spot_img
spot_img
Homeសេដ្ឋកិច្ចតើឆ្នាំណាដីធ្លីឡើងថ្លៃវិញ?

តើឆ្នាំណាដីធ្លីឡើងថ្លៃវិញ?

-

ខ្ញុំបានធ្វើវីដេអូថ្មីៗនេះអំពីប្រធានបទ “ថាតើយើងគួរតែវិនិយោគដីដែរឬទេក្នុងសម័យកាលនេះ”? ពិតណាស់​ បច្ចុប្បន្ន ការទិញលក់មានការថមថយសន្ទុះនៅតំបន់ដែលមិនមានចរន្តសេដ្ឋកិច្ច តម្លៃមិនមានការឡើងថ្លៃដូចមុនកំឡុងពេលកូវីដ១៩ ដែលហេតុនាំឲ្យមានមតិផ្ទុយគ្នា​ ដោយអ្នកខ្លះថាគួរទិញទាន់សម្បូរអចលនវត្ថុធូរថ្លៃ និងអ្នកខ្លះទៀតបាននិយាយថា មិនគួរទិញទេ ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ ហើយក៏មានការផ្អើលចែកចាយតៗគ្នាតាមបណ្តាញសង្គមដែលគ្រាន់តែច្បិចយកពាក្យមួយឃ្លាថា សេដ្ឋកិច្ចនឹងធ្លាក់រហូតដល់ឆ្នាំ២០២៧ពីការធ្វើបទបង្ហាញនាពេលកន្លងមកពាក់ព័ន្ធនឹងសេដ្ឋកិច្ចសាកលលោក។ តាមពិតទៅ និយាយជារួម តម្លៃដីធ្លីពិតជាមានសភាពត្រឹងពិតប្រាកដមែន តែក៏នៅមានកន្លែងខ្លះក៏រក្សាតម្លៃល្អដោយសារតែតម្រូវការនៅតែមាន និងតំបន់ថ្មីៗដែលកំពុងតែមានការអភិវឌ្ឍ។

ការប៉ាន់ស្មានថាពេលណាដីនឹងឡើងថ្លៃវិញគឺជារឿងដែលពិបាកបំផុត ដោយសារតែគ្មានអ្នកណាអាចទាយត្រូវ១០០%នោះឡើយ ព្រោះវាមានការពាក់ព័ន្ធនឹងកត្តាជាច្រើន ដូចជា​រយៈពេលនៃបញ្ហាសេដ្ឋកិច្ច គោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្ថានភាពទីផ្សារជាក់ស្តែងជាក់ស្តែងជាដើម។ ការទស្សន៍ទាយនាពេលកន្លងមក គឺសុទ្ធតែផ្អែកលើស្ថានភាពដែលគេកំពុងតែជួបប្រទះ និងព័ត៌មានដែលគេក្តាប់បាន ហើយតែងតែប្រែប្រួលជាប់ជានិច្ចផងដែរ។ ខ្ញុំចាំបានថា កាលពីឆ្នាំ ២០១៥ខែសីហា មានស្ថានភាពរំជើបរំជួលនៃទីផ្សារភាគហ៊ុននៅប្រទេសចិន ដែលត្រូវបានអ្នកជំនាញនិយាយថា នឹងធ្វើឲ្យសាកលលោកជួបវិបត្តិសេដ្ឋកិច្ចជាថ្មីដូចកំឡុងឆ្នាំ២០០៧-២០០៨ដែរ រហូតដល់ប្រសិទ្ធនាមថាជាថ្ងៃច័ន្ទខ្មៅ។ តែចុងក្រោយ វិបត្តិនេះ ត្រូវបានគ្រប់គ្រងបានដោយរដ្ឋាភិបាលចិន និងធ្វើឲ្យយើងគេចផុតពីវិបត្តិសេដ្ឋកិច្ចសាកល ហើយក្រោយៗមកក៏តែងតែមានការទស្សន៍ទាយផ្សេងៗទៀតដូចជាក្នុងកំឡុងពេលកូវីដ១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលការទស្សន៍ទាយទាំងនោះ មានខ្លះបានកើតឡើង ហើយមានខ្លះបានប្រែប្រួលទៅតាមស្ថានការណ៍។ តែទោះជាយ៉ាងណា គេក៏បានលើកឡើងថា វិបត្តិលើកនេះ ទំនោរមើលទៅនឹងមិនមានសភាពធ្ងន់ធ្ងរដូចកាលពីជាង១០ឆ្នាំមុននោះឡើយ។

ត្រឡប់មករឿងដីធ្លីនៅប្រទេសកម្ពុជាយើងវិញ ថាតើពេលណាអាចមានការកើនឡើង និងផុសផុល​ឡើងវិញ? ខ្ញុំជឿថា គ្មានអ្នកណាមានចម្លើយ​ជាក់ឡាក់ណាមួយនោះឡើយព្រោះវាអាស្រ័យលើកត្តាក្នុងស្រុករបស់យើង និងកត្តាភូមិសាស្ត្ររបស់អចលនវត្ថុមួយនោះ ហើយពាក់ព័ន្ធយ៉ាងខ្លាំងទៅលើតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងសេដ្ឋកិច្ច។ សម្រាប់ខ្ញុំវិញ ស្ថានភាពទីផ្សារដូចបច្ចុប្បន្ននេះ យ៉ាងលឿនអាចអូសបន្លាយ១ឆ្នាំបន្តទៀត ហើយអាចយូរជាងនេះទៅតាមស្ថានភាព និងបរិយាកាសជាក់ស្តែង។ ខាងក្រោមនេះ គឺជាកត្តាដែលអាចអូសទាញ​តម្លៃដីធ្លីឲ្យមានការកើនឡើង៖

