spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតើមនុស្សសប្បាយចិត្ត តែងតែមានទម្លាប់អ្វីខ្លះ?

តើមនុស្សសប្បាយចិត្ត តែងតែមានទម្លាប់អ្វីខ្លះ?

-

ភាពសប្បាយចិត្ត ជាអ្វីដែលមនុស្សគ្រប់គ្នាតាមស្វែងរកជានិច្ច ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេម្នាក់ៗកាន់តែមានភាពស្រស់បំព្រង។ ទោះបីជាយ៉ាងនេះក្ដី ក៏មានបុគ្គលជាច្រើនរូបផងដែរ ដែលបានធ្វើឱ្យជីវិតរបស់ពួកគេតែងតែល្អ តាមរយៈការធ្វើឱ្យខ្លួនឯងជាមនុស្សមានការសប្បាយចិត្តច្រើនជាការកើតទុក្ខ។ ដូច្នេះតើអ្នកដឹងទេថា តើមនុស្សសប្បាយចិត្ត ពួកគេមានទម្លាប់អ្វីខ្លះ?

ខ្លឹមសារខាងក្រោមនេះ ជាទម្លាប់សំខាន់ៗមួយចំនួនដែលអ្នកអាចអនុវត្តន៍តាមបាន ពីព្រោះវាជាទម្លាប់ដែលមនុស្សសប្បាយចិត្តតែងតែចូលចិត្តធ្វើជាប្រចាំ។

1. ពួកគេគេងបានគ្រប់គ្រាន់

ជាធម្មតាទេ ប្រសិនបើអ្នកមានអារម្មណ៍ស្មុគស្មាញ មានទុក្ខកង្វល់ និងគិតព្រួយអំពីបញ្ហានានា ច្បាស់ណាស់អ្នកនឹងមិនអាចគេងលក់បានស្កប់ស្កល់ឡើយ ជាពិសេសអ្នកនឹងព្យាយាមគេងយប់ជ្រៅ និងគេងមិនបានគ្រប់គ្រាន់ស្ទើតែរៀងរាល់ថ្ងៃ។ ចំណែកឯមនុស្សសប្បាយចិត្តវិញ ភាគច្រើនពួកគេតែងតែមានការគេងបានទៀងទាត់​ ព្រមទាំងគេងបានយ៉ាងគ្រប់គ្រាន់ល្អ ហើយនេះក៏ជាកត្តាមួយដែលធ្វើឱ្យពួកគេបង្កើនភាពសប្បាយចិត្តទ្វេដង មានការគិតល្អ និងស្រស់ស្រាយជានិច្ច។

គួរបញ្ជាក់ផងដែរថា ការគេងឱ្យបានគ្រប់គ្រាន់គឺវាមានសារៈសំខាន់ណាស់ ដូចជាជួយអ្នកឱ្យកាន់តែមានអារម្មណ៍ស្រស់ស្រាយល្អ ការគិតបែបច្នៃប្រឌិត មានការផ្ដោតអារម្មណ៍ និងអាចគ្រប់គ្រងខ្លួនឯងឱ្យធ្វើសកម្មភាពនានាបានយ៉ាងល្អ។

2. ពួកគេមានផ្នត់គំនិតរីកចម្រើន

មនុស្សរីករាយ តែងតែគិតលើរឿងល្អៗ ជាពិសេសតែងតែបម្លែងខ្លួនឯងឱ្យមានផ្នត់គំនិតរីកចម្រើន ដោយពួកគេមិនដែលធ្វើឱ្យខ្លួនឯងស្ថិតនៅភាពរីកចម្រើនដដែលៗ ឬព្យាយាមរស់នៅក្នុងតំបន់សុខស្រួលផ្ទាល់ខ្លួន (Comfort Zone) ច្រើនឡើយ។ បន្ថែមពីនេះ ពួកគេតែងតែជឿជាក់លើខ្លួនឯងថា នឹងអាចកែប្រែខ្លួនឯងឱ្យកាន់តែល្អប្រសើរ អាចឆ្ពោះទៅកាន់ភាពរីកចម្រើនខាងមុខ បន្តការសិក្សារៀនសូត្រជាប្រចាំ និងអាចធ្វើអ្វីគ្រប់យ៉ាងបាន ដោយគ្មានពាក្យថាមិនអាចទៅរួចឡើយ។

3. ព្យាយាមសេពគប់ជាមួយមនុស្សត្រូវ

នៅក្នុងពិភពលោកយើងនេះ មានមនុស្សជាច្រើននាក់ ដោយមានទាំងមនុស្សល្អ មនុស្សមិនល្អ និងប្រភេទមនុស្សខ្លះអ្នកត្រូវចៀសវាងសេពគប់ ហើយប្រភេទមនុស្សខ្លះទៀតជាមនុស្សដែលអ្នកត្រូវតែព្យាយាមសេពគប់ឱ្យបានច្រើនតាមដែលអាចធ្វើបាន។

