ក្រុមហ៊ុន Uber គឺជាក្រុមហ៊ុនបំរើសេវានៅក្នុងផ្នែកសេវាកម្មតាក់ស៊ី។ ក្រុមហ៊ុន Uber គឺជាក្រុមហ៊ុនអន្តរជាតិមួយ ដែលបំរើសេវាកម្មចាស់តាមរបៀបថ្មី តាមរយៈការអនុវត្តបច្ចេកវិទ្យាសម័យទំនើប ដោយភ្ជាប់ជាមួយស្មាតហ្វូន។ អ្នកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Uber ត្រូវដោនឡូត Uber App ដាក់ក្នុងស្មាតហ្វូនពួកគេជាមុនសិន ហើយបន្ទាប់មកពួកគេអាចប្រើ App នោះដើម្បីបញ្ជាហៅតាក់ស៊ីដែលនៅជិតបំផុត។
គួរញ្ជាក់ដែរថា ក្រុមហ៊ុន Uber មានដើមកំណើតពីសហរដ្ឋអាមេរិក ហើយមកទល់នឹងសព្វថ្ងៃក្រុមហ៊ុននេះមានប្រតិបត្តិការនៅក្នុង៥៧០ទីក្រុងទូទាំងពិភពលោក។ តើ Uber ប្រើយុទ្ធសាស្រ្តចូលទីផ្សារកម្ពុជាដោយរបៀបណាខ្លះ?
- យុទ្ធសាស្រ្តចំណេញសងខាង ទាំងអ្នកបើកនិងអ្នកជិះ
- អ្នកជិះមិនចំណាយ លុយ
ក្រឡេកមកមើលវត្តមានរបស់ក្រុមហ៊ុន Uber នៅក្នុងប្រទេសកម្ពុជាយើងវិញ។ កាលពីក្នុងអំឡុងខែមិថុនាឆ្នាំ២០១៧នេះ ក្រុមហ៊ុន Uber បានបើកឲ្យមានការប្រើប្រាស់សាកល្បងនូវសេវាកម្មក៏ដូចជា App ជូនដល់អតិថិជនរយៈពេលប្រមាណ4ខែ គឺចាប់ពីខែមិថុនារហូតដល់ចុងខែតុលា។ តាមការសង្កេតរបស់អតិថិជនដែលបានប្រើប្រាស់សេវាកម្មនេះក្នុងអំឡុងពេលនៃការសាកល្បង បានឲ្យដឹងថាអតិថិជនម្នាក់បានទទួលប្រូម៉ូសិនជិះដោយមិនគិតថ្លៃចំនួន៤ដង។ ជាដំបូងពួកគេទទួលបានប្រម៉ូសិនជិះដោយមិនគិតថ្លៃចំនួនដប់ដង ដែលក្នុងការជិះម្តងៗគឺអាចមានតម្លៃខ្ពស់រហូតដល់១០ដុល្លា។ បន្ទាប់ពីប្រម៉ូសិននេះចប់ Uber ក៏ផ្តល់ប្រូម៉ូសិន១០ដុល្លាចំនួន៤០ដងបន្ថែមទៀត។ ប្រូម៉ូសិនលើកទី៣គឺផ្តល់៥ដុល្លាចំនួន១០ដង ហើយប្រូម៉ូសិនដែលទើបនឹងចប់នាចុងខែតុលានេះគឺ ២ដុល្លាចំនួន៥ដង។ ដូច្នេះកាក្នុងអតិថិជនម្នាក់ Uber ចំណាយអស់ប្រមាណ ៥៦០ដុល្លា។
- អ្នកបើកបាន ចំណូលបន្ថែម
វិធិសាស្ត្រដាក់ឲ្យអតិថិជនជិះតាក់ស៊ីដោយមិនទាមទារការចំណាយប្រាក់ពីហោប៉ៅរបស់ពួកគេគឺពិតជាធ្វើឲ្យពួកគេមានភាពរីករាយនិងចង់សាកល្បងខ្លាំងណាស់ ដោយសារវាជាការចំណេញ និងមិនមានអ្វីដែលជាការខាតបង់នោះទេ។ ហើយចំពោះអ្នកដែលបានចុះឈ្មោះជាអ្នកបើកបរសម្រាប់ Uber វិញ ក៏បានទទួលក្តីសប្បាយមិនចាញ់អ្នកជិះឡើយ ដោយសារពួកគាត់បានទទួលចំណូលបន្ថែមដោយការដឹកភ្ញៀវឬអតិថិជនរបស់ Uber។ ដូច្នេះក្រុមហ៊ុន Uber បានវិនិយោគប្រមាណ៥៦០ដុល្លា ទៅលើការទាក់ទាញមនុស្សម្នាក់មកសាកល្បងសេវារបស់ខ្លួន ហើយទឹកប្រាក់វិនិយោគនេះនឹងបានក្លាយទោជាចំណូលរបស់អ្នកបើកបរក្នុងស្រុក។ ដោយសារទាំងអតិថិជននិងអ្នកបើកបរសុទ្ធតែចំណេញនិងមិនខាតបង់អ្វីឡើយ ទើបពួកគេនាំគ្នាចែករំលែកទៅកាន់ក្រុមគ្រួសារនិងមិត្តភ័ក្តតៗគ្នា។ នេះជាមូលហេតុមួយដែល Uber បានកើនភាពល្បីល្បាញលឿនក្នុងរយៈមិនដល់កន្លះឆ្នាំ។
- យុទ្ធសាស្រ្តផ្ញើរសារ SMS
