spot_img
spot_img
Homeទូទៅស៊ូណាមីជា​អ្វី ?

ស៊ូណាមីជា​អ្វី ?

-

ស៊ូណាមី
រលកយក្សស៊ូណាមី

ស៊ូណាមី ​ជា​រលក​សមុទ្រ​យក្ស​ កើត​ឡើង​ដោយ​សារ​ចលនាកញ្ឆក់​​ភ្លាមៗ​នា​ផ្ទៃ​បាត​សមុទ្រ ដែល​បង្ក​ដោយរញ្ជួយដី​ ការ​បាក់ស្រុតដី និង បន្ទុះ​ភ្នំភ្លើងក្រោម​បាត​សមុទ្រ រឺ ការធ្លាក់​អាចម៍​ផ្កាយ ។

ទីតាំង​ស៊ូណាមី

ភាគ​ច្រើន​នៃ​ស៊ូណាមី​ បង្ក​ឡើង​ដោយ​ការរញ្ជួយដី​ ជា​ពិសេស​ការ​រញ្ជួយ​ដី​នៅ​ឯ​ព្រំនៃ​​ផ្លាក​សំបក​ផែនដី​ពីរ នា​បាត​សមុទ្រ​ ។ ការ​ប៉ះ​ទង្គិច​បែប​នេះបញ្ចេញ​ថាមពល​ដ៏​មហិមា​​ បង្កើត​បាន​ជា​រលក​ ដែល​នឹង​ក្លាយ​ទៅ​ជា​ស៊ូណាមី ។

៨០ ភាគរយ​នៃស៊ូណាមី​​ទូទាំង​ពិភពលោក​ កើត​ឡើង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីភិច ហើយ​ក្នុង​នោះ​ទៀត​ ភាគ​ច្រើន​កើត​នៅ​តាម​តំបន់​ “ខ្សែ​ក្រវ៉ាត់​​​ភ្នំភ្លើង​” ដែល​ជា​តំបន់​បន្ទុះ​ភ្នំភ្លើង​ និង រញ្ជួយ​ដី​សកម្ម ដូចជា​នៅ​តាម​ ប្រទេស​ជប៉ុន ភីលីពីន​ ឥណ្ឌូណេស៊ី ឆ្នេរ​ខាង​​លិច​នៃទ្វីប​អាមេរិក រួម​ទាំង​អាឡាសកា និង ទ្វីបអាមេរិក​ខាង​ត្បូង ។

កំណកំណើត​ស៊ូណាមី

ចលនា​កញ្ឆក់​យ៉ាង​ឆាប់​រហ័ស​ប្រកប​ដោយ​ថាមពល​ដែលកើត​ឡើង​នៅ​បាត​សមុទ្រ​ ធ្វើ​ឲ្យ​កើត​បាន​ជា​រលក​សាយ​ទៅ​គ្រប់​ទិស​​ជុំវិញ​ចំនុច​ប្រភព​រញ្ជួយ ។ រលក​នេះ​មាន​ជំហាន​ និង ល្បឿន​អាស្រ័យ​នឹង ជំម្រៅ​​ទឹក​សមុទ្រ និង សំទុះ​ទំនាញ​ដី​ គឺ​កាលណា​ជំម្រៅ​​ទឹក​កាន់​តែ​ជ្រៅ​ រលក​កាន់​តែ​មាន​ល្បឿន​លឿន និង​ មាន​ជំហាន​កាន់​តែ​វែង ។ នៅក្នុង​ទឹក​ជ្រៅ​នៃ​មហាសមុទ្រ​ ដែល​មាន​ជំម្រៅ​ជា​​មធ្យម​ ៦.៤៣៨ គ.ម (៤.០០០ ម៉ៃយ៍) រលក​នេះ​មាន​ល្បឿនរហូតដល់ ៨០០ គ.ម/ម៉ គឺ​ប្រហែល​នឹង​ល្បឿន​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដូចនោះ​ដែរ ហើយមាន​ជំហាន​វែង​ ដែល​អនុញ្ញាត​ឲ្យ​វា​ធ្វើដំណើរ​ឆ្លង​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​នៃ​មហាសមុទ្រ​ប៉ាស៊ីភិច​ក្នុង​រយៈពេលតិច​ជាង​ ១ថ្ងៃ​ ដោយ​មិន​បាត់​បង់​ថាមពល​ច្រើន​ទៀត​ផង ។ ពេល​វា​មាន​ល្បឿន​លឿន​ វា​ក៏​មាន​កម្ពស់​ (អាំង​តង់ស៊ីតេ​រលក) ទាប​ដែរ, ទាប​រហូត​ដល់​នាវា​ក៏​មិន​ចាប់​អារម្មណ៍​បាន​ ។

