spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងអនុវត្តន៍ច្បាប់ 80/20 ក្នុងជីវិត និងការងារ ដើម្បីភាពរីកចម្រើន

អនុវត្តន៍ច្បាប់ 80/20 ក្នុងជីវិត និងការងារ ដើម្បីភាពរីកចម្រើន

-

ច្បាប់ 80/20 ត្រូវបានបង្កើតឡើងដោយសេដ្ឋវិទូអ៊ីតាលី លោក Vilfredo Pareto ហើយត្រូវបានគេហៅម្យ៉ាងទៀតថា “គោលការណ៍ Pareto”។ គោលការណ៍នេះ ចង់បង្ហាញថា ធ្វើសកម្មភាព 20% ប៉ុន្តែអាចទទួលបានលទ្ធផល 80%។

តើធ្វើសកម្មភាព20% បែបណា ទើបអាចទទួលបានលទ្ធផល 80%? ហើយគោលការណ៍នេះ អាចអនុវត្តន៍ក្នុងជីវិត និងការងារបានដោយរបៀបណា? ខាងក្រោមនេះ នឹងបង្ហាញជូនអ្នក។

ឈ្វេងយល់អំពីច្បាប់ 80/20

ច្បាប់ 80/20 នេះ អាចយកអនុវត្តន៍បានគ្រប់ស្ថានការណ៍ទាំងអស់ ប្រសិនបើអ្នកចេះពីរបៀបអនុវត្តន៍ ជាពិសេសអនុវត្តន៍នៅក្នុងជីវិតផ្ទាល់ខ្លួន ការងារ អាជីវកម្ម ការសម្រេចគោលដៅជីវិត និងជាច្រើនផ្សេងទៀត។ ហើយការយល់ដឹងអំពីច្បាប់នេះ ជារឿងចាំបាច់ក្នុងការកំណត់អាទិភាពលើគម្រោង កិច្ចការ និងជីវិតរបស់អ្នក តាមរយៈការចេះផ្ដោតលើការងារសំខាន់ៗ និងការងារដែលផ្ដល់ផលចំណេញខ្លាំង 20% ជាជាងផ្ដោតលើការងារមិនសូវសំខាន់ និងមិនសូវមានផលចំណេញរហូតដល់ 80%។

ឧទាហរណ៍៖ អ្នកជាបុគ្គលិកផ្នែកលក់ម្នាក់ ហើយអ្នកមិនបានអនុវត្តន៍តាមច្បាប់ 80/20 នោះទេ ដូច្នេះអ្នកច្បាស់ជាទំនាក់ទំនងទៅកាន់ភ្ញៀវស្ទើគ្រប់គ្នា ដើម្បីបិទការងារ និងចំណាយពេលច្រើនជាមួយភ្ញៀវដែលមិនសូវមានសក្ដានុពលខ្ពស់ ដូច្នេះទោះបីជាអ្នកខិតខំប្រឹងប្រែងទំនាក់ទំនងជាច្រើនក៏ដោយ ក៏លទ្ធផលរបស់អ្នកមិនមានច្រើនដែរ ដូច្នេះការធ្វើសកម្មភាពរបស់អ្នកគឺ 80% ប៉ុន្តែបានផលត្រឹមតែ20%ប៉ុណ្ណឺង។ ប៉ុន្តែប្រសិនបើអ្នកអនុវត្តន៍តាមច្បាប់ 80/20 វិញ អ្នកច្បាស់ជាដឹងថា តើអតិថិជនណាខ្លះដែលមានសក្ដានុពលខ្លាំង? តើអតិថិជនណាខ្លាំងដែលអ្នកត្រូវផ្ដោតជាមួយ? តើអ្វីខ្លះដែលអាចជួយអ្នកឱ្យមានប្រសិទ្ធភាពក្នុងការបិទការលក់លឿនជាប្រចាំ? បន្ទាប់មកអ្នកផ្ដោតលើការងារណាដែលសំខាន់ៗ នោះលទ្ធផលក៏ទទួលបានតាមការរំពឹងទុក។