អ្នកត្រូវដឹងថា សេពគប់មនុស្សត្រូវ សំដៅលើការសេពគប់ជាមួយប្រភេទមនុស្សទាំងឡាយណាដែលនឹងជួយគាំទ្រអ្នក ជួយលើកតម្កើនអ្នក និងជួយជំរុញអ្នកឱ្យកាន់តែមានជីវិតល្អប្រសើរ ព្រមទាំងតែងតែចង់ឃើញអ្នករីកចម្រើន។ បន្ថែមពីនេះ បើអ្នកជុំវិញរបស់អ្នកពោរពេញដោយមនុស្សគិតអវិជ្ជមាន ឬតែងតែព្យាយាមជាន់ពន្លិចពីភាពរីកចម្រើនរបស់អ្នក​ នោះជីវិតរបស់អ្នកក៏ពិបាកមានភាពសប្បាយរីករាយ និងរីកចម្រើនដែរ ដូច្នេះហើយភាគច្រើនមនុស្សដែលមានភាពសប្បាយរីករាយច្រើននៅក្នុងជីវិត គឺពួកគេតែងតែព្យាយាមសេពគប់មនុស្សត្រូវ និងធ្វើឱ្យមនុស្សជុំវិញខ្លួនពួកគេសុទ្ធតែជាមនុស្សធ្វើឱ្យគេមានការគិតល្អ មានភាពស្រស់ស្រាយ និងកាន់តែរីកចម្រើនជាបន្តបន្ទាប់។

4. ពួកគេព្យាយាមធ្វើឱ្យខ្លួនឯងរីករាយ

មនុស្សម្នាក់ៗអាចមានភាពសប្បាយរីករាយច្រើន លុះត្រាតែពួកគេព្យាយាមធ្វើឱ្យខ្លួនឯងរស់នៅក្នុងជីវិតមួយពោរពេញដោយភាពសប្បាយរីករាយបានច្រើន ដោយមិនមែនមនុស្សគ្រប់គ្នាសុទ្ធក្រោកពីដំណេកហើយមានអារម្មណ៍រីករាយគ្រប់ពេលនោះឡើយ។ ភាគច្រើនមនុស្សសប្បាយចិត្ត តែងតែព្យាយាមចាកចេញពីអ្វីដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ និងព្យាយាមធ្វើសកម្មភាពនានាមិនថាពិបាក ឬស្រួលឡើយ ដើម្បីបង្កើតក្ដីសុខឱ្យខ្លួនឯងបានច្រើនតាមដែរពួកគេធ្វើបាន។

5. ពួកគេរវល់ ប៉ុន្តែពួកគេមិនប្រញាប់

ការធ្វើអ្វីក៏ដោយ ប្រសិនបើព្យាយាមប្រញាប់ នោះលទ្ធផលដែលទទួលបានគឺមិនល្អឡើយ ព្រមទាំងអាចបង្កឱ្យមានភាពស្រ្តេស និងការមិនសប្បាយចិត្តទេ្វដងដល់ខ្លួនឯងជាដើម។ ប៉ុន្តែចំពោះមនុស្សសប្បាយចិត្ត ភាគច្រើនពួកគេព្យាយាមធ្វើការងារដែលធ្វើឱ្យពួកគេសប្បាយចិត្ត និងរវល់គ្រប់គ្រាន់ដែលអាចធ្វើបាន ដោយអាចបញ្ចប់ការងារនោះបានយ៉ាងរលូន ព្រមទាំងធ្វើតាមដំណើរ ដោយគ្មានភាពប្រញាប់ខ្លាំងឡើយ។

6. ពួកគេអបអរសាទរលើភាពជោគជ័យរបស់អ្នកដទៃ

មនុស្សសប្បាយចិត្ត ភាគច្រើនមិនចូលចិត្តច្រណែន ឬព្យាយាមរិះរកគ្រប់វិធីដើម្បីធ្វើយ៉ាងណាឱ្យអ្នកជុំវិញមិនមានភាពរីកចម្រើនឡើយ មានតែព្យាយាមជួយ និងចូលរួមអបអរសាទររាល់ភាពជោគជ័យរបស់អ្នកជុំវិញខ្លួនជានិច្ច។ ហើយការអបអរសាទរទាំងនោះ សុទ្ធតែកើតចេញពីចិត្ត និងភាពស្មោះត្រង់ ដោយមិនមែនជាការអបអរសាទរ ឬសប្បាយចិត្តបែបក្លែងក្លាយឡើយ។

7. ពួកគេចំណាយពេលនៅជាមួយធម្មជាតិច្រើន

ធម្មជាតិក៏ជាផ្នែកមួយសំខាន់ក្នុងការជួយធ្វើឱ្យមនុស្សមានភាពស្រស់ស្រាយ កាត់បន្ថយស្រ្តេស និងបញ្ចូលអារម្មណ៍ក្នុងការរស់នៅក្នុងភាពបច្ចុប្បន្ន។ បន្ថែមពីនេះ វាក៏ជាចំណែកធ្វើឱ្យអ្នកបង្កើនផលិតភាពការងារ និងមានគំនិតល្អៗដើម្បីធ្វើអ្វីផ្សេងទៀត។ ភាគច្រើនមនុស្សសប្បាយចិត្ត តែងតែរីករាយជាមួយនឹងធម្មជាតិ ការសម្រាកជាមួយធម្មជាតិ និងការទទួលយកអារម្មណ៍ស្រស់ស្រាយជាមួយធម្មជាតិ។

8. ពួកគេមិនដែលចាត់ទុកបញ្ហាជារឿងអាក្រក់ឡើយ

បញ្ហានៅក្នុងពិភពលោកនេះមានច្រើនប្រភេទណាស់មិនថានៅក្នុងជីវិតផ្ទាល់ខ្លួន ឬនៅកន្លែងការងារ និងនៅក្នុងប្រទេសជាតិនោះទេ ភាគច្រើនមនុស្សសប្បាយចិត្តមិនដែលធ្វើឱ្យខ្លួនឯងបារម្ភច្រើនឡើយ តែងតែចាត់ទុកថាបញ្ហាទាំងនោះជារឿងថ្មីមួយដែលពួកគេត្រូវតែប្រឈម និងអាចបម្លែងវាឱ្យក្លាយជាឱកាសនានាជាដើម។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