ខ្ញុំបានធ្វើវីដេអូថ្មីៗនេះអំពីប្រធានបទ “ថាតើយើងគួរតែវិនិយោគដីដែរឬទេក្នុងសម័យកាលនេះ”? ពិតណាស់ បច្ចុប្បន្ន ការទិញលក់មានការថមថយសន្ទុះនៅតំបន់ដែលមិនមានចរន្តសេដ្ឋកិច្ច តម្លៃមិនមានការឡើងថ្លៃដូចមុនកំឡុងពេលកូវីដ១៩ ដែលហេតុនាំឲ្យមានមតិផ្ទុយគ្នា ដោយអ្នកខ្លះថាគួរទិញទាន់សម្បូរអចលនវត្ថុធូរថ្លៃ និងអ្នកខ្លះទៀតបាននិយាយថា មិនគួរទិញទេ ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ ហើយក៏មានការផ្អើលចែកចាយតៗគ្នាតាមបណ្តាញសង្គមដែលគ្រាន់តែច្បិចយកពាក្យមួយឃ្លាថា សេដ្ឋកិច្ចនឹងធ្លាក់រហូតដល់ឆ្នាំ២០២៧ពីការធ្វើបទបង្ហាញនាពេលកន្លងមកពាក់ព័ន្ធនឹងសេដ្ឋកិច្ចសាកលលោក។ តាមពិតទៅ និយាយជារួម តម្លៃដីធ្លីពិតជាមានសភាពត្រឹងពិតប្រាកដមែន តែក៏នៅមានកន្លែងខ្លះក៏រក្សាតម្លៃល្អដោយសារតែតម្រូវការនៅតែមាន និងតំបន់ថ្មីៗដែលកំពុងតែមានការអភិវឌ្ឍ។
ការប៉ាន់ស្មានថាពេលណាដីនឹងឡើងថ្លៃវិញគឺជារឿងដែលពិបាកបំផុត ដោយសារតែគ្មានអ្នកណាអាចទាយត្រូវ១០០%នោះឡើយ ព្រោះវាមានការពាក់ព័ន្ធនឹងកត្តាជាច្រើន ដូចជារយៈពេលនៃបញ្ហាសេដ្ឋកិច្ច គោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្ថានភាពទីផ្សារជាក់ស្តែងជាក់ស្តែងជាដើម។ ការទស្សន៍ទាយនាពេលកន្លងមក គឺសុទ្ធតែផ្អែកលើស្ថានភាពដែលគេកំពុងតែជួបប្រទះ និងព័ត៌មានដែលគេក្តាប់បាន ហើយតែងតែប្រែប្រួលជាប់ជានិច្ចផងដែរ។ ខ្ញុំចាំបានថា កាលពីឆ្នាំ ២០១៥ខែសីហា មានស្ថានភាពរំជើបរំជួលនៃទីផ្សារភាគហ៊ុននៅប្រទេសចិន ដែលត្រូវបានអ្នកជំនាញនិយាយថា នឹងធ្វើឲ្យសាកលលោកជួបវិបត្តិសេដ្ឋកិច្ចជាថ្មីដូចកំឡុងឆ្នាំ២០០៧-២០០៨ដែរ រហូតដល់ប្រសិទ្ធនាមថាជាថ្ងៃច័ន្ទខ្មៅ។ តែចុងក្រោយ វិបត្តិនេះ ត្រូវបានគ្រប់គ្រងបានដោយរដ្ឋាភិបាលចិន និងធ្វើឲ្យយើងគេចផុតពីវិបត្តិសេដ្ឋកិច្ចសាកល ហើយក្រោយៗមកក៏តែងតែមានការទស្សន៍ទាយផ្សេងៗទៀតដូចជាក្នុងកំឡុងពេលកូវីដ១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលការទស្សន៍ទាយទាំងនោះ មានខ្លះបានកើតឡើង ហើយមានខ្លះបានប្រែប្រួលទៅតាមស្ថានការណ៍។ តែទោះជាយ៉ាងណា គេក៏បានលើកឡើងថា វិបត្តិលើកនេះ ទំនោរមើលទៅនឹងមិនមានសភាពធ្ងន់ធ្ងរដូចកាលពីជាង១០ឆ្នាំមុននោះឡើយ។
ត្រឡប់មករឿងដីធ្លីនៅប្រទេសកម្ពុជាយើងវិញ ថាតើពេលណាអាចមានការកើនឡើង និងផុសផុលឡើងវិញ? ខ្ញុំជឿថា គ្មានអ្នកណាមានចម្លើយជាក់ឡាក់ណាមួយនោះឡើយព្រោះវាអាស្រ័យលើកត្តាក្នុងស្រុករបស់យើង និងកត្តាភូមិសាស្ត្ររបស់អចលនវត្ថុមួយនោះ ហើយពាក់ព័ន្ធយ៉ាងខ្លាំងទៅលើតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងសេដ្ឋកិច្ច។ សម្រាប់ខ្ញុំវិញ ស្ថានភាពទីផ្សារដូចបច្ចុប្បន្ននេះ យ៉ាងលឿនអាចអូសបន្លាយ១ឆ្នាំបន្តទៀត ហើយអាចយូរជាងនេះទៅតាមស្ថានភាព និងបរិយាកាសជាក់ស្តែង។ ខាងក្រោមនេះ គឺជាកត្តាដែលអាចអូសទាញតម្លៃដីធ្លីឲ្យមានការកើនឡើង៖