បន្ថែមពីលើនេះក្រុមហ៊ុន Uber ហាក់ព្យាយាមចាប់យកអតិថិជន ដែលស្ថិតនៅវ័យជំទង់ព្រោះគេឃើញក្រុមហ៊ុននេះ បានធ្វើការផ្សព្វផ្សាយ ទៅតាមបណ្តាញសង្គមដូចជា Facebook និង Instagram។ ក្រៅពីយុទ្ធសាស្រ្តនេះក្រុមហ៊ុន Uber ក៏បានប្រើយុទ្ធសាស្រ្តផ្ញើរសារ SMS ទៅកាន់ទូរស័ព្ទដៃរបស់អតិថិជន។ ដូចគ្នាទៅនឹងក្រុមហ៊ុនក្នុងស្រុកជាច្រើនដូចជា ក្រុមហ៊ុន Smart, Cellcard, WingMoney, Pipay, Costa Coffee ជាដើមគឺសុទ្ធសឹងប្រើប្រាស់យុទ្ធសាស្រ្តផ្ញើរសារ SMS ដើម្បីបង្តើនវិសាលភាពនៃការស្គាល់ពីម៉ាកសញ្ញា ទំនាក់ទំនងអំពីប្រម៉ូសិនថ្មីៗ និងជម្រុញការលក់។
- យុទ្ធសាស្រ្តទំនាក់ទំនងសាធារណៈ (PR)
ទំនាក់ទំនងសាធារណៈ (PR) គឺជាយុទ្ធសាស្រ្តដំបូងដែល Uber បានដើរ។ ពួកគេបានបញ្ជ្រៀបឈ្មោះរបស់ខ្លួនតាមរយៈការប្រកាសអំពីការចុះហត្ថលេខានៅលើអនុសារណៈយោគយល់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយបើកចំហរនិងជាសារធារណៈ។ សារព័ត៌មានក្នុងស្រុកមួយចំនួនដូចជាភ្នំពេញប៉ុស្តិ៍ វីអូអេ និងខេមបូឌាដេលី ជាដើម បានចុះផ្សាយពីព័ត៌មាននេះ។ ការង្ហាញជាសារធារណៈបែបនេះ ជួយឲ្យក្រុមហ៊ុន Uber កសាងបាននូវទំនុកចិត្តពីប្រជាជនក្នុងស្រុក និងធ្វើឲ្យប្រជាជនយល់ថាក្រុមហ៊ុន Uber គឺជាក្រុមហ៊ុនធំ មានទំនាក់ទំនងល្អនិងទទួលស្គាល់ដោយរដ្ឋាភិបាល និងមានភាពច្បាស់លាស់។
- យុទ្ធសាស្រ្តបង្កើតភាពជាដៃគូរជាមួយនឹងក្រុមហ៊ុនក្នុងស្រុក
ការបង្កើតភាពជាដៃគូរជាមួយនឹងក្រុមហ៊ុនក្នុងស្រុកគឺជាយុទ្ធសាស្រ្តឆ្លាតវ៉ៃនិងចុងក្រោយមួយដែលខ្ញុំសង្កេតឃើញក្រុមហ៊ុន Uber កំពុងតែអនុវត្ត។ ការបង្កើតភាពជាដៃគូគឺចាំបាច់នៅពេលក្រុមហ៊ុន Uber ចូលមកទីផ្សារកម្ពុជាព្រោះទីផ្សារកម្ពុជាគឺជាទីផ្សារថ្មីមួយសម្រាប់ក្រុមហ៊ុន Uber ហើយចំណេះដឹងលើទីផ្សារនេះពិតជានៅមានកម្រិត និងតិចតួចជាងបើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដែលបានមានប្រតិបត្តការយូរឆ្នាំនៅក្នុងដែនដីសុវណ្ណភូមិនេះ។ ជាពិសេសគឺក្រុមហ៊ុនទាំងនោះបានកសាងក្រុមអតិថិជនរួចជាស្រេច! តាមការសង្កេត យើងឃើញថាក្រុមហ៊ុន Uber បានបង្កើតភាពជាដៃគូជាមួយកម្មវិធី Barcamp Asean 2017 និង After Life របស់ EDM Cambodia ដោយបានផ្តល់ជាលេខកូដបញ្ចុះតម្លៃពិសេសសម្រាប់អ្នកដែលចូលរួមកម្មវិធីទាំងនេះ។ អ្នកចូលរួមកម្មវិធី After Life បានការបញ្ចុះតម្លៃ ៥០ភាគរយទៅលើការធ្វើដំណើរទៅនិងត្រលប់មកវិញ។ ខ្ញុំយល់ថាវិធីសាស្ត្រនេះគឺមានប្រសិទ្ធិភាព ហើយក៏អាចធ្វើឲ្យកេរ្តិ៍ឈ្មោះកាន់តែត្រូវបានគេស្គាល់ច្រើនឡើងទៀត។
គួរបញ្ជាក់ដែរថា នៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាយើង ក្រុមហ៊ុនបំរើសេវាកម្មតាក់ស៊ីដែលប្រើប្រាស់ App ធំៗមានដូចជា iTsumo (ចំនួនអ្នកទាញយក =5k), Exnet Taxi (ចំនួនអ្នកទាញយក =10k), PassApp Taxis (ចំនួនអ្នកទាញយក=10K) និង UGo711 (ចំនួនអ្នកទាញយក=10k)។