ទោះបីជាលោក Mark Zuckerberg បានបញ្ឈប់បុគ្គលិកចំនួន 11,000 នាក់ ឬប្រហែល 13% នៃបុគ្គលិកសរុបទាំងអស់ក៏ដោយ តែកាលពីម្សិលមិញនេះ ក្រុមហ៊ុនបានធ្វើការប្រមូលទិញភាគហ៊ុនធំៗត្រឡប់មកវិញ។
ការដែលទិញភាគហ៊ុនធំៗរបស់ក្រុមហ៊ុន Meta មកវិញនេះ គឺវាហាក់បីដូចជាការជួយកាត់បន្ថយរាល់កង្វល់របស់វិនិយោគិន ចំពោះការចំណាយរបស់ក្រុមហ៊ុនទៅលើ “metaverse” ដែលជាបច្ចេកវិទ្យាឌីជីថលថ្មីដ៏អស្ចារ្យមួយផងដែរនោះ។
ហើយកត្ដាចម្បងដែលធ្វើឱ្យលោក Mark Zuckerberg សម្រេចចិត្តទិញភាគហ៊ុនត្រឡប់មកវិញ គឺដោយសារតែលោកមើលឃើញថាសម្រាប់ឆ្នាំ 2023 នេះវាគឺជា “ឆ្នាំដ៏ល្អ និងមានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ក្រុមហ៊ុននៅក្នុងការពង្រីកខ្លួនឱ្យក្លាយជាអង្គភាពដ៏រឹងមាំ និងកាន់តែមានភាពរហ័សជាងមុន” ។
គូសបញ្ចាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនៅតែមានការខាតបង់នៅឡើយរវាង ប្រាក់ចំណេញ-ប្រាក់ចំណូល នៅក្នុងត្រីមាសទី 4 ដោយសាររងផលប៉ះពាល់ពីការធ្លាក់ចុះនៃទីផ្សារផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតផង និងពីដៃគូរប្រកួតប្រជែងដូចជា TikTok ជាដើមផង។