មនុស្សមួយចំនួនធំនឹងគិតថាអ្នកឆ្កួត ឬ គិតអ្វីមិនបានការនៅពេលដែលអ្នកនិយាយអំពីម៉ាស៊ីនពេលវេលា ។ សូមបញ្ជាក់ថាម៉ាស៊ីនពេលវេលាមិនមែនជានាឡិកានោះទេ ប៉ុន្តែជាម៉ាស៊ីនដែលអាចឲ្យអ្នកធ្វើដំណើរទៅអតីតកាល និង អនាគតកាលបាន ។
បើយើងសួរអ្នកថា តើមនុស្សអាចនឹងបង្កើតម៉ាស៊ីនពេលវេលាបានដែរឬទេ ? មនុស្សធម្មតាស្ទើរតែទាំងអស់នឹងឆ្លើយថាមិនអាចទៅរួចឡើយ ។ ប៉ុន្តែនៅពេលដែលគេបន្តសួរទៀតថា តើមូលហេតុអ្វីដែលធ្វើឲ្យអ្នកគិតថាវាមិនអាចទៅរួច ? មនុស្សភាគច្រើននឹងគ្មានចំលើយឡើយដោយគ្រាន់តែថាពួកគេជឿលើសភាវៈគតិរបស់ខ្លួនទៅនឹងច្បាប់ធម្មជាតិដោយយល់ថាការបង្កើតម៉ាស៊ីនពេលវេលាគ្រាន់តែជាការស្រមើលស្រមៃប៉ុណ្ណោះ ហើយវានឹងមិនអាចទៅរួចឡើយ ។
ចំពោះអ្នករូបវិទ្យាវិញយល់ឃើញថាតាមទ្រឹស្តីបទរូបវិទ្យាការបង្កើតម៉ាស៊ីនពេលវេលាអាចទៅរួច ហើយពួកគេមិនត្រឹមតែយល់ឃើញនោះទេតែកំពុងនឹងបានខិតខំស្រាវជ្រាវដើម្បីបង្កើតម៉ាស៊ីនពេលវេលានោះទៀតផង ។ អ្នករូបវិទ្យានិយាយថាមានវិធីជាច្រើនដែលអាចនាំឲ្យយើងបង្កើតបានម៉ាស៊ីនពេលវេលាដូចជាតាមរយៈ ប្រហោងខ្មៅ (Black hole) ការធ្វើដំណើរក្នុងល្បឿនលឿនជាងពន្លឺព្រះអាទិត្យ និង តាមរយៈ Wormhole ជាដើម ។ល។ ប៉ុន្តែអ្នករូបវិទ្យាមួយចំនួនគិតថា បើទោះបីមនុស្សអាចបង្កើតម៉ាស៊ីនពេលវេលាបានក្តី វាអាចឲ្យយើងធ្វើដំណើរបានតែទៅអនាគតកាលប៉ុណ្ណោះ ។ ពួកគេបានបញ្ជាក់ថាការធ្វើដំណើរទៅអតីតកាលមិនអាចទៅរួចឡើយដោយសារតែបញ្ហាមួយដែលគេហៅថា “Paradox” ។
ប៉ុន្តែក្នុងអត្ថបទនេះ គំនិតនឹងពន្យល់ត្រឹមតែមូលហេតុ ៣ យ៉ាងដែលធ្វើឲ្យអ្នកគិតថាការបង្កើតម៉ាស៊ីនពេលវេលាមិនអាចទៅរួច ។ បើយើងត្រឡប់ទៅមើលសំណួរដែលសួរថា មូលហេតុអ្វីបានជាអ្នកគិតថាការបង្កើតម៉ាស៊ីនពេលវេលាមិនអាចទៅរួច? កត្តាដែលជំរុញឲ្យអ្នកគិតដូច្នោះគឺដោយសារតែអ្នកយល់ច្រឡំ ឬ មិនបានដឹងពីច្បាប់នៃពេលវេលា ។ តាមរយៈវីគីភេឌា ពេលវេលាគឺជាផ្នែកមួយនៃប្រព័ន្ធរង្វាស់ប្រើសម្រាប់រាបលំដាប់ព្រឹត្តិការណ៍ដើម្បីប្រៀបធៀបថេរវេលានិងរយៈចន្លោះនៃព្រឹត្តិការណ៍នោះ និង បញ្ជាក់ពីល្បឿននៃការផ្លាស់ប្តូរដូចជា ចលនានៃវត្ថុ ។
អ្វីដែលជំរុញឲ្យអ្នកគិតថាការបង្កើតម៉ាស៊ីនពេលវេលាមិនអាចទៅរួចនោះដោយសារកត្តា ៣ យ៉ាងដែលអ្នកយល់ច្រឡំ ឬ មិនបានដឹងពីច្បាប់ធម្មជាតិរបស់ពេលវេលា ។
កត្តាទាំង ៣ នោះគឺ ៖