១. សូចនាករសេដ្ឋកិច្ច៖ អ្នកអាចធ្វើការតាមដានសូចនាករដូចជាការកើនឡើងផលិតផលក្នុងស្រុកសរុប អត្រាអ្នកមានការងារធ្វើ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាត្រាការប្រាក់។ នៅពេលដែលតួរលេខទាំងនេះមានការកើនឡើងជាវិជ្ជមាន(លើកលែងតែអត្រាការប្រាក់) វានឹងរួមចំណែកធ្វើឲ្យបរិយាកាសក្នុងទីផ្សារអចលនវត្ថុមានភាពល្អប្រសើរផងដែរ។

២. គោលនយោបាយរបស់រដ្ឋាភិបាល៖ រដ្ឋបាលអាចលូកដៃចូលស្តារបរិយាកាសសេដ្ឋកិច្ចផងដែរដើម្បីជម្រុញឲ្យមានកំណើនឡើងវិញដូចជាលើកទឹកចិត្តក្នុងវិស័យពន្ធដារ ការកសាងហេដ្ឋរចនាសម្ព័ន្ធថ្មីៗ ទាក់ទាញនិងជម្រុញវិនិយោគិនធំៗក្នុងស្រុក និងក្រៅស្រុកដើម្បីដាក់ទុនចូលទៅក្នុងសេដ្ឋកិច្ចបន្ថែម និងការអនុគ្រោះការផ្តល់កម្ចីអាជីវកម្មជាដើម។ គោលនយោបាយទាំងនោះនឹងចូលរួមចំណែកស្តារសេដ្ឋកិច្ច និងតម្រូវការក្នុងវិស័យអចលនវត្ថុដែលនាំឲ្យតម្លៃមានការកើនឡើងជាវិជ្ជមាន។

៣. តុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់៖ តុល្យភាពរវាងការផ្គត់ផ្គង់អចលនវត្ថុ និងតម្រូវការពិតជាមានសារៈសំខាន់ណាស់សម្រាប់ទីផ្សារអចលនវត្ថុ។ ប្រសិនបើមានគោលនយោបាយកម្រិតចំនួននៃការផ្គត់ផ្គង់ឲ្យមានអត្រាទាបជាងតម្រូវការនោះ ប្រាកដណាស់តម្លៃអចលនវត្ថុនឹងមានការកើនឡើងជាក់ជាមិនខាន។

៤. ទំនុកចិត្តសម្រាប់វិនិយោគិន៖ ទំនុកចិត្តពីសំណាក់អ្នកវិនិយោគគឺជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយដល់ស្ថានភាពទីផ្សារអចលនវត្ថុ។ ប្រសិនបើវិនិយោគិនជឿជាក់ថា ទីផ្សារមានសភាពរឹងមាំ និងស្ថេរភាព ទីផ្សារអាចផ្គត់ផ្គង់ធនធានមនុស្សល្អៗប្រកបដោយសមត្ថភាព និងការប្រកួតប្រជែងខ្ពស់នោះ ប្រាកដណាស់ពួកគាត់នឹងមានភាពសកម្មជាងមុន ដែលនាំឲ្យជះឥទ្ធិពលវិជ្ជមានសម្រាប់ទីផ្សារអចលនវត្ថុផងដែរ។

សរុបមកវិញ អ្នកត្រូវចងចាំថា គ្មានអ្នកណាម្នាក់អាចទាយត្រូវលើពេលវេលាជាក់លាក់នៃការវិលត្រឡប់មកវិញនៃយុគមាសនៃតម្លៃដីធ្លីនោះទេដោយសារតែយើងត្រូវធ្វើការតាមដានស្ថានការណ៍ និងកត្តាជាច្រើន។ ដូចនេះ ក្នុងកាលទេសៈណាក៏ដោយ យើងនៅតែអាចទាញផលចំណេញដោយយោងតាមភាពឆ្លាតវៃ ភាពប៉ិនប្រសប់ និងបទពិសោធន៍ដែលយើងមាន រួមនឹងការទទួលបានការប្រឹក្សាពីអ្នកជំនាញ។ ដូចមានការលើកឡើងខាងលើយ៉ាងដូច្នេះ ទោះក្នុងស្ថានភាពទីផ្សារមានសភាពទ្រឹងជាទូទៅ ក៏នៅតែមានកន្លែងមួយចំនួននៅតែមានតម្លៃល្អ និងមានតម្រូវការខ្ពស់ផងដែរ។ ហើយអ្នកដែលអាចចាប់យកឱកាសក្នុងពេលដែលគេខ្លាច គឺជាអ្នកមានឱកាសទទួលបានផលចំណេញ។ ចូរចាំថា ក្នុងរយៈពេលវែង ដីធ្លី និងផ្ទះតែងតែមានការកើនឡើងជានិច្ច!

 

 

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