តើអ្នកមានដែលធ្លាប់ងងុយគេង រឺគេងតែម្តងនៅពេលដែលអ្នកកំពុងតែរៀននៅក្នុងថ្នាក់ ឬក៏កំពុងតែប្រជុំដែរឬទេ? មានមនុស្សមិនតិចទេដែលមានបញ្ហានេះ។ មានការសិក្សាស្រាវជ្រាវជាច្រើនបានតភ្ជាប់ដំណេកមិនគ្រប់គ្រាន់ទៅនឹងជម្ងឺនានា ដូចជាការបាត់បង់ការចងចាំ និងជម្ងឺលើសទម្ងន់ជាដើម។ ដូចនេះ សូមតាមដានជាមួយ«គំនិត»ទាំងអស់គ្នាថាតើមានមូលហេតុចំបងអ្វីខ្លះដែលយើងគួរទទួលទានដំណេកឲ្យបានគ្រប់គ្រាន់នោះ?
១-ដំណេកអាចជួយឲ្យយើងរៀនបានល្អប្រសើរជាងមុន
អ្នកសិក្សាស្រាវជ្រាវជឿជាក់ថា ដំណេកបានដើរតួយ៉ាងសំខាន់នៅក្នុងការចងចាំរបស់មនុស្សយើង ហើយមានការសិក្សាស្រាវជ្រាវថ្មីៗនេះក៏បានបញ្ចាក់ថា ការសម្រាកបានល្អនៅពេលយប់អាចធ្វើឲ្យការសិក្សាមានការរីកចម្រើន។ នៅក្នុងការសិក្សាមួយបានរកឃើញថា សិស្សដែលមិនបានទទួលដំណេកគ្រប់គ្រាន់បន្ទាប់ពីបានសិក្សានូវជំនាញថ្មីមួយ ការចងចាំពីអ្វីដែលគេបានរៀនពីជំនាញនោះបានធ្លាក់ចុះយ៉ាងច្រើនរហូតដល់ទៅ៣ថ្ងៃក្រោយពីថ្ងៃនោះ។ ទ្រឹស្តីការពង្រឹងសមត្ថភាពចងចាំនៃដំណេក(Consolidation Theory of Sleep) លើកឡើងថា នៅពេលដែលយើងគេង រាល់ព័ត៌មានដែលយើងទទួលបាននៅពេលដែលយើងដឹងខ្លួននឹងធ្វើការរក្សាទុកនៅក្នុងខួរក្បាលរបស់យើង។ ខណៈពេលដែលមានការសិក្សាស្រាវជ្រាវខ្លះគាំទ្រ និងបដិសេធនូវទ្រឹស្តីនេះ មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ដំណេកបានតួរយ៉ាងសំខាន់ចំពោះការចងចាំមួយចំនួន។
២- ការសិក្សាស្រាវជ្រាវបានលើកឡើងថា ការគេងមិនគ្រប់គ្រាន់អាចនាំឲ្យកើតជម្ងឺលើសទម្ងន់
ក្រៅពីជះឥទ្ធិពលដល់ការចងចាំ និងការសិក្សា ការគេងមិនគ្រប់គ្រាន់ក៏ត្រូវបានតភ្ជាប់ទៅនឹងទម្ងន់របស់រាងកាយផងដែរ។ នៅឆ្នាំ២០០៥ មានការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ភនៅក្នុង ប័ណ្ណសារដ្ឋាននៃថ្នាំព្យាបាលរោគក្នុងខ្លួន (Archives of Internal Medicine)បង្ហាញថា អ្នកដែលមានជម្ងឺលើសទម្ងន់បានរកឃើញថាបានទទួលទានដំណេកតិចជាងអ្នកដែលមានទម្ងន់ធម្មតា។ យោតាមគេហទំព័រ About.com ស្តីពីអត្ថបទមួយមានចំណងជើង មគ្គុទេសនៃដំណេកមិនប្រក្រតី បានលើកឡើងថា កុមារដែលមានទម្លាប់គេងមិនល្អនៅអាយុ៣០ខែ នឹងប្រឈមមុខនឹងជម្ងឺលើសទម្ងន់នៅអាយុ៧ឆ្នាំ។ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងច្បាស់ថាដំណេកអាចជះឥទ្ធិពលយ៉ាងណាដល់របបអាហារ និងការដុតរំលាយអាហារក្នុងរាងកាយ ការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់នៅពេលយប់នឹងមិនប៉ះពាល់ដល់ការព្យាយាមថែរក្សាទម្ងន់រាងកាយរបស់អ្នកឡើយ។
៣-ដំណេកពិតជាមានសារៈសំខាន់ក្នុងការគ្រប់គ្រងភាពតប់ប្រមល់
យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា មនុស្សគ្រប់រូបត្រូវការគេងឲ្យបាន៧ ទៅ៨ម៉ោងជារៀងរាល់យប់។ តើមានអ្វីកើតឡើងនៅពេលដែលអ្នកមិនបានទទួលទានដំណេកគ្រប់គ្រាន់? អ្នកនឹងមានអាការៈដូចជា សោកសៅ អន្ទះអន្ទែង ឆេវឆៅ ព្រមទាំងភាពតប់ប្រមល់ ឬស្ត្រេសនឹងមានការកើនឡើង។ យោងតាមគេទំព័រ About.com ស្តីពីមគ្គុទេសនៃការគ្រប់គ្រងភាពតប់ប្រមល់បានលើកឡើងថា ការគេងមួយស្របក់អាចជួយឲ្យយើងបាត់ងងុយ កាត់បន្ថយភាពតប់ប្រមល់ និងបង្កើនផលិតភាព។ ទោះជាការគេងឲ្យបានច្រើនមិនអាចលប់បំបាត់ភាពតប់ប្រមល់បានទាំងអស់ តែវាអាចជួយឲ្យជួយបង្កើនសមត្ថភាពរបស់យើងក្នុងការប្រឈមមុខនឹងភាពតប់ប្រមល់ប្រចាំថ្ងៃ។
៤-ដំណេកអាចជួយឲ្យយើងសម្រេចចិត្តបានល្អ
តើអ្នកធ្លាប់ជួបប្រទះការលំបាកក្នុងការសម្រេចចិត្តទៅលើបញ្ហាដ៏សាមញ្ញមួយបន្ទាប់ពីមិនបានគេងគ្រប់គ្រាន់ដែរឬទេ? ក្រៅពីមានល្បឿននៃការឆ្លើយតប និងភាពជាក់លាក់មានការធ្លាក់ចុះ ការគេងមិនគ្រប់គ្រាន់ក៏ត្រូវបានផ្សាភ្ជាប់ជាមួយនឹង ការសម្រេចចិត្តមិនបានល្អផងដែរ។ ការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ភនៅក្នុងទស្សនាវដ្ដី ដំណេក អ្នកស្រាវជ្រាវបានរកឃើញថា ភាពងងុយគេងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការសម្រេចចិត្តឲ្យបានល្អប្រសើរ។ ប្រសិនបើអ្នកមានបញ្ហាលំបាកក្នុងការសម្រេចចិត្ត ត្រូវចងចាំថា អ្នកត្រូវតែសម្រាកឲ្យបានល្អដើម្បីអ្នកអាចប្រើប្រាស់សមត្ថភាពទាំងអស់របស់អ្នកបាន។
ប្រភព៖ http://psychology.about.com/od/statesofconsciousness/tp/reasons-to-sleep.htm
រូបភាព៖ http://www.visualphotos.com/photo/2×4561402/Bored_college_students_sleeping_in_lecture_hall_pe0068725.jpg