១. សូចនាករសេដ្ឋកិច្ច៖ អ្នកអាចធ្វើការតាមដានសូចនាករដូចជាការកើនឡើងផលិតផលក្នុងស្រុកសរុប អត្រាអ្នកមានការងារធ្វើ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាត្រាការប្រាក់។ នៅពេលដែលតួរលេខទាំងនេះមានការកើនឡើងជាវិជ្ជមាន(លើកលែងតែអត្រាការប្រាក់) វានឹងរួមចំណែកធ្វើឲ្យបរិយាកាសក្នុងទីផ្សារអចលនវត្ថុមានភាពល្អប្រសើរផងដែរ។
២. គោលនយោបាយរបស់រដ្ឋាភិបាល៖ រដ្ឋបាលអាចលូកដៃចូលស្តារបរិយាកាសសេដ្ឋកិច្ចផងដែរដើម្បីជម្រុញឲ្យមានកំណើនឡើងវិញដូចជាលើកទឹកចិត្តក្នុងវិស័យពន្ធដារ ការកសាងហេដ្ឋរចនាសម្ព័ន្ធថ្មីៗ ទាក់ទាញនិងជម្រុញវិនិយោគិនធំៗក្នុងស្រុក និងក្រៅស្រុកដើម្បីដាក់ទុនចូលទៅក្នុងសេដ្ឋកិច្ចបន្ថែម និងការអនុគ្រោះការផ្តល់កម្ចីអាជីវកម្មជាដើម។ គោលនយោបាយទាំងនោះនឹងចូលរួមចំណែកស្តារសេដ្ឋកិច្ច និងតម្រូវការក្នុងវិស័យអចលនវត្ថុដែលនាំឲ្យតម្លៃមានការកើនឡើងជាវិជ្ជមាន។
៣. តុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់៖ តុល្យភាពរវាងការផ្គត់ផ្គង់អចលនវត្ថុ និងតម្រូវការពិតជាមានសារៈសំខាន់ណាស់សម្រាប់ទីផ្សារអចលនវត្ថុ។ ប្រសិនបើមានគោលនយោបាយកម្រិតចំនួននៃការផ្គត់ផ្គង់ឲ្យមានអត្រាទាបជាងតម្រូវការនោះ ប្រាកដណាស់តម្លៃអចលនវត្ថុនឹងមានការកើនឡើងជាក់ជាមិនខាន។
៤. ទំនុកចិត្តសម្រាប់វិនិយោគិន៖ ទំនុកចិត្តពីសំណាក់អ្នកវិនិយោគគឺជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយដល់ស្ថានភាពទីផ្សារអចលនវត្ថុ។ ប្រសិនបើវិនិយោគិនជឿជាក់ថា ទីផ្សារមានសភាពរឹងមាំ និងស្ថេរភាព ទីផ្សារអាចផ្គត់ផ្គង់ធនធានមនុស្សល្អៗប្រកបដោយសមត្ថភាព និងការប្រកួតប្រជែងខ្ពស់នោះ ប្រាកដណាស់ពួកគាត់នឹងមានភាពសកម្មជាងមុន ដែលនាំឲ្យជះឥទ្ធិពលវិជ្ជមានសម្រាប់ទីផ្សារអចលនវត្ថុផងដែរ។
សរុបមកវិញ អ្នកត្រូវចងចាំថា គ្មានអ្នកណាម្នាក់អាចទាយត្រូវលើពេលវេលាជាក់លាក់នៃការវិលត្រឡប់មកវិញនៃយុគមាសនៃតម្លៃដីធ្លីនោះទេដោយសារតែយើងត្រូវធ្វើការតាមដានស្ថានការណ៍ និងកត្តាជាច្រើន។ ដូចនេះ ក្នុងកាលទេសៈណាក៏ដោយ យើងនៅតែអាចទាញផលចំណេញដោយយោងតាមភាពឆ្លាតវៃ ភាពប៉ិនប្រសប់ និងបទពិសោធន៍ដែលយើងមាន រួមនឹងការទទួលបានការប្រឹក្សាពីអ្នកជំនាញ។ ដូចមានការលើកឡើងខាងលើយ៉ាងដូច្នេះ ទោះក្នុងស្ថានភាពទីផ្សារមានសភាពទ្រឹងជាទូទៅ ក៏នៅតែមានកន្លែងមួយចំនួននៅតែមានតម្លៃល្អ និងមានតម្រូវការខ្ពស់ផងដែរ។ ហើយអ្នកដែលអាចចាប់យកឱកាសក្នុងពេលដែលគេខ្លាច គឺជាអ្នកមានឱកាសទទួលបានផលចំណេញ។ ចូរចាំថា ក្នុងរយៈពេលវែង ដីធ្លី និងផ្ទះតែងតែមានការកើនឡើងជានិច្ច!