spot_img
spot_img
Homeបច្ចេកវិទ្យាស្វែងយល់ពីគុណសម្បត្តិ និង គុណវិបត្តិនៃថាមពលនុយក្លេអ៊ែរ

ស្វែងយល់ពីគុណសម្បត្តិ និង គុណវិបត្តិនៃថាមពលនុយក្លេអ៊ែរ

-

 

នេះជាប៉ម​បន្ថយកំដៅ​របស់​ថាមពលនុយក្លេអ៊ែរ

នៅសតវត្ស​ទី ២១ អ្វី​ដែលមនុស្សមិន​អាចខ្វះ​បានគឺថាមពល ។ បច្ចុប្បន្ន​មនុស្ស​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ប្រេងឥន្ធនៈ​ដើម្បីបង្កើត​ថាមពល ។

ប៉ុន្តែ​ដោយសារ​តែប្រេងឥន្ធនៈ​ជា​ធនធានធម្មជាតិ​ដែលមិន​អាច​កកើតឡើងវិញបាននិង​មានកំរិត ដូចនេះ​មនុស្ស​ត្រូវស្វែងរក​ជម្រើស​ផ្សេងៗ​ក្នុងការ​បង្កើតថាមពល ។ ក្នុងនោះ​ថាមពលនុយក្លេអ៊ែរ​ជាជម្រើសមួយ​ក្នុងចំណោម​ជម្រើសជាច្រើនតែទាស់ត្រង់ថា​ថាមពលនុយក្លេអ៊ែរ

​ផ្តល់ឲ្យយើង​ទាំង​គុណសម្បត្តិ និង គុណវិបត្តិ ។

ដូចនេះ​ថ្ងៃនេះ​ “គំនិត” នឹងលើកយក​គុណសម្បត្តិ និង គុណវិបត្តិខ្លះៗ​របស់​ថាមពលនុយក្លេអ៊ែរមក​ប្រាប់ប្រិយមិត្តិឲ្យបានដឹងដែល​មានដូចតទៅ ៖

គុណសម្បត្តិ :

–         ថាមពលនុយក្លេអ៊ែរ​បញ្ចេញ​ឧស្ម័នកាបូនឌីអុកស៊ីត​តិចតួច​បំផុត​បើប្រៀបធៀប​ទៅនឹង​ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត​របស់ប្រេងឥន្ធនៈ ដូចនេះ​វាអាច​ជួយដល់​ការកាត់​បន្ថយ​នៃការឡើងកំដៅ​របស់​ផែនដី ។

–         ក្នុង​រោងចក្រ​ថាមពលនុយក្លេអ៊ែរមួយ​ប្រើប្រាស់​ធនធានធម្មជាតិ​តិចតួច​បំផុត​តែអាច​បង្កើត​បាន​ថាមពលយ៉ាង​ច្រើនមហិមា ។

–         គ្រប់ប្រទេស​ទាំងអស់លើ​ពិភពលោក​អាច​បង្កើតថាមពលនុយក្លេអ៊ែរបានដែល​វាមិនដូច​ប្រេងឥន្ធនៈទេ​ដែលមានតែ​ប្រទេសមួយ​ចំនួន​ប៉ុណ្ណោះ​អាច​បង្កើតបាន ។

–         បច្ចេកវិទ្យា​នុយក្លេអ៊ែរ​មានស្រាប់​ដោយគេមិន​ចាំបាច់​ចំណាយ​ថវិកាក្នុងការ​ស្រាវជ្រាវ​អ្វីទៀត​ឡើយ ។

គុណវិបត្តិ :

–         ថាមពលនុយក្លេអ៊ែរ​អាចយកទៅ​បង្កើត​ជាអាវុធ​ប្រល័យលោកបាន ហើយ​បើសិនជាវា​ធ្លាក់ទៅក្នុងដៃ​មនុស្ស​អាក្រក់ នោះ​ផែនដីនឹង​ត្រូវ​វិនាសជាមិនខាន ។

–         បញ្ហាវិទ្យុសកម្មគឺជា​ក្តីបារម្ភ​ធំមួយ​ព្រោះថា​គេមិនទាន់រកឃើញ​វិធីក្នុងការ​បំបាត់​វានូវឡើយ ។ ដោយសារ​តែ​កាកសំណល់​របស់ថាមពលនុយក្លេអ៊ែរ​មានសារធាតុ​វិទ្យុសកម្មខ្ពស់ ដូចនេះគេ​ត្រូវគ្រប់គ្រង​វាឲ្យបាន​ល្អបើមិន​ដូច្នោះទេ​វានឹងផ្តល់ផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់ផែនដី ។

–         ក្នុងការ​បង្កើត​រោងចក្រ​ថាមពលនុយក្លេអ៊ែរមួយ​គេត្រូវការ​ចំណាយ​ថវិកា និង ធនធានមនុស្ស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែលវា​ជាឧបសគ្គ​មួយ​សម្រាប់​ប្រទេស​ក្រីក្រ ។

–         ថាមពលនុយក្លេអ៊ែរ​មិនមែនជាធនធាន​កកើតឡើងវិញ​ឡើយ ។ អុយរ៉ាយ៉ូមដែលជាប្រភព​ក្នុងការ​បង្កើតថាមពលនុយក្លេអ៊ែរ​អាចផ្គត់ផ្គង់​បាន​ត្រឹមរយៈពេល​ប្រមាណពី ៣០ ទៅ ៦០ឆ្នាំប៉ុណ្ណោះ ព្រោះថាអុយរ៉ាយ៉ូមជា​សារធាតុ​ដ៏កម្រ​មួយ ។​

ទន្ទឹមនឹង​គុណសម្បត្តិ និង គុណវិបត្តិទាំងនេះ​ ក៏នូវមានបញ្ហាដ៏សំខាន់មួយ​ដែលគេកំពុងយកពិភាក្សាគឺបញ្ហាសុវត្តិភាព ។ បើទោះបី​រោងចក្រថាមពលនុយក្លេអ៊ែរ​កម្រនឹងកើតមាន​ឧបទ្ទវហេតុអ្វីមួយ ប៉ុន្តែ​បើវា​កើតមានឡើង​នោះ វាផ្តល់ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់​ផែនដីក្នុងរយៈពេល​រាប់រយ​ឆ្នាំទៅមុខ ។​ ឧទាហរណ៍ដូចជាគ្រោះថ្នាក់នៅឈឺណូប៊ីល (Chernobyl) អតីតសហភាពសូវៀតក្នុងឆ្នាំ ១៩៨៦ ដែលប្រហែល​ជាគ្រោះថ្នាក់របស់ថាមពលនុយក្លេអ៊ែរធំបំផុតក្នុងប្រវត្តិសាស្រ្ត​ពិភពលោកដែលគេមិនអាច​បំផ្លិចបាន ៕

ដកស្រង់ និង កែសម្រួលពី :

http://timeforchange.org/pros-and-cons-of-nuclear-power-and-sustainability

http://wiki.answers.com/Q/What_are_advantages_and_disadvantages_of_nuclear_power

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