១ យើងមិនអាចធ្វើសមកាលកម្មពេលវេលាបានឡើយ ក្នុងន័យនេះគេចង់និយាយថាយើងមិនអាចធ្វើឲ្យពេលវេលានៃចំនុចពីរដូចគ្នាបានឡើយ ។
ឧទាហរណ៍ ដោយសារតែច្បាប់នៃល្បឿនរបស់ពន្លឺនៅពេលដែលអ្នកមើលទៅព្រះអាទិត្យ អ្វីដែលអ្នកបានឃើញជាព្រះអាទិត្យកាលពី ៨នាទីមុនប៉ុណ្ណោះបើប្រៀបធៀបទៅនឹងពេលវេលារបស់អ្នកនៅលើផែនដី ។ ដូចនេះតាមទ្រឹស្តីបទមួយរបស់រូបវិទ្យា (Special Relativity) យើងនឹងអាចធ្វើដំណើរទៅអនាគតកាលបានបើសិនជាយើងអាចធ្វើដំណើរក្នុងល្បឿនលឿនជាងពន្លឺព្រះអាទិត្យ ។
២ ល្បឿននៃពេលវេលាគឺមិនថេរឡើយ ឬ អាចនិយាយបានថាមិនជាក់លាក់ឡើយ ។ ល្បឿនរបស់ថេរវេលាផ្លាស់ប្តូរទៅតាមទម្ងន់របស់វត្ថុនោះ មានន័យថារបស់កាន់តែធ្ងន់ ពេលវេលាដើរកាន់តែយឺត ។ ទាំងនេះមិនមែនគ្រាន់តែជាទ្រឹស្តីបទឡើយ ប៉ុន្តែវាជាការពិត ។
តួយ៉ាងនាឡិកានៅជាមួយផ្កាយរណប (GPS) ដើរយឺតជាងនាឡិកានៅលើផែនដីដោយសារតែទម្ងន់របស់ផែនដីធ្ងន់ជាងទម្ងន់របស់ផ្កាយរណប ។ ដោយសារប្រហោងខ្មៅ (Black hole) មានទម្ងន់ធ្ងន់មហិមាបើប្រៀបធៀបទៅនឹងផែនដី ដូចនេះបើយើងអាចបង្កើតប្រហោងខ្មៅហើយធ្វើដំណើរជាមួយប្រហោងខ្មៅនោះបាន វានឹងធ្វើឲ្យពេលវេលារបស់យើងដើរយឺតបើប្រៀបធៀបទៅនឹងពេលវេលានៅផែនដី ។ ឧបមាថាយើងធ្វើដំណើរចេញពីផែនដីនៅឆ្នាំ ២១០០ ហើយធ្វើដំណើរជាមួយប្រហោងខ្មៅរយៈពេល ៥ឆ្នាំ ។ ៥ឆ្នាំ ក្រោយមកយើងត្រឡប់ទៅផែនដីវិញ នៅពេលនោះផែនដីគឺមិនមែនឆ្នាំ ២១០៥ ទេ គឺជាឆ្នាំ ៣០០០ ទៅវិញ ។ និយាយឲ្យខ្លីគឺអ្នកបានធ្វើដំណើរទៅអនាគតកាលពីឆ្នាំ ២១០៥ ទៅឆ្នាំ ៣០០០ ។ ដែលវាដូចទៅនឹងរឿងចិនបុរាណដែលថាមួយថ្ងៃនៅឋានសួគ៌ស្មើនឹងមួយឆ្នាំនៅផែនដី ។
៣ មនុស្សយល់ច្រឡំថាពួកគេកំពុងរស់នៅក្នុងលំហ 3D (3 dimensions) ដោយមិនបានដឹងថាយើងកំពុងរស់នៅក្នុងលំហ 4D (3Dនៃលំហបូក1Dនៃពេលវេលា) ។ សម្រាប់អ្នករូបវិទ្យាពេលវេលា និង លំហគឺមានទំនាក់ទំនងនិងគ្នាដែលមិនអាចខ្វះបាន ។ អ្នករូបវិទ្យាគិតថាដោយសារតែ1Dនៃពេលវេលាមានភាពអាថ៌កំបាំងដែលធ្វើឲ្យយើងនៅមិនទាន់អាចរកឃើញវានៅឡើយ ប៉ុន្តែបើយើងអាចរកឃើញវា (ដែលនាំដល់ការបង្កើត Wormhole) នោះវាហាក់បីដូចជាយើងរកឃើញម៉ាស៊ីពេលវេលាអញ្ចឹង ។
ចងចាំ: យើងនឹងពន្យល់ពីពាក្យ ប្រហោងខ្មៅ Paradox និង Wormhole នៅក្នុងអត្ថបទមួយផ្សេងទៀត ។
ដកស្រង់ចេញពី:
www.youtube.com/watch?v=SLUzJeto0Wo&feature=related
http://en.wikipedia.org/wiki/Time