ពេល​ដែល​ស៊ូណាមី​ខិត​មក​ជិត​ឆ្នេរ​ ជំម្រៅ​​ទឹក​កាន់​តែ​រាក់ វាក៏​ចាប់​ផ្តើម​បន្ថយ​ល្បឿន​ ។​ ​ជំហានរលក​​ក៏​រួញ​ខ្លីទៅៗ ឯ​កំម្ពស់​ក៏កាន់​តែ​លូត​ខ្ពស់​ឡើងៗ អាចមាន​រហូត​ដល់​ ១៥ម បើ​ទីនោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រភព​រញ្ជួយ និង​ រហូត​ដល់ ៣០ម ឯ​ណោះ​ បើ​វា​កើត​ឡើង​នៅ​ក្បែរ​ឆ្នេរ ។ ទំរង់​ស៊ូណាមី​ក៏​ប្រែប្រួល​ផង​ដែរ អាស្រ័យ​លើ​កំពូល​ រឺ​ក៏​បាត​រលក​ទៅ​ដល់​ឆ្នេរ​មុន ។​ បើ​កំពូល​ទៅ​បោក​នឹង​ឆ្នេរ​មុន​នោះ​ រលកស៊ូណាមី​បន្ត​បន្ទាប់​នឹង​ចាប់​ស្រក​កំពស់​ ប៉ុន្តែ​វា​នៅ​តែ​កាច​សាហាវ​ដដែរ​។ តែ​បើ​សិន​ជា​បាត​រលក​ទៅ​ដល់​ឆ្នេរ​មុន​វិញនោះ មុន​នឹងវា​ទៅ​ដល់ វា​នឹងបង្កើត​បាន​ជា​ឥទ្ធិពលសុញ្ញាកាស​ម្យ៉ាង ហៅថា “ទំនាញ​ថយ​ក្រោយ” (drawback)​ដែល​​ស្រូប​យក​ទឹក​សមុទ្រ​​ថយ​ក្រោយ​ អាច​មាន​ចម្ងាយ​រហូត​ដល់​រាប់​រយ​ម៉ែត្រ​ ធ្វើ​ឲ្យលេច​ឡើង​នូវ​បាត​សមុទ្រ​ជ្រៅៗដែល​ទឹក​សមុទ្រ​ពុំ​ដែលធ្លាប់​នាច​ដល់​ក្នុង​លក្ខខណ័្ឌ​ធម្មតា​ ។ ហេតុការណ៍​នេះ​អាច​ទាក់​ទាញ​​អ្នក​មក​លេង​ទឹក​សមុទ្រ​ឲ្យងឿង​ឆ្ងល់ ហើយ​ចុះ​មក​មើល​ផ្ទាល់ ក៏​ដូច​ជា​មក​ចាប់​យក​មច្ឆជាតិ​ដែល​នៅ​កាល់​នៅ​បាត​ឆ្នេរ ។ ប៉ុន្តែ​នេះ​ជា​សញ្ញា​ថា​​ ស៊ូណាមី​នឹង​មក​ដល់​ក្នុង​រយៈពេល​ប៉ុន្មាន​នាទីទៀត​ទៅ​វិញ​ទេ ។

ពេល​វា​មក​ដល់, ស៊ូណាមី​បោក​ផ្ទប់​នឹង​ឆ្នេរ​មាន​ថាមពល​ដ៏​មហិមា ​អាច​ហូរ​ចូល​ទៅ​ឆ្ងាយលើ​​ដី​ទ្វីប រហូត​ដល់​ចំងាយ​ឆ្ងាយ​ជាង​ ៣០០ម (១.០០០ ហ្វីត​) ឯណោះ​ និង​​បំផ្លាញ​​អ្វីៗ​គ្រប់​យ៉ាង រួម​ទាំង​រុក្ខជាតិ​ធំៗ អាគារ និង​ ហេដ្ឋារចនាសម្ព័ន្ធ ​ដែល​នៅ​លើ​ផ្លូវ​របស់​វា ។

