ធសាស្ត្រដើម្បីឱ្យក្រុមការងាររបស់ខ្លួនស្វែងរកដំណោះស្រាយបែបច្នៃប្រឌិតនោះ? ប្រសិនបើមិនសូវមានទេ អ្នកគួរតែដើរតួរជាអ្នកចាប់ផ្តើមលើកនូវចំណុចសំខាន់ ដើម្បីឱ្យក្រុមការងារអ្នកជួយស្វែងរកវិធីដោះស្រាយ។
ការសួរសំណួរដែលប្លែក និងចំចំណុចខុសៗគ្នា និងធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំ។ ហើយខាងក្រោមនេះ គឺមាន១៣សំណួរដែលអ្នកអាចយកទៅអនុវត្តសាកល្បងដើម្បីឱ្យក្រុមហ៊ុនផ្លាស់ប្តូរពីធម្មតាទៅអស្ចារ្យបាន ប្រសិនបើអ្នកអាចរកវិធីដោះស្រាយបាន៖
១. តើយើងអាចបំពេញចិត្តអតិថិជន និងធ្វើឱ្យពួកគាត់ភ្ញាក់ផ្អើលដោយវិធីណា?
២. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យការទិញរបស់អតិថិជនម្នាក់ៗមានការកើនឡើង?
៣. តើយើងធ្វើយ៉ាងណាដើម្បីឱ្យអតិថិជនគោលដៅយើងទាំងអស់ស្គាល់ម៉ាកសញ្ញារបស់យើង?
៤. តើអាជីវកម្ម ឬក្រុមហ៊ុនណាមួយដែលមើលទៅប្រកបដោយភាពច្នៃប្រឌិត និងជោគជ័យដែលអ្នកបានឮ ឬស្គាល់រយៈពេល២ឆ្នាំចុងក្រោយនេះ? តើយើងអាចប្រើប្រាស់វិធីសាស្ត្ររបស់គេមកអនុវត្តបានយ៉ាងម៉េច?
៥. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យបុគ្គលិកទាំងអស់មានមោទនភាពក្នុងការធ្វើការងារនៅទីនេះ?
៦. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់អាចធ្វើការសម្រេចចិត្តបានលឿន?
៧. ប្រសិនបើយើងចង់បានចំណូលគុណនឹង២ តើអ្វីដែលសំខាន់ជាងគេដែលយើងត្រូវការផ្លាស់ប្តូរ? ហើយយើងត្រូវធ្វើដោយវិធីណា?
៨. ប្រសិនបើយើងចង់កាត់បន្ថយការចំណាយឱ្យបាន៥០% និងរក្សាចំណូលឱ្យនៅដដែល តើយើងធ្វើយ៉ាងម៉េច?
៩.ប្រសិនបើយើងមិនខ្លាចបរាជ័យ តើអ្វីដែលយើងគួរតែធ្វើសាកល្បង?
១០.តើគោលការណ៍អ្វីដែលដៃគូរប្រជែងយើងតែងតែគោរពធ្វើតាម? បើយើងធ្វើខុសពីនោះ តើយើងនឹងបានផលអ្វី?
១១. ប្រសិនបើយើងទើបតែឈានជើងចូលនៅក្នុងទីផ្សារនេះ ហើយយើងចង់ក្លាយជាម៉ាកសញ្ញាដែលគ្រប់គ្រងទីផ្សារនេះ តើយើងត្រូវធ្វើដោយវិធីណា?
១២. តើយើងធ្វើយ៉ាងណាដើម្បីជម្រុញឱ្យក្រុមការងារទាំងអស់មានអារម្មណ៍ និងសកម្មភាពជាសហគ្រិន ហើយហ៊ានប្រឈមមុខនឹងហានិភ័យ?
១៣. តើអតិថិជនរបស់យើងត្រូវការអ្វី និងមិនចូលចិត្តអ្វី? តើ២ឆ្នាំទៀត តើពួកគាត់នឹងអាចប្រែចិត្តឬទេ?
សំណួរទាំងនេះអាចនឹងមានប្រយោជន៍ប្រសិនបើអ្នកលើកឡើងក្នុងអង្គប្រជុំ និងឱ្យពួកគាត់គិតរកមធ្យោបាយដើម្បីដោះស្រាយ និងយុទ្ធវិធីនានា ហើយប្រមូលគំនិតទាំងនោះរួមបញ្ចូលគ្នា និងជ្រើសរើសគំនិតដែលល្អបំផុតសម្រាប់យកមកអនុវត្ត។ ការប្រជុំគំនិតគ្នាដូចនេះ នឹងធ្វើឱ្យយើងកាន់តែបែកគំនិត និងគិតចេញនូវអ្វីប្លែកៗ ដែលយើងនឹកស្មានមិនដល់។