របៀបអនុវត្តន៍ច្បាប់ 80/20 នៅក្នុងជីវិត និងការងារ

ច្បាប់ 80/20 ជាច្បាប់ចង់ឱ្យអ្នកផ្ដោតលើការងារសំខាន់ៗ ហើយធ្វើសកម្មភាព 20% ដើម្បីមានលទ្ធភាពដើម្បីទទួលបានលទ្ធផល 80%។

  • ចំពោះជីវិត៖ អ្នកត្រូវតែកំណត់គោលដៅសម្រាប់ខ្លួនឯង តាមក្បួន SMART បន្ទាប់មក អ្នកត្រូវដឹងថា តើអ្វីជាសកម្មភាពអាទិភាពសម្រាប់អ្នកជាប្រចាំដែលអ្នកត្រូវតែធ្វើ? តើនរណាអាចជួយអ្នកបាន? តើសកម្មភាពណាដែលអ្នកកាន់តែធ្វើអ្នកកាន់តែរីកចម្រើន? តើសកម្មភាពណាខ្លះ ដែលមានភាពពាក់ព័ន្ធខ្លាំង ដើម្បីជួយអ្នកឱ្យឆាប់សម្រេចគោលដៅបានលឿន? តើសកម្មភាពណាខ្លះ ដែលអ្នកត្រូវបញ្ឈប់ធ្វើសកម្មភាព ដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជាងនេះ?
  • ចំពោះការងារ៖ ត្រូវដឹងថា តើភារកិច្ច តួនាទី និងទំនួលខុសត្រូវរបស់អ្នក គឺជាអ្វី? ហើយអ្វីជាលទ្ធផលដែលប្រធានរបស់អ្នកចង់បាន? តើការងារណាខ្លះដែលមានអាទិភាពសំខាន់ ហើយការងារណាខ្លះនៅបន្ទាប់បន្សំ? បន្ទាប់មក កំណត់សកម្មភាពដើម្បីបំពេញការងារលើការងារណាដែលទទួលបានផលលឿន និងចំគោលដៅ។

ជំហានដើម្បីអនុវត្តន៍ច្បាប់ 80/20

  • កំណត់រាល់កិច្ចការប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍របស់អ្នក
  • កំណត់ភារកិច្ចសំខាន់ៗ ឬការងារអាទិភាពជាប្រចាំ
  • តើ​កិច្ចការ​អ្វី​ខ្លះ​ដែល​ផ្តល់​ផល​តបស្នង​បន្ថែម​ដល់​អ្នក?
  • បំផុសគំនិតពីរបៀបដែលអ្នកអាចកាត់បន្ថយ ឬផ្ទេរភារកិច្ចដែលផ្តល់ឱ្យអ្នកនូវត្រឡប់មកវិញតិច
  • បង្កើតផែនការដើម្បីធ្វើបន្ថែមទៀត ដែលនាំឱ្យអ្នកមានតម្លៃកាន់តែច្រើន
  • ប្រើ 80/20 ដើម្បីផ្តល់អាទិភាពដល់គម្រោងណាមួយដែលអ្នកកំពុងធ្វើការ
  • រៀបចំផែនការផ្តោតលើសកម្មភាពដែលបង្កើតលទ្ធផលច្រើនបំផុត

ជារួមមក អ្នកត្រូវចងចាំថា ច្បាប់ 80/20 គឺចង់ឱ្យអ្នកផ្ដោតលើការងារអាទិភាព ការបំពេញការងារដោយឆ្លាតវៃ ចេះផ្ដោតលើផលិតភាពការងារ ចេះស្វែងរកជំនួយ ចេះវិភាគលទ្ធផលដែលនឹងទទួលបាន និងបំពេញការងារបានលឿនជាងមុន បានផលជាងមុន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