អ្វី​ដែល​ស៊ូណាមី​បន្សល់​ទុក​

ស៊ូណាមី​ពិត​ជា​គ្រោះធម្មជាតិ​មួយ​ដ៏​កាច​សាហាវ ។ ​នា​ពេល​បច្ចុប្បន្ន គ្រោះ​កំណាច​នេះ​គ្មាន​អ្វី​ទប់ស្កាត់​ឡើយ មាន​តែ​​ការ​ប្រុង​ប្រយ័ត្ន​តាមដាន​ការ​ប្រកាស​អាសន្ន ទើប​អាច​ភៀស​ខ្លួន​ទាន់​ពេលវេលា​ និង​ អាច​កាត់​បន្ថយ​ទំហំ​នៃ​មហន្តរាយ ។ បើ​មិន​ដូច្នោះ​ទេ​ សោដនាដកម្ម​នឹង​កើត​ឡើង​ជា​មិន​ខាន ។ ឧទាហរណ៍​ជាក់​ស្តែង​នៃសោដនាដកម្ម​នានា​ដែល​បណ្តាល​មក​ពី​ រលក​យក្ស​ស៊ូណាមី​ មាន​ស្រាប់​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​ ដូចជា​ ស៊ូណាមី​នៃ​មហាសមុទ្រ​ឥណ្ឌា​នា​ថ្ងៃ​ទី​ ២៦ ធ្នូ ២០០៦ ដែល​បាន​ បំផ្លាញ​ឆ្នេរ​ខាង​លិច​នៃ​ប្រទេស​ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី, ​បង់ក្លាដេស ឥណ្ឌា និង​ ប៉ះពាល់​រហូត​ទៅ​ដល់​ឆ្នេរ​ខាង​កើត​នៃ​ទ្វីប​អាព្រិច​ និង កោះ​ម៉ាដាហ្កាស្កា ទៀត​ផង ។ 2004-tsunami   raz de marée sur la ville

សោដនាដកម្ម​នេះ​ជា​សោដនាដកម្ម​មួយ​មហិមា​ក្នុង​ប្រវតិ្តសាស្រ្ត ដែល​វា​បាន​សម្លាប់​ជីវិត​មនុស្ស ជាង ២០០.០០០ នាក់ និង​ ផ្ទះ​សំបែង​រាប់​សិប​ខ្នងទៀត ។ ស៊ូណាមី​នៃ​ប្រទេស​ឈីលី កាល​ពី​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១០ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ៥២៤ នាក់ ។ កាន់​តែ​តក់ស្លុត​ជាង​នេះ​ទៅ​ទៀត​គឺ ស៊ូណាមី​ដែល​បោក​កំទិច​ឆ្នេរ​និរតី​​នៃ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី ១១ មិនា ២០១១ កន្លង​ទៅ​នេះ ។ គ្រោះ​ធម្មជាតិ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រហែល​ ២៧.០០០ នាក់ ស្លាប់​ និង បាត់​ខ្លួន ព្រម​ជា​មួយ​នឹង​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង អាគារ​ជា​ច្រើន អាកាសយានដ្ឋាន អណ្តូង​ប្រេងកាត និង រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ចំនួន ៦ កន្លែង​ត្រូវ​ខូចខាត ដែល​ក្នុង​នោះ ៤ កន្លែង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​រហូត​អាច​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​បន្ថែម​ទៀត ។

 

TsunamiJapan2011japantsunami Boat-Floating-on-Debris-Ishinomaki-Higashi-Matsushima-Yamoto-Japan-Earthquake-Tsunami-Miyagi-2011

ឯសោដនាដកម្មរលកយក្ស​ស៊ូណាមី​កាលពី​ឆ្នាំ​២០១១ នៅឯសមុទ្រភាគខាងកើត​នៃ​ប្រទេស​ជប៉ុន កាន់តែមាន​លក្ខណៈសាហាវជាងនេះទៅទៀត។

ឯកសារ​យោង៖

-វ៉ែបសាយទីចាត់ការមហាសមុទ្រ និង បរិយាកាសជាតិ (NOAA) ស.រ.អា / ស៊ូណាមី, http://www.tsunami.noaa.gov/

-National Geographic Channel, http://environment.nationalgeographic.com/environment/natural-disasters/tsunami-profile/

-សារពត៌មាន Yahoo!

-សារពត៌មាន BBC

ដារ៉ូ
ដារ៉ូhttps://kumnit.com
ដារ៉ូ ជានិស្សិតបញ្ជប់ការសិក្សាជំនាញរដ្ឋបាលធុរកិច្ចពីបរទេស ជាស្ថាបនិកមួយរូបនៃ «គំនិត» ដែលធ្លាប់មានបទពិសោធន៍ការងារផ្នែកស្រាវជ្រាវទីផ្សារ និងការងារផ្នែកកម្ចីអាជីវកម្ម។ ដារ៉ូ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងមានទស្សនៈយ៉ាងមុតមាំថា ពលរដ្ឋគ្រប់រូបអាចធ្វើឲ្យសង្គមខ្លួនឃើញវឌ្ឍនភាពបាន ដោយប្រឹងប្រែងចូលរួមជ្រោមជ្រែងតាមសមត្ថភាព និងលទ្ធភាពផ្ទាល់ខ្លួនរបស់ពួកគេរៀងខ្លួន។ តោងតាមទស្សនៈនេះហើយ ទើប «គំនិត» បានចាប់កំណើតឡើង។ គាត់សង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់គាត់ នឹងអាចផ្ដល់ជាចំណេះ ផ្ដល់ជា «គំនិត» ដល់មិត្តអ្នកអានទាំងអស់គ្នា ព្រមទាំងរួមចំណែកអភិវឌ្ឍសង្គមយើងផង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