ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងមានសព្វថ្ងៃនេះ គឺវាបានផ្ដល់ផលវិជ្ជមានជាច្រើន ដូចជាការសិក្សា តាមអនឡាញបានទូលំទូលាយ ប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអាជីវកម្មដើម្បីបង្កើនប្រាក់ចំណូល អាចកសាងម៉ាកយីហោផ្ទាល់ខ្លួន ងាយស្រួលទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សផ្សេងៗគ្រប់ពេលគ្រប់ទីកន្លែង និងអត្ថប្រយោជន៍ជាច្រើនទៀត។
ទទឹមនឹងការផ្ដល់ផលវិជ្ជមានជាច្រើន វាក៏បានផ្ដល់ភាពអវិជ្ជមានមួយចំនួនដែលអាចប៉ះពាល់ដល់ជីវិតរបស់មនុស្សផងដែរ។ ផលអវិជ្ជមានទាំងនោះ រួមមាន៖
1. កាត់បន្ថយនូវទំនាក់ទំនងដោយផ្ទាល់
មនុស្សនឹងផ្ដាច់ការទំនាក់ទំនងជាមួយគ្នាដោយផ្ទាល់កាន់តែឃ្លាតឆា្ងយ ដែលបណ្ដាលឱ្យភាពស្និតស្នាល និងភាពរីករាយជាមួយគ្នាក៏កាន់តែបាត់បង់ ជាពិសេសនៅក្នុងគ្រួសារ និងមិត្តភក្តិជាដើម តាមរយៈ ការជួបជុំគ្នា ដោយម្នាក់ៗផ្ដោតតែលើការចុចទូរស័ព្ទដើម្បីលេងឬមើលអ្វីមួយក្នុងប្រព័ន្ធផ្សព្វផ្សាយ។ល។
2. កំណើននៃជំងឺធ្លាក់ទឹកចិត្ត
យោងតាមការសិក្សាថ្មីៗ មនុស្សកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម កាន់តែមានអារម្មណ៍អវិជ្ជមានកាន់តែច្រើនដែលពួកគេជួបប្រទះ រួមទាំងជំងឺធ្លាក់ទឹកចិត្ត។ កត្តានេះ បណ្ដាលមកពីការប្រៀបធៀបតាមបណ្ដាញសង្គមមានការកើនឡើង ហើយក៏មានពាក្យរិះគន់ ក៏ដូចជាភាពអវិជ្ជមានជាច្រើនដែលមាននៅលើបណ្ដាញសង្គមដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទទួលរងនូវឥទ្ធិពលច្រើន។ បន្ថែមពីនេះ នៅក្នុងករណីថា អ្នកប្រើប្រាស់មួយចំនួនកំពុងតែស្ថិតនៅក្នុងស្ថានភាពមិនល្អ ហើយបែរជាមើលឃើញមិត្តភត្តិក្នុងបណ្ដាញសង្គមកំពុងជួបស្ថានភាពល្អ និងរីករាយនឹងជីវិតច្រើន ពួកគេក៏ទទួលរងនូវអារម្មណ៍ប៉ះពាល់ផងដែរ។
3. គេងមិនបានគ្រប់គ្រាន់
មនុស្សភាគច្រើនដែលប្រើប្រាស់បណ្ដាញសង្គម ពួកគេនឹងមិនងាយចូលគេងបានទៀងទាត់ឡើយ ដែលជាហេតុធ្វើឱ្យពួកគេគេងមិនបានគ្រប់គ្រាន់ ហើយប៉ះពាល់ដល់ផលិតភាពការសិក្សារៀនសូត្រ និងបំពេញកិច្ចការងារផ្សេង។
4. ការំពឹងទុកខុសពីការពិតជាក់ស្ដែង
នៅលើប្រព័ន្ធផ្សព្វផ្សាយ កំពុងមានកំណើននូវការនិយាយ ក៏ដូចជាការបង្ហាញនូវភាពមិនពិតច្រើន ដែលធ្វើឱ្យយើងពិបាកវិនិច្ឆ័យថា អ្វីជារឿងពិត ឬអ្វីជារឿងមិនពិត ហើយនេះជាកង្វះខាតដ៏ធ្ងន់ធ្ងរនៃភាពត្រឹមត្រូវតាមបណ្ដាញសង្គម។ កត្តានេះ វាក៏អាចធ្វើឱ្យមនុស្សមួយចំនួនដែលជឿជាក់លើអ្វីមួយដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម អាចជំពាក់បំណុលគេច្រើន ការសម្រេចចិត្តខុស និងការខកបំណងជាដើម។
5. បង្កើតឱ្យមានអាកប្បកិរិយាមិនល្អ
ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធ្វើឱ្យមនុស្សមានការផ្លាស់ប្ដូរអាកប្បកិរិយា ដូចជាប្រើប្រាស់ពេលវេលាទំនេរច្រើនលើរឿងគ្មានប្រយោជន៍នៅលើបណ្ដាញសង្គម ចេះប្រើប្រាស់កាយវិការឬពាក្យសម្ដីមិនល្អ និងធ្វើសកម្មភាពមិនល្អជាច្រើនដែលពួកគេបានឃើញនៅលើបណ្ដាញសង្គមជាដើម។