ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព គឺជាជំនាញដ៏សំខាន់មួយសម្រាប់ភាពជោគជ័យ ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងអាជីព។ មនុស្សដែលពូកែក្នុងការសម្រេចចិត្ត មិនមែនកើតមកមានទេពកោសល្យពីកំណើតនោះទេ តែពួកគេបានកសាងទម្លាប់ល្អៗជាប្រចាំ។
ខាងក្រោមនេះជាទម្លាប់ ១០ យ៉ាងដែលនាំទៅដល់ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព៖
១. ចំណាយពេលយល់ដឹងពីបញ្ហាឱ្យច្បាស់លាស់
មុននឹងសម្រេចចិត្ត អ្នកត្រូវចំណាយពេលយល់ដឹងពី ឫសគល់នៃបញ្ហា ឱ្យបានច្បាស់លាស់ កុំដោះស្រាយរោគសញ្ញាខាងក្រៅ។
២. ប្រមូលព័ត៌មានឱ្យបានគ្រប់គ្រាន់
ការសម្រេចចិត្តល្អបំផុត ច្រើនតែកើតចេញពីការដឹងព័ត៌មានពេញលេញ។ ត្រូវ ប្រមូលទិន្នន័យ ការពិត និងមតិយោបល់ពីប្រភពផ្សេងៗ។ កុំពឹងផ្អែកតែលើការសន្មត ឬអារម្មណ៍របស់អ្នក។
៣. វាយតម្លៃជម្រើសផ្សេងៗ
កុំជាប់គាំងនឹងជម្រើសដំបូងដែលអ្នកបានគិត ត្រូវស្វែងរក និងវាយតម្លៃជម្រើសជាច្រើនផ្សេងទៀត។ ដោយពិចារណាពីគុណសម្បត្តិ គុណវិបត្តិ ហានិភ័យ និងផលប៉ះពាល់នៃជម្រើសនីមួយៗ។
៤. គិតពីលទ្ធផលរយៈពេលវែង
មនុស្សពូកែសម្រេចចិត្ត មិនគិតតែពីផលចំណេញរយៈពេលខ្លីនោះទេ។ ពួកគេតែងតែ គិតពីផលប៉ះពាល់រយៈពេលវែង ទៅលើខ្លួនឯង អ្នកដទៃ និងគោលដៅរបស់ពួកគេ។
៥. កុំបណ្តោយឱ្យអារម្មណ៍គ្រប់គ្រង
អារម្មណ៍អាចជះឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នក។ ដូចនេះអ្នកត្រូវរៀន គ្រប់គ្រងអារម្មណ៍ ហើយប្រើប្រាស់ហេតុផល និងតក្កវិជ្ជានៅក្នុងការសម្រេចចិត្ត។
៦. កំណត់កាលបរិច្ឆេទសម្រាប់សម្រេចចិត្ត
ការពន្យារពេលអាចធ្វើឱ្យអ្នកបាត់បង់ឱកាស។ ដូចនេះអ្នកត្រូវ កំណត់កាលបរិច្ឆេទជាក់លាក់ សម្រាប់ធ្វើការសម្រេចចិត្ត។ ថែមពីនេះ បើអ្នកមានព័ត៌មានគ្រប់គ្រាន់ហើយ កុំទុកពេលគិតយូរពេក។
៧. ទទួលយកហានិភ័យ
ការសម្រេចចិត្តនីមួយៗតែងតែមានហានិភ័យ។ ត្រូវទទួលស្គាល់ និងត្រៀមខ្លួន សម្រាប់ហានិភ័យនោះ។ មិនតែប៉ុណ្ណោះវាយតម្លៃថា តើហានិភ័យនោះសមនឹងផលចំណេញដែរឬទេ?
៨. សុំយោបល់ពីអ្នកដទៃ
កុំគិតថាអ្នកត្រូវដោះស្រាយបញ្ហាទាំងអស់តែម្នាក់ឯង។ អ្នកត្រូវសុំយោបល់ពីអ្នកជំនាញ អ្នកណែនាំ ឬមនុស្សដែលមានបទពិសោធន៍ ព្រោះពួកគេអាចផ្តល់នូវបទពិសោធន៍ និងទស្សនៈថ្មីៗដែលអ្នកមិនបានគិតដល់។
៩. រៀនពីការសម្រេចចិត្តកន្លងមក
រាល់ការសម្រេចចិត្តដែលអ្នកបានធ្វើ មិនថាល្អឬអាក្រក់ សុទ្ធតែជាមេរៀន។ ត្រូវ ពិនិត្យមើលការសម្រេចចិត្តកន្លងមក របស់អ្នក ហើយរៀនពីវា។
១០. មានទំនុកចិត្តលើខ្លួនឯង
នៅពេលអ្នកបានធ្វើការងារទាំងអស់ខាងលើហើយ សូមជឿជាក់លើការសម្រេចចិត្តរបស់អ្នក។ ការមានទំនុកចិត្តជួយអ្នកឱ្យបោះជំហានទៅមុខដោយភាពក្លាហាន។
ជារួម ការអនុវត្តទម្លាប់ទាំងនេះជាប្រចាំ នឹងជួយឱ្យអ្នកក្លាយជាអ្នកសម្រេចចិត្តដ៏ឆ្លាតវៃ ដែលអាចដឹកនាំជីវិត និងអាជីពរបស់អ្នកទៅកាន់ភាពជោគជ័យ។